ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធបារម្ភពីការប្រើប្រាស់ឱសថខុសបច្ចេកទេស និងការកើនឡើងនៃភាពស៊ាំនឹងឱសថ ប្រឆាំងមេរោគ។ ក្តីបារម្ភនេះធ្វើឡើង ក្នុងសន្និសីទថ្នាក់ជាតិ លើកទី១ កាលពីថ្ងៃទី២៨ ខែឧសភា ដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បរិស្ថាន ក្រសួងកសិកម្ម និងអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ ជាង ២០០នាក់ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចម្ការដូង។
កាសែតភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី២៩ ខែឧសភា ដែលបានដកស្រង់ប្រសាសន៍ ប្រធានក្រុមការងារបច្ចេកទេសភាពស៊ាំនឹងឱសថប្រឆាំងមេរោគ នៃក្រសួងសុខាភិបាល លោក វេជ្ជបណ្ឌិត លី សូវ៉ាន់ ឱ្យដឹងថា ឱសថសម្លាប់មេរោគ ដែលមនុស្សភាគច្រើនហៅថា ថ្នាំព្យាបាលនោះ គឺមិនបានប្រើប្រាស់ត្រឹមត្រូវតាមវេជ្ជបញ្ជាឡើយ ទើបមានជំងឺមួយចំនួន ដែលធ្លាប់តែព្យាបាល២ ឬ៣ថ្ងៃ ជាសះស្បើយ បែរជាប្រើពេលព្យាបាលពី ១០ថ្ងៃ ទៅ ១៥ថ្ងៃហើយ នៅមិនទាន់បានជាសះស្បើយពីជំងឺនៅឡើយ។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អះអាងថាប្រសិនបើបញ្ហានេះនៅតែបន្តទៀតទៅថ្ងៃអនាគត អាចនឹងគ្មានឱសថព្យាបាលជំងឺ និងឱសថសម្លាប់មេរោគទេ។ លោកបន្តថា បញ្ហាដែលបណ្ដាលឱ្យមានភាពស៊ាំនឹងឱសថប្រឆាំងមេរោគនោះ វាមិនមែនត្រឹមតែការប្រើឱសថព្យាបាលជំងឺខុសវេជ្ជបញ្ជាប៉ុណ្ណោះទេ តែវាថែមទាំងកំពុងកើតឡើងចំពោះចំណីអាហារ បន្លែ សាច់សត្វផ្សេងៗ ជាច្រើនប្រភេទ ហើយវត្ថុធាតុដើមទាំងនេះសុទ្ធតែប្រើប្រាស់ថ្នាំគីមី។
លោកវេជ្ជបណ្ឌិតផ្ដល់ដំបូន្មានថា «ដើម្បីចៀសវាងការប្រើប្រាស់ថ្នាំខុសបច្ចេកទេស និងបង្កឱ្យមានភាពស៊ាំនឹងឱសថនេះ ជំហានដំបូងពេលឈឺ អ្នកជំងឺចាំបាច់ត្រូវប្រើថ្នាំពេទ្យព្យាបាលតាមវេជ្ជបញ្ជា ហើយមិនចាំបាច់ប្រើថ្នាំការពារមេរោគនោះទេ។ បន្ថែមពីនេះ លោកថា អ្នកជំងឺ គួរតែពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ ដើម្បីយើងអាចប្រើប្រាស់ថ្នាំបានត្រឹមត្រូវ»។
ចំណែក ប្រធានក្រុមការងារបច្ចេកទេសភាពស៊ាំនឹងឱសថប្រឆាំងមេរោគនៃក្រសួងកសិកម្ម លោក បណ្ឌិត សរ ចិត្រា ថ្លែងថា ភាពស៊ាំនឹងឱសថប្រឆាំងមេរោគនេះ កំពុងចោទជាបញ្ហាខ្លាំង ចំពោះសុខភាពមនុស្ស សត្វ និងបរិស្ថាននៅក្នុងតំបន់។ លោកបន្តថាការប្រើប្រាស់ថ្នាំគីមីក្នុងវិស័យកសិកម្ម និងវិស័យចិញ្ចឹមសត្វ នៅកម្ពុជា អាចចោទជាបញ្ហា និងអាចនាំទៅរកភាពស៊ាំនឹងឱសថប្រឆាំងមេរោគ ព្រោះបច្ចុប្បន្នមិនមានការគ្រប់គ្រងច្បាស់លាស់អំពីការប្រើប្រាស់។
លោក អាឡិចហ្សិនដឺ ឃ្វីង (Alexandre Huynh) តំណាងអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ថ្លែងថាលោកគាំទ្រឱ្យមានសេចក្ដីព្រាងពីផែនការសកម្មភាពពហុវិស័យលើភាពស៊ាំនឹងឱសថ ប្រឆាំងមេរោគសម្រាប់ឆ្នាំ២០១៨-២០២២ ព្រមទាំងបង្កឱ្យមានលទ្ធភាពបង្កើតឯកសារវិភាគ ពីស្ថានភាពពាក់ព័ន្ធនឹងឱសថប្រឆាំងមេរោគនៅកម្ពុជា។
ក្រសួងសុខាភិបាល ក៍បានបង្ហាញរបាយការណ៍ថា ប្រសិនបើគ្មានការទប់ស្កាត់ និងផ្សព្វផ្សាយទេនោះ បញ្ហាមនុស្សស្លាប់ដោយការប្រើឱសថខុសបច្ចេកទេស និងការកើនឡើងនេះ ភាពស៊ាំនឹងឱសថប្រឆាំងមេរោគ នឹងកើនឡើងពី ជាង ៧០ម៉ឺន នាក់ក្នុងមួយឆ្នាំៗ ដល់ចំនួន ១០លាននាក់ នៅឆ្នាំ២០៥០ នៅលើពិភពលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។