ពលរដ្ឋ និងសកម្មជនថ្កោលទោសរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្វេសប្រហែសបណ្ដាលឲ្យកម្ពុជាប្រឈមហានិភ័យនៃការរីករាលដាលជំងឺកូវីដ-១៩ ដោយសារមិនអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល។ ពួកគេទាមទារឲ្យរដ្ឋាភិបាលទទួលខុសត្រូវលើផលប៉ះពាល់ទាំងអស់ លើប្រជាពលរដ្ឋ។
កម្មការិនីនៅសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ លោកស្រី អាង សាវុធ លើកឡើងថា រដ្ឋាភិបាលខ្វះការយកចិត្តទុកដាក់ក្នុងការអនុវត្តវិធានការការពារជំងឺកូវីដ-១៩ និងការទប់ស្កាត់ការនាំចូលពីខាងក្រៅ ទើបបណ្ដាលឲ្យកម្ពុជាប្រឈមការឆ្លងរីករាលដាលនូវជំងឺនេះ។ លោកស្រីបន្តថា កម្ពុជាមិនត្រឹមតែប្រឈមនឹងជំងឺនេះនោះទេ ហើយថែមទាំងធ្វើឲ្យកម្ពុជាជួបវិបត្តិសេដ្ឋកិច្ច ពលរដ្ឋបាត់បង់ការងារ និងជំពាក់បំណុលធនាគារជាដើម។ លោកស្រីព្រួយបារម្ភថា ជំងឺនេះ នឹងរីករាលដាលខ្លាំងដល់ប្រជាពលរដ្ឋ ប៉ះពាល់ដល់ការងារ និងជីវភាពរបស់លោកស្រីដែលកំពុងជួបការលំបាក។ លោកស្នើឲ្យរដ្ឋាភិបាលចាត់វិធានការឲ្យបានតឹងរ៉ឹងបន្ថែមក្នុងការអនុវត្តវិធានការធ្វើចត្តាឡឺស័កចំពោះមន្ត្រីក្នុងជួររដ្ឋាភិបាលមួយចំនួន ដើម្បីបង្ការជំងឺនេះ៖ « រាជរដ្ឋាភិបាលគឺគាត់មានការធ្វេសប្រហែស សូម្បីតែការនិយាយក៏អត់មានពាក់ម៉ាស់ ពាក់អីការពារខ្លួនទេ។ ជំងឺកូវីដគេឲ្យយើងឃ្លាតឆ្ងាយពីគ្នារយៈពី១ម៉ែត្រឬក៏២ម៉ែត្រ ប៉ុន្តែអានេះ គឺគាត់នៅកៀកគិតគ្នាអញ្ចឹង ដល់ពេលអញ្ចឹងទៅ វាកើតទៅជាជំងឺឆ្លងរាតត្បាត។ឥឡូវកំពុងតែរីករាលដាលរៀងខ្លាំងដែរឥឡូវ ហើយបើខ្ញុំជាប្រជាពលរដ្ឋវិញ ខ្ញុំសោកស្ដាយខ្លាំងណាស់ ដូចថា គាត់មានវិធានការចង់ឲ្យប្រជាជនឲ្យមានការប្រុងប្រយ័ត្ន តែចំពោះខ្លួនឯង គឺអត់មាន »។
ចំណែកពលករធ្វើការនៅប្រទេសជប៉ុនលោក ណុល វណ្ណៈ បញ្ជាក់ថា លោក ហ៊ុន សែន បានធ្វើគំរូអាក្រក់មួយឲ្យមន្ត្រីក្រោមឱវាទរបស់លោក មិនអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលដែលតម្រូវឲ្យពាក់ម៉ាស់ រក្សាគម្លាត និងមិនត្រូវចាប់ដៃគ្នាជាដើម។ លោកបារម្ភថា វិធានការដាក់ប្រទេសក្នុងភាពអាសន្នរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអាចបង្កឲ្យមានផលប៉ះពាល់ដល់លើជីវភាពរបស់ពួកគេ បាត់បង់ប្រាក់ចំណូល ហើយកាន់តែក្រីក្រទៅៗ។ លោកស្នើឲ្យមន្ត្រីរដ្ឋាភិបាលចាត់វិធានការឲ្យបានតឹងរ៉ឹងបន្ថែមទៀតចំពោះមន្ត្រី និងអ្នកពាក់ព័ន្ធផ្សេងទៀត ឲ្យអនុវត្តតាមវិធានការរបស់ក្រសួងឲ្យបានម៉ត់ចត់បន្ថែមទៀត។៖ « ចាប់តាំងពីជំងឺកូវិដ - ១៩ផ្ទុះឡើងមក មិនថា អ្នកចេញចូលប្រទេសកម្ពុជាទេ ជាពិសេសនៅក្នុងព្រលានយន្តហោះពោធិចិនតុងហ្នឹង រាជរដ្ឋាភិបាលហ្នឹងក៏អត់ដែលចាត់វិធានការត្រួតពិនិត្យឲ្យបានល្អទេ ឲ្យបានខ្ជាប់ខ្ជួនទេ ពីព្រោះនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺគាត់ធ្វេសប្រហែសមែនទែន គាត់អត់បានយកចិត្តទុកដាក់ទៅលើអាបញ្ហាកូវីដ - ១៩នេះទេ អ៊ីចឹងគាត់ព្យាយាមធ្វើយ៉ាងណាឲ្យតែមានបរទេស ជាពិសេសការទូតមកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា គឺលោកគិតថា មិនអីៗ ប៉ុន្តែដល់ពេលឥឡូវហ្នឹងគឺអីទៅហើយ អញ្ចឹងអាចំណុចកន្លែងហ្នឹងហើយដែលធ្វើឲ្យប្រទេសកម្ពុជារបស់យើងឆ្លងជំងឺកូវីដ - ១៩ »។
ក្តីបារម្ភរបស់យុវជនដោយសារតែ លោក ហ៊ុន សែន និងរដ្ឋមន្ត្រីកម្ពុជាមួយចំនួនទៀត មិនបានពាក់ម៉ាស់ការពារការឆ្លងជំងឺកូវីដ-១៩ ក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសហុងគ្រី លោក ភីតធ័រ ស្ស៊ីចាតូ (Peter Szijjarto) កាលពីថ្ងៃទី៣ វិច្ឆិកា បណ្ដាលឲ្យមនុស្សបួននាក់ ឆ្លងជំងឺ covid-19 ពីលោក ភីតធ័រ ស្ស៊ីចាតូ (Peter Szijjarto) ពាក់ព័ន្ធនឹងការធ្វេសប្រហែសរបស់មន្ត្រីរដ្ឋាភិបាល លោក ហ៊ុន សែន និងលោក ហ៊ុន សែន ផ្ទាល់នេះ។
ពលករធ្វើការនៅប្រទេសកូរ៉េ និងជាអនុចលនាប្រជាធិបតេយ្យកូរ៉េខាងត្បូងនៃគណបក្សសង្គ្រោះជាតិ លោក ម៉ាត់ វន្នី ឲ្យដឹងថា បញ្ហានៃការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាថ្មីៗនេះ គឺជាកំហុសមួយរបស់រដ្ឋាភិបាល។ លោកស្នើឲ្យរដ្ឋាភិបាល និងមន្ត្រីមួយចំនួនត្រូវតែទទួលខុសត្រូវទាំងស្រុង ចំពោះបញ្ហានេះ ហើយលោកស្ដាយដែលមន្ត្រីរដ្ឋាភិបាលមិនព្រមអនុវត្តនូវគោលការណ៍សុខភាពជាសកល ដើម្បីបង្ការការឆ្លងនូវជំងឺនេះ៖ « បើសិនជាគាត់មិនអនុវត្តនូវគោលការណ៍សុខាភិបាល សូមមេត្តាក្រសួងសុខាភិបាល ឬក៏រដ្ឋាភិបាលខ្លួនឯងហ្នឹង ចាត់វិធានការដាក់ពន្ធនាគារគាត់បណ្ដោយទៅ ហើយប៉ុន្តែការដាក់ពន្ធនាគារហ្នឹង សូមឲ្យដាក់ពន្ធនាគារដាច់ដោយឡែកទៅ អាហ្នឹងព្រោះយើងធ្វើរបៀបហ្នឹងគឺមិនមែន មិនមែនយើងធ្វើផ្ដាច់ការអីទេ ព្រោះយើងធ្វើហ្នឹង គឺការពារសុខភាពសាធារណៈរឿងសុខភាពមនុស្សជាទូទៅសំខាន់ជាងរឿងបុគ្គលម្នាក់ ពីរនាក់ដែលគាត់មិនគោរពច្បាប់ហ្នឹង។ អានេះគឺខ្ញុំសំណូមពរបែបហ្នឹង »។
កាលពីថ្ងៃទី០៩ វិច្ឆិកា លោក ហ៊ុន សែន បានបញ្ចេញខ្សែអាត់សំឡេងមួយ ស្តីបន្ទោសមន្ត្រីរបស់លោកដែលធ្វើចត្តាឡឺស័កមិនបានត្រឹមត្រូវ ធ្វើឱ្យចំនួនអ្នកពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់ប្រតិភូហុងគ្រី ឬដែលលោកហៅថា ព្រឹត្តិការណ៍ថ្ងៃទី៣ វិច្ឆិកានោះ កើនឡើងជាលំដាប់។ លោកចង់ឱ្យសភាពការណ៍នេះ ត្រូវបានរំលត់ក្នុងពេលយ៉ាងយូរបីសប្ដាហ៍ ហើយដើម្បីធ្វើបែបនេះបាន គឺទាល់តែអ្នកពាក់ព័ន្ធទាំងអស់ ធ្វើចត្តាឡឺស័កឱ្យបានហ្មត់ចត់បំផុត។
ទោះជាយ៉ាងណា មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ប្រកាសនៅលើហ្វេសប៊ុកនៅថ្ងៃទី១២ វិច្ឆិកាថា នឹងមិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយនោះ បើទោះបីជាមានអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយរដ្ឋមន្ត្រី ហុងគ្រី រាប់ពាន់នាក់ និងកំពុងធ្វើចត្តាឡឺស័កក៏ដោយ។
អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាលោក គៀន ពន្លក ឲ្យដឹងថា ការរីករាលដាលនៃជំងឺនេះ គឺជាកំហុស និងជាការអសមត្ថភាពរបស់រាជរដ្ឋាភិបាលចំពោះការគ្រប់គ្រង ហើយត្រូវទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ ដែលកំពុងរងទុក្ខផ្ទួនៗ។ លោកបន្តថា ប្រសិនបើជំងឺនេះរីករាលដាលកាន់តែខ្លាំង នឹងបង្កឲ្យមានផលប៉ះពាល់ដល់ពលរដ្ឋរាប់លានអ្នកនៅក្នុងប្រទេសកម្ពុជា ដោយសារការធ្វេសប្រហែសរបស់មន្ត្រីទាំងនោះ។ លោកបន្ថែមទៀតថា ផលប៉ះពាល់ផ្ទួនៗទាំងនេះ នឹងបណ្ដាលឲ្យពលរដ្ឋកម្ពុជាកាន់តែធ្លាក់ខ្លួនក្រជាងមុន៖ « គឺរដ្ឋាភិបាលខ្លួនឯងហ្នឹងគឺត្រូវតែទទួលខុសត្រូវចំពោះរឿងនេះ រដ្ឋាភិបាលគឺមិនមានវិធានការដ៏មានប្រសិទ្ធភាពកើតឡើងទេ បណ្ដោយឲ្យមន្ត្រីខ្លួនឯងចុះទៅតាមខេត្ត ហើយជាពិសេសបណ្ដោយឲ្យជំងឺកូវីដ - ១៩ហ្នឹង ឆ្លងរីករាលដាលកាន់តែធំទៅៗ ហើយយើងមើលនៅក្នុងបរិបទពេលនេះគឺប្រទេសកម្ពុជាកំពុងតែស្ថិតនៅក្នុងគ្រោះអាសន្ន។ អ្វីដែលកើតឡើងទាំងអស់នេះគឺជាកំហុសរបស់រដ្ឋាភិបាល »។
ក្រសួងពាក់ព័ន្ធមួយចំនួនបានប្រកាសចាត់វិធានការបន្ទាន់ជាថ្មីទៀត ដោយបិទសាលារៀន សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពហុកីឡាដ្ឋានជាតិអូឡាំពិក កន្លែងហាត់កីឡា និងក្លឹបកម្សាន្តមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ យុវជន បារម្ភថា ការរីករាលដាលនេះ នឹងធ្វើពលរដ្ឋរងផលប៉ះពាល់ធ្ងន់ធ្ងរ ហើយប្រឈមនឹងការបាត់បង់ការងារ ជីវភាពកាន់តែក្រីក្រជាងមុន និងប្រឈមបញ្ហាសុខភាព ដោយសារការចម្លងចូលក្នុងសហគមន៍ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។