អ្នកទើបចាក់វ៉ាក់សាំងចិន ស៊ីណូហ្វាម (Sinopharm) រួចម្នាក់ទៀតបានឆ្លងជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៧ ខែមីនា ដែលធ្វើឲ្យចំនួនករណីអ្នកចាក់វ៉ាក់សាំងហើយឆ្លងជំងឺនេះ មានពីរនាក់ ក្នុងសប្តាហ៍នេះ។ ប្រការនេះ ធ្វើឲ្យមានមន្ទិលបន្ថែមជុំវិញប្រសិទ្ធភាពនៃវ៉ាក់សាំងចិន និងការណ៍ដែលពលរដ្ឋមិនត្រូវធ្វេសប្រហែសចំពោះជំងឺដ៏កាចសាហាវនេះ។ ក្នុងពេលជាមួយគ្នានេះ កម្មករនៅតាមរោងចក្រមួយចំនួន កំពុងបារម្ភពីការរីករាលដាលកាន់តែខ្លាំងនៃជំងឺកូវីដ-១៩។ ពួកគេស្នើរដ្ឋាភិបាលឲ្យយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព និងសុខភាព របស់កម្មកររោងចក្រជាចម្បង។
អ្នកទីពីរដែលឆ្លងជំងឺកូវីដ-១៩ ក្រោយចាក់វ៉ាក់សាំងចិនស៊ីណូហ្វាម (Sinopharm) ជាលើកទីពីរនោះ គឺជាមន្រ្តីយោធាឈ្មោះ ដារ៉ា សកល នៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។ នាយកដ្ឋានព័ត៌មានក្រសួងការពារជាតិ បានបញ្ចេញព័ត៌មាននេះ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី១៧ ខែមីនា ដោយដកស្រង់ប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងការពារជាតិលោក ទៀ បាញ់ ដែលបានណែនាំឱ្យក្រុមគ្រូពេទ្យ និងកងទ័ពទាំងអស់ប្រុងប្រយ័ត្នខ្ពស់ ថាជំងឺនេះ មិនរើសមុខអ្នកបានចាក់វ៉ាក់សាំង ឬមិនបានចាក់វ៉ាក់សាំងនោះឡើយ។
កន្លងមក កងទ័ព និងក្រសួងសុខាភិបាល ទទួលបានវ៉ាក់សាំងចិនស៊ីណូហ្វាម ម្នាក់ពាក់កណ្តាល គឺបីសែនដូស សម្រាប់ស្ថាប័ននីមួយៗ។ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងនេះជាង ១សែនដូស ហើយដល់កងទ័ព។ រីឯ ក្រសួងសុខាភិបាលវិញ ក្រសួងនេះបានចាក់វ៉ាក់សាំងនេះជិត ២សែនដូស ដល់មន្រ្តីរាជការស៊ីវិល និងក្រុមមនុស្សអាទិភាព រួមមានអ្នកកាសែតផង។
ករណីអ្នកចាក់វ៉ាក់សាំងចិនរួច ហើយឆ្លងជំងឺកូវីដ-១៩នេះ ទើបតែកើតមុននេះពីរថ្ងៃ គឺថ្ងៃទី១៥ ខែមីនា ដែលនៅពេលនោះ អ្នកគ្រប់គ្រងការផ្សាយទូរទស្សន៍ ថោន (Town) គឺលោក ហាក់ សុខហេង បានឆ្លងជំងឺកូវីដ-១៩ ក្រោយលោកបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី១ បានពីរសប្ដាហ៍។ លោកគ្រោងទទួលវ៉ាក់សាំងនេះ ជាលើកទីពីរនៅសប្ដាហ៍ក្រោយ។
ហេតុការណ៍នៃអ្នកចាក់វ៉ាក់សាំងហើយ នៅតែឆ្លងជំងឺបែបនេះ បង្កើតឲ្យមានមន្ទិល និងក្ដីកង្វល់ច្រើនឡើងជុំវិញប្រសិទ្ធភាពវ៉ាក់សាំងចិន និងភាពគ្រោះថ្នាក់នៃជំងឺកូវីដ-១៩។ ប្រការនេះក៏ធ្វើឲ្យកម្មកររោងចក្រកាត់ដេរ ដែលត្រូវប្រឈមមុខខ្លាំងជាងគេ ព្រោះត្រូវប្រជ្រៀតគ្នាដូចស្និតចេក ពេលជិះរថយន្តទៅធ្វើការរាល់ថ្ងៃ បារម្ភកាន់តែខ្លាំងពីលទ្ធភាពនៃការឆ្លងជំងឺនេះ។
តំណាងសហជីព អំពាវនាវឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ អំពីសុវត្ថិភាព និងសុខភាពកម្មករទាំងអស់ ដោយគួរបញ្ចេញរថយន្តក្រុង ឬមធ្យោបាយធ្វើដំណើរ ដែលជាបន្ទុករបស់រដ្ឋ ដើម្បីជួយរម្លែកបន្ទុកដឹកជញ្ជូនកម្មករ ដើម្បីឲ្យពួកគាត់អាចរក្សាគម្លាតសង្គមបាន បើរដ្ឋាភិបាលមិនអាចផ្អាករោងចក្រមួយរយៈទេនោះ។
