រោគសញ្ញា​និង​វិធី​ការពារ​ការ​ឆ្លង​នៃ​ជំងឺ​រលាក​ប្រព័ន្ធ​ដកដង្ហើម បង្ក​ដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី

ដោយ ម៉ៅ សុធានី
2020-01-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គ្រឹះស្ថានសិក្សា​ចាត់​វិធានការ​បង្ការ​ការ​ឆ្លង​មេរោគ​វីរុស​ កូរ៉ូណា ដោយ​ឱ្យ​សិស្ស និង​គ្រូ​ពាក់​ម៉ាស់​គ្រប​ច្រមុះ និង​មាត់​ ដាក់​សាប៊ូ​លាង​ដៃ និង​ពិនិត្យ​កម្ដៅ​ខ្លួន។
គ្រឹះស្ថានសិក្សា​ចាត់​វិធានការ​បង្ការ​ការ​ឆ្លង​មេរោគ​វីរុស​ កូរ៉ូណា ដោយ​ឱ្យ​សិស្ស និង​គ្រូ​ពាក់​ម៉ាស់​គ្រប​ច្រមុះ និង​មាត់​ ដាក់​សាប៊ូ​លាង​ដៃ និង​ពិនិត្យ​កម្ដៅ​ខ្លួន។
រូប៖ ហវេសប៊ុក​ក្រសួង​អប់រំ​ថ្ងៃ​ទី២៨ ខែ​មករា ឆ្នាំ២០២០​

ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក កំពុង​ព្រួយបារម្ភ​ជា​ខ្លាំង អំពី​ការ​កើនឡើង​នៃ​ចំនួន​អ្នក​ស្លាប់​និង​ឆ្លង​ជំងឺ​រលាក​ប្រព័ន្ធ​ដង្ហើម ដែល​បង្ក​ដោយ​វីរុស​កូរ៉ូណា ប្រភេទ​ថ្មី​នេះ (nCoV-2019) ដែល​បាន​សម្លាប់​មនុស្ស ១៣២​នាក់ ក្នុងចំណោម​អ្នក​ឆ្លង​រាលដាល​ចំនួន​ជាង ៦​ពាន់​នាក់ នៅ​ប្រទេស​ចិន។ រហូត​មក​ដល់​ថ្ងៃ​ទី២៩ ខែ​មករា ទោះបីជា​មានការ​ឆ្លង​ទៅ​ដល់​ប្រទេស​ជាច្រើន​ផ្សេង​ទៀត រួម​មាន​កម្ពុជា​ផង ក៏​គ្មាន​នរណា​ម្នាក់​បាត់បង់​ជីវិត​នៅឡើយ​ទេ ក្រៅ​តែ​ពី​នៅ​ក្នុង​ប្រទេស​ចិន។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​នាយកដ្ឋាន​ការពារ​ជំងឺឆ្លង លោក​វេជ្ជបណ្ឌិត លី សូវណ្ណ ណែនាំ​ប្រជាពលរដ្ឋ​ខ្មែរ ឱ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ឆ្លង​នៃ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ (nCoV-2019)​។ ហើយ​ប្រសិនបើ​មាន​រោគសញ្ញា​ណាមួយ ដូចជា គ្រុន​ក្តៅ ក្អក ឬ កណ្ដាស់ ឬ​ហៀរ​សំបោរ ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់៖ «វា​ចាប់ផ្ដើម​ដោយ​គ្រុន​ក្តៅ​លើស​ពី​៣៨​អង្សា ក្អក ឈឺ​ក ហៀរ​សំបោរ រហូតដល់​វិវត្ត​ដល់​ហត់ និង​ពិបាក​ដកដង្ហើម​ហត់ៗ ករណី​ខ្លះ​នាំ​ឱ្យ​ឈឺ​សាច់ដុំ និង​នាំ​ឱ្យ​រាគ​ទៀត»

