ក្រសួង​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​ពីរ​នាក់​បន្ថែម​ទៀត ជា​ម្ដាយ និង​កូន​នៅ​ខេត្ត​សៀមរាប

0:00 / 0:00

0:00 / 0:00

ក្រសួងសុខាភិបាល ប្រកាស​អំពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ចំនួន​ពីរ​នាក់​បន្ថែម​ទៀត ដែល​ជា​ម្ដាយ និង​កូន​នៅ​ខេត្ត​សៀម​រាប។ ករណី​នេះ​ គឺ​ជា​ការ​ឆ្លង​នៅ​ក្នុង​គ្រួសារ​របស់​បុរស​ដែល​បាន​ត្រឡប់​មកពី​ចូល​ពិធី​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី។ មន្ត្រី​សង្គម​ស៊ីវិល​ ជំរុញ​អាជ្ញាធរ​​ឱ្យ​បន្ត​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ជាមួយ​អ្នក​ជំងឺ ដើម្បី​ធ្វើ​តេស្ត​រក​មេរោគ ​ខណៈ​ពលរដ្ឋ​ព្រួយ​បារម្ភ​ពី​ជំងឺ​នេះ​រាតត្បាត​នៅ​ក្នុង​សហគមន៍។

ក្រសួងសុខាភិបាល​ឲ្យ​ដឹង​ថា អ្នក​ជំងឺ​ទាំង ២នាក់ថ្មីនេះ​ គឺ​ស្ត្រី​ជា​ម្ដាយ អាយុ ៣៩ឆ្នាំ និង​កូន​ប្រុស​អាយុ​ ១២​ឆ្នាំ រស់​នៅ​ក្នុង​ក្រុង​សៀមរាប។ ពួក​គេ​ទាំង​ពីរ​នាក់​នេះ គឺ​ជា​ភរិយា និង​ជា​កូន​របស់​អ្នក​ជំងឺ​អាយុ ៤០ឆ្នាំ ដែល​បាន​ត្រឡប់​មកពី​ចូល​រួម​ពិធី​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី។ អ្នក​ជំងឺ​មួយ​គ្រួសារ​នេះ សុទ្ធ​តែ​ត្រូវ​បាន​ដាក់ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខេត្ត។

លិខិត​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល បញ្ជាក់​ថា រីឯ​កូន​ចំនួន ២នាក់​ផ្សេង​ទៀត និង​ឪពុកក្មេក​របស់​ស្ត្រី​វ័យ ៣៩ឆ្នាំ​នោះ គឺ​ពួក​គេ​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន។

គិត​ត្រឹម​ថ្ងៃ​ទី៣១ ​ខែ​មីនា ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ​សរុប​ក្នុង​ប្រទេស​កម្ពុជា ​កើន​ដល់​ចំនួន ១០៩នាក់ ហើយ​ក្នុង​នោះ​មាន២៣​នាក់​បានជា​សះស្បើយ​ពី​ជំងឺ។

អាស៊ីសេរី ​មិនអាច​សុំការបញ្ជាក់​បន្ថែម​ពីអ្នកនាំពាក្យក្រសួងសុខាភិបាល​ អ្នកស្រី ឱ ​វណ្ណឌីន ​និង​ប្រធាន​​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប លោក ​ក្រុស ​សារ៉ាត់ ​បាន​ទេ ​ដោយ​ទូរស័ព្ទ​​ចូល​ពុំ​មាន អ្នក​ទទួល។

មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​សៀមរាប លោក សួស ណារិន មាន​ប្រសាសន៍​ថា ការ​រក​ឃើញ​ករណី​ថ្មី​នៅ​ខេត្ត​សៀមរាប​នេះ កាន់​តែ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ព្រួយ​បារម្ភ​មួយ​កម្រិត​ទៀត​អំពី​សុខភាព​ និង​សុវត្ថិភាព។ លោក ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ទំនុក​បម្រុង​ឲ្យបាន​ដិតដល់​អ្នក​ដល់​ជំងឺ​ និង​ខិតខំ​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ជាមួយ​អ្នក​ជំងឺ ​ដើម្បី​ធ្វើតេស្ត​សុខ ភាព​ពួក​គេ​ឲ្យ​បាន​ទាន់​ពេល​វេលា​ក្នុង​គោលបំណង​ជៀសវាង​ការ​ចម្លង​នៅ​ក្នុង​សហគមន៍៖ « សូម​ជួយ​ផ្ដល់​អាហារ​ផ្ដល់​អី​សម្រាប់​គាត់​ហូប​ចុក ព្រោះ​នៅ​ក្នុង​បញ្ហា​នេះ ​គេ​អត់​គិត​ថា អ្នកមាន​អ្នក​ក្រ​ទេ។ ពេទ្យ​នៅ​គ្រប់​ខេត្ត​ទាំងអស់​ ឲ្យ​តែ​រក​ឃើញ​ថា គាត់​ឆ្លង​ជំងឺ​នោះ​មែន គេ​នឹង​យក​គាត់​មក​ព្យាបាល ហើយ​នឹង​ផ្ដល់​អាហារូបត្ថម្ភ និង​ថ្នាំ​អី​ជូន​គាត់​ធម្មតា។យើង​ក៏​គាំទ្រ​ឲ្យ​មាន​ការ​បង្កើន​សកម្មភាព ( ស្វែង​រក​អ្នក​ពាក់ព័ន្ធ​ជាមួយ​អ្នក​ជំងឺ ) នេះ​ ដើម្បី​ទប់​ស្កាត់​កុំឲ្យ​វា រីក​រាល​ដាល​ក្នុង​សហគមន៍​អី​តទៅ​ទៀត »

ការ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩ ​ជា​បន្ត​បន្ទាប់​នៅ​កម្ពុជា​នេះ ​បាន​ធ្វើ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ ផ្លាស់​ប្តូរ​ជំហរ​ដោយ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​សុខភាព ​និង​កុំ​ចេញ​ពី​ផ្ទះ​បើ គ្មាន​ករណី​ចាំបាច់។ លោក ​ហ៊ុន ​សែន ​ក៏បាន​បញ្ជា​ឲ្យ​មន្ត្រី ចុះ​ដើរ​ចែក​គ្រឿង​ឧបភោគ និង​បរិភោគ ដូចជា អង្ករ ត្រីខ និង​ក្រមា ទៅដល់​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​។ ចំណែក​ស្ថាប័ន​គណៈ​សង្ឃ នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពីថ្ងៃទី៣១ ខែ​មីនា ក៏​បាន​ចេញ​លិខិត​អំពាវនាវ​ឲ្យ​វត្ត​អារាម ដែល​សម្បូរ​ធនធាន​ច្រើន ចុះ​ចែករំលែក​ថវិកា ស្បៀង​អាហារ និង​គ្រឿង​​ឧបរិភោគ​ចាំបាច់​នានា ដល់​វត្ត​អារាម​ដទៃ និង​ប្រជាពលរដ្ឋ នៅ​តាម​ជនបទ​ដាច់ស្រយាល ដែល​កំពុង​ជួប​ការ​លំបាក និង​ខ្វះខាត​ ក្នុង​គ្រា​ ដែល​ជំងឺ​កូវីដ-១៩ ​កំពុង​រាតត្បាត​នេះ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។