អ.ស.ប ថា កម្ពុជា​គួរចាក់វ៉ាក់សាំង​ជូន​មនុស្ស​ពេញវ័យ​​អស់​សិន​ មុន​នឹង​ចាក់​ឱ្យ​​កុមារ និង​យុវវ័យ

0:00 / 0:00

អង្គការ​​សហប្រជាជាតិ​នៅ​កម្ពុជា​ គាំទ្រយុទ្ធនាការ​ថ្នាក់​ជាតិ​របស់​រដ្ឋាភិបាល​កម្ពុជា​ ក្នុងការ​ចាក់​វ៉ាកសាំង​ជូន​ប្រជាពលរដ្ឋ។ ប៉ុន្តែ​អង្គការនេះ ផ្ដល់​អនុសាសន៍​ថា ​កម្ពុជា​គួរ​ចាក់​វ៉ាក់សាំង​ជូន​មនុស្ស​ពេញ​វ័យ​ឲ្យ​អស់សិន មុននឹង​គិតគូរ​ចាក់​ជូន​កុមារ និង​យុវវ័យ។​ ក្រសួង​សុខាភិបាលថា កុមារ​ និង​យុវវ័យ ក្នុង​ក្រុម​គោល​ដៅ​​ដែល​​ត្រូវ​​ទទួល​បាន​វ៉ាក់សាំង មាន​ចំនួន​ជិត ២ លាន​នាក់។

តាម​រយៈ ឯកសារ​ព័ត៌មាន នៅថ្ងៃទី៣ ខែសីហា អង្គការ​សហប្រជាជាតិ​ យោងគោលការណ៍​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ដើម្បី​ធ្វើជា​សម្អាង​ បាន​រម្លឹក​រដ្ឋាភិបាល​កម្ពុជា​ថា ​ក្នុង​ស្ថានភាព​ដែល​ពិភពលោក​កំពុង​ខ្វះវ៉ាក់សាំង កម្ពុជា​គួរបន្តផ្តល់​អាទិភាព ក្នុង​ការ​ចាក់​វ៉ាក់សាំង​ជូន​មនុស្ស​ពេញ​វ័យ និង​អ្នកមាន​ហានិភ័យ​ខ្ពស់​ក្នុងការ​ឆ្លង​ជំងឺនេះ រួមមាន​បុគ្គលិក​សង្គម​ និង​សុខាភិបាល​នៅ​ជួរ​មុខ ជន​ចាស់​ជរា និង​អ្នក​ដែល​ងាយរងគ្រោះ​បំផុត។

អង្គការ​សហប្រជាជាតិ​បន្តថា ទៅថ្ងៃ​អនាគត​ទើប​មាន​តម្រូវការ​ចាំបាច់​ក្នុងការ​ចាក់វ៉ាក់សាំង​ជូន​កុមារនិង​យុវវ័យ​ទាំង​នេះ។

ទោះជា​យ៉ាង​នេះ​ក្ដីអង្គការ​នេះ​ថាកុមារ​ដែល​គួរ​យក​ចិត្តទុកដាក់​ខ្ពស់​និង​គួរទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ ជា​បន្ទាន់គឺកុមារ​ដែល​មានបញ្ហា​ជំងឺរ៉ាំរ៉ៃ​និង​​ងាយ​ឈឺធ្ងន់​បើ​ឆ្លង​ជំងឺនេះហើយ​ពួកគាត់គួរ​ទទួល​បាន​វ៉ាក់សាំង​ក្រោយ​មនុស្ស​ពេញ​វ័យ​ដែល​មាន​ស្ថានភាព​ដូចគ្នា​នេះ។

