លោក សម រង្ស៊ី ចោទ​សួរ​ថា តើ​ត្រូវ​បង្ខំ​ពលរដ្ឋ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ទាំង​អង្គការ​សុខភាព​មិន​ទទួល​ស្គាល់ ឬ​យ៉ាង​ណា?

ដោយ ទីន ហ្សាការីយ៉ា
2021-04-10
Share
លោក សម រង្ស៊ី ចោទ​សួរ​ថា តើ​ត្រូវ​បង្ខំ​ពលរដ្ឋ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ទាំង​អង្គការ​សុខភាព​មិន​ទទួល​ស្គាល់ ឬ​យ៉ាង​ណា? លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​ថ្នាំ​បង្ការជំងឺ​កូវីដ១៩ ឈ្មោះ ស៊ីណូហ្វាម (Sinopharm) របស់​ចិន។
រូប៖ Sorn Chanratha/RFA និង​ក្រសួងព័ត៌មាន AKP

នៅ​ទន្ទឹម​នឹង​អង្គការ​សុខភាព​លើក​ឡើង​ថា កម្ពុជា​កំពុង​ស្ថិត​នៅ​មាត់​ជ្រោះ​សោកនាដកម្ម​ដ៏​ធ្ងន់ធ្ងរ ដោយ​បង្ក​ឡើង​ដោយ​ជំងឺ​កូវីដ១៩ លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដាក់​ជា​សំណួរ​ថា តើ​គួរ​បង្ខិតបង្ខំ​ឲ្យ​ពលរដ្ឋ​ចាក់​វ៉ាក់សាំង​ចិន ដែល​អង្គការ​សុខភាព​ពិភពលោក (WHO) មិន​ទាន់​ទទួល​ស្គាល់ ឬ​យ៉ាង​ណា?

លោក សម រង្ស៊ី បាន​សរសេរ​ថា មក​ទល់​ពេល​នេះ វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ របស់​ចិន មិន​ទាន់​ត្រូវ​បាន​អង្គការ​សុខភាព​ពិភពលោក (WHO) ទទួល​ស្គាល់​ថា មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ពេញលេញ​នៅ​ឡើយ​ទេ។ លោក​ថា វ៉ាក់សាំង ដែល​គេ​អាច​ជឿជាក់ និង​ទុក​ចិត្ត​បាន ១០០% កំពុង​តែ​ពេញ​និយម​ជាង​គេ ក្នុង​ពិភពលោក មានឈ្មោះ ភីហ្វៃហ្សឺ (PFIZER), ម៉ូឌើរណា (MODERNA) និង ចនសុន អែន ចនសុន (JOHNSON & JOHNSON) ។ វ៉ាក់សាំង​ទាំង ៣នេះ គឺ​ជា​វ៉ាក់សាំង ផលិត​ដោយ​ក្រុមហ៊ុន​ដែល​មាន​ទីតាំង​នៅ​សហរដ្ឋ​អាមេរិក (USA) មាន​ន័យ​ថា សហរដ្ឋ​អាមេរិក គឺ​ជា​ប្រទេស​ដែល​មាន​ក្រុម​អ្នក​ស្រាវជ្រាវ និង​អ្នក​ជំនាញ​វិទ្យាសាស្ត្រ ពូកែ​ជាង​គេ ក្នុង​ពិភព​លោក។

លោក សម រង្ស៊ី បាន​លើក​ជា​សំណួរ​ថា ហេតុ​អ្វី​បាន​ជា​លោក ហ៊ុន សែន ដែល​បាន​រៃអង្គាស​ប្រាក់​រាប់​សិប​លាន​ដុល្លារ ដោយ​បោក​បញ្ឆោត​ប្រជារាស្ត្រ​ខ្មែរ​ថា យក​ទៅ​ទិញ​វ៉ាក់សាំង គាត់​មិន​ខិតខំ​រក​ទិញ​វ៉ាក់សាំង​ល្អៗ ជាង​គេ​ក្នុង​ពិភពលោក តែ​បែរ​មក​រំពឹង​តែ​លើ​វ៉ាក់សាំង​ចិន​ទៅ​វិញ?

