ក្រសួងសុខាភិបាលរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៣ករណីថ្មីទៀត ត្រឹមថ្ងៃទី១ ខែធ្នូ ដែលជាករណីចម្លងនៅក្នុងសហគមន៍។ ដូច្នេះករណីថ្មីនេះ ធ្វើឱ្យចំនួនអ្នកឆ្លងនៅក្នុងសហគមន៍សរុបចំនួន ១៧នាក់ហើយ គិតចាប់ពីថ្ងៃទី២៨ វិច្ឆិកាមក។
ការរកឃើញនេះ គឺបន្ទាប់ពីក្រសួងសុខាភិបាលធ្វើតេស្ដលើមនុស្សចំនួន ៤ ៨៦៤នាក់ នៅក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន ៧ទៀត។
បច្ចុប្បន្នក្រសួងសុខាភិបាលបានជ្រើសយកទីតាំងមួយចំនួននៅក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើតេស្តអ្នកពាក់ព័ន្ធជាមួយអ្នកឆ្លងដោយផ្ទាល់ និងប្រយោល រួមមាន ក្រសួងមហាផ្ទៃ សម្រាប់មន្ត្រីរាជការ បរិវេណផ្សារអ៊ីអន១ សម្រាប់ប្រជាពលរដ្ឋទូទៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់គ្រូ សិស្ស និងអាណាព្យាបាលសាលាអន្តរទ្វីបអាមេរិកាំងសាខាចាក់អង្រែក្រោម និងនៅពន្ធនាគារព្រៃស ជាដើម។
គិតត្រឹមព្រឹកថ្ងៃទី១ ខែធ្នូ កម្ពុជា មានអ្នកកើតជំងឺកូវីដ-១៩ សរុបចំនួន ៣២៦នាក់ ក្នុងនោះអ្នកបានជាសះស្បើយវិញ មានចំនួន ៣០៤នាក់ និងអ្នកកំពុងនៅសម្រាកព្យាបាលចំនួន ២២នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។