រដ្ឋាភិបាលបានដាក់ចេញវិធានការទប់ស្កាត់ជំងឺកូវីដ១៩ បន្ថែមទៀត ក្រោយពេលអ្នកឆ្លងជំងឺនេះ កាន់តែច្រើនឡើង។ វិធានការទាំងនោះ រួមមានទាំងការស្នើសុំស្ថាប័ននីតិប្បញ្ញត្តិ ឱ្យពន្លឿនអនុម័តិសេចក្ដីព្រាងច្បាប់ទប់ស្កាត់ជំងឺកូវីដ១៩ (Covid-19) ជាដើម។ ប៉ុន្តែមន្ត្រីបក្សប្រឆាំងថា វិធានការនេះ យឺតពេល និង មានចេតនា ដាក់បន្ទុកលើពលរដ្ឋ។
វិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ រួមមានការរឹតបន្តឹងការចេញចូលតំបន់ ការបិទទីតាំង ដែលកំពុងផ្ទុះជំងឺនេះ និងការកាត់បន្ថយចំនួនមន្ត្រី និងបុគ្គលិក ទៅធ្វើការដល់ស្ថាប័ន និងក្រុមហ៊ុន ជាដើម។ ជាមួយគ្នានេះ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំជាបន្ទាន់ នៅព្រឹកថ្ងៃទី០៩ មីនា ដើម្បីពិភាក្សាសេចក្ដីព្រាងច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ និងបានសម្រេច បញ្ជូន ទៅគណៈកម្មការជំនាញរួចរាល់ហើយ។
អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង ប្រាប់សារព័ត៌មានក្នុងស្រុក (Thmeythmey) ថា ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំពេញអង្គអនុម័តសេចក្តីព្រាងច្បាប់នេះ នៅថ្ងៃទី១១ មីនា ហើយក្រោយកិច្ចប្រជុំ ព្រឹទ្ធសភានឹងសម្រេចថា សេចក្តីព្រាងច្បាប់មានលក្ខណៈប្រញាប់មួយនេះ គួរត្រូវបញ្ជូន ឬរម្លងក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ដើម្បីដាក់ជូនប្រមុខរដ្ឋស្ដីទី ចុះហត្ថលេខា ប្រកាសឲ្យប្រើភ្លាមៗ។
អាស៊ីសេរីមិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង និង អគ្គលេខាធិការ លោក អ៊ុំ សារឹទ្ធ បានទេ នៅថ្ងៃទី៩ មីនា។ តែយ៉ាងណា ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន បានបញ្ជាក់តាមសារជាសំឡេង កាលពីថ្ងៃទី៨ មីនា ស្នើសុំឲ្យប្រធានព្រឹទ្ធសភាស្ដីទី លោក ស៊ឹម កា រកវិធីយ៉ាងណា ត្រូវពិនិត្យ និងអនុម័តសេចក្ដីព្រាងច្បាប់នេះឱ្យបានលឿន។
សេចក្ដីព្រាងច្បាប់នេះ មានគោលបំណងទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ហាមឃាត់សកម្មភាពពលរដ្ឋមួយចំនួន និងដាក់ទោសទណ្ឌ ដល់អ្នកល្មើសការធ្វើចត្តាឡីស័ក និងបិទតំបន់ណាមួយ ដែលមានជំងឺកូវីដ-១៩ ឆ្លងរាលដាលផងដែរ។ សម្រាប់ទោសទណ្ឌវិញ អ្នកគេចវេះមិនធ្វើចត្តាឡីស័ក ត្រូវជាប់ពន្ធនាគារពី ៦ខែ ដល់ ៣ឆ្នាំ។ ឯអ្នកគេចវេះពីការព្យាបាល ឬលួចរត់ចេញពីកន្លែងព្យាបាលជំងឺនេះ ក៏ត្រូវជាប់ពន្ធនាគារដែរ ហើយបើអ្នកជំងឺនោះ លួចរត់បណ្ដាលឲ្យឆ្លងដល់អ្នកដទៃ នឹងត្រូវមានទោសកាន់តែធ្ងន់ គឺអាចជាប់ពន្ធនាគារអតិបរមារយៈពេល ១០ឆ្នាំ។ អ្នកមានចេតនាចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ត្រូវដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ១០ឆ្នាំ ហើយបើចេតនានេះ ធ្វើឡើងដោយមានការរៀបចំ ជាក្រុម ឬមានអង្គការចាត់តាំង អ្នកនោះ នឹងត្រូវជាប់ពន្ធនាគារពី ១០ឆ្នាំ ទៅ ២០ឆ្នាំ។
លោក ហ៊ុន សែន ក៏បានបញ្ជាឲ្យស្ថាប័នជាតិ ចំនួន៣ កាត់បន្ថយមន្ត្រីទៅធ្វើការឲ្យនៅសល់ត្រឹម ១០ភាគរយ នៃចំនួនសរុប រយៈពេល ៧ថ្ងៃ ដើម្បីកាត់បន្ថយហានិភ័យការរាលដាលជំងឺកូវីដ១៩។ លោកនាយករដ្ឋមន្ត្រី ក៏បានស្នើសុំឲ្យវិស័យឯកជន កាត់បន្ថយបុគ្គលិក ហើយធ្វើការផ្លាស់ប្ដូរវេនគ្នា ដើម្បីបញ្ចៀសបញ្ហាមនុស្សកកកុញ នៅកន្លែងធ្វើការ និងតាមផ្លូវ និងត្រូវផ្អាក ឬលើកពេលកម្មវិធីជួបជុំ ដែលមិនចាំបាច់ទាំងអស់។ តែ លោក មិនទាន់មានឱ្យមានការបិទ ឬ ផ្អាកដំណើរការរោងចក្រ ផ្សារ និងកន្លែងប្រកបអាជីវកម្មទេ ដោយគ្រាន់តែតម្រូវឲ្យអនុវត្តវិធានការអនាម័យ និងរក្សាគម្លាតសុវត្ថិភាព។
នៅថ្ងៃទី៩ មីនាដែរ លោក ហ៊ុន សែន បានចេញសារសំឡេងបទបញ្ជាមួយទៀត តម្រូវឲ្យអភិបាលរាជធានី ខេត្តទាំងអស់ ពិនិត្យឲ្យច្បាស់លាស់អំពីការបិទ និងការបើក ទីតាំងជាប់ពាក់ព័ន្ធជំងឺកូវីដ១៩៖ « ក្នុងករណី ដែលធ្វើតេស្តឃើញអវិជ្ជមាន ក៏សុំឲ្យគេបើកដំណើរការនៅទីកន្លែងនោះ ដើម្បីជៀសវាងការបិទដោយគ្មានទីបញ្ចប់ ហើយអ្នកដែលចេញទៅធ្វើការ ក៏ចេញមិនបាន ត្រូវជាប់ចត្តាឡីស័ក។ យើងមិនត្រូវមើលស្រាលពេលវេលានោះទេ។ ការខាតបង់ពេលវេលារបស់អ្នកធ្វើការ នៅតំបន់ដែលត្រូវបិទ ឬអាជីវកម្ម ដែលយើងត្រូវបិទ។ តំបន់ដែលយើងត្រូវបិទ គឺមិនមែនជារឿងតូចតាចទេ សម្រាប់ជីវភាពរបស់ប្រជាពលរដ្ឋ និងដំណើរការជាប្រក្រតី នៃបញ្ហាសង្គម»។
មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលវិញថា វិធានការបន្តបន្ទាប់របស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ រាងយឺតពេល និងមិនបានគិតគូរដល់ពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ខ្លាំង ជាមន្ត្រីរាជការ។
តំណាងរាស្ត្រជាប់ឆ្នោត នៃគណបក្សសង្គ្រោះជាតិ លោក ងឹម ញ៉េង សោកស្ដាយ ចំពោះរបបក្រុងភ្នំពេញ ក្នុងការដាក់ចេញវិធានការទប់ស្កាត់ជំងឺកូវីដ១៩ យឺតយ៉ាវ និង បានបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ពលរដ្ឋក្រីក្រ។ តំណាងរាស្ត្ររូបនេះ បន្ទោសថា មេដឹកនាំរបបក្រុងភ្នំពេញ បានប្រមាថ ព្រោះ មិនយល់ដឹងពីហានិភ័យនៃជំងឺកូវីដ១៩។ លោកជំរុញដល់លោក ហ៊ុន សែន