អ្នក​នយោបាយ​កំពុង​ជាប់ឃុំ​ព្រួយ​បារម្ភ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​បំប្លែង​ថ្មី​អូមីក្រុង​នៅ​ក្នុង​ពន្ធនាគារ

0:00 / 0:00

សាច់ញាតិ​ឲ្យ​ដឹង​ថា អ្នកនយោបាយ​កំពុង​ជាប់ឃុំ ព្រួយបារម្ភ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង (Omicron) នៅក្នុង​ពន្ធនាគារ ដោយសារ​ការ​មិន​អាច​ប្រតិបត្តិ​វិធាន​សុខាភិបាល​បាន​ត្រឹមត្រូវ។ សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​តុលាការ ទម្លាក់​ការចោទប្រកាន់​សកម្មជន​នយោបាយ សង្គម និង​អ្នកទោស​មនសិការ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​ការ​ឆ្លង និង​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ។

សាច់ញាតិ​អះអាង​ថា អ្នក​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​កំពុង​ប្រឈម​ការ​ឆ្លង​ជំងឺ​កូ​វីដ១៩(Covid 19) ម្ដង​ទៀត ខណៈ​កម្ពុជា​កំពុង​មាន​ការ​ឡើង​នៃ​ចំនួន​អ្នក​ឆ្លង​កូវីដ​១៩​បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង។

ប្រពន្ធ​របស់​សកម្មជន​បក្ស​ប្រឆាំង​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស «​ម​១» លោក យឹម សារ៉េត គឺ លោកស្រី អ៊ុក ចន្ធី ឲ្យ​ដឹង​ថា ប្ដី​របស់​លោកស្រី​ផ្ដាំ​ពី​ពន្ធនាគារ​មក​ថា ប្រសិនបើ​បញ្ហា​ជំងឺ​កូវីដ​អូមីក្រុង​ឆ្លង​ក្នុង​ពន្ធនាគារ​មែន នោះ​ស្ថានភាព​នឹង​ធ្ងន់ធ្ងរ​ជាង​ការ​ឆ្លង​កាលពី​លើក​មុន​ទៅទៀត ព្រោះថា​មេរោគ​បំប្លែង​ថ្មី​នេះ មាន​លទ្ធភាព​ឆ្លង​លឿន និង​កាច​សាហាវ​។ លោកស្រី បន្ត​ថា ម្យ៉ាង​ទៀត​សុខភាព​របស់​អ្នក​ជាប់ឃុំ ក៏​ចុះ​ខ្សោយ​ទ្រុឌទ្រោម និង​កំពុង​ឈឺ​ធ្ងន់ តាម​ប្រភេទ​ជំងឺ​ប្រចាំ​កាយ​រៀងខ្លួន។

លោកស្រី​បញ្ជាក់​ថា ពួកគាត់​ខ្លះ អាយុ​លើស​ពី​៥០​ឆ្នាំ ហើយ​ម្នាក់ៗ​កំពុង​ប្រើ​នូវ​ជីវិត​ចុង​ក្រោយ ក្នុង​ស្ថានភាព​វេទនា​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​នៅក្នុង​ពន្ធនាគារ​។ លោកស្រី​ព្រួយបារម្ភ​ថា ប្រសិនបើ​មាន​ការ​ឆ្លង​កូវីដ​១៩​បំប្លែង​ថ្មី​អូមីក្រុង​មែន​នោះ ពួកគាត់​នឹង​គ្មាន​លទ្ធភាព​អាច​តស៊ូ​ជម្នះ​ជំងឺ​កូវីដ​១៩​បានទេ​។ លោកស្រី សំណូម​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​បទ​ចោទ ហើយ​តុលាការ​គួរ​ដោះលែង​អ្នក​ជាប់ឃុំ​ផ្នែក​នយោបាយ​ទាំងអស់ ដើម្បី​បន្ថយ​ស្ថានភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ និង​ដោយសារ​អ្នក​នយោបាយ​ទាំងនោះ សុទ្ធតែ​ជា​មនុស្ស​ស្អាតស្អំ មិន​បាន​ប្រព្រឹត្តិ​កំហុស​ដូច​ការចោទប្រកាន់​ឡើយ៖ «លឺ​អា​ជំងឺ​អា​ប្រភេទ​អូមីក្រុង​គេ​ហ្នឹង ឆ្លង​ថ្មី​មក ដោយសារ​ជំងឺ​ហ្នឹង​វា​កាច​សាហាវ ហើយ​វា​ឆ្លង​លឿន​។ អ៊ីចឹង​មីង​មានការ​បារម្ភ​ណាស់ សូម្បីតែ​គាត់​នៅក្នុង​ហ្នឹង កាល​មីង​ទៅ​ជួប​គាត់​ពេល​ចូល​សវនាការ​ហ្នឹង ពួកគាត់​ទាំងអស់ គាត់​នាំគ្នា​បារម្ភ​ខ្លាំង​ណាស់​។ គាត់​ថា គាត់​បារម្ភ​ណាស់​។ គាត់​ថា សូម​ជួយ​ផ្សព្វផ្សាយ​ឲ្យ​ដឹងផង ហើយ​ម្យ៉ាងទៀត​ជំងឺ​គាត់​ហ្នឹង កាត់​តែ​ធ្ងន់ធ្ងរ​ដែរ​។ គាត់​ងងឹតភ្នែក​ហ្នឹង ងងឹត​ខ្លាំង​មែនទែន​។ ភ្នែក​គាត់​ខាងស្ដាំ​ហ្នឹង គាត់​ងងឹត​សឹងតែ​មើល​អត់​ឃើញ»។

