អាជ្ញាធរថៃបង្កើនការរឹតបន្តឹងកាន់តែខ្លាំងនៅតាមព្រំដែនជាប់កម្ពុជាហាមឃាត់មិនឱ្យពលករខ្មែរឆ្លង ដែនទៅប្រទេសថៃ ដោយខុសច្បាប់ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។ មន្ត្រីសង្គមស៊ីវិល យល់ថា ពលករខ្មែរឆ្លងដែនទៅប្រទេសថៃអំឡុងពេលនេះប្រឈមនឹងគ្រោះច្រើនជាងពេលមុនៗ។
ក្រសួងមហាផ្ទៃរបស់ថៃបានបញ្ជាទៅអាជ្ញាធរខេត្តជាប់ព្រំដែនកម្ពុជាឱ្យបង្កើនការរឹតបន្តឹងនៅតំបន់ព្រំដែនដោយហាមដាច់ខាតមិនឱ្យពលករខ្មែរឆ្លងដែលចូលទៅប្រទេសថៃដោយខុសច្បាប់អំឡុងពេលនេះ។
ក្រសួងមហាផ្ទៃថៃបានជំរុញទៅអាជ្ញាធរមូលដ្ឋាននៅតំបន់ព្រំដែនទាំងអស់ឱ្យសហការ ជាមួយពលរដ្ឋថៃទប់ស្កាត់មិនឱ្យពលករបរទេសលួចឆ្លងដែនចូលទៅប្រទេសថៃជាដាច់ខាត។ បន្ថែមពីនេះសមត្ថកិច្ចថៃ ឲ្យស្នើឲ្យពលរដ្ឋថៃ ប្រសិនបើពួកគេ ប្រទះឃើញពលករបរទេសលួចឆ្លងដែនខុសច្បាប់ឱ្យរាយការណ៍ទៅអាជ្ញាធរថៃភ្លាមៗ។ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ឧសភា អាជ្ញាធរថៃចាប់ពលករបរទេស រួមមាន ខ្មែរ ឡាវ (Lao) និង មីយ៉ាន់ម៉ា ឬភូមា (Myanmar) បាន ១.១២៦នាក់ ដែលបានលួចឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ ក្នុងនោះពលករភូមា (Myanmar) និងកម្ពុជាច្រើនជាងគេ៖ «នៅទីប្រជុំគណៈកម្មការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ថ្ងៃនេះ ក៏មានការពិភាក្សាគ្នា ដោយជំរុញឱ្យអាជ្ញាធរតាមដាន ការលបឆ្លងដែនចូលក្នុងប្រទេសតាមព្រំដែន ដោយសង្កត់ធ្ងន់លើការធ្វើការងាររបស់អាជ្ញាធររដ្ឋ យើងជ្រាបច្បាប់ថា ពួកគាត់ធ្វើការងារធ្ងន់រួចមកហើយ តែនៅពេលនេះសុំបង្កើនការពារតឹងតែងជាងមុន។ អ្វីដែលសំខាន់នោះសុំឱ្យការចូលរួមសហការពីពលរដ្ឋថៃ ដែលត្រូវការវិលត្រឡប់ប្រទេស សុំឱ្យចេញចូលប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋ ដែលមានស្តង់ដារ»។
នៅថ្ងៃទី១២ ឧសភា អាជ្ញាធរថៃចាប់ខ្លួនពលករខ្មែរចំនួន ១៧នាក់ទៀត នៅតំបន់ព្រំដែនខេត្តស្រះកែវ (Sra Kaeo) ជាប់កម្ពុជា ដោយសារពួកគេលួចឆ្លងដែនដោយខុសច្បាប់។ ពលករខ្មែរទាំងនោះត្រូវបានអាជ្ញាធរថៃបញ្ជូនទៅត្រួតពិនិត្យជំងឺកូវីដ១៩ នៅខេត្តស្រះកែវ មុននឹងបញ្ជូនពួកគេត្រឡប់ទៅកម្ពុជាវិញ។ សារព័ត៌មានរបស់ថៃ (77kaoded) ចុះផ្សាយនៅថ្ងៃទី១៣ ឧសភាថា អាជ្ញាធរថៃនឹងចាត់វិធានការតាមច្បាប់ ចំពោះពលករបរទេសណាដែលឆ្លងដែនចូលទឹកដីថៃចម្ងាយលើសពី១០គីឡូម៉ែត្រពីព្រំដែន ហើយប្រសិនបើក្រោម ១០គីឡូម៉ែត្រនឹងបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ។