ឱ្យគិតគូរពីការទទួលខុសត្រូវ ចំពោះជីវភាពរបស់ពលរដ្ឋ ជាជាងឆក់ឱកាសបង្ខំបង្កើតច្បាប់ ក្នុងចេតនាបំបិទសេរីភាពនិងដាក់កំណត់ទោសទណ្ឌធ្ងន់ធ្ងរពេលលើពលរដ្ឋ៖ « អ៊ីចឹង យើងគិតមើលគេ គេគិតថា ធ្វើយ៉ាងម្ដេច ជួយប្រជាជនគេ ឲ្យរស់នៅបានស្រួល មិនមែនគិតរឿងបង្កើតច្បាប់ ដើម្បីដាក់ទោសទណ្ឌប្រជាជនគេទេ ហើយ ហ៊ុន សែន គឺធ្វើអ្វីផ្ទុយពីគេ អត់គិតអំពីភាពរស់នៅ អត់គិតអំពីជីវិតរស់នៅរបស់ប្រជាជនក្រោមការដឹកនាំរបស់ខ្លួន ហើយគិតតែបង្កើតច្បាប់ ដាក់ទោសទណ្ឌប្រជាជនខ្លួនឯងទៅវិញ។ អាហ្នឹង គឺជារឿងគួរឲ្យអស់សំណើច និងគួរឲ្យឈឺចាប់ សម្រាប់ប្រជាជនខ្មែរ»។
ចំណែកតំណាងកម្មករធ្វើការក្រៅប្រព័ន្ធវិញ ចង់ឲ្យរដ្ឋាភិបាល បន្ថែមការគិតគូរ ជួយទំនុកបម្រុងដល់ពលរដ្ឋក្រីក្រ ឲ្យទទួលបានការឧបត្ថម្ភខ្លះ ដូចមន្ត្រីរាជការ ដែលមានបៀវត្សរ៍ប្រចាំខែដែរ។
ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វ៉ន់ ពៅ អះអាងថា កម្មករក្រៅប្រព័ន្ធ មិនអាចឈប់សម្រាក ឬធ្វើការពីផ្ទះដូចមន្ត្រីរាជការទេ។ ដូច្នេះ លោកយល់ថា ដើម្បីបញ្ចៀសហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍សម្រាប់ពលរដ្ឋក្រីក្រ រដ្ឋាភិបាលគួរតែគិតគូរពីការឧបត្ថម្ភដល់កម្មករក្រៅប្រព័ន្ធផង។ លោក វ៉ន ពៅ សង្កេតឃើញថា ចាប់តាំងពីមានការឆ្លងរាលជំងឺកូវីដ១៩ ក្នុងសហគមន៍ច្រើនដងមកនេះ រដ្ឋាភិបាល មិនទាន់បានគិតគូរជាដុំកំភួន ដល់កម្មករក្រៅប្រព័ន្ធនៅឡើយទេ៖ « គួរតែមានកញ្ចប់ថវិកាមួយ ជួយដូចអ្នកកាត់ដេរអ៊ីចឹង មួយខែ ៥០ ឬ៦០ដុល្លារ តាមលទ្ធភាពអ៊ីចឹងទៅ ឬក៏អាចជួយអង្ករជាប្រចាំ មួយខែ តែ៣០គីឡូ ឬក៏២០គីឡូអ៊ីចឹងទៅ ដើម្បីជួយកាត់បន្ថយអ្វី ដែលជាការកង្វះខាតរបស់គាត់ ចំណុចទី១។ ទី២ រដ្ឋគួរតែជួយទាក់ទងទៅនឹងសេវាសុខភាព។ ផ្ដល់ឡើងវិញនូវប្រព័ន្ធគាំពារសង្គម តាមរយៈប្រព័ន្ធជំនួយសង្គម ទៅដល់កម្មករក្រៅប្រព័ន្ធទាំងអស់ហ្នឹង។ ក្នុងស្ថានភាពកូវីដ១៩ ព្រោះកំពុងតែអត់ស្រាប់»។
ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤៩នាក់ថែមទៀត នៅថ្ងៃទី៩ មីនា។ ក្នុងនោះ អ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ចំនួន ៤៨នាក់ និងម្នាក់ជាជនជាតិលីប៊ី បានធ្វើដំណើរពីប្រទេសលីប៊ី មកដល់កម្ពុជា កាលពីថ្ងៃទី៧ មីនា។ ចំនួនថ្មីនេះ បានធ្វើឲ្យកម្ពុជាមានអ្នកឆ្លងកូវីដ១៩ សរុប ១.០៦០នាក់។ មានអ្នកជាសះស្បើយ ចំនួន ៥៣៨នាក់ ហើយអ្នកជំងឺកំពុងសម្រាកព្យាបាលតាមមន្ទីរពេទ្យ ជាងប្រាំរយ ៥២១នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។