ជំងឺ​ភ្នែក​លោក រ៉ុង ឈុន វិវឌ្ឍ​កាន់តែ​ធ្ងន់ធ្ងរ​ក្នុង​ពន្ធនាគារ

ដោយ មួង ណារ៉េត
2021.09.05
ជំងឺ​ភ្នែក​លោក រ៉ុង ឈុន វិវឌ្ឍ​កាន់តែ​ធ្ងន់ធ្ងរ​ក្នុង​ពន្ធនាគារ លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ពេល​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន និង​ជួប​ភូមិ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី២១ ខែកក្កដា ឆ្នាំ២០២០។
Photo Provided

សាច់ញាតិ​របស់​លោក រ៉ុង ឈុន ឱ្យ​ដឹង​ថា លោក​កំពុង​មាន​បញ្ហា​ភ្នែក​ធ្ងន់ធ្ងរ​នៅក្នុង​ពន្ធនាគារ ដែល​ទាមទារ​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជំនាញ​នៅ​ខាង​ក្រៅ​ពន្ធនាគារ​។ មន្ត្រី​សិទ្ធិមនុស្ស​ជំរុញ​ឱ្យ​អាជ្ញាធរ​ពន្ធនាគារ​អនុញ្ញាត​ឱ្យ​មេដឹកនាំ​សហជីព​រូប​នេះ បាន​ចេញ​ទៅ​សម្រាក​ព្យាបាល​ភ្នែក​នៅ​ខាងក្រៅ ដើម្បី​កុំឱ្យ​ស្ថានភាព​ជំងឺ​ភ្នែក​របស់​គាត់​វិវឌ្ឍ​កាន់តែ​ធ្ងន់ធ្ងរ​។ មន្ត្រីជាន់ខ្ពស់​ពន្ធនាគារ​ឆ្លើយតប​ថា អាជ្ញាធរ​នឹង​មិន​ទុក​អ្នក​ជាប់ឃុំ​ណា​ម្នាក់​ចោល​នោះ​ទេ។

សាច់ញាតិ និង​មនុស្ស​ជំនិត​របស់​លោក រ៉ុង ឈុន ព្រួយបារម្ភ​ជា​ខ្លាំង​អំពី​សុខភាព​ភ្នែក​របស់​លោក ពីព្រោះ​មួយ​រយៈ​ពេល​ចុងក្រោយ​នេះ លោក​មើល​អ្វី​មិនសូវ​ច្បាស់ និង​មាន​អាការៈ​ស្រវាំងភ្នែក​ជាប្រចាំ​។ ពួកគេ​ទទូច​ដល់​អាជ្ញាធរ​ពន្ធនាគារ​អនុញ្ញាត​ឱ្យ​លោក រ៉ុង ឈុន បាន​ចេញ​មក​ពិនិត្យ និង​ព្យាបាល​ជំងឺ​ភ្នែក​នេះ​នៅ​មន្ទីរពេទ្យ​ខាងក្រៅ​ពន្ធនាគារ ទៅតាម​ការ​ស្នើសុំ​របស់​គាត់។

