នៅក្នុងពេលដែលប្រមុខដឹកនាំកម្ពុជា បង្ហាញពីការមិនសូវបារម្ភអំពីការឆ្លងរាលដាលមេរោគវីរុសកូរ៉ូណា ឬហៅតាមឈ្មោះថ្មីថា សារស៍-ស៊ីអូវី-២ (SARS-Cov-2) នៅឯប្រទេសចិនណោះវិញ សន្ទុះនៃការឆ្លងមេរោគនេះ កាន់តែហក់ឡើងខ្លាំង។
ការឆ្លងរាលដាលមេរោគវីរុសកាន់តែខ្លាំងនេះ ធ្វើឱ្យអាជ្ញាធរចិនសម្រេចដាក់ទីក្រុងនានា នៃខេត្តហ៊ូបេ (Hubei) ទៅក្នុងវិធានការបែបអាជ្ញាសឹកមួយ ដែលហាមពលរដ្ឋគ្រប់រូបមិនឱ្យចេញក្រៅផ្ទះ ហើយថែមទាំងគំរាមថា នឹងដាក់ទោសជនណា ដែលរំលោភបទបញ្ជានេះ។
អាជ្ញាធរចិន ក៏បានរឹតបន្តឹងការធ្វើដំណើរចេញចូលរបស់ពលរដ្ឋ ដោយបង្កើតកម្មវិធីកុំព្យូទ័រ ឬទូរស័ព្ទ ដែលហៅថា អ៊ែបស៍ (Apps) សម្រាប់ឱ្យអាជ្ញាធរអាចប្រមូលព័ត៌មានជាច្រើន និងតាមដានការធ្វើដំណើររបស់ពលរដ្ឋ។ ពលរដ្ឋត្រូវផ្ដល់ព័ត៌មានដល់អាជ្ញាធរ មុននឹងចេញ ឬចូលទីក្រុងសំខាន់ៗ។
ជំងឺផ្លូវដង្ហើមថ្មី ដែលបង្កឡើងដោយមេរោគវីរុស កូរ៉ូណា ឬហៅថា មេរោគ សារស៍-ស៊ីអូវី-២ (SARS-Cov-2) ត្រូវបានអង្គការសុខភាពពិភពលោកដាក់ឈ្មោះឱ្យថ្មីថា ជំងឺ កូវីដ-១៩ (Covid-19)។
គណៈកម្មការសុខាភិបាលជាតិរបស់ប្រទេសចិនឱ្យដឹងថា បុគ្គលិកពេទ្យចិនចំនួន ១.៧០០នាក់ បានឆ្លងមេរោគ សារស៍-ស៊ីអូវី-២ (SARS-Cov-2) នេះ ហើយក្នុងនោះ ស្លាប់ ៦នាក់ គិតត្រឹមថ្ងៃទី១១ កុម្ភៈ។
តារាងក្រាហ្វិកស្ថិតិសម្រាប់ថ្ងៃសុក្រ ទី១៤ កុម្ភៈ បង្ហាញគំនូសសញ្ញាអ្នកឆ្លងមេរោគវីរុស សារ-ស៊ីអូវី-២ (SARS-Cov-2) ហក់ឡើងខ្ពស់ជាលំដាប់ គ្មានសញ្ញាស្រាកស្រាន្តឡើយ។
ក្រៅពីប្រទេសចិនដីគោក ប្រទេសមួយចំនួនទៀត ក៏មានវិបត្តិមេរោគវីរុសនេះដែរ គឺប្រទេសសិង្ហបុរីឈរលំដាប់ទី២ ហុងកុងទី៣ ថៃទី៤ ជប៉ុនទី៥ និងកូរ៉េខាងត្បូងទី៦៕