ចំណែក​លោក ឆាន់ ទូច គ្រូពេទ្យ​ប្រចាំ​គ្រួសារ​នៅ​គ្លីនិក​មួយ​ក្នុង​ទីក្រុង លីន (Lynn) រដ្ឋ​ម៉ាស្សាឈូសេត (Massachusetts) សហរដ្ឋអាមេរិក មាន​ប្រសាសន៍ថា រោគសញ្ញា​នៃ​វីរុស​កូរ៉ូណា​ថ្មី​នេះ គឺ​ស្រដៀង​គ្នា​ទៅ​នឹង​ជំងឺ​គ្រុន​ផ្តាសាយ​ធំ​។ ប៉ុន្តែ គេ​អាច​កត់សំគាល់​នូវ​រោគសញ្ញា​មួយ​ចំនួន​ដែល​ខុសគ្នា​ដូចជា ជំងឺ​គ្រុនផ្តាសាយ គឺ​កើតឡើង​ភ្លាមៗ មិន​ចាំបាច់​ប្រើ​រយៈពេល​យូរ ទើប​ចេញ​រោគសញ្ញា​នោះ​ទេ​។ បន្ថែម​ពី​នេះ​ជំងឺ​រលាក​ប្រព័ន្ធ​ដង្ហើម​ថ្មី​នេះ គឺ​នាំ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សួត៖ «ធម្មតា មុន​ចេញ​រោគសញ្ញា​គឺ​ប្រើ​ពេល​ពី ២​ថ្ងៃ ទៅ ១៤​ថ្ងៃ​។ ចំណែក​គ្រុន​ផ្តាសាយ​ធំ គឺ​ចាប់ផ្ដើម​តែម្ដង​។ ហើយ​គ្រុន​ក្តៅ​វិញ គឺ​កម្ដៅ​លើស​ពី​គ្នា វីរុស​កូរ៉ូណា ក្ដៅ​រហូតដល់​៣៨​អង្សា​សេ តែ​គ្រុន​ផ្ដាសាយ​ក្ដៅខ្លួន​ក្រោម ៣៧​អង្សា​សេ ហើយ​តែ​ពីរ ឬ​បី​ថ្ងៃ​គឺ​គ្រាន់បើ​ហើយ​។ ផ្ដាសាយ​គឺ​ឈឺ​ពេញ​ខ្លួន អស់​កម្លាំង​ល្ហិតល្ហៃ​។ លក្ខណៈ​មួយទៀត​ស្រដៀង​គ្នា​គឺ​ក្អក​។ បញ្ហា​មួយទៀត​គឺ​បញ្ហា​ដកដង្ហើម ចំណែក​ផ្ដាសាយ​ធំ​អត់​ទេ លុះណាតែ​យើង​ឈឺ ៣​ឬ​៤​អាទិត្យ បាន​យើង​ចាប់ផ្ដើម​ពិបាក​ដកដង្ហើម»

រហូតមកដល់​ពេលនេះ ប្រទេស​កម្ពុជា រក​ឃើញ​បុរស​ចិន​តែ​ម្នាក់​គត់ អាយុ​៦០​ឆ្នាំ ដែល​កើត​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ ដោយសារ​ធ្វើដំណើរ ពី​ក្រុង​វូហាន (Wuhan) នៃ​ខេត្ត​ហ៊ូបេ ((Hubei)) ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​២៣ ខែ​មករា​។ ទោះជា​យ៉ាង​នេះ​ក្តី​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​រូប​នេះ​ថា សមត្ថកិច្ច​នៃ​ក្រសួងសុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ កំពុង​ត្រួតពិនិត្យ​ដោយ​យកចិត្តទុកដាក់ ក្រែង​មាន​ឆ្លង​ទៅ​មនុស្ស​ផ្សេងទៀត។

តើ​គេ​អាច​ការពារ​ការ​ឆ្លង​នៃ​វីរុស​កូរ៉ូណា​ថ្មី​នេះ ដោយ​របៀប​ណា​?

លោក​វេជ្ជបណ្ឌិត លី សូវណ្ណ លើកឡើង​ថា វិធី​ដ៏​ល្អ​បំផុត​ដើម្បី​ការពារ​ការ​ឆ្លង​វិញ លោកអ្នក​ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​អ្នកជំងឺ កុំ​ប៉ះពាល់​អ្នកជំងឺ​ឱ្យ​សោះ។ ប្រើ​ម៉ាស់​ការពារ លាងដៃ​នឹង​សាប៊ូ រៀងរាល់​២០​វិនាទី ជៀសវាង​ការ​ប៉ះ​ភ្នែក ច្រមុះ​និង​មាត់ នៅ​ពេល​មិនទាន់​លាងដៃ​។ បន្ថែម​ពី​នេះ ត្រូវ​ជៀសវាង​ការ​ប៉ះពាល់​ជាមួយ​សត្វព្រៃ​រស់ ឬ​កន្លែង​ចិញ្ចឹម​សត្វ ដោយ​គ្មាន​ពាក់​សម្ភារៈ​ការពារ​ខ្លួន​។ ហើយ​ប្រសិនបើ​អ្នកជំងឺ​ក្អក ឬ​កណ្ដាស់ ត្រូវ​ខ្ទប់​មាត់​ច្រមុះ នឹង​កន្សែង ក្រមា ឬ​ក្រដាស​ជូត​មាត់ រួចហើយ​លាងដៃ​ភ្លាម៖ «មេរោគ​នេះ​ឆ្លងតាម​តំណក់​ទឹក​តូចៗ មានន័យថា បើសិនជា​អ្នកជំងឺ​ក្អក ឬ​កណ្ដាស់ គាត់​ត្រូវ​ពាក់​ម៉ាស់ ដើម្បី​ទប់​កុំ​ឱ្យ​ខ្ទាត​ទឹក​ចេញ​មក​ក្រៅ​ដូចជា​សំបោរ ឬ​ទឹក​សព៌ាង្គកាយ​នានា​ចេញ​មក​ខាងក្រៅ​។ ចំពោះ​អ្នកជា​វិញ ត្រូវ​នៅ ឱ្យ​ឆ្ងាយ​ពី​អ្នកជំងឺ លើស​ពី​មួយ​ម៉ែត្រ ហើយ​អ្នក​ឈឺ​និង​អ្នកជា ឧស្សាហ៍​លាងដៃ​ឱ្យ​បាន​ញឹកញាប់»

តើ​គេ​អាច​ព្យាបាល​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​បណ្ដាល​មក​ពី​វីរុស​កូរ៉ូណា​ថ្មី​នេះ​តាម​វិធី​ណាខ្លះ​?