ក្មួយប្រុស​របស់លោក រ៉ុង ឈុន គឺ​លោក រ៉ុង វិជ្ជា ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា ជំងឺ​ភ្នែក​ពូ​របស់​លោក បាន​ធ្វើ​ទុក្ខ​តាំងពី​ខែមេសា ហើយ​គាត់​ធ្លាប់​បាន​ស្នើសុំ​ទៅ​អាជ្ញាធរ​ពន្ធនាគារ​ដើម្បី​ចេញ​មក​ព្យាបាល​នៅ​ខាងក្រៅ​ដែរ តែ​ខាង​អាជ្ញាធរ​បាន​បដិសេធ ក្រោម​ហេតុផល​ថា ជំងឺ​កូវីដ​-១៩ កំពុង​ផ្ទុះ​រាលដាល​ខ្លាំង​។ លោក​បញ្ជាក់​ថា ថ្មីៗ​នេះ ពូ​របស់​លោក​បាន​ស្នើ​សុំ​ទៅ​ខាង​ពន្ធនាគារ​ជាថ្មី​ម្តង​ទៀត ព្រោះ​ស្ថានភាព​ជំងឺ​ភ្នែក​របស់​គាត់​បាន​វិវឌ្ឍ​កាន់តែ​ធ្ងន់ធ្ងរ៖ «ភ្នែក​គាត់​រាង​ស្រវាំង មើល​អត់​សូវ​ច្បាស់ ព្រាល​ខ្លាំង​។ មុនដំបូង តែ​ម្ខាង​ទេ រាង​ខ្លាំង ប៉ុន្តែ​ភ្នែក​កាលណា​យើង​អត់​បាន​ព្យាបាល ទុក​យូរ​ទៅ យើង​បារម្ភ​ខ្លាច​វា​ឆ្លង ប៉ះពាល់​ទាំងពីរ​អ៊ីចឹង​។ អ៊ីចឹង​ហើយ​បានជា​ខ្លួន​គាត់​ផ្ទាល់ ព្យាយាម​ស្នើ​ទៅ​ខាង​មន្ត្រី​ពន្ធនាគារ​ហ្នឹង ឱ្យ​គាត់​ទៅ​ពិនិត្យ​សុខភាព​នៅ​ខាងក្រៅ ជួប​ពេទ្យ​ដើម្បី​បាន​ទទួល​បាន​ថ្នាំ​ព្យាបាល»

លោក រ៉ុង វិជ្ជា ឱ្យ​ដឹង​ថា លោក រ៉ុង ឈុន មាន​បញ្ហា​ភ្នែក​នេះ​ជាច្រើន​ឆ្នាំ​មក​ហើយ ហើយ​គាត់​តែង​បាន​ទៅ​ពិនិត្យ​ព្យាបាល​ជាប្រចាំ​។ ប៉ុន្តែ​នៅ​ក្រោយ​ពេល​ជាប់ឃុំ​ជាង ១​ឆ្នាំ​មកនេះ គាត់​ខកខាន​ទទួល​ការពិនិត្យ​ព្យាបាល ទើប​ធ្វើ​ឱ្យ​អាការៈ​ប្រែជា​ធ្ងន់ធ្ងរ​ដូច​ពេល​នេះ​។ លោក​ស្នើ​យ៉ាង​ទទូច​ដល់​អាជ្ញាធរ​អនុញ្ញាត​ឱ្យ​ពូ​របស់​លោក បាន​ចេញ​មក​ពិនិត្យ និង​ព្យាបាល​ភ្នែក​នៅ​មន្ទីរពេទ្យ​ជំនាញ ដើម្បី​កុំឱ្យ​ស្ថានភាព​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ (CITA) និង​ជា​សហការី​ដ៏​ជិតស្និទ្ធ​របស់​លោក រ៉ុង ឈុន គឺ​អ្នកស្រី អ៊ុក ឆាយ៉ាវី ថ្លែង​ថា អ្នកស្រី​មិន​ចាំ​ច្បាស់​ថា លោក រ៉ុង ឈុន មាន​បញ្ហា​ភ្នែក​នេះ តាំងពី​ពេលណា​នោះ​ទេ​។ ប៉ុន្តែ​អ្នកស្រី​អះអាង​ថា ភ្នែក​របស់​លោក​រងរ​បួស​ដោយសារតែ​សកម្មភាព​បង្ក្រាប​របស់​អាជ្ញាធរ នៅពេល​លោក​ដឹកនាំ​ការ​ប្រមូលផ្ដុំ​ទាមទារ​អត្ថប្រយោជន៍​ឱ្យ​កម្មករ​កាត់ដេរ​។ អ្នកស្រី អ៊ុក ឆាយ៉ាវី មាន​ប្រសាសន៍​ទៀត​ថា ការ​ផ្ដន្ទាទោស និង​ការ​ឃុំខ្លួន​លោក រ៉ុង ឈុន ជាង​មួយឆ្នាំ​មក​នេះ ប្រៀប​បាន​នឹង​ការ​ដាក់​ទណ្ឌកម្ម​គាត់​រួច​ទៅ​ហើយ ដូច្នេះ​អ្នកស្រី​ទទូច​ដល់​អាជ្ញាធរ​ពន្ធនាគារ​ឱ្យ​បញ្ជូន​គាត់​ទៅ​ព្យាបាល​ភ្នែក​នៅ​ខាងក្រៅ​ឱ្យ​បាន​ទាន់​ពេល​វេលា៖ «​យើង​ឃើញ​ហើយ កន្លង​មក អ្នកជួញ​ដូរ​គ្រឿងញៀន​ធំ​បំផុត ក៏​ជាប់ឃុំ​បានតែ​ប៉ុន្មាន ទៅ​ដេក​ព្យាបាល​ដែរ ហើយ​ហ្នឹង​គេ​អ្នក​ជួញដូរ​គ្រឿងញៀន​ផង ចុះ​លោក រ៉ុង ឈុន ធ្វើ​អ្វី​? បំផ្លាញ​ស្អី​ដល់​ប្រទេសជាតិ​? អ៊ីចឹង​គួរតែ​អនុញ្ញាត​ឱ្យ​គាត់​ទៅ​ព្យាបាល​ជំងឺ​តាម​អ្វី​ដែល​គាត់​ឈឺ​ជាក់ស្ដែង​ទៅ»