ជាមួយគ្នានេះដែរ មានតំណាងសហជីពឯករាជ្យជាច្រើន ដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ដោយខ្លាចការសងសឹកពីអាជ្ញាធរ ថាពួកគាត់កំពុងតែរងសម្ពាធខ្លាំងពីសំណាក់ក្រសួងការងារ ដែលជំរុញឲ្យមន្រ្តីសហជីពទាំងអស់នាំគ្នាចាក់វ៉ាក់សាំងចិនឲ្យបានគ្រប់គ្នា។ ពួកគាត់លើកឡើងថា ពួកគាត់ និងកម្មករទូទៅនៅអល់អែកខ្លាំងចំពោះវ៉ាក់សាំងចិននេះ ព្រោះគ្មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក។ ពួកគាត់បារម្ភថា ក្រសួងការងារ អាចយកបញ្ហាមិនព្រមចាក់វាក់សាំងចិននេះ ជាលេសក្នុងការធ្វើទុក្ខបុកម្នេញពួកគាត់ មិនឲ្យជួបជុំកម្មករ ដើម្បីតវ៉ា ឬ ប្រជុំការងារទូទៅ ដើម្បីប្រយោជន៍កម្មករ។ ក្នុងករណីដែលមិនបានចាក់វ៉ាក់សាំង បើពួកគាត់នៅតែបន្តសកម្មភាពជួបប្រជុំកម្មករ នោះពួកគាត់អាចនឹងប្រឈមចំណាត់ការផ្លូវច្បាប់ និងការផាកពិន័យធ្ងន់ក តាមអនុក្រឹត្យ និងច្បាប់ថ្មីរបស់រដ្ឋាភិបាល។
ទោះជាយ៉ាងនេះក្តី មន្រ្តីសហជីពទាំងនេះ ថាក្រសួងគួរផ្តល់អាទិភាពចាក់វ៉ាក់សាំងដល់កម្មករមុន មិនមែនចាក់មន្រ្តីសហជីពមុនទេ ព្រោះកម្មករត្រូវធ្វើការផ្តុំគ្នារាល់ថ្ងៃ ដែលគ្រោះថ្នាក់ជាងមន្រ្តីសហជីព។ ពួកគាត់ថា បើរដ្ឋាភិបាលចង់ឲ្យមន្រ្តីសហជីពចាក់មុន ក៍គួរចាក់វ៉ាក់សាំងដែលមានការទទួលស្គាល់ ដោយអង្គការសុខភាពពិភពលោក។ បើចាក់ឲ្យកម្មករ ក៏គួរចាក់វ៉ាក់សាំងមានគុណភាព ទទួលស្គាល់ជាអន្តរជាតិនេះដែរ។
ជុំវិញរឿងនេះ អាស៊ីសេរីមិនទាន់អាចទាក់ទង អ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ណឌីន និងអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ ដើម្បីសាកសួរព័ត៌មាននេះបានទេ កាលពីថ្ងៃទី១៧ ខែមីនា។
កន្លងមកជំងឺនេះ បានជ្រៀតចូលដល់រោងចក្រខ្លះហើយ។ កន្លងមករោងចក្រ Y & W Garment ដែលស្ថិតក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ធ្លាប់មានកម្មករស្ត្រីម្នាក់ឆ្លងជំងឺកូវីដ-១៩ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។ កម្មកររោងចក្រនេះជាច្រើននាក់ទៀត ត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅវិភាគ និងដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមមណ្ឌល និងផ្ទះរៀងៗខ្លួន ព្រមទាំងបិទអគារក្នុងរោងចក្រនោះ ១កន្លែង ទៀតផង។ ករណីនេះ ធ្វើឲ្យកម្មករភ័យខ្លាច និងព្រួយបារម្ភយ៉ាងខ្លាំង។
កាលពីថ្ងៃទី១៧ ខែមីនា ក្រុមគ្រូពេទ្យក៏បានរកឃើញជំងឺកូវីដ-១៩ ម្នាក់ទៀត លើស្រ្តីដែលជាសន្តិសុខធ្វើការនៅរោងចក្រកាត់ដេរ ត្រាក់ស៍ អេបភែរៀល (Trax Apparel) នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
គិតត្រឹមថ្ងៃទី១៧ ខែមីនា ម្សិលមិញនេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ សរុបជិត ១.០០០ (៩៩០) នាក់ ជាងពាក់កណ្តាលជាជនជាតិចិន (៥៤៦ នាក់)។ ចំនួននេះ ធ្វើឲ្យតួលេខសរុបនៅទូទាំងប្រទេសកើនដល់ជាង ១.៥០០ (១.៥០៥) នាក់។ ក្នុងចំណោមនោះ មានមនុស្សបួននាក់ស្លាប់ក្នុងពេលសម្រាកព្យាបាលជំងឺនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។