ក្រសួងសុខាភិបាលប្រកាសនៅថ្ងៃទី៣ ឧសភា ថា មិនមានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ថ្មីទៀតទេ ខណៈនៅសល់អ្នកជំងឺ២នាក់ ក្នុងនោះមានស្ត្រីម្នាក់ និងបុរសម្នាក់ត្រូវបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យទាល់តែជាសះស្បើយសិន ទើបមន្ត្រីសុខាភិបាលអនុញ្ញាតឱ្យពួកគេត្រឡប់ទៅផ្ទះវិញ។
ក្នុងរយៈពេល២២ថ្ងៃជាប់គ្នានេះ ក្រសួងសុខាភិបាល ក៏មិនរកឃើញមានអ្នកឆ្លងជំងឺកូវីដ-១៩ (Covid-19) ថ្មីទៀតទេ ខណៈដែលអ្នកជាសះស្បើយមានចំនួន១២០នាក់ ក្នុងចំណោមអ្នកជំងឺសរុបទាំងអស់ ១២២នាក់។
បើទោះបីជារកមិនឃើញករណីឆ្លងថ្មីក៏ដោយ ក៏លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋ ជាពិសេសកម្មករ-កម្មការិនី ត្រូវប្រុងប្រយ័ត្នគ្រប់ពេលជានិច្ច ដោយមិនអាចមើលស្រាលជំងឺកូវីដ-១៩ បានទេ។
ចំណែក អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ក៏បានលើកឡើងដែរថា ប្រសិនបើពលរដ្ឋម្នាក់ៗភ្លេចខ្លួន មិនបានអនុវត្តវិធានការអនាម័យឲ្យបានខ្ជាប់ខ្ជួនទេ នោះការរាតត្បាតជំងឺកូវីដ-១៩ នឹងអាចកើតមានឡើងនៅតាមសហគមន៍មូលដ្ឋាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។