មហាសន្និបាតសុខភាពពិភពលោកលើកទី៧៣ (World Health Assembly) រយៈពេលពីរថ្ងៃរបស់អង្គការសុខភាពពិភពលោក (WHO) បានបិទបញ្ចប់ហើយ កាលពីថ្ងៃទី១៩ ឧសភា ដោយអនុម័តសេចក្ដីសម្រេចមួយ បើកឲ្យមានការវាយតម្លៃ ដោយអព្យាក្រឹត្យ ឯករាជ្យ និងទូលំទូលាយ ទៅលើការឆ្លើយតបជាសាកល ជុំវិញការទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩។
សេចក្ដីសម្រេចដែលទើបនឹងអនុម័តដោយស្ថាប័នកំពូលផ្នែកសុខភាពពិភពលោកនេះ ពុំបានចង្អុលចំឈ្មោះប្រទេសចិនឡើយ។ ក៏ប៉ុន្តែ គឺជាការអំពាវនាវឲ្យមានការវាយតម្លៃដោយ អព្យាក្រឹត្យ ឯករាជ្យ និងទូលំទូលាយ ក្នុងពេលវេលាឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន ជុំវិញការឆ្លើយតបជាសាកលរបស់អង្គការសុខភាពពិភពលោក WHO ទៅលើជំងឺកូវីដ១៩។
សេចក្ដីសម្រេចនេះ ធ្វើឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់សហភាពអឺរ៉ុប និងប្រទេសអូស្ត្រាលី ដែលដំបូងឡើយ ចង់ឲ្យមានការស៊ើបអង្កេតរកប្រភពចម្លងដើមពិតប្រាកដនៃជំងឺកូវីដ១៩ នៅប្រទេសចិន។ សេចក្តីសម្រេចនេះទទួលបានការគាំទ្រពីប្រទេសជាង ១៣០ ក្នុងចំណោម រដ្ឋសមាជិកនៃអង្គការសុខភាពពិភពលោកសរុបចំនួន ១៩៤ប្រទេស ដែលបានចូលរួម នៅក្នុងមហាសន្និបាតសុខភាពពិភពលោកលើកទី៧៣ ធ្វើឡើងតាមវីដេអូ។
អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង កាលពីថ្ងៃទី១៩ ឧសភា បដិសេធបញ្ជាក់អំពីជំហរជាក់លាក់របស់កម្ពុជាចំពោះសេចក្តីសម្រេចនេះ ដោយលោកជំរុញឲ្យទៅសួរអ្នកនាំពាក្យក្រសួងសុខាភិបាល។ រីឯ អ្នកនាំពាក្យក្រសួង សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន មិនឆ្លើយតបសំណួរអាស៊ីសេរី ជុំវិញជំហររបស់កម្ពុជា នៅក្នុងមហាសន្និបាតសុខភាពពិភពលោកនេះឡើយ ដោយអ្នកស្រីឲ្យទៅមើល សេចក្ដីថ្លែងការណ៍របស់ក្រសួងសុខាភិបាល ដែលពុំមានបញ្ជាក់បញ្ហានេះ។
យ៉ាងណាក៏ដោយ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានចូលរួមក្នុងមហាសន្និបាតនេះតាមវីដេអូ បញ្ជាក់ជំហរគាំទ្រមហាមិត្តចិនថា កម្ពុជាគោរពការសម្រេចចិត្តរបស់ចិន ឈរលើគោលការណ៍ចិនតែមួយ។ គោលការណ៍ចិនតែមួយនេះ លោក ម៉ម ប៊ុនហេង ចង់សំដៅលើតៃវ៉ាន់ ដែលថ្វីត្បិតតែ ជំងឺកូវីដ១៩ ជាជំងឺរាតត្បាតសាកល តែតៃវ៉ាន់ពុំអាចចូលរួមក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់ អង្គការសុខភាពពិភពលោកនេះបានទេ ដោយសារតៃវ៉ាន់ពុំមែនជារដ្ឋសមាជិករបស់អង្គការនេះ ហើយមានការជំទាស់ពីប្រទេសចិន។ ផ្ទុយគ្នាទៅនឹងជំហរគាំទ្រចិនតែមួយ របស់កម្ពុជា ដែលផាត់ចោលតៃវ៉ាន់ លោក ម៉ម ប៊ុនហេង បែរជាថា ប្រទេសតែមួយមិនអាចទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩បានទេ។ ដូច្នេះហើយ កម្ពុជាបានអំពាវនាវឲ្យមានសាមគ្គីភាពទាំងនៅថ្នាក់តំបន់ និងអន្តរជាតិ។