ការ​លើក​ឡើង​នេះ ក្រោយ​ពេល​ដែល​ក្រសួងសុខាភិបាល​បាន​បង្ហាញ​តួលេខ​ថា នៅ​រយៈពេល​ចុងក្រោយ​នេះ អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​កំពុង​កើនឡើង​វិញ ហើយ​ភាគច្រើន​នៃ​ការ​ឆ្លង គឺជា​ប្រភេទ​មេរោគ​បំប្លែង​ថ្មី​អូមីក្រុង។ រដ្ឋាភិបាល បាន​ប្រកាស​ថា ដើម្បី​ការពារ​ខ្លួន​ពី​មេរោគ​បំប្លែង​ថ្មី​អូមីក្រុង​នេះ ពលរដ្ឋ​ត្រូវ​បន្ត​អនុវត្ត​វិធានការ​ពាក់​ម៉ាស់ រក្សា​គម្លាត​សង្គម លាង​សំអាត​ដៃ និង​ស្នើសុំ​កុំ​ពលរដ្ឋ​មានការ​ភ័យ​ស្លន់ស្លោ​។ ប៉ុន្តែ​សម្រាប់​អ្នក​ជាប់ឃុំ​រស់នៅ​ក្នុង​ពន្ធនាគារ​វិញ នឹង​មិន​អាច​អនុវត្ត​វិធានការ​ទាំងអស់​នេះ បាន​សោះតែ​ម្ដង ខណៈ​ស្ថានភាព​ក្នុង​បន្ទប់​ឃុំឃាំង​តូច​ចង្អៀត និង​ផ្ទុក​អ្នក​ជាប់ឃុំ​យ៉ាងច្រើន​លើស​ពី​ទំហំ​បន្ទប់។

ពាក់ព័ន្ធ​ករណីនេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ខាង​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក នុត សវនា បាន​ទេ​នៅ​ថ្ងៃទី​២៣ មករា​។ តែ​យ៉ាងណា លោក​ធ្លាប់​បញ្ជាក់​ថា ក្នុង​ករណី​មាន​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ អាជ្ញាធរ​ពន្ធនាគារ​នីមួយៗ នឹង​រៀបចំ​បែងចែក និង​ព្យាបាល​អ្នក​ជាប់ឃុំ​ទាំងនោះ​ភ្លាមៗ។

ប៉ុន្តែ​ក្រុម​អង្គការ​អន្តរជាតិ ធ្លាប់​ចេញ​សេចក្ដីថ្លែងការណ៍​រក​ឃើញ​ថា អាជ្ញាធរ​បាន​លាក់​ព័ត៌មាន​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ក្នុង​ពន្ធនាគារ​ក្នុង​ឆ្នាំ​២០២១ ដោយ​បង្ហាញ​តួលេខ​អ្នក​ឆ្លង​តិចតួច​បំផុត​។​។ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) និង​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួមគ្នា​កាលពី​ឆ្នាំ​២០២១ ថា ពួកគេ​ទទួល​បាន​ព័ត៌មាន​សម្ងាត់​ថា មាន​អ្នក​ជាប់ឃុំ​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ ហៅ​កាត់​គុកប៉េហ្ស៊ី (PJ) រាប់រយ​នាក់​ឆ្លង​ជំងឺ​កូវីដ​១៩។

បន្ថែម​ពី​នេះ អតីត​អ្នក​ជាប់ឃុំ​ដែល​ឆ្លង​ជំងឺ​កូវីដ​១៩ អះអាង​ថា អាជ្ញាធរ​មិនបាន​យកចិត្តទុកដាក់​ព្យាបាល​ជំងឺ​កូវីដ​១៩​ទេ គឺ​អាជ្ញាធរ​បាន​យក​អ្នក​ជាប់ឃុំ​ដែល​ឆ្លង​កូវីដ​១៩​ទៅ​ចាក់​សោរ​ទុកចោល​ក្នុង​បន្ទប់​រួមគ្នា ដែល​មាន​ភាព​ចង្អៀត​ណែន​ជាង​ពេល​ធម្មតា​ទៅ​ទៀត​។ ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩​ក្នុង​ពន្ធនាគារ​កាលពី​ឆ្នាំ​២០២១ ក៏​បាន​បណ្ដាល​ឲ្យ​អ្នក​ជាប់ឃុំ​មួយចំនួន ស្លាប់​ដែរ។

