ប្រវត្តិខេត្តខ្មែរភាគខាងលិចមួយចំនួនធ្លាក់ក្នុងកណ្ដាប់ដៃសៀម (ភាគ៥៨)
2015.09.15
នៅក្នុងរាជ្យរបស់ព្រះអង្គអេង ខេត្តខ្មែរភាគខាងលិចមួយចំនួន គឺខេត្តបាត់ដំបង មហានគរសៀមរាប សំណាត់ ចុងកាល់ មោងឫស្សី ធ្លាក់ទៅក្នុងកណ្ដាប់ដៃសៀម នៅឆ្នាំ១៧៩៥។ ទឹកដីនេះ ត្រូវនៅក្រោមការត្រួតត្រារបស់សៀម រហូតដល់ឆ្នាំ១៩០៧ ទើបប្រគល់ឲ្យខ្មែរវិញ។
គ.៣៤ ព្រះអង្គអេង (ឆ្នាំ១៧៧៩-ឆ្នាំ១៧៩៦)
ក្រោយពីបានធ្វើគត់ព្រះអង្គនន់ទី២ ដែលមាននិន្នាការខាងសៀម រួចហើយ ចៅហ្វាម៉ូ ដែលមាននិន្នាការខាងយួន បានលើកខ្លួនឯងជាសម្ដេចចៅហ្វាមហារាជ ហើយបានថ្វាយរាជ្យសម្បត្តិទៅព្រះអង្គអេង ព្រះរាជបុត្រព្រះមហារាជអង្គតន់ ព្រះជន្ម ៦ព្រះវស្សា ឲ្យឡើងសោយរាជ្យនៅឧត្តុង្គក្នុងឆ្នាំ១៧៧៩ ប៉ុន្តែកិច្ចការដែនដីស្ថិតនៅក្នុងកណ្ដាប់ដៃសម្ដេចចៅហ្វាមហារាជម៉ូ ទាំងអស់។
នៅក្នុងរាជ្យរបស់ព្រះអង្គអេង នេះ ប្រទេសខ្មែរមានកើតការជ្រួលច្របល់យ៉ាងខ្លាំង ដោយសារមន្ត្រីបីរូបដែលមានចិត្តលោភលន់ដណ្ដើមបុណ្យស័ក្តិ លាភសក្ការៈគ្នា គឺ ម៉ូ ស៊ូ និងបែន ដែលមានសៀម និងយួន ជាអ្នកលូកដៃកកូរកកាយផង។ យ៉ាងណាមិញ ពេលដែលចៅហ្វាម៉ូ ដែលធ្លាប់មានការគាំទ្រពីយួន បានឡើងកាន់អំណាចហើយ ក៏បានដាក់ឧកញ៉ាយមរាជបែន ជាមន្ត្រីខាងព្រះអង្គនន់ទី២ ដែលសៀម ធ្លាប់គាំទ្រ ឲ្យស្ថិតក្រោមការត្រួតពិនិត្យរបស់ឧកញ៉ាតេជោទែន ជាប្អូនរបស់ខ្លួននៅខេត្តកំពង់ស្វាយ។
ព្រះចៅតាកស៊ីន ប្រទេសសៀម បានជ្រាបដំណឹងនេះ ទ្រង់ខ្ញាល់នឹងឧកញ៉ាយមរាជបែន មន្ត្រីរនុកក្នុងរបស់ព្រះអង្គនៅប្រទេសកម្ពុជា ថាបណ្តែតបណ្តោយឲ្យសត្រូវធ្វើគតព្រះអង្គនន់ទី២ បាន។ ព្រះអង្គក៏ធ្វើរាជសារឲ្យព្រះកែវដួង ដែលសៀម បានឃាត់ទុកនៅស្រុកសៀម តាំងពីរាជព្រះឧទ័យរាជាអង្គតន់ នោះ នាំយកមកជូនសម្ដេចចៅហ្វាមហារាជម៉ូ សុំនាំយកឧកញ៉ាយមរាជបែន ទៅប្រទេសសៀម។