លើស​ពី​នេះ​ទៅ​ទៀត​លោក ហ៊ុន សែន បាន​បង្ខំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ម្នាក់ៗ ចាក់​វ៉ាក់សាំង​ចិន​នេះ​គ្រប់​គ្នា ទោះ​ជា​នរណា​មិន​យល់​ស្រប ក៏​គេ​បង្ខំ​ដែរ ដោយ​គំរាម​បញ្ឈប់​ពី​ការងារ​ជា​ដើម។ លោក សម រង្ស៊ី អះអាង​ថា មិន​យូរ​ប៉ុន្មាន​ទេ ប្រទេស​ក្រីក្រ​ដូច​កម្ពុជា នឹង​ទទួល​បាន​វ៉ាក់សាំង​ល្អ​ប្រសើរ​ជាង​គេ ដោយ​មិន​គិត​ថ្លៃ ដូច​វ៉ាក់សាំង ដែល​ប្រទេស​សេរី​ជឿនលឿន​កំពុង​ប្រើប្រាស់​អ៊ីចឹង​ដែរ។ ការ​ផ្តល់​វ៉ាក់សាំង​ដោយ​មិន​គិត​ថ្លៃ​នេះ គឺ​ធ្វើ​ឡើង​តាម​រយៈ​គម្រោង កូវ៉ាក់ COVAX រៀបចំ​ដោយ​អង្គការ​សុខភាព​ពិភព​លោក (WHO) និង​អង្គការ​សហប្រជាជាតិ។

លោក សម រង្ស៊ី ចោទ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា តាំង​ពី​ដើម​ទី​មក លោក ហ៊ុន សែន និយាយ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ដោយ​មិន​យល់​អ្វី​ទាល់​តែ​សោះ ដូច​ជា ការ​ទស្សន៍ទាយ​របស់​លោក​ថា ទាល់​តែ​ចាំ​ដល់​ថ្ងៃ​ទី៣១ កុម្ភៈ ទើប​ជំងឺ​នេះ​អាច​មក​ដល់​ប្រទេស​កម្ពុជា និង​ការ​ហាម​ឃាត់ មិន​ឲ្យ​អ្នក​នៅ​ជុំវិញ​លោក​ពាក់​ម៉ាស់​ការពារ​ខ្លួន និង​ការពារ​អ្នក​ដទៃ​ជា​ដើម។

អង្គការ​សុខភាព​ពិភពលោក​ត្រូវ​ការ​ទិន្នន័យ​ប្រសិទ្ធភាព និង​សុវត្ថិភាព​របស់​វ៉ា់ក់សាំង​ចាប់​ពី ៥០% ឡើង​ទៅ ដើម្បី​បង្ហាញ​ថា វ៉ាក់សាំង​នោះ នឹង​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​នៅ​ពេល​ចាក់​វា។ ខាង​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង ស៊ីណូហ្វាម (Sinopharm) អះអាង​ថា វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធភាព​ជាង ៧៩% ក្នុង​ការ​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូវីដ ១៩។ រីឯ​វ៉ាក់សាំង​ស៊ីណូវ៉ាក់​វិញ (Sinovac) ទិន្នន័យ​បណ្ដោះអាសន្ន​បង្ហាញ​ថា មាន​ប្រសិទ្ធភាព​ចន្លោះ​ពី ៥០% ទៅ ៨៣% ។ នេះ​ដោយ​ផ្អែក​លើ​ការ​ចាក់​សាកល្បង​នៅ​ប្រទេស​ប្រេហ្សីល (Brazil) ទូគី (Turky) និង​ឥណ្ឌូនេស៊ី (Indonesia) ជា​ដើម។

អ្នក​នាំ​ពាក្យ​របស់​អង្គការ​សុខភាព​ពិភព​លោក​បាន​ថ្លែង​កាល​ពី​ដើម​ខែមីនា​ថា វ៉ាក់សាំង​ចិន​ទាំង​ពីរ​ប្រភេទ​នេះ (Sinopharm & Sinovac) អាច​ទទួល​បាន​ការ​ចុះ​បញ្ជី​ប្រើ​ជា​បន្ទាន់​ក្នុង​ពេល​ឆាប់ៗ នេះ៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)

មើល​មតិ​ទាំង​អស់.

Kim heng
Kim heng says:
Apr 11, 2021 12:52 PM

ជម្រាបលោកពូ ចាន់បុត្រ ខ្ញុំអត់យល់ ហេតុអ្វី លោកពូ សមរង្សី ចេញសារអោយចាក់វាក់សាំងចិន ? បេីនយោបាយ មិនមាំទាំទេ មិនបាច់ធ្វេីទេ ខាតពេល ។ ជូនពរលោកពូឆាប់ជា
និងសូមលោកពូ ឈប់ទុកមុខ អោយមន្ត្រី CNRP ដែលអសម្ថត្ថភាព ព្រោះខ្ញុំឃេីញលោក ពូហត់ណាស់ជាមួយពួក នោះ ដែលរងចាំស្រាប់ៗ ។ គ្នានទេជ័យជំនះស្រាប់ៗ

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល