ការស្លាប់របស់បុរសម្នាក់ ឈ្មោះ ឡាំ តៅគង់ នៅក្រោយពេលដែលបានទៅរកការព្យាបាលនៅមន្ទីរព្យាបាល ឃឹម រ៉ានី នៅតែជាមន្ទិលសម្រាប់សាធារណជន។ មកដល់ពេលនេះ នៅតែមានការចែករំលែក បញ្ចេញទស្សនៈជាច្រើនតាមសារព័ត៌មាន ពិសេសពីសាធារណជនតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) លើករណីនេះ។ អ្នកខ្លះថា អ្នកជំងឺស្លាប់ដោយសារជំងឺបេះដូងធ្ងន់ធ្ងរ ខណៈមនុស្សមួយចំនួនផ្សេងទៀតកំពុងសង្ស័យពីកំហុសបច្ចេកទេសក្នុងការសង្គ្រោះពីសំណាក់គ្រូពេទ្យនៅមន្ទីរព្យាបាល និងសម្ភព ឃឹម រ៉ានី មុនពេលបញ្ជូនលោក ឡាំ តៅគង់ បន្តទៅមន្ទីរពេទ្យកាល់ម៉ែត។
តើការស្លាប់របស់លោក ឡាំ តៅគង់ អាចបណ្ដាលមកពីកត្តាអ្វីខ្លះ?
អ្នកជំនាញខាងវេជ្ជសាស្ត្រនៅមិនទាន់វិនិច្ឆ័យពីការស្លាប់របស់លោក ឡាំ តៅគង់ ថាមកពីការសង្គ្រោះខុសបច្ចេកទេសជំងឺបេះដូង ប្រតិកម្មថ្នាំ ឬដោយកត្តាផ្សេងណាមួយទៀតបាននោះទេ ប្រសិនបើមិនធ្វើកោសល្យវិច័យលើសាកសព។
ថ្លែងប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទពីគ្លីនិកព្យាបាលជំងឺរបស់គាត់ វេជ្ជបណ្ឌិត គួច ម៉េងលី បញ្ជាក់ថា ការធ្វើកោសល្យវិច័យ គឺជាការផ្ដល់ចម្លើយជាក់ស្ដែង ថាតើអ្នកជំងឺស្លាប់ដោយសារអ្វីពិតប្រាកដ៖ «សំខាន់យើងធ្វើកោសល្យវិច័យមើលទៅ វះកាត់ នឹងដឹងថាមកពីប្រតិកម្មរបស់ថ្នាំ មកពីរោគបេះដូង យើងអាចដឹងស ខ្មៅ ភ្លាមៗ»។
លោក គួច ម៉េងលី បានបន្តទៀតថា កោសល្យវិច័យអាចធ្វើបានតាមរយៈការវះកាត់សាកសពដកយកសារជាតិថ្នាំទៅពិនិត្យក្នុងមន្ទីរពិសោធន៍មើលបេះដូង និងសរសៃបេះដូងជាដើម។
យ៉ាងណាមិញ គ្រួសារនៃសពបដិសេធដាច់ខាតក្នុងការវះកាត់សាកសព ហើយសពលោក ឡាំ តៅគង់ បានយកធ្វើបុណ្យបញ្ចុះតាមប្រពៃណី កាលពីថ្ងៃ២៦ ខែឧសភា កន្លងទៅថ្មីៗនេះរួចទៅហើយ។
អ្នកស្រី សុខ រដ្ឋមនី ភរិយាសពអះអាងថា ប្ដីអ្នកស្រីមិនធ្លាប់មានប្រវត្តិជំងឺប្រចាំកាយអ្វីក្រៅពីជំងឺដុះសាច់បំពង់កឡើយ។ ស្ត្រីភរិយាសពរូបនេះបន្ថែមទៀតថា លោក ឡាំ តៅគង់ កាលនៅរស់ជាមនុស្សយកចិត្តទុកដាក់លើសុខភាព ហើយតែងតែទៅពិនិត្យសុខភាពនៅប្រទេសវៀតណាម ជាប្រចាំ៖ «ទៅឆែកដល់វៀតណាម ហើយឆែកម្ដងៗ គឺឆែកមួយតួទាំងអស់ ហើយលទ្ធផលគឺមិនមានអីធ្ងន់ធ្ងរទេ មានតែជំងឺមួយ គឺគាត់ដុះសាច់បំពង់ក»។