ថ្លែងក្នុងមហាសន្និបាតកាលពីថ្ងៃទី១៨ ឧសភា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស បានហៅជំងឺរាតត្បាតជាសាកលកូវីដ១៩ ថាជា «សោកនាដកម្ម»។ លោកព្រមានថា លុះត្រាណាតែពិភពលោកអាចគ្រប់គ្រងវីរ៉ុសនេះបាន បើពុំនោះសោតទេ សេដ្ឋកិច្ចពិភពលោក នឹងមិនអាចវិលត្រឡប់មករកភាពដូចដើមវិញបាននោះទេ។ លោកថា ការគំរាមកំហែងជាសាកលដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនេះ តម្រូវឲ្យមានការឯកភាព និងការសាមគ្គីជាសាកល។ លោកជំរុញឲ្យប្រទេសនានា ក្នុងពិភពលោក ត្រូវផ្ដោតលើការគោរពសិទ្ធិមនុស្សជាមូលដ្ឋានក្នុងការឆ្លើយតបនឹងជំងឺនេះ និងក្នុងការស្រោចស្រង់សេដ្ឋកិច្ចឲ្យដំណើរការឡើងវិញ។ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស រំឮកថា នៅពេលដែលពិភពលោក អាចទប់ស្កាត់ជំងឺរាតត្បាតជាសាកលនេះបាន នោះគេត្រូវចំណាយពេលក្រឡេកមើលអតីតកាលវិញ ដើម្បីស្វែងយល់ឲ្យបានច្បាស់លាស់ថា តើជំងឺនេះ កើតឡើងដំបូងដោយរបៀបណា ហើយវាអាចឆ្លងបង្កគ្រោះថ្នាក់ យ៉ាងឆាប់រហ័សនៅទូទាំងសាកលលោកដោយរបៀបណា ព្រមទាំងថា តើភាគីពាក់ព័ន្ធ បានឆ្លើយតបយ៉ាងដូចម្ដេចខ្លះទៅនឹងវិបត្តិមួយនេះ។ លោកថា មេរៀនដែលរៀនសូត្រ ពីបញ្ហានេះ នឹងមានសារសំខាន់ ក្នុងការដោះស្រាយប្រកបដោយប្រសិទ្ធភាព ចំពោះបញ្ហា ប្រឈមស្រដៀងគ្នានេះ ប្រសិនបើវាកើតឡើងម្តងទៀតនាពេលអនាគត។
ក្រៅតែពីការអំពាវនាវឲ្យមានការវាយតម្លៃឡើងវិញលើការឆ្លើយតបជាសាកលចំពោះជំងឺ កូវីដ១៩ និងការចង់ឃើញឲ្យមានការកែទម្រង់អង្គការសុខភាពពិភពលោក ចំណុចសំខាន់មួយដែលសេចក្ដីសម្រេចរបស់មហាសន្និបាតសុខភាពពិភពលោក បានលើកឡើង គឺការចាត់ទុកវ៉ាក់សាំងព្យាបាលជំងឺកូវីដ១៩ ជាសម្បត្តិសាធារណៈ សាកល ដែលមានន័យថា មនុស្សគ្រប់រូបនៅទូទាំងពិភពលោកអាចប្រើប្រាស់បាន។ សេចក្ដីសម្រេច អំពាវនាវឲ្យមានការចែកចាយជាសាកល ទាន់ពេលវេលា និងលទ្ធភាពទទួលបានស្មើភាពគ្នា នៃផលិតផលវ៉ាក់សាំង និងបច្ចេកវិជ្ជាសុខាភិបាលចាំបាច់ ប្រកបដោយសុវត្ថិភាព និងមានតម្លៃសមស្រប នៅពេលដែលវ៉ាក់សាំងព្យាបាលជំងឺនេះ ត្រូវពិភពលោករកឃើញ។
មហាសន្និបាតសុខភាពពិភពលោក World Health Assembly (WHA) ធ្វើឡើងជារៀងរាល់ឆ្នាំ នៅពាក់កណ្ដាលខែឧសភា នៅ´´ឯទីស្នាក់ការកណ្ដាលរបស់អង្គការសុខភាពពិភពលោក នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ក៏ប៉ុន្តែ សម្រាប់ឆ្នាំ២០២០ នេះ ដោយសារជំងឺរាតត្បាតសាកលកូវីដ១៩ មហាសន្និបាតនេះ ត្រូវធ្វើឡើងតាមវីដេអូ។ មហាសន្និបាតនេះ ជាយន្តការសម្រេចចិត្តកំពូលរបស់អង្គការសុខភាពពិភពលោក ដោយប្រើសំឡេង ២ ភាគ ៣។
មហាសន្និបាតសុខភាពពិភពលោកឆ្នាំ២០២០ នេះ បានប្រព្រឹត្តិទៅចំពេលដែលប្រទេសចិន កំពុងរងការចោទប្រកាន់ថា បានលាក់បាំងព័ត៌មាន និងធ្វើឲ្យជំងឺកូវីដ១៩ ក្លាយជាជំងឺរាតត្បាតសាកលបង្កវិនាសកម្មដល់ពិភពលោក។ ប្រទេសចិនបានព្យាយាម ទប់ស្កាត់មិនចង់ឲ្យមានការស៊ើបអង្កេតលើប្រទេសខ្លួនឡើយ និងថា ការស៊ើបអង្កេតដោយឯករាជ្យអាចធ្វើទៅបាន តែនៅពេលដែលជំងឺរាតត្បាតជាសាកលនេះ បានបិទបញ្ចប់ប៉ុណ្ណោះ។ ស្របពេលដែលអង្គការសុខភាពពិភពលោក កំពុងធ្វើមហាសន្និបាតប្រចាំឆ្នាំនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានព្រមានថា លោកនឹងបង្កកការផ្ដល់មូលនិធិឲ្យអង្គការសុខភាពពិភពលោក ជារៀងរហូត ហើយពិចារណាឡើងវិញពីសមាជិកភាពរបស់សហរដ្ឋអាមេរិក នៅក្នុងអង្គការនេះ ប្រសិនបើអង្គការសុខភាពពិភពលោក មិនព្រមធ្វើការកែលម្អ គួរឲ្យកត់សម្គាល់ក្នុងរយៈពេល ៣០ថ្ងៃខាងមុខនេះទេ។ លោកថា អង្គការសុខភាពពិភពលោក បានបរាជ័យ មិនបានអំពាវនាវឲ្យចិន បើកឲ្យមានការស៊ើបអង្កេតដោយឯករាជ្យទៅលើប្រភពដើមនៃវីរ៉ុស ដែលបង្កឲ្យកើតជំងឺកូវីដ១៩ នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។