ប្រវត្តិ​ជំរំ​ជនភៀសខ្លួន​ខ្មែរ ខៅអ៊ីដាង

ដោយ ជី វិតា
2018-04-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបថត​បង្ហាញ​អំពី​ទិដ្ឋភាព​ជំរំ​ខៅអ៊ីដាង ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩៣។
រូបថត​បង្ហាញ​អំពី​ទិដ្ឋភាព​ជំរំ​ខៅអ៊ីដាង ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩៣។
Print screen/Khao-I-Dang History Study Center

ខៅអ៊ីដាង ជា​ឈ្មោះ​ភ្នំ​មួយ ដែល​ឋិត​នៅ​ក្នុង​ឃុំ​ខូខ្លាន ស្រុក​តាផៈយ៉ា ខេត្ត​ស្រះកែវ ប្រទេស​ថៃ។ ជើង​ភ្នំ​នេះ ធ្លាប់​ផ្ដល់​ជា​ទី​ជម្រក​ដល់​ជន​ភៀសខ្លួន​ខ្មែរ​រាប់​សែន​នាក់ ឲ្យ​បាន​ស្នាក់​អាស្រ័យ​ផុត​ពី​ទុក្ខ​ភ័យ ក្នុង​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​កំពុង​រត់​គេច​ពី​សង្គ្រាម​​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ឆ្នាំ ១៩៧៩ និង​ពេញ​មួយ​ទសវត្ស​ឆ្នាំ ១៩៨០។ អ្នក​ដែល​ធ្លាប់​រស់​នៅ​ក្នុង​ជំរំ​នេះ​ខ្លះ បាន​ចាក​ចេញ​ឆ្ងាយ​ទៅ​រស់​នៅ​ឯ​ប្រទេស​ទី​៣ នៅ​អូស្ត្រាលី អាមេរិក និង​អឺរ៉ុប ដោយ​មិន​មាន​ឱកាស​បាន​មក​មើល​ទី​នេះ​ម្ដង​ទៀត។ ឯ​អ្នក​ខ្លះ​ទៀត ក៏​មាន​ឱកាស​បាន​មក​មើល​កន្លែង​នេះ​សា​ជា​ថ្មី ដើម្បី​រំលឹក​ឡើង​វិញ​នូវ​ប្រវត្តិ​រឿងរ៉ាវ​ចាស់ៗ ដែល​គេ​មាន​រាប់​មិន​អស់ ក្នុង​ពេល​ដែល​គេ​ស្នាក់​នៅ​ទី​នេះ។

ខៅអ៊ីដាង ដែល​ឋិត​នៅ​ចម្ងាយ​ប្រមាណ ៤០​គីឡូ​ម៉ែត្រ ខាង​ជើង​ស្រុក​អរញ្ញ ជាប់​ព្រំប្រទល់​ក្រុង​ប៉ោយ​ប៉ែត កម្ពុជា បច្ចុប្បន្ន​នេះ ក្លាយ​ជា​ព្រៃ​ស្ងាត់​ជ្រងំ​មួយ មិន​ខុស​ពី​បទ​ចម្រៀង​មួយ​ឃ្លា ដែល​លោក កែវ សារ៉ាត់ ធ្លាប់​ច្រៀង​ពណ៌នា​អំពី​ទិដ្ឋភាព​ទី​នេះ កាល​ពី​អំឡុង​ទសវត្ស​ឆ្នាំ ១៩៨០ នោះ​ឡើយ។