ម្ចាស់មន្ទីរព្យាបាល និងសម្ភព ឃឹម រ៉ានី អ្នកស្រី ឃឹម រ៉ានី អះអាងថា អ្នកស្រី និងគ្រូពេទ្យនៅគ្លីនិកអ្នកស្រីមិនមានកំហុសអ្វីទាំងអស់។ ខាងអ្នកស្រីបានធ្វើតាមវិជ្ជាជីវៈក្នុងការសង្គ្រោះអ្នកជំងឺ ប៉ុន្តែដោយសារអ្នកជំងឺមានជំងឺបេះដូងធ្ងន់ធ្ងរ ទើបមិនអាចសង្គ្រោះបាន៖ «ខ្ញុំមិនមានកំហុសស្អីទាល់តែសោះ។ ដូចខ្ញុំសួរអូនទៅវិញ អ្នកជំងឺមួយដែលជិតស្លាប់ បើសិនជាចូលមកដល់កន្លែងយើងដោយតក់ក្រហល់ រត់ចូលមកអោយយើងជួយ ក្នុងនាមក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ គឺត្រូវធ្វើម៉េច?»។
នាយកប្រតិបត្តិនៃមណ្ឌលវេជ្ជសាស្ត្រក្ដីសង្ឃឹមពិភពលោក (HOPE Worldwide Medical Center) ប្រចាំនៅកម្ពុជា លោកវេជ្ជបណ្ឌិត តាន់ គីមមេង បញ្ចេញយោបល់តាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ថា បើស្ដាប់តាមការរៀបរាប់នៃអាការៈជំងឺរបស់លោក ឡាំ តៅគង់ ពីសំណាក់ភរិយា លោកសន្និដ្ឋានថា អាចជាអាការៈនៃរោគសញ្ញាជំងឺរហែកសរសៃឈាមអាអ័រ (DESECTING AORTA) ដែលជាសរសៃឈាមដ៏ធំបំផុតចេញពីបេះដូងនៅខាងមុខឆ្អឹងខ្នង។ សរសៃឈាមនេះមិនងាយរហែកទេ។ ក្នុងការងារវេជ្ជសាស្ត្រអាចជួបករណីនេះ ដោយសរសៃឈាមនោះមានសភាពស្ដើង និងប៉ោងពីកំណើត (AORTA ANEURYSM)។ បើតាមការសន្និដ្ឋានរបស់លោកវេជ្ជបណ្ឌិត តាន់ គីមមេង ការឈឺខ្នងខ្លាំងភ្លាមៗ ទាន់ហន់ ដូចឈ្មោះ ឡាំ តៅគង់ នេះ អាចបណ្ដាលមកពីរោគសញ្ញានៃជំងឺរហែកសរសៃឈាមអាអ័រ ក្នុងពោះ មិនមែនជំងឺគាំងបេះដូងទេ។
រីឯចំពោះអ្នកជំងឺគាំងបេះដូង (Myocardial Infarction) មានការឈឺចាប់ខ្លាំងភ្លាមៗ ទាន់ហន់ដូចគ្នា ប៉ុន្តែឈឺនៅក្នុងទ្រូង រាលទៅក ឬស្មាឆ្វេង ឬថ្គាម មិនឈឺខ្នងទេ។ បន្ថែមពីលើនេះ លោកបន្តថា អ្នកជំងឺនៅក្មេង កម្រមានជំងឺគាំងបេះដូងណាស់។ ចំណែកជំងឺរហែកសរសៃឈាមអាអ័រ មានអត្រាមរណភាពខ្ពស់ណាស់ មិនអាចជួយសង្គ្រោះបានងាយៗទេ។
បញ្ហាចម្រូងចម្រាសមួយទៀត ទាក់ទងទៅនឹងការប្រើប្រាស់ថ្នាំសម្រាប់ព្យាបាលលោក ឡាំ តៅគង់ នៅក្នុងគ្លីនិក ឃឹម រ៉ានី។ ប្រភពពីគ្លីនិកផ្ទាល់ថា បានប្រើប្រាស់ថ្នាំពីរប្រភេទ គឺ ដិស្សា (Dexa) និងប៉ារ៉ាសេតាម៉ុល (Paracetamol)។ ក៏ប៉ុន្តែប្រភពដទៃទៀតថា អាចមានប្រើថ្នាំប្រភេទទីបី គឺលីដូកាអ៊ីន (Lidocaine)។
ចំពោះការប្រើប្រាស់ថ្នាំនេះ លោក តាំង គីមមេង បានរៀបរាប់ទៀតថា ការប្រើប្រាស់ឱសថដិកស្សា និងប៉ារ៉ាសេតាម៉ុល មិនអាចជាកំហុសបានទេ ពីព្រោះស្ថានភាពសម្ពាធឈាមធ្លាក់ចុះលឿន ចាំបាច់ត្រូវប្រើ និងអាចប្រើដោយគ្មានកំហុសគ្រប់សម្ពាធឈាមធ្លាក់ចុះលឿន (Shock)។ ម្យ៉ាងការបានដាក់អុកស៊ីហ្សែន ជារឿងមួយត្រឹមត្រូវបំផុត។ ប៉ុន្តែអ្វីដែលលោកគិតថា មិនត្រឹមត្រូវនោះ គឺការប្រើថ្នាំលីដូកាអ៊ីន (នោះតែម្ដង។ លោកថា បើមិនទាន់បានវាស់ចង្វាក់បេះដូងជាមុនទេ ការប្រើថ្នាំលីដូកាអ៊ីន ភ្លាម អាចប៉ះពាល់ដល់អាយុជីវិត។

បុរសវ័យ ២៨ឆ្នាំម្នាក់ ឈ្មោះ ឡាំ តៅគង់ កាលពីថ្ងៃទី២២ ខែឧសភា ជាបុគ្គលិកក្រុមហ៊ុនប្រេងឥន្ធនៈសាវីម៉ិច មានអាការៈមិនស្រួលខ្លួន ចេះតែឈឺខ្នង ហើយមិត្តភ័ក្ដិបាននាំទៅចាក់ថ្នាំនៅគ្លីនិក ឃឹម រ៉ានី នោះ។
លោក រស់ វុទ្ធី ជាមិត្តភ័ក្ដិដែលបានដឹកអ្នកជំងឺទៅព្យាបាលនៅគ្លីនិក ឃឹម រ៉ានី ហើយបានឃើញហេតុការណ៍ផ្ទាល់ភ្នែកនោះ បានអោយដឹងថា បន្ទាប់ពីចាក់ថ្នាំចំនួន ២ម្ជុលបានតែបន្តិច ស្រាប់តែអ្នកជំងឺមានអាការៈមិនស្រួល ហើយគ្រូពេទ្យក៏ចាប់ផ្ដើមបញ្ចូលអុកស៊ីហ្សែន ប៉ុន្តែភ្លាមនោះ អ្នកជំងឺក៏ប្រកាច់បែកពពុះមាត់។ ពេលនោះបុគ្គលិកពេទ្យក្នុងគ្លីនិក បង្គាប់ឱ្យមិត្តភ័ក្ដិអ្នកជំងឺទៅផ្ដិតមេដៃនៅលើក្រដាសរួចឱ្យប្រញាប់ដឹកទៅមន្ទីរពេទ្យកាល់ម៉ែត។ ពេលទៅដល់ស្រាប់តែគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត ប្រាប់ថា អ្នកជំងឺបានស្លាប់បាត់ទៅហើយ។
លោកវេជ្ជបណ្ឌិត តាន់ គីមមេង បានបញ្ជាក់ថា ក្រសួងសុខាភិបាលមានតួនាទីយ៉ាងសំខាន់ក្នុងការឆ្លើយតបករណីនេះ៖ «មួយរយភាគរយ (១០០%) គឺក្រសួងសុខាភិបាល ជាអ្នកដោះស្រាយបញ្ហាហ្នឹង មិនមែនអ្នកណានិយាយតាមទំព័រ ឬក៏តាមហ្វេសប៊ុកអី ជាអ្នកដោះស្រាយទេ គឺជាមតិ អោយឡើងទៅក្នុងសង្គមតែប៉ុណ្ណោះ»។
គិតត្រឹមរសៀលថ្ងៃទី៣ ខែមិថុនា វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងលោក លី សូវ៉ាន់ មន្ត្រីនាំពាក្យនៃក្រសួងសុខាភិបាល ដើម្បីសុំការបំភ្លឺពីចំណាត់បន្តទៀតបានទេ ដោយទូរស័ព្ទចូលតែមិនមានអ្នកលើក។ អ្នកស្រី ឃឹម រ៉ានី បានបញ្ជាក់ថា ចំណាត់ការរបស់ក្រសួងសុខាភិបាលក្នុងការបិទគ្លីនិកអ្នកស្រី គឺជារឿងអយុត្តិធម៌។
កាលពីថ្ងៃទី២៣ ខែឧសភា ក្រសួងសុខាភិបាល បានចេញសេចក្ដីសម្រេចបិទមន្ទីរសម្រាកព្យាបាល និងសម្ភព ឃឹម រ៉ានី ដែលមានទីតាំងនៅផ្ទះលេខ១៤ ផ្លូវលេខ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លិខិតបញ្ជាក់ថា មូលហេតុនៃការបិទនេះ ដោយសារមន្ទីរសម្រាកព្យាបាលនេះ បានបង្កឲ្យមានបញ្ហាជាច្រើនលើកច្រើនសា មិនគោរពតាមកិច្ចសន្យារបស់ខ្លួននៅពេលដាក់ពាក្យស្នើសុំបើកមន្ទីរសម្រាកព្យាបាល និងមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។
យ៉ាងណាមិញ លោកវេជ្ជបណ្ឌិត តាំង គីមមេង បានសរសេរវិចារណកថាមួយ ដែលមាន ៣ចំណុចនៅលើទំព័រហ្វេសប៊ុស របស់លោកស្ដីពីការស្វែងរកយុត្តិធម៌ជូនដល់អ្នកជំងឺ និងគ្រូពេទ្យថា យុត្តិធម៌វាជាសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ក៏ជាកត្តាសំខាន់មួយក្នុងការអភិវឌ្ឍប្រទេស។ និយាយដោយឡែក យុត្តិធម៌ជាសេចក្ដីត្រូវការរបស់អ្នកជំងឺរងគ្រោះ និងគ្រូពេទ្យរងគ្រោះផងដែរ។
ចំណុចទី១ ស្ដីពីយន្តការនៃការរក្សាទុកសាកសពជាវត្ថុតាង៖ លោកថា រាជរដ្ឋាភិបាលត្រូវមានបន្ទប់ត្រជាក់សម្រាប់រក្សាទុកសាកសពយូរថ្ងៃ យូរខែ យូរអង្វែងបាន ដែលគេហៅថា ម៉ក (MORGUE)។ លោកថា យើងអាចចាប់មាននៅរាជធានី និងបន្តមាននៅតាមខេត្តទៀតផង។ នេះគួរជាបន្ទុករបស់រដ្ឋចំពោះសពដែលជាប់នឹងបណ្ដឹង ឬមានការសង្ស័យ។ ចំពោះសពដែលសាច់ញាតិចង់រក្សាទុកត្រូវបង់តម្លៃសេវា វាអាចនឹងក្លាយជាចំណូលរបស់ស្ថាប័នផងដែរ។
រីឯចំណុចទី២ គឺនីតិក្រមនៃការបង្ខាំងសព៖ សាកសពដែលស្លាប់ដោយមិនមានហេតុផលច្បាស់លាស់ ជាប់បណ្ដឹង ឬជាករណីសិក្សាវិទ្យាសាស្ត្រ នាយកមន្ទីរពេទ្យ ក្រុមគ្រួសារ ស្ថាប័នយុត្តិធម៌ មានសិទ្ធិបង្ខាំងសាកសពឲ្យទុកក្នុងបន្ទប់ត្រជាក់រហូតដល់មានចម្លើយ ឬសាលក្រមពីតុលាការ។ ក្រុមគ្រួសាររបស់សពត្រូវយល់ដឹង និងពុំមានសិទ្ធិទេ។
ចំណុចចុងក្រោយ គឺឯកទេសអាជ្ញា៖ គណៈវិជ្ជាជីវៈត្រូវរៀបចំឡើងនូវអ្នកឯកទេស បង្កើតជាក្រុមឯករាជ្យ ដើម្បីរកនូវចម្លើយជូនសាធារណជន ស្ថាប័នយុត្តិធម៌ ឬរាជរដ្ឋាភិបាល ។ ល ។ ស្ថាប័នយុត្តិធម៌ រាជរដ្ឋាភិបាល ត្រូវតែគោរពនូវចម្លើយពីក្រុមឯកទេស និងឯករាជ្យនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។