ប្រជា​ពលរដ្ឋ​​ត្អូញ​ត្អែរ​​ពី​​ចំណី​​អាហារ​​គីមី​ និង​​ខូច​​គុណភាព​ ប៉ះពាល់​​ដល់​​សុខភាព​

0:00 / 0:00

ប្រជាពលរដ្ឋ​ ព្រួយបារម្ភ​ពី​ផល​ប៉ះពាល់​សុខភាព​ ដោយ​សារ​ការ​ទទួល​ទាន​ចំណី​អាហារ​ដែល​នាំចូល​មាន​ផ្ទុកសារ​គីមី​ដើម្បី​រក្សា​ទុក​បាន​យូរ​ និង​អាហារ​ខូច​គុណ​ភាព​​លក់​​តាម​​ទីផ្សារ​។ ពួកគាត់​ស្នើ​ដល់​រដ្ឋាភិបាល​ និង​ក្រសួង​ជំនាញ​ ចុះ​ត្រួត​ពិនិត្យ​ចំណី​អាហារ​ដែល​គ្មាន​គុណភាព​លក់​នៅ​តាម​ទីផ្សារ​ និង​អាហារ​ផ្ទុក​សារធាតុគីមី​ហួស​កម្រិត​ដែល​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​។

ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ពី​ផលប៉ះសុខភាព​ចំពោះ​ចំណី​អាហារ​ដែល​លក់​តាម​ទីផ្សារ​កម្ពុជា​ ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​គុណភាព ​និង​សិក្សា​ពី​ការ​ផ្ទុក​សារធាតុ​គីមី​ពី​អាជ្ញាធរ​ជំនាញ​។ ពួកគាត់​សម្គាល់​ឃើញ​ថា​ ទំនិញ​ភាគច្រើន​ជា​ពិសេស​បន្លែ​ សាច់​ ភាគ​ច្រើន​នាំ​ចូល​តាម​ច្រក​ព្រំដែន​វៀតណាម​ មាន​ផ្ទុកសារ​ធាតុ​គីមី​ ​ដែល​ពលរដ្ឋ​ទទួល​ទាន​ប្រឈម​ប៉ះពាល់​សុខភាព​។

ពលរដ្ឋ​ម្នាក់​រស់​នៅ​ខេត្តកណ្កាល​លោក យូ សិលា​ លើក​ឡើង​ថា​ គ្រប់​មុខ​ទំនិញ​បរិភោគ​ភាគ​ច្រើន​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ ដោយ​មាន​រថយន្តធំៗ​ដឹក​ទម្លាក់​នៅ​តាម​ច្រក​ព្រំ​ដែន​ជ្រៃ​ធំ​ ខេត្ត​កណ្តាល​។ លោក​អះអាង​ថា​ ទំនិញ​ដូច​ជា​បន្លែ​ផ្លែ​ឈើ​ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម​អាច​មាន​ប្រើប្រាស់​សារធាតុ​គីមី​ដើម្បី​រក្សា​បាន​យូរ​។ លោក​បន្ត​ថា​ ផល​ប៉ះពាល់​ក្នុង​ការ​ទទួល​ទាន​អាហារ​ដែល​មាន​សារធាតុ​គីមី​ហួស​កម្រិត​នោះ​ តាម​បទពិសោធន៍​លោក​ គឺ​មាន​អាការៈ​រាក​រូស​ ក្អួត​ចង្អោរ​ និង​អស់​កម្លាំង​ល្ហិតល្ហៃ​ជា​ដើម​៖ «ប៉ះពាល់​ដល់​យើង​អាច​កើត​ជំងឺ​មហារីក​ទៀត​។ ខ្លួន​ខ្ញុំ​ផ្ទាល់​ធ្វើ​ឡុកឡាក់​ហូប​យក​បន្លែ​អី​ហ្នឹង​មក​ហូប​វា​ប៉ះពាល់​ដូច​ជា​ល្ហិត​ល្ហៃ ​ហើយ​ក្អួត​»។

Health.jpg
បង្គារមានជាតិ​គីមី​ដែល​អាជ្ញាធរ​បង្ក្រាប​បាន​នៅច្រក​ទ្វារ​ព្រំដែន​វៀតណាម​​កាលពី​ខែមករា ឆ្នាំ២០២២។

