ក្រោយពេលជំងឺផ្ដាសាយបក្សីបានផ្ទុះឡើងជាថ្មីទៀតនៅពេលថ្មីៗនេះ ទៅលើសត្វទារបស់កសិករនៅខេត្តបាត់ដំបង និងខេត្តសៀមរាប ធ្វើឲ្យប្រជាកសិករចិញ្ចឹមសត្វទានៅស្រុកបាធាយ ខេត្តកំពង់ចាម កើតមានក្តីបារម្ភ។ យ៉ាងណា ប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាម អះអាងថា ជំងឺផ្ដាសាយបក្សី គឺមិនមានកើតឡើងទេ ហើយមន្ត្រីជំនាញកំពុងយកចិត្តទុកដាក់ចំពោះបញ្ហានេះ។
ប្រជាកសិករមួយចំនួនដែលចិញ្ចឹមសត្វទានៅឃុំសណ្ដែក ស្រុកបាធាយ បានត្រៀមខ្លួនការពារសត្វទារបស់ពួកគេមិនអាចឲ្យឆ្លងជំងឺផ្សេងៗ ពិសេសជំងឺផ្ដាសាយបក្សី។ ពួកគេបានចាត់វិធានការដូចជា សម្អាតទ្រុងទាឲ្យស្អាត បាញ់ថ្នាំការពារ និងត្រៀមថ្នាំចាក់វ៉ាក់សាំង ជាដើម។ កិច្ចការពារសត្វបក្សីចិញ្ចឹមរបស់ខ្លួនពេលនេះ គឺស្របពេលខាងក្រសួងបានប្រកាសថា ករណីជំងឺផ្ដាសាយបក្សី អេច្ឆ.ហ្វាយ.អ៊ិន.វ័ន (H5N1) បានផ្ទុះឡើងជាថ្មីទៀតនៅខេត្តបាត់ដំបង និងខេត្តសៀមរាប។
ប្រជាកសិករម្នាក់នៅភូមិស្វាយព្រៃ ឃុំសណ្ដែក លោក យឿន ស្រៀង មានប្រសាសន៍ថា លោកបារម្ភនៅពេលឮដំណឹងថា ជំងឺផ្ដាសាយបក្សីបានកើតឡើងលើសត្វទាជាថ្មីទៀតនោះ។ កសិករចិញ្ចឹមសត្វទាយកពងជិត ១ពាន់ក្បាលរូបនេះបន្តថា ចាប់តាំងពីមានបញ្ហានេះមក គឺឃើញមានពេទ្យសត្វនៅក្នុងភូមិ និងមន្ត្រីជំនាញ តែងមកសាកសួរប្រជាពលរដ្ឋ និងបានណែនាំឲ្យកសិករចេះពីរបៀបបង្ការកុំឲ្យឆ្លងជំងឺនេះ ឬក៏កើតមានជំងឺនេះឡើង៖ «ធ្វើម៉េចឲ្យមានថ្នាំមានអីសម្រាប់គ្នាអ្នកចិញ្ចឹម ដែលគ្នាច្រើនតែប៉ះជំងឺហ្នឹង»។
ភូមិស្វាយព្រៃ ស្ថិតនៅក្នុងឃុំសណ្ដែក ជាភូមិចុងកាត់មាត់ញកមួយ ហើយប្រជាពលរដ្ឋប្រមាណ ៧០ភាគរយជាអ្នកប្រកបរបរចិញ្ចឹមទាយកកូន និងយកពង។ កាលពីឆ្នាំ២០១៤ ជំងឺផ្ដាសាយ H5N1 ធ្លាប់ផ្ទុះឡើងនៅក្នុងឃុំនេះម្តងរួចមកហើយ។ កាលណោះ មន្ត្រីជំនាញសម្រេចកម្ទេចចោលសត្វទាជាច្រើនរយក្បាលដែលបានឆ្លង និងសង្ស័យថាមានជំងឺផ្ដាសាយបក្សី។
ស្រដៀងគ្នានេះ កសិករម្នាក់ទៀត លោក ហ៊ិន ហាយ ក៏កំពុងមានក្តីបារម្ភដែរ ត្បិតអីកាលពីឆ្នាំកន្លងទៅ ជំងឺផ្ដាសាយបក្សីបានកើតឡើងចំពោះសត្វទារបស់លោកម្តងរួចមកហើយ ដែលធ្វើឲ្យទារបស់លោករាប់រយក្បាលបានងាប់។ លោកថា ប្រសិនបើរឿងនេះកើតឡើងម្តងទៀត ប្រជាកសិករមានតែអង្គុយយំតែប៉ុណ្ណោះ ពីព្រោះដើមទុនដែលពលរដ្ឋយកមកចិញ្ចឹមទា គឺខ្ចីបុលពីគ្រឹះស្ថានហិរញ្ញវត្ថុ៖ «ដល់នាទីនេះ ដល់ឮថាមិនសូវស្រួលចេះតែភ័យទៀតហើយ»។
