សាច់ញាតិអ្នកជាប់ឃុំបារម្ភ ក្រុមគ្រួសារពួកគេឆ្លងជំងឺcovid-19 និងស្នើដោះលែងក្រុមគ្រួសារពួកគេនៅក្រៅឃុំបណ្ដោះអាសន្ន។ ការបារម្ភនេះក្រោយជំងឺកូវីដ-១៩ បានឆ្លងចូលពន្ធនាគាររាជធានីភ្នំពេញ និងពន្ធនាគារខេត្តព្រះសីហនុ។
បញ្ហាចង្អៀតណែនក្នុងពន្ធនាគារកំពុង គំរាមកំហែងដល់អ្នកជាប់ឃុំក្នុងពន្ធនាគារ។ មន្ត្រីសង្គមស៊ីវិលនិងសាច់ញាតិអ្នកជាប់ឃុំលើកឡើងថា តុលាការ គួរពិនិត្យលទ្ធភាពដោះលែង អ្នកជាប់ឃុំដែលព្រោះបញ្ហារឿងព្រំដែន បរិស្ថាន និងនយោបាយ ដើម្បីអាចនៅក្រៅឃុំបណ្ដោះអាសន្ន ឬអនុវត្តទោសក្រៅពន្ធនាគារ។
ក្មួយប្រុសលោក រ៉ុង ឈុន យុវជន រ៉ុង វិជ្ជា សរសេរលើហ្វេសប៊ុកលោកថា លោក រ៉ុង ឈុន ដែលខ្វល់ខ្វាយពីប្រយោជន៍ពលរដ្ឋបានជាប់ឃុំយ៉ាងអយុត្តិធម៌ចំនួន ២៩២ថ្ងៃហើយ។ លោកថា លោកបារម្ភពីសុខភាពនិងសុខទុក្ខពូរបស់លោក នៅពេលដឹងក្នុងពន្ធនាគារដែលឃុំខ្លួនពូលោកមានផ្ទុះជំងឺកូវីដ១៩។ បន្ថែមពីនេះ លោក រ៉ុង វិជ្ជា ឱ្យអាស៊ីសេរីដឹងថា លោកមិនទាន់ដឹងពីសុខទុក្ខលោក រ៉ុង ឈុននៅឡើយទេ មកដល់ពេលនេះ។ លោក រ៉ុង វិជ្ជា នៅតែចាត់ទុកការចាប់ខ្លួន និងចោទប្រកាន់លើលោក រ៉ុង ឈុន ជារឿងអយុត្តិធម៌និងស្នើទៅតុលាការដោះលែងពូរបស់លោកឱ្យមានសេរីភាពឡើងវិញ៖ «ជាថ្មីម្ដងទៀតសុំស្នើទៅតុលាការធ្វើយ៉ាងណាដោះលែងគាត់ ( លោក រ៉ុង ឈុន ) ឱ្យនៅ ក្រៅឃុំ ជៀសវាងការរីករាលដាលឆ្លងកូវីដ ទៅដល់សុខភាពលោកគ្រូ រ៉ុង ឈុន ក៏ដូចជា សកម្មជន មួយចំនួន ដែលរងនូវ ភាពអយុត្តិធម៌ ឃុំឃាំងអស់រយៈពេលជាយូរ មកហើយ បាទ»។
ស្រដៀងគ្នានេះដែរ ប្រពន្ធរបស់លោក ថុន រដ្ឋា គឺលោកស្រី ប៉ាត់ រស្មី ដែលប្ដីលោកស្រីជាប់ឃុំក្នុងពន្ធនាគារព្រៃស ព្រោះរឿងការពារបរិស្ថានប្រាប់អាស៊ីសេរីថា លោកស្រីមិនទាន់អាចទាក់ទង ឬជួបប្ដីបានទេ ចាប់តាំងពីផ្ទុះជំងឺកូវីដ កាលពីខែកុម្ភៈ។ លោកស្រីថា លោកស្រីព្រួយបារម្ភពីសុវត្ថិភាពប្ដីខ្លាចមានប៉ះពាល់ ឬពាក់ព័ន្ធនឹងជំងឺកាចសាហាវមួយនេះ។ លោកស្រី ប៉ាត់ រស្មី ដែលកំពុងចិញ្ចឹមកូនតូចផងនោះស្នើទៅតុលាការគួរអនុញ្ញាតឱ្យប្ដីលោកស្រីអាចនៅក្រៅឃុំដើម្បីបង្ការការឆ្លងជំងឺកូវីដ និងជួយរកប្រាក់ចិញ្ចឹមកូន៖ «និយាយទៅខ្ញុំតាំងពីផ្ទុះកូវីដ២០ កុម្ភៈ មកគឺអត់បានដឹងពីសុខទុក្ខគ្នាទេ អត់ដឹងពីទុក្ខលំបាកគ្នាទៅវិញទៅមកទេ ខ្ញុំមានការបារម្ភមែនទែនអ៊ីចឹងសំណូមពរឱ្យដោះលែងពួកគាត់មកវិញក្នុងវិបត្តិកូវីដនេះដើម្បីទប់ស្កាត់កូវីដផង»។