ជុំវិញ​រឿង​នេះ អគ្គនាយករង និង​ជា​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក នុត សវនា មាន​ប្រសាសន៍​ថា លោក​មិនទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​អំពី​បញ្ហា​ភ្នែក និង​សំណើ​របស់​លោក រ៉ុង ឈុន នេះ​នៅឡើយ​ទេ​។ ប៉ុន្តែ​លោក​អះអាង​ថា អាជ្ញាធរ​ពន្ធនាគារ​នឹង​មិន​ទុក​បណ្ដោយ​ឱ្យ​លោក រ៉ុង ឈុន ឬ​ជន​ជាប់ឃុំ​ដទៃ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​នោះ​ទេ ដោយ​អាជ្ញាធរ​នឹង​បញ្ជូន​ពួកគាត់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាងក្រៅ ប្រសិនបើ​ចាំបាច់៖ «​គាត់​មិន​អាច​រើស​ពេទ្យ​ណា ពេទ្យ​ណា តាមចិត្ត​របស់​គាត់​បាន​ទេ​។ អ៊ីចឹង​យើង​មើល​ពេទ្យ​ដែល​ជា​ដៃគូ​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ ជាពិសេស គឺ​ពេទ្យ​រដ្ឋ។ យើង​អត់​ទុក​ឱ្យ​គាត់​មាន​បញ្ហា​ទេ អ៊ីចឹង​ពុំ​ចាំបាច់​ស្នើ​ច្រើន​ទេ​។ កាល​ណា​គេ​បញ្ជូន គេ​បញ្ជូន​ហើយ»

ទោះជា​យ៉ាងណាក៏ដោយ ជុំវិញ​ការ​បញ្ជូន​អ្នក​ជាប់ឃុំ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្រៅ​ពន្ធនាគារ​នេះ សាធារណជន និង​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស តែង​រិះគន់​អាជ្ញាធរ​ចំពោះ​ការអនុវត្ត​មិន​ស្មើភាព​គ្នា​លើ​អ្នក​ជាប់ឃុំ​ដោយសារ​មូលហេតុ​នយោបាយ និង​ឧក្រិដ្ឋជន​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ធំៗ តែ​មាន​លុយ​មានអំណាច​។ ចំណុច​មិន​ស្មើភាព​គ្នា​នោះ គឺ​ពួក​ឧក្រិដ្ឋជន​ខ្លះ ទោះជា​ត្រូវ​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​បទ​ឃាតកម្ម ឬ​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ក៏ដោយ ក៏​ពួកគេ​មិន​បាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​តាម​អំណាច​សាលក្រម​របស់​តុលាការ​ដែរ។