សារ​របស់​អង្គការ​សហប្រជាជាតិ​នេះធ្វើឡើង​ក្រោយ​ពេល​ដែល «យុទ្ធសាស្រ្ត​ផ្ការីក​» ​របស់​រដ្ឋាភិបាល​កម្ពុជាក្នុងការ​ចាក់វ៉ាក់សាំង​ចិនស៊ីណូវ៉ាក់ (Sinovac) ជូនកុមារ និង​យុវវ័យ​ចាប់​ពី​អាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំ បាន​ចាប់​ផ្តើម​កាលពីថ្ងៃទី១ ខែសីហា។ ក្រសួង​សុខាភិបាលថា កុមារ​និង​យុវវ័យក្នុង​ក្រុម​គោលដៅ​ដែល​ត្រូវ​ទទួល​បាន​វ៉ាក់សាំងមាន​ចំនួន​១.៩៦៦.៩៣១នាក់ ក្នុង​នោះ ៤ភាគរយ ឬប្រមាណ ៨ម៉ឺននាក់ បានទទួល​វ៉ាក់សាំងនេះ​រួច​ហើយក្នុង​រយៈពេល ៣ថ្ងៃ​ដើម​ខែ​នេះ។

រហូត​មកដល់​ពេល​នេះ អង្គការ​សុខភាពពិភពលោកបាន​ទទួល​ស្គាល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ចំនួន ៦មុខ​ហើយរួមទាំង​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម ​(Sinopharm)​ និង​​ស៊ីណូវ៉ាក់​ផង។ ប៉ុន្តែ វ៉ាក់សាំង​ទាំង​នេះគឺសម្រាប់​ចាក់ជូន​មនុស្ស​ពេញវ័យ​ប៉ុណ្ណោះមិនមែន​សម្រាប់​កុមារ​នោះទេ។

ទោះជា​យ៉ាង​នេះក្ដី អង្គការ​សហប្រជាជាតិថា ​វ៉ាក់សាំង​ទាំង​អស់ដែល​អង្គការ​សុខភាព​ពិភពលោក​ទទួល​ស្គាល់ឲ្យប្រើប្រាស់​ក្នុង​គ្រា​អាសន្ន និង​ជាបន្ទាន់​នេះបាន​បង្ហាញ​ថា​អាច​ទប់ទល់​នឹង​មេរោគ​បំប្លែងថ្មី​ឈ្មោះ​ ដែលតា (Delta) និង​មេរោគ​បំប្លែងថ្មី​ឯ​ទៀតបាន​យ៉ាង​ល្អ​បំផុត​ដោយ​ការពារ​កុំឲ្យ​មនុស្ស​ឈឺ​ធ្ងន់និង​ចូល​សម្រាក​នៅ​ពេទ្យ។

ប៉ុន្តែ​ កន្លងមក មាន​ប្រទេស​មួយ​ចំនួន​ ត្អូញត្អែរ​អំពី​ប្រសិទ្ធភាព​ទាបនៃ​វ៉ាក់សាំង​របស់​ចិន។ មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​សុខាភិបាល​របស់​ចិនក៏​ទទួល​ស្គាល់​បែបនេះ​ដែរ។ នៅកម្ពុជា ក្នុងខែកក្កដា​កន្លង​ទៅ​ចំនួន​អ្នកឆ្លងថ្មី​នៅតែ​មាន​ជា​មធ្យមជិត ៩០០នាក់ និង​ស្លាប់ ២៥នាក់​ជា​មធ្យម​ប្រចាំថ្ងៃ​ ទោះ​កម្ពុជា​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋក្រុម​គោលដៅ បានជាង ៧០ភាគ​រយក្តី។ ភាគច្រើន​លើសលុប​នៃ​វ៉ាក់សាំងដែល​កម្ពុជា​ចាក់​ជូន​ពលរដ្ឋខ្មែរគឺជា​វ៉ាក់សាំង​ចិន។ កាលពី​ថ្ងៃទី១ ខែសីហា លោកនាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន បាន​ប្រកាស​ឲ្យ​ចាក់វ៉ាក់សាំង​អង់គ្លេសអាស្រ្តាហ្សេណេកា (AstraZeneca) ​ជាដូសទី៣ បន្ថែម​​លើ​វ៉ាក់សាំង​ចិន ដែល​បាន​ចាក់​ ២​ដូស​រួច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។