សៀម ធ្វើទោសបែន ដោយវាយមួយរយខ្វាប់ និងចៀរស្លឹកត្រចៀកទាំងសងខាង។ ម៉្យាងទៀតដោយមិនសព្វព្រះទ័យនឹងរាជ្យសម្បត្តិបានទៅព្រះអង្គអេង ជារាជបុត្រព្រះអង្គតន់ ដែលធ្លាប់ច្បាំងនឹងខ្លួនផង ព្រះចៅសៀមតាកស៊ីន ក៏បង្កើតលេសចោទថា ខ្មែរចូលខាងយួន ហើយបញ្ជាទ័ពសៀម ២ម៉ឺន ៧ពាន់នាក់ ឲ្យលុកលុយចូលប្រទេសកម្ពុជា ជាបីផ្លូវ ដឹកនាំដោយពញាចក្រីដួង មហាក្រស័តសឹក និងពញាសីសីហ៍ ព្រមទាំងព្រះអង្គណយ ដែលជាបុត្រផ្ទាល់របស់ព្រះចៅតាកស៊ីន ដែលទើបនឹងសឹកពីបួស ហើយនាំទាំងយមរាជបែន មកជាមួយផង។
ព្រះចៅសៀម ទ្រង់ផ្តែផ្តាំថា បើវាយឈ្នះខ្មែរហើយ ឲ្យដាក់ព្រះអង្គណយ បុត្រព្រះអង្គសោយរាជ្យនៅកម្ពុជា ដូចកាលស្ដេចសៀម ធ្លាប់បានធ្វើចំពោះកម្ពុជា នៅសម័យអង្គរដូច្នោះដែរ។ ចំណែកខាងសម្ដេចចៅហ្វាមហារាជម៉ូ លុះដឹងថាសៀម លើកទ័ពមកច្រើនផ្លូវដូច្នោះ ក៏នាំស្ម័គ្របក្ខពួកដកខ្លួនថយចេញពីរាជវាំងឧត្តុង្គ មកបោះបន្ទាយនៅភ្នំពេញ ហើយចាត់បម្រើឲ្យទៅស្រុកយួន សុំកម្លាំងយួន ឲ្យជួយច្បាំង។ ព្រះចៅយ៉ាឡុង ប្រទេសយួន ក៏បញ្ជូនទ័ពមកជួយតាមការស្នើសុំ។
ទ័ពសៀម ចូលមកវាយលុកប្រទេសខ្មែរលើកនេះអស់រយៈពេលបីខែ ប៉ុន្តែក្នុងពេលកំពុងច្បាំងទល់នឹងទ័ពខ្មែរ ដែលមានយួន ជាជំនួយនោះ ស្រាប់តែនៅឯប្រទេសសៀម ឯណោះមានវិបត្តិមួយយ៉ាងធំកើតឡើង គឺព្រះចៅតាកស៊ីន ទ្រង់ឡប់សតិទៅជាវិកលចរិត។ មេទ័ពសៀម គឺឧកញ៉ាចក្រីដួង ក៏ដកទ័ពពីកម្ពុជា ត្រឡប់ទៅប្រទេសសៀម វិញយ៉ាងប្រញាប់ នាំទាំងព្រះរាជបុត្រនាមចៅណយ ទៅជាមួយផង។ ឯឧកញ៉ាបែន មន្ត្រីខ្មែរដែលមានបង្អែកសៀម ក៏ត្រឡប់ទៅស្រុកសៀម វិញដែរ។ ទីបំផុត ព្រះចៅតាកស៊ីន ព្រះរាជបុត្រ និងព្រះញាតិត្រូវចាប់ឃុំឃាំង ហើយត្រូវប្រហារជីវិតទាំងអស់។ ឧកញ៉ាចក្រីដួង មេទ័ពសៀម ក៏ប្រកាសខ្លួនជាស្ដេចព្រះនាមសម្ដេចព្រះពុទ្ធយ៉តហ្វាចូឡាលោក។
ពិតមែនតែសង្គ្រាមរវាងខ្មែរសៀម បានស្ងប់ ហើយទ័ពយួន ក៏ត្រឡប់ទៅស្រុកវិញមែន ប៉ុន្តែក្នុងឆ្នាំ១៧៨២ នៅប្រទេសខ្មែរឯណេះ ជម្លោះបែកបាក់គ្នាបានកើតមានឡើងរវាងម្ខាង គឺពញាស៊ូ ជាមន្ត្រីពូកែល្បិចខាងបំបែកបំបាក់ មានបំណងផ្ដួលរំលំសម្ដេចចៅហ្វាម៉ូ និងឧកញ៉ាចក្រីពាង ជាប្អូន ដើម្បីដណ្ដើមអំណាច។ ស៊ូ បានផ្ញើលិខិតទៅជូនកែវដួង ដែលនៅស្រុកសៀម ឲ្យទូលស្ដេចសៀម សុំយកឧកញ៉ាយមរាជបែន ត្រឡប់មកស្រុកខ្មែរវិញ ដើម្បីរួមកម្លាំងជាមួយខ្លួនកម្ចាត់ចៅហ្វាម៉ូ និងបក្ខពួកទាំងអស់ដែលមាននិន្នាការខាងយួន ចេញឲ្យអស់។ ស្របតាមបំណងរបស់ខ្លួន ស្ដេចសៀម ក៏បញ្ជូនឧកញ៉ាបែន នេះមកស្រុកខ្មែរវិញតាមការស្នើសុំ។
ពេលបែន ត្រឡប់ពីសៀម ស៊ូ ទៅទទួល ហើយនាំទៅជួបសម្ដេចចៅហ្វាម៉ូ ហើយភរម៉ូ ថា បែន បានលបរត់គេចពីស្រុកសៀម មក ព្រោះស្អប់ស្ដេចដែលធ្វើបាបខ្លួន។ ម៉ូ ដែលមាននិន្នាការយួន មិនបានដឹងល្បិចនេះ ពេលឮថាបែន បែកចិត្តពីសៀម គាត់អរណាស់ ក៏រៀបចំពិធីជប់លៀងមួយយ៉ាងធំ។ ក្នុងពិធីជប់លៀងនោះ ស៊ូ និងបែន ក៏នាំស្ម័គ្របក្ខពួកដែលខ្លួនបានត្រៀមបង្កប់ជាស្រេច វាយលុកសម្លាប់បក្ខពួកចៅហ្វាម៉ូ ដែលផឹកស្រវឹងសប្បាយភ្លេចខ្លួនស្លាប់ទាំងអស់។ ចំណែកខាងចៅហ្វាម៉ូ ពេលអាសន្ននោះ បានរត់គេចខ្លួនទៅពួននៅខេត្តបាសាក់ តែត្រូវគេចាប់បាន ហើយប្រហារជីវិតម៉ូ ទាំងជំទាវឡង់ ផង។
ពេលសម្លាប់ចៅហ្វាម៉ូ បានហើយ ស៊ូ ក៏លើកខ្លួនឯងជាធំស្រដីការនៅក្រុងឧត្តុង្គមានជ័យ។ ក្រោយនោះបន្តិច សម្ដេចចៅពញាស៊ូ នេះមានចិត្តរង្កៀសនឹងយមរាជបែន ដែលជាដៃគូខ្លួនទៀត ហើយរកវិធីសម្លាប់យមរាជបែន ចោល។ តែបែន ដឹងមុន ក៏នាំស្ម័គ្របក្ខពួកសម្លាប់ចៅពញាស៊ូ កូនប្រពន្ធ និងបក្ខពួកបានទាំងអស់ ហើយបែន ក៏ប្រកាសខ្លួនជាសម្ដេចចៅហ្វាទឡ្ហះ សម្រេចផែនការផែនដីនៅក្រុងឧត្តុង្គមានជ័យ ហើយចាត់មន្ត្រីដប់នាក់ឲ្យនាំព្រះខ័នជ័យរបស់ខ្មែរ យកទៅថ្វាយព្រះចៅយ៉តហ្វាស្ដេចសៀម។ សៀម បានចាត់ទុកថា ប្រទេសកម្ពុជា ជាចំណុះរបស់ខ្លួនតាំងពីពេលនោះមក។
ថ្ងៃក្រោយមក បែន បានបញ្ជាទ័ពឲ្យលើកទៅចាប់ឧកញ៉ាទែន ជាប្អូនចៅហ្វាម៉ូ ទៀត ប៉ុន្តែត្រូវឧកញ៉ាតេជោទែន ដែលមានស្ដេចត្រាញ់ ចៅហ្វាយខេត្តត្បូងឃ្មុំ និងអាជ្ញាហ្លួងដែលជាបក្ខពួកខាងឧកញ៉ាស៊ូ (ដែលបែន បានសម្លាប់) រួមដៃផង លើកទ័ពច្បាំង ហើយធ្វើដំណើររុលមកព័ទ្ធក្រុងឧត្តុង្គ។
ចៅហ្វាទឡ្ហះបែន ឃើញហេតុអាសន្នដូច្នោះ ក៏បញ្ជូនឧកញ៉ាក្រឡាហោមប៉ុក ជាព្រះធម្មបិតា នាំព្រះអង្គអេង និងព្រះញាតិវង្សភៀសទៅស្រុកសៀម។ បន្ទាប់មកទៀត ស្ដេចសៀម ទ្រង់ប្រោសចៅហ្វាបែន ឲ្យឡើងយសស័ក្ដិជា “ពញាអភ័យធិបេសវិសេសសង្គ្រាម” ហើយឲ្យដឹកនាំទ័ពចាម ជាមួយមន្ត្រីសៀម-ខ្មែរឯទៀត មកច្បាំងកម្ចាត់ចៅហ្វាទែន ដែលបានទៅពឹងយួន មកជួយច្បាំង ហើយបោះទីតាំងនៅឧត្តុង្គនោះ។
ទ័ពសៀម-ខ្មែរ ច្បាំងនឹងទ័ពយួន-ខ្មែរ នៅក្នុងប្រទេសកម្ពុជា ជាច្រើនលើកច្រើនសា។ ទីបំផុត ទ័ពចៅហ្វាបែន (ខាងសៀម) បានទទួលជោគជ័យ ហើយបែន ចាប់ចៅហ្វាទែន បញ្ជូនទៅថ្វាយស្ដេចសៀម ឯក្រុងទេពបុរី។
ឯកសារមហាបុរសខ្មែរបានរៀបរាប់ថា ក្រោយពីបែន បានជោគជ័យលើចៅហ្វាទែន ហើយ ស្ដេចយួន ដែលត្រូវពួកបះបោរតៃសឺន វាយរំលំ ហើយភៀសខ្លួនទៅពឹងសៀម ឲ្យជួយវាយដណ្ដើមរាជបល្ល័ង្គវិញ តែសៀម ជួយមិនបានសម្រេចនោះ បានផ្ញើសារមកសុំជំនួយពីពញាអភ័យធិបេសបែន។ បែន បានបញ្ជូនទ័ពខ្មែរត្រឡប់មកស្រុកវិញ ឯព្រះអង្គវាយបន្តទៅយកក្រុងវ៉េ ទៀត។ ឯបែន ក៏បោះបន្ទាយយ៉ាងមាំនៅឧត្តុង្គ ហើយកាន់កាប់កិច្ចការផែនដីប្រទេសកម្ពុជា តមក។
ឆ្នាំ១៧៩២ ព្រះចៅយ៉តហ្វាស្ដេចសៀម បានផ្ញើសារបញ្ជាឲ្យចៅពញាបែន កេណ្ឌរាស្ត្រខ្មែរមួយម៉ឺននាក់យកទៅជីកស្រះប្រឡាយនៅក្រុងទេពបុរី។ រាស្ត្រខ្មែរកើតក្តីក្តៅក្រហាយនឹងការជិះជាន់របស់ពញាបែន យ៉ាងខ្លាំង ក៏ប្ដឹងទៅព្រះកែវដួង ចៅហ្វាទែន ក្រឡាហោមប៉ុក មន្ត្រីខ្មែរដែលស្ដេចសៀម ថែរក្សានៅក្រុងទេពបុរី នោះ ឲ្យទូលសុំស្ដេចសៀម អនុញ្ញាតថ្វាយព្រះអង្គអេង បានវិលត្រឡប់មកគ្រប់គ្រងក្រុងកម្ពុជា វិញ ដើម្បីឲ្យរាស្ត្រ និងពុទ្ធសាសនិកបានសុខរៀងទៅ។ ស្ដេចសៀម ក៏យល់ព្រមតាមសំណើ។
ឆ្នាំ១៧៩៣ ព្រះពុទ្ធយ៉តហ្វា ទ្រង់បំបួសព្រះអង្គអេង និងបុត្រព្រះអង្គពីរអង្គទៀត។ បួសបានមួយវស្សា ក៏ចាកផ្នួសមកវិញ។ ឆ្នាំ១៧៩៤ ស្ដេចសៀម ក៏បានរៀបចំអភិសេកព្រះអង្គអេង ជាស្ដេចផែនដីក្រុងកម្ពុជា នៅក្រុងទេពបុរី ប្រទេសសៀម ហើយថ្វាយព្រះនាមថា សម្ដេចព្រះនារាយ៍រាមាធិបតីសិរីសុរិយោពណ៌ ហើយក្រឡាហោមប៉ុក ជាព្រះធម្មបិតា ត្រូវតែងតាំងជាសម្ដេចចៅហ្វាទឡ្ហះ ជំនួសចៅហ្វាបែន ដែលត្រូវតាំងជាស្ដេចត្រាញ់ឈរត្រួតខេត្តបាត់ដំបង មានងារជាចៅពញាអភ័យធិបេសវិសេសសង្គ្រាម នោះ។ ព្រះចៅសៀម ទ្រង់ថ្វាយព្រះខ័ន និងគ្រឿងឥស្សរិយយសទាំងអស់មកវិញ រួចបញ្ជាទ័ពខ្មែរ-សៀម ដង្ហែព្រះអង្គអេង វិលត្រឡប់មកកម្ពុជា វិញ។ មកដល់ប្រទេសកម្ពុជា ព្រះអង្គត្រូវរៀបចំអភិសេកម្តងទៀត។
ចំណែកពញាបែន “ខ្មែរខ្ញុំសៀម” ដែលសៀម តាំងជាស្ដេចត្រាញ់លើខេត្តបាត់ដំបង នោះ មិនព្រមធ្វើការជាចំណុះក្រុងកម្ពុជា ទេ។ ពញាបែន លបសរសេរសំបុត្រទៅទូលស្ដេចសៀម ឲ្យសុំខេត្តបាត់ដំបង សៀមរាប ឡើងផ្តាច់ទៅសៀម។ ស្របតាមគំនិតសៀម ដែលប៉ងលេបទឹកដីខ្មែរឲ្យសូន្យផង ស្ដេចសៀម ក៏ធ្វើសារផ្ញើមកព្រះអង្គអេង។ ដំបូងព្រះអង្គអេង មិនព្រមប្រគល់ឲ្យទេ តែដល់ស្ដេចសៀម គំរាមជាច្រើនលើក ហើយដាក់ការគាបសង្កត់ផ្សេងៗទៀតផង ព្រះអង្គអេង ក៏ព្រមប្រគល់ឲ្យ ប៉ុន្តែបានបញ្ជាក់ថា សុំថ្វាយតែមួយរាជ្យព្រះចៅយ៉តហ្វា ប៉ុណ្ណោះ។
គឺដោយសារតែខ្មែរបែកបាក់គ្នា ចៅពញាបែន លោភលន់ឥតអៀនខ្មាសនេះហើយ ដែលធ្វើឲ្យទឹកដីខ្មែរ គឺខេត្តបាត់ដំបង មហានគរសៀមរាប សំណាត់ ចុងកាល់ មោងឫស្សី ធ្លាក់ទៅក្នុងកណ្ដាប់ដៃសៀម នៅឆ្នាំ១៧៩៥ ហើយទឹកដីនេះត្រូវនៅក្រោមការត្រួតត្រារបស់សៀម រហូតដល់ឆ្នាំ១៩០៧ ទើបប្រគល់ឲ្យខ្មែរវិញ។
ឯកសារមហាបុរសខ្មែរបញ្ជាក់ថា ឆ្នាំ១៧៩៥ ព្រះអង្គអេង បានយាងទៅប្រទេសសៀម ហើយគង់នៅទីនោះអស់រយៈពេលពីរខែ ដើម្បីសុំទាមទារយកដីខ្មែរខាងលើមកវិញ ប៉ុន្តែសៀម មិនព្រមប្រគល់ឲ្យ។
ព្រះអង្គក៏យាងត្រឡប់មកវិញ ហើយបានតែមួយឆ្នាំក្រោយប៉ុណ្ណោះ ព្រះអង្គទ្រង់ប្រឈួន ហើយសុគតក្នុងព្រះជន្ម ២៥ព្រះវស្សា។ ព្រះអដ្ឋិធាតុព្រះអង្គត្រូវបានគេបញ្ចុះនៅចេតិយទន្ទឹមខាងកើត នៅលើភ្នំព្រះរាជទ្រព្យ គឺភ្នំឧត្តុង្គសព្វថ្ងៃនេះ៕