អតីត​អ្នកទោស​មនសិការ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ឲ្យ​ដឹង​ថា អាជ្ញាធរ​ពន្ធនាគារ​គ្មាន​សម្ភារៈ​សុវត្ថិភាព ដូចជា ម៉ាស់ សាប៊ូ​លាងដៃ អាល់កុល ថ្នាំសង្កូវ​គ្រប់គ្រាន់​ឲ្យ​អ្នក​ជាប់ឃុំ​ប្រើប្រាស់​ទេ​។ ជាង​នេះ​ទៅ​ទៀត លោក​បន្ត​ថា ក្នុង​បន្ទប់​ឃុំឃាំង​មាន​ភាព​ចង្អៀត ដែល​មិនអាច​បង្ក​លក្ខណៈ​ឲ្យ​អ្នក​ជាប់ឃុំ​រក្ស​គម្លាត​គ្នា ឬ​អនុវត្ត​វិធានការ​សុខាភិបាល​បាន​ឡើយ​។ លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​ពន្ធនាគារ​ដោះលែង​អ្នកទោស​មនសិការ អ្នក​ជាប់ឃុំ​នយោបាយ និង​សង្គម ឲ្យ​អស់​ដើម្បី​សម្រួល​បន្ទុក​នេះ។

កាលពី​ថ្ងៃទី​១៩ មករា លោក រ៉ុង ឈុន ក៏បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​តំណាង​ឲ្យ​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា សម្ដែង​ការ​ព្រួយបារម្ភ​ចំពោះ​ករណី​ទាំងអស់​នេះ​ដែរ​។ លោក​បាន​អំពាវនាវ​ឲ្យ​ក្រសួង​សុខាភិបាល និង​អាជ្ញាធរ​ពន្ធនាគារ យកចិត្តទុកដាក់​ផ្ដល់​សេវា​សុខភាព​ជូន​អ្នក​កំពុង​ជាប់ឃុំ​ឲ្យ​មាន​ប្រសិទ្ធភាព និង​អំពាវនាវ​ទៅ​តុលាការ និង​រដ្ឋាភិបាល ទម្លាក់​ការ​ចោទប្រកាន់​នានា ហើយ​ត្រូវ​ផ្ដល់​យុត្តិធម៌ និង​ដោះលែង​សកម្មជន​សង្គម អ្នក​នយោបាយ និង​អ្នក​ទោស​មនសិការ ឲ្យ​មាន​សេរីភាព​ស្រប​តាម​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ។

នាយក​ប្រតិបត្តិ​អង្គការ​សម្ពន្ធភាព​ការពារ​សិទ្ធិមនុស្ស ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា យល់​ថា ការ​បន្ត​ឃុំខ្លួន​សកម្មជន​សង្គម និង​អ្នកនយោបាយ នឹង​មិន​ផ្ដល់​ផល​ចំណេញ​ដល់​រដ្ឋាភិបាល​នោះ​ទេ​។ ផ្ទុយទៅវិញ ប្រសិនបើ​ការ​បន្ត​ឃុំខ្លួន​ពួកគេ​រហូតដល់​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​ប្រភេទ​អូមីក្រុង ទៀត​នោះ រដ្ឋាភិបាល​នឹង​រង​ការរិះគន់​បន្ថែម​ទៀត៖ «ដោះលែង​អ្នក​ទោស​នយោបាយ អ្នកទោស​មនសិការ​ទាំ​ង​អស់ហ្នឹង ឲ្យ​បាន​ឆាប់ៗ​ទៅ ឲ្យ​បាន​មុន​មេដឹកនាំ​ទៀត​ក៏​កាន់តែ​ប្រសើរ​។ ជា​យោបល់​របស់ខ្ញុំ​។ វា​គ្មាន​តម្លៃ​អ្វី​ត្រូវ​ទៅ​ពួកគាត់​ឲ្យ​យូរ​អ៊ីចឹង​ទេ​ណា»។

គិត​ត្រឹម​ដើមឆ្នាំ​២០២២​នេះ មាន​អ្នក​នយោបាយ សកម្មជន​សង្គម សកម្មជន​ការងារ និង​សហជីព​នៃ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៏ (Naga World) ជាង​ហុកសិប​(៦០)​នាក់ កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ទូទាំង​ប្រទេស។ ពួកគាត់​ភាគច្រើន រង​ការ​ចោទ​ពី​បទ ញុះញង់ និង​បទ​រួមគំនិត​ក្បត់ ។ ប៉ុន្តែ​សម្រាប់​ក្រុម​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្សជាតិ និង​អន្តរជាតិ ហៅ​ការចោទប្រកាន់​ទាំងនោះ​ថា ជា​ការ​បង្ក្រាប​ផ្នែក​នយោបាយ ហើយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​បទ​ចោទ និង​អន្តរាគមន៍​ដោះលែង​ពួកគេ​ឲ្យ​មាន​សេរីភាព​វិញ​ដោយ​គ្មាន​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។