ស្រដៀង​គ្នា​នេះ​ដែរ​ ពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​ក្រុង​ភ្នំពេញ​កញ្ញា ឆវី​ និយាយ​ថា​ បញ្ហា​ទំនិញ​ដែល​ផ្ទុក​សារធាតុ​គីមី​ហួស​កម្រិត​ជា​ក្ដី​បារម្ភ​មួយ​សម្រាប់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ទិញ​មក​បរិភោគ​ ឬ​ប្រើប្រាស់​ប៉ះពាល់​សុខភាព​ដោយ​ពួកគាត់​មិន​បាន​ដឹង​មុន​។ កញ្ញា​ស្នើ​ដល់​អាជ្ញាធរ​ជំនាញ​ ត្រួត​ពិនិត្យ​អាហារ​ដែល​ពលរដ្ឋ​ត្រូវ​ការ​ជា​ប្រចាំ ​ដូចជា ​បន្លែ​ ត្រី​ សាច់​ អាហារ​កំប៉ុង​ខូច​គុណភាព​ និង​ចំណី​អាហារ​ដែល​ផ្ទុក​សារធាតុ​គីមី​នាំ​ចូល​ពី​ក្រៅ​ប្រទេស​៖ «អាហារ​ខ្លះ​ដាក់​សារធាតុ​គីមី​ច្រើន​ពេក​មិន​ថា​ បន្លែ​ ផ្លែ​ឈើ​ ឧទាហរណ៍​ជាក់ស្ដែង​ដូចជា​គ្រឿង​សមុទ្រ​គេ​ចាប់​បាន​ច្រើន ​សុទ្ធ​តែ​ប្រើ​សារធាតុ​គីមី​ទាំងអស់​ដើម្បី​រក្សា​គុណភាព​។ ពលរដ្ឋ​ខាតបង់​ទាំង​លុយ​កាក់​មើល​ជំងឺ​ ពេល​វេលា​រក​ស៊ី​ »

ដោយ​ឡែក​ពលរដ្ឋ​ម្នាក់​ទៀត​រស់​ខេត្តស្វាយរៀង​លោក យន់ ភក្តី​ និយាយ​ថា​ លោក​ដឹង​ច្បាស់​បន្លែ​ភាគ​ច្រើន​នាំចូល​ពី​វៀតណាម​ផ្ទុក​ដោយ​សារ​ធាតុ​គីមី​ ប៉ុន្តែ​លោក​ថា ​ពលរដ្ឋ​ទូទៅ​ចៀស​មិន​ផុត​ក្នុងការ​ចំណាយ​លើ​មុខ​ទំនិញ​ទាំង​នោះ​ឡើយ​។ លោក​ក៍​ព្រួយបារម្ភ​ពី​ផល​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ក្រោយ​ហូប​ចំណី​អាហារ​ ដែល​គ្មាន​ការ​ត្រួត​ពិនិត្យ​គុណភាព​ឱ្យ​បាន​ច្បាស់​លាស់​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​៖ «ភាគច្រើន​មក​ពី​យួន​ចូល​តាម​ច្រក​ព្រំដែន​ អ្នក​ខាង​ក្នុង​មិន​ដឹង​ចេះ​តែ​ទិញ​ទៅ​។ ព្រួយ​បារម្ភ​ថា​ យើង​ដឹង​មិន​សូវ​ញាំ​តែ​កូនចៅ​យើង​វា​មិន​ដឹង​ចេះ​តែ​ឃើញ​ឆ្ងាញ់​។ អ្នក​មើល​គេ​មិន​ពិនិត្យ​ឱ្យ​យើង​ គ្មាន​អី​សំណូមពរ​ទេ​ ហើយ​ក៍​គ្មាន​ប្រយោជន៍​អី​ដែរ​ ព្រោះ​វា​អាស្រ័យ​លើ​ឆន្ទៈ​អ្នក​មើល​ខុស​ត្រូវ​ »

