អាមេរិក​ផ្ដល់​ជំនួយ​៣០​លាន​ដុល្លារ​ដល់​កម្ពុជា​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍

ដោយ ហង្ស សាវយុត
2013.04.10
វីល្លៀម ថត (William Todd) ៣០៥ លោក វីល្លៀម ថត (William Todd) ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា កាត់​ខ្សែ​បូ​សម្ពោធ​គម្រោង​គំរូ​មួយ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​ឈ្មោះ​ថា ហ្វ្លេកស៊ីប (Flag ship) នៅ​ក្នុង​បរិវេណ​វត្ត​ថ្មី នៃ​សង្កាត់​គោកចក ក្រុង​សៀមរាប កាល​ពី​ថ្ងៃ​ទី១០ ខែ​មេសា ឆ្នាំ​២០១៣។
RFA/Hang Savyouth

ក្រសួង​សុខាភិបាល បាន​បង្ហាញ​ពី​ឆន្ទៈ​ចង់​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​មេរោគ​អេច.អាយ.វី (HIV) ដើម្បី​ឱ្យ​អ្នក​កើត​ជំងឺ​អេដស៍​ថយ​ចុះ​មក​ដល់​កម្រិត​សូន្យ នៅ​ក្នុង​ឆ្នាំ​២០២០ ខាង​មុខ ប្រសិន​បើ​គេ​អាច​ធ្វើ​ទៅ​បាន។

ក្នុង​យុទ្ធសាស្ត្រ​នៃ​ការ​កាត់​បន្ថយ​នេះ គឺ​ក្រសួង​សុខាភិបាល​កំពុង​ប្រឹងប្រែង​សហការ​ជាមួយ​អង្គការ​ជាតិ អន្តរជាតិ ជា​ដៃគូ រួម​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផង ដើម្បី​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​យល់​ដឹង ព្រម​ទាំង​ធ្វើ​តេស្ដ​ឈាម​តាម​រក​អេច.អាយ.វី និង​ទប់ស្កាត់​តាំង​ពី​ស្ត្រី​មាន​ផ្ទៃ​ពោះ​មិន​ឱ្យ​ឆ្លង​ទៅ​ទារក​បាន​ទេ។

សហរដ្ឋ​អាមេរិក បាន​បើក​សម្ពោធ​គម្រោង​គំរូ​មួយ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​នៅ​កម្ពុជា ដែល​ពិធី​នោះ​បាន​ប្រារព្ធ​ឡើង​នៅ​ឯ​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី១០ ខែ​មេសា។

គម្រោង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ ដែល​មាន​ឈ្មោះ​ថា ហ្វ្លេកស៊ីប (Flag ship) នឹង​ត្រូវ​ចំណាយ​មូលនិធិ ៣០​លាន​ដុល្លារ គឺ​មាន​រយៈពេល ៥​ឆ្នាំ ចាប់​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១២ រហូត​ទៅ​ដល់​ឆ្នាំ​២០១៧ ខាង​មុខ។

ការ​បង្កើត​គម្រោង​នេះ​ឡើង ដោយ​មាន​អង្គការ​ខាណា (Khana) និង​អង្គការ​អេហ្វ.អេច.អាយ​៣៦០ (FHI360) និង​ភី.អេស.អាយ (PSI) ជា​អ្នក​ដើរ​តួ​ចម្បង​ក្នុង​ការ​អនុវត្ត​វិធីសាស្ត្រ និង​ដំណោះស្រាយ​ថ្មីៗ ដើម្បី​ប្រឆាំង​នឹង​មេរោគ​អេដស៍ ឱ្យ​មាន​ប្រសិទ្ធភាព និង​លទ្ធផល​កាន់​តែ​ប្រសើរ។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា លោក វីល្លៀម ថត (William Todd) បាន​ចូលរួម​ជា​អធិបតី​នៅ​ក្នុង​ពិធី​បើក​សម្ពោធ​នោះ។ លោក​បាន​មាន​ប្រសាសន៍​ថា គម្រោង​ស្ដីពី​ការ​ប្រឆាំង​មេរោគ​អេដស៍ គឺ​ជា​ផែន​ការ​គ្រា​អាសន្ន​មួយ ដែល​ប្រធានាធិបតី​អាមេរិក បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដែល​ប្រឈម​មុខ​ខ្លាំង​នឹង​ការ​ឆ្លង​មេរោគ​អេដស៍ ដែល​ត្រូវ​ផ្ដល់​សេវា​ការពារ​ទៅ​លើ​ការ​រីក​រាល​ដាល ហើយ​កែលំអ​ការ​ថែទាំ​សុខភាព និង​ព្យាបាល​អ្នក​ជំងឺ​ទាំង​នោះ៖ «ខ្ញុំ​គិត​ថា កម្មវិធី​នេះ​មាន​សារសំខាន់​ណាស់ ពីព្រោះ​បច្ចុប្បន្ន រដ្ឋាភិបាល​កម្ពុជា និង​សហរដ្ឋ​អាមេរិក បាន​ធ្វើ​ការ​ជា​ដៃគូ​ជាមួយ​គ្នា បាន​កាត់​បន្ថយ​អត្រា​ឆ្លង​ជំងឺ​អេដស៍​នេះ​ចំនួន​ជាង​ពាក់​កណ្ដាល​ហើយ។ នៅ​ឆ្នាំ​ខាង​មុខ គោលដៅ​របស់​យើង​គឺ​កាត់​បន្ថយ​មនុស្ស​ជំនាន់​ថ្មី មិន​ឱ្យ​ឆ្លង​មេរោគ​អេដស៍​ទៀត​ទេ»

ក្រសួង​សុខាភិបាល​កម្ពុជា បាន​ឱ្យ​ដឹង​ថា គេ​ចង់​ឱ្យ​អេច.អាយ.វី និង​អត្រា​នៃ​អ្នក​ជំងឺ​អេដស៍ បាន​ថយ​ចុះ​ដល់​កម្រិត​សូន្យ​នៅ​ក្នុង​ឆ្នាំ​២០២០ ប្រសិន​បើ​រដ្ឋាភិបាល​មាន​លទ្ធភាព​អាច​ធ្វើ​ទៅ​បាន។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បាន​មាន​ប្រសាសន៍​ថា កាល​ពី ៤-៥​ឆ្នាំ​មុន មាន​មនុស្ស​ពេញ​វ័យ​ចាប់​ពី​អាយុ ១៥ ទៅ ៤៩​ឆ្នាំ ចំនួន ៣% បាន​ផ្ទុក​មេរោគ​អេច.អាយ.វី និង​ជា​អ្នក​ជំងឺ​អេដស៍ ក៏ប៉ុន្តែ បច្ចុប្បន្ន​ចំនួន​នេះ​បាន​ថយ​ចុះ​មក​នៅ​ត្រឹម ០,៧% ប៉ុណ្ណោះ។ អត្រា​នេះ គឺ​ថយ​ច្រើន ដោយសារ​តែ​រដ្ឋាភិបាល​បាន​ប្រឹងប្រែង​ជាមួយ​អង្គការ​ជាតិ អន្តរជាតិ ធ្វើ​ការ​ប្រយុទ្ធ​ប្រឆាំង​រួម​គ្នា៖ «មូលនិធិ​នេះ​នឹង​អាច​ពង្រឹង​បន្ថែម​នូវ​យុទ្ធសាស្ត្រ​កាត់​បន្ថយ​ការ​រីក​រាល​ដាល​នៃ​មេរោគ​អេដស៍​របស់​រាជ​រដ្ឋាភិបាល បាន​ន័យ​ថា យើង​ពន្លឿន​ការងារ​របស់​យើង​ឱ្យ​កាន់​តែ ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា យើង រួច​ផុត​អំពី​ការ​រង​គ្រោះ​ដោយសារ​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍​នេះ»

អ្នកស្រី រ៉េបេកា ប្លេក (Rebecca Black) ជា​នាយិកា​បេសកកម្ម​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID) ប្រចាំ​កម្ពុជា បាន​ឱ្យ​ដឹង​ថា ក្នុង​១​ឆ្នាំៗ សហរដ្ឋ​អាមេរិក បាន​ផ្ដល់​ជំនួយ​ឱ្យ​កម្ពុជា ប្រហែល ៣០​លាន​ដុល្លារ។ ៤០% នៃ​ជំនួយ​ទាំង​នោះ បាន​គ្រប​ដណ្ដប់​ទៅ​លើ​កម្មវិធី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ ហើយ ៥០% ទៀត បាន​គ្រប​ដណ្ដប់​ទៅ​លើ​វិស័យ​សុខភាព​សាធារណៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។