អ្នកសិក្សាសង្គមនិងមន្ត្រីបក្សប្រឆាំងយល់ឃើញដូចគ្នាថា កម្ពុជាមិនគួរបើកច្រកព្រំដែននៅប្រាសាទព្រះវិហារតាមថៃឡើយ
2024.01.25
អ្នកជំនាញខាងកិច្ចការអន្តរជាតិ និងមន្ត្រីបក្សប្រឆាំងយល់ឃើញដូចគ្នាថា កម្ពុជាមិនគួរបើកច្រកព្រំដែននៅប្រាសាទព្រះវិហារវិញនោះទេ។ ពួកគេយល់ថា ការបើកច្រកព្រំដែននេះឡើងវិញ នៅស្របពេលបញ្ហាជម្លោះរវាងកម្ពុជានិងថៃ នៅតំបន់បរិវេណប្រាសាទព្រះវិហារ មិនទាន់ដោះស្រាយចប់សព្វគ្រប់នៅឡើយ នឹងធ្វើឱ្យកម្ពុជាខាតបង់ច្រើន។
ការលើកឡើងពីអ្នកជំនាញកិច្ចការអន្តរជាតិ និងមន្ត្រីបក្សប្រឆាំងនេះ ស្របពេលក្រុមសមាជិកសភានៃគណបក្សភឿថៃ កំពុងដាក់គំនាបឱ្យនាយករដ្ឋមន្ត្រីលោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) លើកយករឿងសុំបើកច្រកព្រំដែនឡើងវិញ ពីខេត្តស៊ីសាកេត (Si Sa Ket) ចូលមកតំបន់ប្រាសាទព្រះវិហារ ទៅជជែកជាមួយនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ដែលត្រៀមទៅទស្សនកិច្ចក្នុងប្រទេសថៃនៅដើមខែកុម្ភៈខាងមុខនេះ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា ប្រាប់អាស៊ីសេរីនៅថ្ងៃទី ២៤មករា ថា ប្រសិនកម្ពុជាបើកច្រកព្រំដែន ដែលស្ថិតនៅទីតាំងផ្ទាល់ប្រាសាទព្រះវិហារឡើងវិញ នោះនឹងធ្វើឱ្យប្រទេសថៃមានប្រៀបជាង ហើយធ្វើឱ្យកម្ពុជាខាតបង់ច្រើន។ លោកថា មូលហេតុដែលលោកមិនគាំទ្រការបើកច្រកព្រំដែននេះឡើងវិញ ដោយសារជម្លោះរវាងភាគីទាំងពីរ មិនទាន់ដោះស្រាយចប់ទាំងស្រុង ពីព្រោះទាហានថៃ នៅមិនទាន់ដកចេញអស់ពីបរិវេណប្រាសាទព្រះវិហារ ចាប់តាំងពីមានការផ្ទុះអាវុធដាក់គ្នាក្នុងឆ្នាំ ២០០៨ មក ក្នុងការឈានទៅអនុវត្តឱ្យបានពេញលេញ តាមខ្លឹមសារសាលក្រមតុលាការអន្តរជាតិក្រុងឡាអេ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។
លោក ឯម សុវណ្ណារ៉ា៖ «ថៃអត់បានគោរពតាមស្មារតីឬខ្លឹមសារនៃការអនុវត្តសាលដីកាថ្ងៃទី១៥មិថុនា ឆ្នាំ១៩៦២ ពេញលេញទេ កន្លែងហ្នឹង គួរតែពិចារណា។ ប្រសិនបើអនុវត្តបានពេញលេញ អាហ្នឹងយើងបើកច្រកទៅ វាអត់មានបញ្ហា ឬក៏ឧបសគ្គអី បង្កមករកអ្នកនយោបាយកម្ពុជា ឬក៏អ្នកនយោបាយកាន់អំណាចទេ។ ប៉ុន្តែ កាលណាហើយមិនទាន់បានដោះស្រាយពេញលេញ ហើយយើងបើកច្រកហ្នឹង យើងហាក់ដូចជាអត់បានគិតប្រយោជន៍ជាតិខ្លាំងទេ»។
ការលើកឡើងនេះ បន្ទាប់ពីកាសែតបាងកកប៉ុស្តិ៍ (BangKok Post) ចុះផ្សាយកាលពីថ្ងៃទី ២១មករា ដោយដកស្រង់សម្ដីសមាជិកសភាថៃម្នាក់ ឈ្មោះ ភូមិន្ទ លីធីរ៉ាប្រាសឺត (Phumin Leethiraprasert) ដែលបាននិយាយថា ក្រុមសមាជិកសភាគណបក្សភឿថៃ ត្រូវបានអញ្ជើញទៅជួបនាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន នៅថ្ងៃពុធទី ២៤មករា ដើម្បីជជែករឿងបញ្ហាព្រំដែនរវាងកម្ពុជានិងថៃ មុនពេលលោក ហ៊ុន ម៉ាណែត ត្រូវទៅទស្សនកិច្ចក្នុងប្រទេសថៃ នៅថ្ងៃទី ០៧ ខែកុម្ភៈ ខាងមុខនេះ។