ជុំវិញ​ក្តី​បារម្ភ​ប្រជាពលរដ្ឋ​ពី​ចំណី​អាហារ​គីមី​នេះ​ ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ក៍​ធ្លាប់​បាន​ជេរ​ស្ដី​បន្ទោស​ប្រជាពលរដ្ឋ​ថា​ ទិញ​អាហារ​មាន​សារធាតុ​គីមី​ទាំង​នោះ​ មិន​ចេះ​មើល​ដោយ​ខ្លួន​ឯង​ពេល​ទទួល​ទាន​មាន​បញ្ហា​បែរ​ថា​មក​ពី​រដ្ឋាភិបាល​មិន​ចេះ​គិត​គូរ​៖ «បើ​កុំ​ទិញ​ទៅ​វា​ចប់​ហើយ​ អ្នក​ដែល​លក់​បន្លែ​បង្ការ​ដែល​មាន​សារធាតុ​គីមី​លក់​លែង​ដាច់​ហើយ​។ នាំ​គ្នាធ្វើ​ពហិការ​កុំទិញ​បន្លែ​បង្ការ​ ឬ​សាច់​ដែល​មាន​សារធាតុ​គីមី​ទៅ​ វា​ចប់​រឿង​ហើយ​ ចាំ​បាច់​មក​ជេរ​រដ្ឋាភិបាល​ធ្វើ​អី​។ តែ​ខ្លួន​ឯង​​ទិញ​អាហ្នឹង​យក​មក​ស៊ី ​ស៊ី​ហើយ​ជំងឺ​ជេរ​រ​ដ្ឋាភិបាល។ ស៊ី​ខ្លួន​ឯង​សោះ​ជេរ​គេ​ដែរ​? »

Alcohol_04_05_2021.jpg
អាល់កុលក្លែងក្លាយដែលអាជ្ញាធរកម្ពុជាបង្ក្រាបបាននៅភ្នំពេញ កាលពីថ្ងៃឧសភា ឆ្នាំ២០២១។

ទោះ​ជា​យ៉ាង​ណា​ពលរដ្ឋ​នៅ​សៀមរាប​ រិះគន់​ថា​ ការ​លើក​ឡើង​របស់​មេដឹកនាំ​បែរ​នេះ​ ឆ្លុះ​បញ្ចាំ​ឱ្យ​ឃើញថា ​រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​ក្នុង​ការពារ​សុខុមាលភាព​ប្រជាពលរដ្ឋ​ឱ្យ​ទទួល​បាន​ភាព​ល្អ​ប្រសើរ​នោះ​ទេ​។ លោក​បន្ត​ថា​ ស្រប​ពេល​គ្រប់​មុខ​ទំនិញ​សុទ្ធ​សឹង​តែ​នាំ​ចូល​ផ្ទុក​សារធាតុ​គីមី​បង្ក​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​ ហើយ​រដ្ឋាភិបាល​តែងតែ​ព្យាយាម​គេច​វេស​ បង្ហាញ​ឱ្យ​ឃើញ​ថា ​គឺ​ជា​ភាព​កម្សោយ​មួយ​នៃ​ប្រព័ន្ធ​ដឹកនាំ​របស់​លោកហ៊ុន សែន​៖ «ករណី​នេះ​មិនមែន​កើត​ឡើង​ឥឡូវៗ​ទេ​រាប់​ឆ្នាំ​មក​ហើយ​ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បរិភោគ​បន្លែ​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ពុល​ហ្នឹង​។ ទន្ទឹម​គ្នា​នេះ​ ពលរដ្ឋ​ប្រជា​កសិករ​ខ្មែរ​ក៍​អាច​ផលិត​បាន​ដែរ​ ចាំ​អី​នាំ​ចូល​ពី​ក្រៅ​ទេ​ »

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​សុំការ​ឆ្លើយតប​ជុំវិញ​រឿង​នេះ​ពី​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​លោក មៀច សុផាន់ណា​ បាន​ទេ​នៅ​ថ្ងៃទី២ ខែកុម្ភៈ​។

