អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា (WHO Cambodia) ព្រួយបារម្ភពីការឆ្លងជំងឺកូវីដ-១៩ ដែលបំប្លែងខ្លួនថ្មីឈ្មោះ ឌែលតា (Delta Variant) បន្ទាប់ពីវាបានរាលដាលខ្លាំងចូលទៅក្នុងសហគមន៍។ វីរុសកូវីដ១៩បំប្លែងថ្មីឌែលតា (Delta Variant) ត្រូវបានរកឃើញក្នុងចំណោមពលករចំណាកស្រុកដែលត្រឡប់មកកម្ពុជាវិញតាមច្រកព្រំដែន។ ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៣០ ខែកក្កដា អង្គការសុខភាពពិភពលោកព្រមានថា ប្រសិនបើកម្ពុជាមិនទប់ស្កាត់វីរុសបំប្លែងថ្មីនេះឱ្យទាន់ពេលនោះទេ នឹងធ្វើឱ្យករណីអ្នកឆ្លង និងការចូលសម្រាកនៅមន្ទីរពេទ្យកើនឡើង ដែលបង្កគ្រោះថ្នាក់ខ្លាំងជាងនេះ។
តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាអ្នកស្រី លី អៃឡេន (Li Ailan) អំពាវនាវឲ្យគ្រប់ភាគី ចាត់វិធានការចាំបាច់នានា ដើម្បីការពារខ្លួន ការពារក្រុមគ្រួសារ និងការពារអ្នកដទៃទៀតពីការឆ្លងជំងឺនេះ ដោយត្រូវធ្វើសកម្មភាពរួមគ្នា ដើម្បីជួយសង្គ្រោះអាយុជីវិត ការពារប្រព័ន្ធសុខាភិបាល និងកាត់បន្ថយផលប៉ះពាល់ដល់សង្គម។
អាស៊ីសេរីមិនអាចទាក់អ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ណឌីន ដើម្បីសាកសួររឿងនេះបានទេ នៅថ្ងៃទី៣១ ខែកក្កដា។
ថ្មីៗនេះរដ្ឋាភិបាលបានបិទខ្ទប់ខេត្តចំនួន ៨ ដែលជាប់ព្រំដែនប្រទេសថៃរយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីពាក់កណ្តាលអាធ្រាត្រថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩បំប្លែងថ្មីឌែលតា (Delta Variant) ដែលកំពុងរាតត្បាតកាន់តែច្រើន ជាពិសេសក្នុងចំណោមពលករចំណាកស្រុកដែលវិលត្រឡប់ពីប្រទេសថៃ។ រដ្ឋាភិបាលក៏តម្រូវឱ្យខេត្តក្រុងទាំងអស់បិទអាជីវកម្ម សកម្មភាពការងារ មុខរបរនានា ហាមការជួបជុំដែលមានមនុស្សលើសពី ១០ នាក់ និងហាមឃាត់ការដើរហើរចាប់ពីម៉ោង ៩ យប់ រហូតដល់ម៉ោង ៣ ទៀបភ្លឺផងដែរ។
ជុំវិញរឿងនេះ ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជាលោកវេជ្ជបណ្ឌិត អ៊ួច វុទ្ធី មានប្រសាន៍ថា វីរុសកូវីដ១៩បំប្លែងថ្មីឌែលតា ឆ្លងរីករាលដាលចូលសហគមន៍ឆាប់រហ័ស ដែលអាចប៉ះពាល់ដល់ប្រព័ន្ធសុខាភិបាល និងសង្គម។ លោកយល់ថា ស្ថានភាពនេះរដ្ឋាភិបាលនិងក្រសួងសុខាភិបាលគួរត្រៀមខ្លួនដោយពង្រឹងមន្រ្តីសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធបន្ថែមទៀត ដើម្បីឆ្លើយតបឱ្យបានពេញលេញ ដូចជា សេវាព្យាបាល និងសម្ភារៈសុខាភិបាល ព្រមទាំងការអប់រំពលរដ្ឋ ជាដើម៖ « ផ្នែកសុខាភិបាលថ្នាក់ក្រោមជាតិរហូតដល់ថ្នាក់ជាតិហ្នឹង ត្រូវមានការអប់រំគ្នាប្រជុំគ្នាដើម្បីរៀបចំការងារហ្នឹងឱ្យបានមានប្រសិទ្ធភាព យើងត្រូវតាមមើលគាត់នរណាបានចាក់វ៉ាក់សាំងពីរដូសហើយ ចឹងទេយើងត្រូវញែកថាអ្នកណាបានប្រើវ៉ាក់សាំងហើយនរណាមិនទាន់បានប្រើកន្លែងហ្នឹងហើយដែលយើងត្រូវមានវិធានការខ្ពស់ ហើយមេរោគកូវីដ១៩ហ្នឹងវាចូលខ្លាំងដោយសារអ្នកដែលអត់ទាន់មានប្រព័ន្ធការពារខ្លួន » ។
អង្គការសុខភាពពិភពលោក បានផ្តល់អនុសាសន៍ជាច្រើនដល់រដ្ឋាភិបាលកម្ពុជា ក្នុងនោះរួមមាន ពន្លឿនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់ក្រុមមនុស្សអាទិភាព បង្កើនសមត្ថភាពថែទាំអ្នកជំងឺ និងបង្កើនប្រសិទ្ធភាពនៃការព្យាបាលអ្នកជំងឺសង្គ្រោះបន្ទាន់ជាដើម។ ជាមួយគ្នានេះ អង្គការសុខភាពពិភពលោកអំពាវនាវដល់ពលរដ្ឋ បន្តអនុវត្តវិធានការបង្ការ ដូចជា ត្រូវពាក់ម៉ាស់ រក្សាគម្លាតពីគ្នា លាងដៃជាមួយនឹងសាប៊ូ ឬជែលឲ្យបានញឹកញាប់ ត្រូវចៀសវាងការប្រមូលផ្តុំ ហើយត្រូវនៅផ្ទះប្រសិនបើមិនស្រួលខ្លួន និងត្រូវស្វែងរកជំនួយពីគ្រូពេទ្យនៅមណ្ឌលសុខភាពដែលនៅជិតបំផុតជាបន្ទាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។