ជា​ឧទាហរណ៍ ឧកញ៉ា ថោង សារ៉ាត់ ដែល​ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ក្នុង​រឿង​ក្តី​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េងជឺ កាលពី​ឆ្នាំ ២០១៥ នោះ បាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​មិន​ដល់​មួយ​សប្តាហ៍​ផង រួច​ក៏​ត្រូវ​បាន​គេ​បញ្ជូន​មក​ស្នាក់នៅ​បន្ទប់​វីអាយភី (VIP) ក្នុង​មន្ទីរពេទ្យ​ខាងក្រៅ​ពន្ធនាគារ​វិញ រហូត​ទាល់តែ​សាលាឧទ្ធរណ៍​សម្រេច​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៩។ រីឯ​បងប្រុស​បង្កើត​របស់​លោក គិត ម៉េង គឺ​លោក គិត ធាង វិញ តុលាការក្រុង​ភ្នំពេញ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ ៤​ឆ្នាំ ក្នុង​ករណី​ជួញដូរ​គ្រឿងញៀន​ជិត ៥០ គីឡូក្រាម ប៉ុន្តែ​លោក​ជាប់ឃុំ​ប្រមាណ​កន្លះ​ខែ ក៏​ត្រូវ​បាន​គេ​បញ្ជូន​ឱ្យទៅ​ស្នាក់​នៅក្នុង​បន្ទប់​វីអាយភី (VIP) នៅ​មន្ទីរពេទ្យ​ខាងក្រៅ​ពន្ធនាគារ​ដែរ រហូត​ទាល់តែ​សាលាឧទ្ធរណ៍​កាត់​តម្រឹម​ទោស​ត្រឹម ២​ឆ្នាំ ហើយ​ដោះលែង​លោក​នៅ​ឆ្នាំ​២០២១ នេះ​។ ឧកញ៉ា​ទាំង​ពីរ​រូប​អាច​រស់នៅ​ក្រៅ​ពន្ធនាគារ​បាន​យូរ​តាមចិត្ត​ចង់ ដោយសារតែ​ហេតុផល​សុខភាព​នេះឯង។

ងាក​ទៅ​អ្នក​ជាប់ឃុំ​ក្នុង​សំណុំរឿង​នយោបាយ ឬ​អ្នកទោស​មនសិការ​វិញ បើទោះ​ជា​ពួកគេ​មាន​ជំងឺ​ធ្ងន់ធ្ងរ ឬ​រ៉ាំរ៉ៃ និង​បាន​ស្នើសុំ​ទៅ​អាជ្ញាធរ​យ៉ាង​ណា​ក្តី ក៏​មិន​ងាយ​ទទួល​បាន​ការអនុញ្ញាត​ឱ្យទៅ​ព្យាបាល​ជំងឺ​នៅ​ខាងក្រៅ​ដែរ​។ ករណី​ខ្លះ ពួកគាត់​បាន​ស្ពាយ​ជំងឺ​ពី​ពន្ធនាគារ​មកវិញ និង​បាន​ធ្លាក់​ខ្លួន​ឈឺ​រ៉ាំរ៉ៃ។ មាន​អ្នកខ្លះ​ឈឺ​រហូតដល់​ស្លាប់​ក្នុង​រយៈពេល​មិន​ដល់​មួយឆ្នាំ ឬ​ជាង​មួយឆ្នាំ​ប៉ុណ្ណោះ ក្រោយ​ចេញ​ពី​ពន្ធនាគារ ដូច​ជា​លេខា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ លោក យា ថុង និង​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឃុំ​បារាយណ៍ ខេត្ត​កំពង់ធំ លោក ស៊ុន ប៊ុនថុន ជាដើម។