លោកគ្រូ​ពេទ្យ ឆាន់ ទូច មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ គេ​គ្មាន​ថ្នាំ​ឬ​វ៉ាក់សាំង ដើម្បី​ការពារ​ឬ​ព្យាបាល​អ្នក​កើត​ជំងឺ​រលាក​សួត បង្ក​ដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី (nCoV-2019) នេះ​ទេ​។ ប្រសិនបើ​មាន​រោគសញ្ញា​ណាមួយ អ្នកជំងឺ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់ ដើម្បី​ធ្វើតេស្ត​។ លោក​ឆាន់ ទូច បន្ត​ថា ដើម្បី​កាត់​បន្ថយ​កម្ដៅ​ក្នុង​ខ្លួន ងូតទឹក​ក្តៅ​អ៊ុនៗ ដើម្បី​ជួយ​សម្រួលការ​ឈឺ​បំពង់​ក និង​ក្អក ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន នៅផ្ទះ​និង​គេង​សម្រាក​ឱ្យ​បាន​ច្រើន៖ «ជា​មេរោគ​ម្យ៉ាង ដែល​ក្នុង​កាលៈទេសៈ​នេះ គ្មាន​ថ្នាំ​ព្យាបាល​ទេ ក៏ប៉ុន្តែ​អ្នក​ដែល​ស្លាប់​នៅ​ប្រទេស​ចិន គឺជា​មនុស្ស​ចាស់ មាន​សុខភាព​មិនល្អ​។ ដើម្បី​ការពារ ទី១ ពិសា​ម្ហូប​ឱ្យ​បាន​ត្រឹមត្រូវ កុំ​ញ៉ាំ​សាច់​ឆៅ ហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់ និង​ជៀសវាង​ការ​ញ៉ាំ​បារី។ ពេល​មេរោគ​នោះ​ចូល​ទៅ​ក្នុង​ខ្លួន​យើង វា​ធ្វើ​ឱ្យ​បំពង់​សួត​យើង​ហើម នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​គ្រោះថ្នាក់​ដល់​ជីវិត»

តើ​មូល​ហេតុអ្វី​បណ្ដាល​ឱ្យ​កើត​ជំងឺ​រលាក​ប្រព័ន្ធ​ដង្ហើម​ដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ​? ជំងឺ​រលាក​ផ្លូវ​ដង្ហើម ដែល​បង្ក​ដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ (nCoV-2019) បាន​ផ្ទុះ​រាលដាល​ជា​លើកដំបូង នៅ​កន្លែង​ផ្សារ​លក់​សាច់​សត្វព្រៃ នៅ​ទីក្រុង វ៉ូ​ហាន (Wuhan) នៃ​ខេត្ត​ហ៊ូបេ ((Hubei)) ប្រទេស​ចិន កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៩​។ តាម​ការ​ចុះ​ផ្សាយ​អត្ថបទ​របស់​ទូរទស្សន៍​ស៊ីអិនអិន (CNN) នៅ​សហរដ្ឋអាមេរិក ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ចិន ចូលចិត្ត​បរិភោគ​សាច់​ពស់វែក ឬ​សាច់​ប្រជៀវ ដែល​នេះ​គឺ​វា​អាច​ជា​ប្រភព​បណ្ដាល​ឱ្យ​កើត​ជំងឺ​វីរុស​កូរ៉ូណា​ថ្មី​នេះ​។ អាជ្ញាធរ​ចិន កាលពី​ថ្ងៃអាទិត្យ ទី ២៦ ខែ​មករា បាន​ប្រកាស​បិទ​ទីផ្សារ នៅ​ទីក្រុង​វូហាន និង​ហាម​ជួញដូរ​លក់​សាច់​សត្វព្រៃ​ទាំងនោះ​ដើម្បី​ទប់ស្កាត់ ការ​រីក​ដាល​។ អង្គការ​សុខភាព​ពិភពលោក (WHO) បញ្ជាក់​ថា ជំងឺ​រលាក​ប្រព័ន្ធ​ដង្ហើម​បង្ក​ដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី នេះ (2019-nCoV) គឺ​ស្រដៀង​គ្នា​ទៅ​នឹង​ជំងឺ​រលាក​សួត MERS-CoV និង SARS-CoV ដែល​បាន​ផ្ទុះ​រាលដាល​នា​ពេល​កន្លង​ទៅ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល