សារព័ត៌មាន​ព្រៃនគរ​ប្ដឹង​ទាមទារ​កាមេរ៉ា​ថត​រូប​ពី​សាលា​ខណ្ឌ​ដូនពេញ

បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ឈ្មោះ ព្រៃនគរ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ខណ្ឌ​ដូនពេញ ប្ដឹង​យក​ម៉ាស៊ីន​ថត​របស់​ខ្លួន ដែល​ត្រូវ​បាន​កង​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ រឹប​អូស​យក​កាល​ពី​រាត្រី​ថ្ងៃ​ទី​៤ ខែ​មករា ក្នុង​ខណៈ​ដែល​អ្នក​យក​ព័ត៌មាន​នៃ​ស្ថាប័ន​មួយ​នេះ ចុះ​យក​ព័ត៌មាន​អំពី​ការ​បណ្ដេញ​បាតុករ​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ។
ដោយ យាង សុជាមេត្តា
2014.01.07
Share on WhatsApp
Share on WhatsApp
បាតុករ សង្គ្រោះ​ជាតិ ៦១០ រោង​ស្នាក់​នៅ​របស់​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រុះរើ​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៤។
RFA/Vann Vichar

ចាងហ្វាង​សារព័ត៌មាន​ព្រៃនគរ លោក លី ឈួន កាល​ពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៣ បាន​ដាក់​លិខិត​មួយ​ច្បាប់​ជូន​អភិបាល​ខណ្ឌ​ដូនពេញ លោក សុខ សម្បត្តិ ដើម្បី​ប្ដឹង​ទាមទារ​យក​ម៉ាស៊ីន​ថត​រូប​មក​វិញ។ ការ​ដាក់​លិខិត​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធាន​សន្តិសុខ​ខណ្ឌ​ដូនពេញ លោក គឹម វុត្ថា មិន​បាន​ដោះស្រាយ​យក​ម៉ាស៊ីន​ថត​រូប​ប្រគល់​ឲ្យ​ស្ថាប័ន​សារព័ត៌មាន​នេះ​វិញ​ភ្លាមៗ​បន្ទាប់​ពី​មាន​ហេតុការណ៍​កើត​ឡើង។

កាល​ពី​ម៉ោង​ប្រមាណ ៧ និង ៣០​នាទី​យប់​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៤ បុគ្គលិក​យក​ព័ត៌មាន​របស់​សារព័ត៌មាន​ព្រៃនគរ​ម្នាក់​ឈ្មោះ សឺន ចែងចើន ត្រូវ​បាន​កង​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ ប្រើ​ដំបង​បុក​ចំ​ចុង​ដង្ហើម រួច​ក៏​ឆ្លៀត​ឱកាស​ឆក់​យក​ម៉ាស៊ីន​ថត​រូប​មួយ​គ្រឿង យក​ទៅ​បាត់​ក្នុង​ខណៈ​ដែល​លោក​កំពុង​យក​ព័ត៌មាន​ខាង​កើត​ស្ពាន​នាគ ខាង​កើត​ទីលាន​ប្រជាធិបតេយ្យ។

បន្ទាប់​ពី​បាន​ឆក់​យក​ម៉ាស៊ីន​ថត​រួច លោក សឺន ចែងចើន និង​អ្នក​យក​ព័ត៌មាន​ផ្សេង​ទៀត បាន​រត់​តាម​សុំ​យក​ម៉ាស៊ីន​ថត​មក​វិញ រហូត​ដល់​សាលា​ខណ្ឌ​ដូនពេញ តែ​កង​សន្តិសុខ​មិន​បាន​ប្រគល់​ឲ្យ​លោក​វិញ​ឡើយ។ ក្រោយ​មក ប្រធាន​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ លោក គឹម វុត្ថា បាន​សន្យា​ថា​នឹង​ជួយ​ស្វែង​រក​ម៉ាស៊ីន​ថត​ប្រគល់​ឲ្យ​វិញ។ តែ​ក្រោយ​មក លោក គឹម វុត្ថា មិន​បាន​ឆ្លើយ​តប​ចំពោះ​ការ​ទាមទារ​ឡើយ។

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៧ ខែ​មករា មិន​អាច​ទាក់ទង​ប្រធាន​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ លោក គឹម វុត្ថា ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម​បាន​ឡើយ។

ចាងហ្វាង​សារព័ត៌មាន​ព្រៃនគរ លោក លី ឈួន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ មករា ថា លិខិត​របស់​លោក​បាន​ទៅ​ដល់​ដៃ​អភិបាល​ខណ្ឌ​ដូនពេញ​រួច​ហើយ ហើយ​លោក​នឹង​រង់ចាំ​មើល​ចំណាត់​ការ​របស់​អភិបាល​ខណ្ឌ​រូប​នេះ៖ «ខាង​ខ្ញុំ នឹង​រង់ចាំ​មើល​ចាំ​មើលៗ ខាង​អាជ្ញាធរ​គេ​ដោះស្រាយ​យ៉ាង​ណា អា​ហ្នឹង​បាន​គិត​ត​ទៅ​ទៀត ប៉ុន្តែ​ទន្ទឹម​នឹង​រឿង​ហ្នឹង ខ្ញុំ​នឹង​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ថ្កោលទោស​អាជ្ញាធរ​កម្ពុជា ប្រើ​អំពើ​ហិង្សា​មក​លើ​អ្នក​កាសែត ដោយ​មិន​ឲ្យ​អ្នក​កាសែត​ចូល​យក​ព័ត៌មាន​កាល​ពី​ព្រឹត្តិការណ៍​ថ្ងៃ​ទី​៤ មករា នៅ​ទីលាន​ប្រជាធិបតេយ្យ»

ទាក់ទង​នឹង​ការ​រឹប​អូស​យក​ម៉ាស៊ីន​ថត​របស់​អ្នក​យក​ព័ត៌មាន​នេះ វិទ្យុ​អាស៊ីសេរី ក៏​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ភ្លាមៗ​ពី​អភិបាល​ខណ្ឌ​ដូនពេញ​បាន​ទេ នៅ​ថ្ងៃ​ទី​៧ មករា។

នាយក​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការ​សិក្សា​សារព័ត៌មាន លោក មឿន ឈានណារិទ្ធ បាន​មាន​ប្រសាសន៍​ថា លោក​មាន​ការ​សោកស្ដាយ​ចំពោះ​បញ្ហា​ដែល​បាន​កើត​ឡើង​នេះ។ លោក​ថា អ្នក​សារព័ត៌មាន​គួរ​តែ​មាន​សេរីភាព​គ្រប់គ្រាន់​ក្នុង​ការ​យក​ព័ត៌មាន ដូច​ដែល​បាន​ចែង​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា។ លោក មឿន ឈានណារិទ្ធ ក៏​បាន​កត់​សម្គាល់​ដែរ​ថា ដោយសារ​ប្រព័ន្ធ​តុលាការ​របស់​កម្ពុជា នៅ​ខ្សោយ និង​មិន​ឯករាជ្យ អ្នក​សារព័ត៌មាន​ហាក់​មាន​លទ្ធភាព​តិចតួច​ផ្នែក​ផ្លូវ​ច្បាប់ ក្នុង​ការ​ទាមទារ​យក​សម្ភារៈ​ដែល​ត្រូវ​រឹប​អូស​ត្រឡប់​មក​វិញ។

លោក មឿន ឈានណារិទ្ធ៖ «ការ​រឹប​អូស​យក​កាមេរ៉ា​របស់​អ្នក​សារព័ត៌មាន មិន​គ្រាន់​តែ​រំលោភ​ទៅ​លើ​រដ្ឋធម្មនុញ្ញ​ទេ រំលោភ​ទៅ​លើ​ទាំង​ច្បាប់​សារព័ត៌មាន​ទៀត ព្រោះ​យើង​ដឹង​ថា នៅ​ក្នុង​ច្បាប់​សារព័ត៌មាន​ហ្នឹង បាន​ចែង​ថា ការ​ចាប់​ពិរុទ្ធ​ជា​មុន ត្រូវ​ហាម​ឃាត់។ ការ​ចាប់​ពិរុទ្ធ​ជា​មុន មាន​ន័យ​ថា គឺ​ការ​ត្រួត​ពិនិត្យ​អី​ជា​មុន។ អ៊ីចឹង​ខ្ញុំ​គិត​ថា ការ​ហាម​មិន​ឲ្យ​យក​ព័ត៌មាន ការ​រឹប​អូស​យក​សម្ភារៈ​អ្នក​សារព័ត៌មាន អាច​ចាត់​ទុក​ថា ជា​ទម្រង់​មួយ​នៃ​ការ​ចាប់​ពិរុទ្ធ​ជា​មុន​ហើយ។ អ៊ីចឹង​វា​ខុស​នឹង​ច្បាប់​សារព័ត៌មាន»

នៅ​ក្នុង​ការ​បង្ក្រាប​លើ​ក្រុម​កម្មករ កាល​ពី​ថ្ងៃ​ទី​៣ មករា នៅ​ក្បែរ​បញ្ជាការដ្ឋាន​ទ័ព​ឆត្រ​យោង​៩១១ ដែល​ឈាន​ដល់​ការ​វាយ​ដំ និង​ចាប់​ខ្លួន​ព្រះសង្ឃ កម្មករ និង​មន្ត្រី​សង្គម​ស៊ីវិល​ផង​នោះ យោធា​ទ័ព​ឆត្រ​យោង​៩១១ ក៏​បាន​វាយ​រុញ​ច្រាន និង​បណ្ដេញ​អ្នក​សារព័ត៌មាន​មិន​ឲ្យ​ថត​យក​រូបភាព​នៃ​សកម្មភាព​បង្ក្រាប​របស់​ពួក​គេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
តុលាការ​សម្រេច​ឃុំខ្លួន​មេដឹកនាំ​សហជីព​កញ្ញា ឈឹម ស៊ីថរ ក្រោយ​ចាប់ខ្លួន​ពីព្រលាន​យន្តហោះ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។