កាលពី​ថ្ងៃ​ទី​២៥​ ​ខែ​មករា ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ខ ខេង​ សម្តែង​ក្ដី​បារម្ភ​ពី​ការ​នាំ​ចូល​សារធាតុ​ផ្សំ​ទៅ​ជា​គ្រឿង​ញៀន​រាបសិន​តោន​ចូល​មក​កម្ពុជា​ និង​ធាតុ​គីមី​នៅ​ម្ហូប​អាហារ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​។ លោក ខ ខេង​ ក៍​បាន​ដាស់តឿន​ដល់​មន្រ្តី​តាម​ច្រកព្រំដែន​ត្រូវ​តែ​ត្រួត​ពិនិត្យ​ឱ្យ​បាន​ល្អិតល្អន់​លើ​សារធាតុ​គីមី​ផ្សំ​ផ្សេងៗ​ដែល​ប្រើប្រាស់​លើ​ចំណី​អាហារ​ដើម្បី​បញ្ចៀស​ពី​ផល​ដល់​ប្រជាពលរដ្ឋ​។ ​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ ​ក​.​ប​.​ប​. ​នេះ​ ​កាលពី​ឆ្នាំ​២០២១​ ​កន្លងទៅ​ ​ទំនិញ​ប៉ះពាល់​សុខភាព​អ្នកប្រើប្រាស់​ចំនួន​ជិត​ ​៣​៦​.​៥​ ​តោន​ ​ត្រូវ​បាន​រក​ឃើញ​នៅ​តាម​ទី​ផ្សារ​នៅ​ទូទាំង​ប្រទេស​។ ​ទំនិញ​ខូចគុណភាព​ រក​ឃើញ​នៅ​ក្រុងភ្នំពេញ​ ​ខេត្ត​កណ្តាល​ ​ត្បូងឃ្មុំ​ ​កំពង់ឆ្នាំង​ ​កំពង់ស្ពឺ​ ​កោះ​កុង​ ​ក្រចេះ​ ​បាត់​ដំបង​ ​ឧត្តរមានជ័យ​ ​និង​រតនគិរី​ជាដើម​។​

Drug in Kampong Spue and Prah Sihanouk on 12_12_2021_02.jpg
សារធាតុគីមីរាប់សិបតោនដើម្បីផ្សុំជាគ្រឿងញៀន ត្រូវបានអាជ្ញាធរកម្ពុជាបង្ក្រាបបាននៅក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។

ជុំវិញរឿងនេះ​ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (IDEA) លោក វ៉ន់ ពៅ​ មានប្រសាសន៍​ថា​ ពលរដ្ឋ​ភាគ​ច្រើន​គាត់​គ្មាន​លទ្ធភាព​ទើប​​ពួកគាត់​​ចំណាយ​​ទាំង​​ដឹ​ង​ថា​ មុខ​ទំនិញ​ទាំង​នោះ​ផ្ទុកសារធាតុ​គីមី​ប៉ះពាល់​សុខភាព​ក្ដី​។ លោក​បន្ត​ថា​ នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​អាជ្ញាធរ​ដែល​បាន​អនុញ្ញាត​ឱ្យ​មាន​ការ​នាំ​ចូល​មុខ​ទំនិញ​គ្មាន​គុណភាព​ចូល​មក​កម្ពុជា​ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​ឱ្យ​បាន​ច្បាស់​លាស់​៖ «កម្ពុជា​ហាក់​ដូចជា​​ធូរ​រលុង​ក្នុង​ការ​ពិនិត្យ​លើ​ចំណី​អាហារ​ដែល​នាំ​ចូល​ពី​ក្រៅ​ប្រទេស​ច្រើន​ពី​គុណភាព​នៃ​ការ​នាំចូល​។ មួយ​ទៀត​ ដោយសារ​ពលរដ្ឋ​ក្រី​ក្រ​បង្ខំ​ចិត្ត​ទទួល​ទាន​របស់​ថោកៗ​ដែល​ពោរ​ពេញ​ជាតិ​គីមី​នេះ​ »

ប្រជាពលរដ្ឋ​ និង​សង្គមស៊ីវិល​ស្នើ​ដល់​អាជ្ញាធរ​គួរ​តែ​មាន​វិធាន​ប្រកប​ដោយ​ប្រសិទ្ធភាព​ដោយ​ចុះ​ត្រួត​ពិនិត្យ​អាហារ​គ្រប់​មុខ​ទំនិញ​ផ្ទុក​មាន​ធាតុ​គីមី​ នឹង​ចាត់​វិធានការ​លើ​អ្នក​ដែល​បាន​នាំ​ចូល​ទំនិញ​គ្មាន​គុណភាព​ទាំង​នោះ​ ដើម្បី​ទប់ស្កាត់​លើ​ចំណី​អាហារ​មាន​សារធាតុ​គីមី ​នាំ​ចូល​ពី​ក្រៅ​ប្រទេស​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ពលរដ្ឋ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។