ជុំវិញ​រឿង​នេះ នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា អ្នក​ជាប់ឃុំ​បាត់បង់​សិទ្ធិ​សេរីភាព​ជាក់លាក់​មួយ​ចំនួន ដូច​ជា​សេរីភាព​ដើរ​ហើរ ជាដើម ប៉ុន្តែ​សិទ្ធិ​ដទៃទៀត​នៅតែ​ត្រូវ​បាន​ធានា​ដូច​ពលរដ្ឋ​ទូទៅ​ដែរ ជាពិសេស​សិទ្ធិ​ទទួល​បាន​សេវា​ថែទាំ សុខភាព​។ លោក​យល់ថា អាជ្ញាធរ​ពន្ធនាគារ​គួរតែ​អនុញ្ញាត​ឱ្យ លោក រ៉ុង ឈុន បាន​ទៅ​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាងក្រៅ ពីព្រោះ​នៅក្នុង​ពន្ធនាគារ មិន​មាន​គ្រូពេទ្យ​ឯកទេស​ភ្នែក​នោះ​ទេ៖ «​ហើយ​ទុក​ទៅ បើ​វិវឌ្ឍ​ទៅជា​មើល​លែង​ឃើញ ឬ​បញ្ហា​ពិការ​ភ្នែក អាហ្នឹង​សួរ​ថា អ្នកណា​ទទួល​ខុសត្រូវ​?»

អ្នកការពារ​សិទ្ធិមនុស្ស និង​ជា​សកម្មជន​ព្រំដែន​លោក រ៉ុង ឈុន បាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​អស់​រយៈពេល​ជាង​មួយឆ្នាំ​មក​ហើយ ចាប់តាំងពី​ចុង​ខែ​កក្កដា ឆ្នាំ​២០២០ មក​។ តុលាការក្រុង​ភ្នំពេញ​បាន​កាត់​ទោស​លោក​ឱ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ ដែល​ជា​កម្រិត​ខ្ពស់​បំផុត​នៃ​ទោស ក្នុង​បទ​ចោទ «​ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​»​។ ទន្ទឹម​នឹង​នេះ តុលាការ​បាន​បង្គាប់​ឱ្យ​លោក​បង់​សំណង​រួមគ្នា​ជាមួយ​សកម្មជន​ពីរ​នាក់​ទៀត សរុប​ជា​ទឹកប្រាក់ ១​សែន​ដុល្លារ​អាមេរិក ទៅដល់​ភាគី​ដើមបណ្ដឹង គឺ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន ដែល​ដឹកនាំ​ដោយ​លោក វ៉ា គឹមហុង ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​។​

ការចាប់ខ្លួន និង​ការ​ផ្ដន្ទាទោស​លោក រ៉ុង ឈុន នេះ គឺ​ដោយសារតែ​លោក​បាន​បញ្ចេញមតិ​រិះគន់​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម ដែល​ជា​រឿង​ដ៏​រសើប​សម្រាប់​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន​។ ទោះជា​យ៉ាងណា ការ​ផ្ដន្ទាទោស​លើ​លោក រ៉ុង ឈុន នេះ បាន​នាំមក​នូវ​ការ​ថ្កោលទោស​ពី​គ្រប់​មជ្ឈដ្ឋាន ពីព្រោះ​វា​មានន័យ​ស្មើនឹង​ការ​ដាក់ទោស​លើ​សេរីភាព​បញ្ចេញមតិ​យ៉ាង​ដូច្នេះ​ដែរ។

សាច់ញាតិ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា លោក រ៉ុង ឈុន បាន​លះបង់​កម្លាំងកាយ​ចិត្ត ដើម្បី​បុព្វហេតុ​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​បូរណភាព​ទឹកដី​អស់​រយៈពេល​រាប់​សិប​ឆ្នាំ​មក​ហើយ ដូច្នេះ​រដ្ឋាភិបាល​មិន​គួរ​តបស្នង​គាត់​ដោយ​ការ​ដាក់ទណ្ឌកម្ម​បែបនេះ​ទេ​។ ពួកគេ​ស្នើ​យ៉ាង​ទទូច​ដល់​អាជ្ញាធរ​ទម្លាក់​ចោល​បទ​ចោទប្រកាន់ និង​ដោះលែង​លោក រ៉ុង ឈុន ឱ្យ​មាន​សេរីភាព​វិញ ដើម្បី​គាត់​អាច​វិល​ត្រឡប់​មក​ធ្វើការ​ងារ​ជា​អ្នកការពារ​សិទ្ធិមនុស្ស និង​ផលប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​បន្ត​ទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។