ទាក់ទងនឹងបញ្ហានេះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក សិទ្ធ ឡោះ ប្រាប់អាស៊ីសេរីថា លោកមិនទាន់ទទួលព័ត៌មានអំពីពលករខ្មែរដែលថៃចាប់ខ្លួនទាំងនោះនៅឡើយទេ។ លោកថា អាជ្ញាធរកម្ពុជា ក៏រឹតបន្តឹងនៅតំបន់ព្រំដែនជាប់ប្រទេសថៃដែរ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩។ លោកបញ្ជាក់ថា កងកម្លាំងការពារព្រំដែនខេត្តបន្ទាយមានជ័យឃាត់ខ្លួនពលករខ្មែរចំនួន២៦នាក់ ដោយសារពួកគេលបឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់នៅថ្ងៃទី១២ ឧសភា៖ «យើងនៅតែបន្តការរឹតបន្តឹងមិនឱ្យឆ្លងដែនខុសច្បាប់ ហើយទី២យើងបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដទាំងចេញទាំងចូល ព្រោះស្ថានភាពបច្ចុប្បន្ននេះកម្ពុជាក៏ដូចជាពិភពលោកដែរ កំពុងតែប្រយុទ្ធ ប្រឆាំងជំងឺកូវីដ១៩។ អីចឹងយើងនៅតែបន្តរឹតបន្តឹងទៀត » ។
ជុំវិញរឿងនេះមន្ត្រីអង្គការសង់ត្រាល់ (Central) ទទួលបន្ទុកផ្នែកពលករលោក ឌី ថេហូយ៉ា យល់ថា មូលហេតុ ដែលពលករខ្មែរនៅតែបន្តលួចឆ្លងដែនទៅប្រទេសអំឡុងពេលនេះ ដោយសារពួកគាត់ជីវភាពក្រីក្រ និងគ្មានការងារធ្វើនៅក្នុងស្រុក ហើយពលករមួយចំនួនចាញ់បោកក្រុមមេខ្យល់។ លោកបញ្ជាក់ថា ការឆ្លងដែនអំឡុងពេលនេះប្រឈមនឹងគ្រោះថ្នាក់ច្រើនជាពេលកន្លងទៅ មានដូចជា ប្រឈមនឹងអាជ្ញាធរថៃចាប់ខ្លួនដាក់ពន្ធនាគារ ទាហានថៃបាញ់ស្លាប់ និងប្រឈមការឆ្លងជំងឺកូវីដ១៩ ជាដើម៖ «ខ្ញុំគិតថា ទោះបីជាក្នុងកាលៈទេសៈការរឹត បន្តឹងការចេញយ៉ាងណាក៏ដោយ ក៏នៅតែមានមេខ្យល់នាំចេញនាំចូលដដែល។ ប្រសិនបើថៃក្រពុលមុខ ដោយថ្មីៗ នេះ មជ្ឈដ្ឋានមួយចំនួនបានលើកឡើងថា ការរីករាលដាលមេរោគហ្នឹង ព្យាបាលទម្លាក់កំហុសដល់ពលករឆ្លងដែនចេញចូលខុសច្បាប់ហ្នឹងហើយ ដែលអ្នកនាំរោគ ហើយអាការឃោសនាបែបនេះធ្វើឱ្យមានការខឹងសម្បារមានការរើសអើង និងអាចឈានទៅដល់ប្រើប្រាស់ហិង្សា » ។
លោក ឌី ថេហូយ៉ា បន្តថា ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលខ្មែរគួរតែផ្ដល់ស្បៀងអាហារជូនដល់ពលរដ្ឋ ដែលរងគ្រោះដោយសារការរាតត្បាតជំងឺកូវីដ១៩ ឱ្យបានដល់ដៃគ្រប់គ្នា។ បន្ថែមពីនេះលោកថា រដ្ឋាភិបាលក៏គួរទប់ស្កាត់កុំឱ្យបន្លែបរទេសហូរចូលមកកម្ពុជាតាមអំពើចិត្តដូចសព្វថ្ងៃទៀត ដើម្បីជួយដល់កសិករក្នុងស្រុកដែលគ្មានការងារធ្វើអាចដាំដុះបន្លែលក់រកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារ។
ជាមួយគ្នានេះក្រសួងសុខាភិបាល ប្រកាសនៅថ្ងៃទី១៣ ឧសភាថា អ្នកជំងឺកូវីដ-១៩ ចំនួន ៦នាក់បន្ថែមទៀតបានស្លាប់ ដែលធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់ចំនួន ១៤២នាក់។ ចំណែកករណីឆ្លងថ្មីវិញ ក្រសួងបញ្ជាក់ថា មានចំនួន ៤៤១នាក់ ក្នុងនោះមាន ១៥នាក់ ជាករណីនាំចូល ហើយក្រៅពីនេះសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍។ នៅថ្ងៃដដែលនេះ អ្នកជំងឺ ៩៨០នាក់ផ្សេងទៀតបានជាសះស្បើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។