ទាក់ទងបញ្ហានេះដែរ ចលនាមាតាធម្មជាតិក៏បង្ហាញក្ដីបារម្មណ៍ចំពោះបញ្ហានេះដែរ។ ចលនាមាតាធម្មជាតិសរសេរលើទំព័រហ្វេសប៊ុកខ្លួនថា ការឆ្លងជំងឺcovid-19នេះ នឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកទោសមនសិការ ដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ និងមួយភាគធំមិនទាន់បានទទួលការជម្រះក្តីនៅឡើយ។ ប្រភពដដែលបន្តថា ស្ថានភាពពន្ធនាគារនៅរាជធានីភ្នំពេញដែលចង្អៀតណែនតាន់តាប់គ្មានអនាម័យ និងបរិក្ខារសុខាភិបាលគ្រប់គ្រាន់ នឹងមិនអាចទប់ស្កាត់ការឆ្លងរាលដាលរបស់វីរុសកូវីដ១៩បាននោះទេ។
កង្វល់របស់មន្ត្រីសង្គមស៊ីវិល និងសាច់ញាតិអ្នកជាប់ឃុំបែបនេះ ក្រោយជំងឺកូវីដ១៩ បានរាតត្បាតដល់ពន្ធនាគារម១ ឬមណ្ឌលអប់រំកែប្រែទី១ ផ្នែកបុរសមានអ្នកជាប់ឃុំចំនួន១៨នាក់ឆ្លងជំងឺកូវីដ រីឯអ្នកជាប់ឃុំនៅខេត្តព្រះសីហនុក៏មានអ្នកជាប់ឃុំចំនួន ៣៤នាក់ឆ្លងជំងឺនេះដែរ។
ឆ្លើយតបបញ្ហានេះ អ្នកនាំពាក្យពន្ធនាគារលោក នុត សវនា ឱ្យអាស៊ីសេរីដឹងថា នៅពន្ធនាគារ មិនទាន់មានការឆ្លងរីករាលដល់អ្នកជាប់ឃុំផ្សេងទៀតនោះទេ គឺចំនួនអ្នកជាប់ឃុំដែលឆ្លងជំងឺកូវីដស្ថិតក្នុងចំនួន (៥២នាក់) ដដែល ទាំងភ្នំពេញនិងខេត្តព្រះសីហនុ។ អ្នកនាំពាក្យដដែលអះអាងថាពេលនេះខាងពន្ធនាគារបានញែកអ្នកជាប់ឃុំដែលមានជំងឺកូវីដ និងអ្នកឃុំជាប់ពាក់ព័ន្ធ នៅដាច់ដោយឡែកពីគ្នា ប៉ុន្តែលោកមិនទាន់អាចបញ្ជាក់ថា ក្នុងមួយបន្ទប់ដាក់អ្នកជាប់ឃុំប៉ុន្មាននាក់នោះទេ។ លោកឱ្យដឹងដែរថា ពេលនេះគ្រូពេទ្យកំពុងពិនិត្យនិងព្យាបាលអ្នកជាប់ឃុំទាំងនោះនៅក្នុងពន្ធនាគារ៖ «កំពុងតែមមាញឹកក្នុង ការយក សំណាក ហើយនឹងរៀបចំប្រព័ន្ធអនាម័យឡើងវិញ រឹតបន្តឹងជាពិសេសបទវិន័យតាមការណែនាំរបស់ ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ អ៊ីចឹងពេលនេះយើងរឹតបន្តឹងការងារទាំងអស់ហ្នឹង»។
លោក នុត សវនា អះអាងទៀតថា ប្រធានពន្ធនាគារព្រៃស ឬមណ្ឌលអប់រំកែប្រែម១ មិនទាន់មានគម្រោងបញ្ជូនអ្នកជាប់ឃុំទៅកន្លែងឃុំខ្លួននៅកន្លែងផ្សេងនៅឡើយ ព្រោះខាងពន្ធនាគារអាចគ្រប់គ្រងស្ថានការណ៍បាន។
ជុំវិញសំណើរ សាច់ញាតិអ្នកជាប់ឃុំស្នើដោះលែងសាច់ញាតិពួកគេនៅក្រៅឃុំបណ្ដោះអាសន្ន អ្នកនាំពាក្យពន្ធនាគាររូបនេះប្រាប់ថា តុលាការជាអ្នកសម្រេចរឿងនេះ។
អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺពីប្រធានតុលាការសាលាដំបូងរាជធានីភ្នំពេញ លោក តាំង ស៊ុនឡាយ បានទេនៅថ្ងៃទី២២ ខែឧសភា ដោយលោកចុចផ្ដាច់ពេលអាស៊ីសេរីទូរស័ព្ទហៅចូល។ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា យល់ថាការឆ្លងជំងឺ covid-19 ក្នុងពន្ធនាគារ នឹងចោទជាបញ្ហាធ្ងន់មួយ ព្រោះបញ្ហាចង្អៀតណែនក្នុងពន្ធនាគារនៅតែចោទជាបញ្ហា។ លោកថា នៅពេលមានកើតជំងឺនេះនៅពន្ធនាគារនឹងមានការចោទសួរឡើងថា តើការរក្សាគំលាត ការប្រើប្រាស់បន្ទប់គេង ក្នុងទទួលទានបាយរបស់អ្នកជាប់ឃុំត្រូវដោះស្រាយយ៉ាងណា? ។ មន្ត្រីសង្គមស៊ីវិលរូបនេះបន្តថា រដ្ឋាភិបាលគួរមានកញ្ចប់ថវិកាគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហានេះ។ លោកយល់ថា គួរអនុញ្ញាតឱ្យមានការអនុវត្តទោសនៅក្រៅពន្ធនាគារ និងពិនិត្យលទ្ធភាពលើអ្នកជាប់ឃុំ បញ្ហា ព្រំដែន បរិស្ថាន និងបញ្ហានយោបាយជាដើមអាចនៅក្រៅឃុំបណ្ដោះអាសន្ន៖ «គួរតែរកមធ្យោបាយដាក់ក្រៅឃុំសិនទៅ ហើយចាំបាច់យ៉ាងណាគឺយើងអាចពិនិត្យ ឡើងវិញហើយអាចចូលមកបំពេញទោសឡើងវិញ»។
របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធនាគារបង្ហាញថា អ្នកជាប់ឃុំក្នុងពន្ធនាគារទូទាំងប្រទេសមាន៣៩.០០០នាក់។ អង្គការជាតិ និងអន្តរជាតិថា ចំនួននេះធ្វើឱ្យពន្ធនាគារចង្អៀតណែនព្រោះពន្ធនាគារអាចផ្ទុកមនុស្សបានត្រឹមជាង២ម៉ឺន៦ពាន់នាក់ប៉ុណ្ណោះ។ លោក នុត សវនា និយាយថា អាជ្ញាធរពន្ធនាគារក៏មានផែនការផ្សេងៗទៀតដែរ ប្រសិនបើករណីនេះមានរីករាលដាលខ្លាំងនៅពន្ធនាគារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