ឆ្លើយតបក្តីបារម្ភរបស់កសិករ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាម លោក គឹម សាវឿន មានប្រសាសន៍បញ្ជាក់ថា ជំងឺផ្ដាសាយបក្សីដែលផ្ទុះឡើងនៅខេត្តចំនួនពីរនោះ គឺគ្មានវត្តមាននៅខេត្តកំពង់ចាម ឡើយមកទល់ពេលនេះ។ លោកបន្តថា ខាងមន្ត្រីជំនាញកំពុងយកចិត្តទុកដាក់បន្តទៀត ដោយចាត់ឲ្យមន្ត្រីថ្នាក់ក្រោមតាមដានជាប់ជានិច្ចជាមួយប្រជាកសិករ។ បន្ថែមពីលើនេះ ក៏មានភ្នាក់ងារបសុពេទ្យនៅតាមមូលដ្ឋាន ដើម្បីណែនាំប្រជាពលរដ្ឋពីរបៀបការពារបក្សី រួមនឹងសុវត្ថិភាពរបស់ពួកគេ៖ «ឆ្នាំនេះអត់មានកើតទេ ឆ្នាំមុនកើតនៅបាធាយ មែន តែឆ្នាំនេះអត់កើតទេ»។
ជាមួយគ្នានេះ ប្រធានមន្ទីរកសិកម្មដដែល ស្នើឲ្យប្រជាពលរដ្ឋសហការជាមួយអាជ្ញាធរ ក្នុងការផ្សព្វផ្សាយអំពីរបៀបបង្ការ។ ម្យ៉ាងទៀត កសិករត្រូវរាយការណ៍មកអាជ្ញាធរ ឬមន្ត្រីជំនាញគ្រប់ពេល នៅពេលមានហេតុការណ៍អាក្រក់កើតឡើងចំពោះបក្សីចិញ្ចឹមរបស់ពួកគាត់ ដើម្បីងាយស្រួលខាងលោកចាត់វិធានការ។
សេចក្ដីប្រកាសស្ដីពីការកំណត់តំបន់ជំងឺផ្ដាសាយបក្សីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា បានកំណត់ថា ខេត្តចំនួនពីរ គឺខេត្តបាត់ដំបង និងខេត្តសៀមរាប មានផ្ទុះឡើងវិញនូវជំងឺផ្ដាសាយបក្សី។ ក្រសួងកសិកម្ម តម្រូវឲ្យមន្ត្រីជំនាញផ្នែកសត្វ បំផ្លាញចោលនូវសត្វឈឺនៅតាមតំបន់ដែលមានផ្ទុះជំងឺផ្ដាសាយបក្សីតាមវិធានការ និងបច្ចេកទេសបសុពេទ្យ និងត្រូវត្រួតពិនិត្យចំពោះការចរាចរសត្វនៅតំបន់ដែលមានផ្ទុះជំងឺផ្ដាសាយបក្សីឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។
ស្របគ្នានោះ មន្ត្រីជំនាញបសុសត្វរបស់មន្ទីរកសិកម្មខេត្តសៀមរាប ក៏បានចុះទៅសម្លាប់សត្វទាប្រមាណជាង ៣.០០០ក្បាល ដែលកសិករចិញ្ចឹមនៅឯទីវាលមួយកន្លែងក្នុងភូមិច្រនៀង ឃុំព្រៃជ្រូក ចម្ងាយប្រមាណ ៤០គីឡូម៉ែត្រភាគខាងលិចពីទីរួមខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា កន្លងទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។