សមាជិកសភាថៃបន្តថា នៅក្នុងជំនួបនោះ ក្រុមសមាជិកសភានឹងឆ្លៀតឱកាសស្នើលោកនាយករដ្ឋមន្ត្រីថៃ ទៅជជែកជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីបើកច្រកព្រំដែននៅបរិវេណប្រាសាទព្រះវិហារឡើងវិញ ក្នុងគោលដៅជំរុញវិស័យទេសចរណ៍។
ជុំវិញបញ្ហានេះ វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា និងអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក អាន សុខខឿន បានទេនៅថ្ងៃទី ២៤មករា។
ប៉ុន្តែលោក ឯម សុវណ្ណារ៉ា យល់ឃើញថា កម្ពុជាមានច្រកព្រំដែនសម្រាប់អ្នកទេសចរថៃ អាចចូលមកកម្សាន្តតំបន់ប្រាសាទព្រះវិហារគ្រប់គ្រាន់ហើយ ជាពិសេសតាមរយៈច្រកទ្វារអន្តរជាតិអានសេះ លើភ្នំដងរែក ជាប់ខេត្តឧប៊ុនរបស់ប្រទេសថៃ ដែលមានចម្ងាយពីប្រាសាទព្រះវិហារប្រហែល២០គីឡូម៉ែត្រ។
ចំណែកអនុប្រធានគណបក្សឆន្ទៈខ្មែរលោក សុន ឆ័យ យល់ឃើញដែរថា ប្រសិនអ្នកទេសចរថៃចង់មកទស្សនាប្រាសាទព្រះវិហារ ត្រូវតែអនុវត្តតាមរបៀបនៃជនបរទេសដទៃទៀត ដែលធ្វើដំណើរមកកម្ពុជាដែរ គឺអ្នកទេសចរថៃ ត្រូវធ្វើដំណើរឆ្លងកាត់ព្រំដែនឱ្យបានត្រឹមត្រូវដើម្បីចូលប្រទេសកម្ពុជាជាមុន ទើបធ្វើដំណើរបន្តទៅទស្សនាប្រាសាទអង្គរ។
លោក សុន ឆ័យ៖ «បើថៃចេញចូល (ប្រាសាទព្រះវិហារ) ដូចទម្លាប់ពីដើមទៅ វាធ្វើឱ្យបញ្ហាពាក់ព័ន្ធនឹងព្រំដែន អត់ត្រូវបានដោះស្រាយ ពីព្រោះយើងចង់ឱ្យមានការដោះស្រាយសិននៅតំបន់ហ្នឹង។ ហើយដូចយើងដឹងហើយថា ថៃនៅតែគំរាមកំហែង ពីកាលដែលប្រទេសកម្ពុជាយើង រៀបចំផ្លូវឡើងទៅប្រាសាទហ្នឹង នៅតែមានការគំរាមកំហែងនៅឡើយ។ ដូច្នេះ! យើងមិនអាចបើកផ្លូវឱ្យគេចេញចូលមកស្រួល ហើយយើងដែលជាម្ចាស់ប្រាសាទហ្នឹង ចេញចូលទៅប្រាសាទមានការលំបាកទេ» ។
កម្ពុជាបានបិទច្រកព្រំដែននៅប្រាសាទព្រះវិហារ គឺតាំងពីប៉ុន្មានខែ មុនពេលកងទ័ពកម្ពុជានិងថៃ ចាប់ផ្ដើមប៉ះទង្គិចគ្នាដោយអាវុធ កាលពីថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០០៨។ នៅមុនពេលមានការប្រយុទ្ធគ្នានៅពេលនោះ គឺអាជ្ញាធរខ្មែរបានបិទច្រកព្រំដែន ដោយសារតែមានក្រុមប្រជាជនថៃមួយចំនួន ចេញមកដើរតវ៉ាដោយមានការចូលរួមការពារពីទាហានថៃផង ដើម្បីស្រែកទាមទារថា តំបន់បរិវេណប្រាសាទព្រះវិហារ រួមទាំងប្រាសាទ គឺជារបស់ប្រទេសថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។