ក្រសួងសុខាភិបាលអះអាងថា គិតត្រឹមល្ងាចថ្ងៃទី២ ខែកុម្ភៈ ក្រសួងពុំទាន់រកឃើញករណីវីរុសកូរ៉ូណាថ្មីទៀតនោះទេ ក្រៅពីបុរស ជនជាតិចិនម្នាក់ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យខេត្តព្រះសីហនុ។នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាល ប្រកាសថា សម្រាប់អ្នកជំងឺជនជាតិចិនដែល ផ្ទុកវីរុសកូរ៉ូណានោះ បន្តមានសុខភាពល្អ គ្មានរោគសញ្ញាផ្លូវដង្ហើមគួរឱ្យកត់សំគាល់នោះទេ។
ចំណែកអ្នកប៉ះពាល់ និងប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ និងអ្នកជិះយន្តហោះជាមួយអ្នកជំងឺ រហូតមកដល់ពេលនេះ ក៏ពុំមានអ្នកណាចេញរោគសញ្ញាអ្វីនៅឡើយដែរ។ នាយកដ្ឋានមួយនេះអះអាងថា មន្ត្រីជំនាញ នឹងបន្តតាមដានសុខភាពអ្នកទាំងអស់នោះជារៀងរាល់ថ្ងៃ។
ជំងឺរលាកប្រព័ន្ធដង្ហើម ដែលបង្កដោយវីរុសកូរ៉ូណាថ្មីនេះ បានផ្ទុះឡើងនៅទីក្រុងវូហាន ខេត្តហ៊ូបេ (Hubei) ប្រទេសចិន ចាប់តាំងពីចុងខែធ្នូ ឆ្នាំ២០១៩។ គិតត្រឹមថ្ងៃទី២ ខែកុម្ភៈ វីរុសកូរ៉ូណា បានសម្លាប់មនុស្ស ៣០៤នាក់ក្នុងប្រទេសចិន និងម្នាក់ទៀតនៅប្រទេសហ្វីលីពីន ហើយអ្នកឆ្លងវីរុសនេះ បានកើនដល់ជិត ១ម៉ឺន ៥ពាន់នាក់ហើយ ។ ករណីឆ្លងមេរោគនេះ បានរីករាលដាល ដល់ប្រទេសចំនួន២៦ នៅលើពិភពលោក រួមទាំងប្រទេសចិនផងដែរ។
រដ្ឋាភិបាលលោក ហ៊ុន សែន ពុំមានវិធានការបិទជើងហោះហើរ និងជម្លៀសនិស្សិតខ្មែរពីប្រទេសចិន ដូចអ្វីដែលរដ្ឋាភិបាលប្រទេសនានា កំពុងធ្វើនោះទេ ទោះបីជាអង្គការសុខភាពពិភពលោក ប្រកាសដាក់ករណីផ្ទុះរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី ជាបញ្ហាអាសន្នសាកលផ្នែកសុខភាពក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។