ថ្វី​បើ​ពេល​នេះ ខៅអ៊ីដាង មាន​សភាព​ស្ងាត់​ជ្រងំ មិន​មាន​អ្វី​ជា​ទី​ចាប់​អារម្មណ៍​សណ្ដំ​ចិត្ត​ចំពោះ​មនុស្ស​ទូទៅ​រាប់​ពាន់​លាន​នាក់​ក្ដី ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់ នៅ​តែ​ចាប់​អារម្មណ៍ និង​ចង​ចាំ​ឈ្មោះ​ខៅអ៊ីដាង ព្រោះ​ពួក​គេ​ធ្លាប់​ភៀសខ្លួន​មក​រស់​នៅ​ទីនេះ កាល​ពី​ក្នុង​ទសវត្ស​ឆ្នាំ ១៩៨០។ ជា​រឿយៗ មាន​ពលរដ្ឋ​ខ្មែរ ដែល​ជា​អតីត​ជនភៀសខ្លួន​ខ្មែរ​នាំ​គ្នា​ទៅ​លេង​នៅ​ទី​នោះ។ ពួក​គាត់​ថតរូប​បង្ហោះ​លើ​ហ្វេសប៊ុក ជជែក​គ្នា​ពី​អនុស្សាវរីយ៍​ចាស់ និង​ទទួលទាន​អាហារ​ជុំ​គ្នា អម​ដោយ​ចម្រៀង​បទ ខៅអ៊ីដាង ដួង​ចិត្ត របស់​លោក កែវ សារ៉ាត់ ផង៖ «ដល់​ហើយ​នេះ រសៀល​រៃ​យំ​ហើយ»

ពួក​គាត់​តែង​ព្យាយាម​ស្វែង​រក​ទីតាំង​ចាស់​នានា ដើម្បី​ចំណាំ ដូច​ជា ផ្ទះ មន្ទីរពេទ្យ អាគារ​រដ្ឋបាល និង​វត្តអារាម​ជា​ដើម។

ទោះ​ជា​ព្រៃ​ដុះ​ជិត​ទៅ​ហើយ​ក្ដី ក៏​ទី​នេះ​មិន​ត្រូវ​បាន​គេ​បោះបង់​ចោល​ទាំង​ស្រុង​ដែរ។ យ៉ាង​ហោច​ណាស់​ចាប់​តាំង​ពី​ឆ្នាំ ២០១៦​មក អាជ្ញាធរ​ថៃ បាន​កសាង​អាគារ​មួយ​សម្រាប់​តម្កល់​ទុក​ប័ណ្ណ​សារ​នានា ទាក់ទង​នឹង​ជន​ភៀសខ្លួន​ខ្មែរ ដែល​ធ្លាប់​មក​ស្នាក់អាស្រ័យ​នៅ​ទីនេះ ពី​ចុង​ឆ្នាំ ១៩៧៩ ដល់​ឆ្នាំ ១៩៩៣។ អាគារ​នេះ​មាន​ឈ្មោះ​ថា មជ្ឈមណ្ឌល​សិក្សា​អំពី​ប្រវត្តិ​ខៅអ៊ីដាង ដែល​ជា​ការ​រំឭក​អំពី​ការ​ទទួល​ខុសត្រូវ​របស់​ប្រទេស​ថៃ រួម​ជា​មួយ​សហគមន៍​អន្តរជាតិ ជួយ​ដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន​ខ្មែរ​ពេល​នោះ។

ជនជាតិ​ថៃ​មួយ​រូប ដែល​ជា​បុគ្គលិក​ធ្វើការ​នៅ​ទី​នេះ លោក ស៊ុមស៊ី ផៃអ៊ុបផ្លី ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ពេល​មជ្ឈមណ្ឌល​នេះ​បើក​ទ្វារ​នៅ​ឆ្នាំ ២០១៦​មក មាន​ភ្ញៀវ​មក​ទស្សនា​ជា​ហូរហែ។ ភ្ញៀវ​ទាំង​នេះ តែង​តែ​បាន​ចុះ​កំណត់ត្រា​អំពី​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ក្នុង​សៀវភៅ​រំឭក​អនុស្សាវរីយ៍ ដែល​តម្កល់​ទុក​នៅ​ទី​នេះ​ដែរ។ លោក ស៊ុមស៊ី (ផៃអ៊ុបផ្លី) បង្ហាញ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ថា ភាគ​ច្រើន​នៃ​អ្នក​មក​ទស្សនា​ទី​នេះ គឺ​ជា​អតីត​ជនភៀសខ្លួន​ខ្មែរ ដែល​ធ្លាប់​រស់​នៅ​ទី​នេះ។

ក្រៅ​ពី​អតីត​ជន​ភៀសខ្លួន ក៏​មាន​អ្នក​សិក្សា អតីត​អ្នក​ធ្វើការ​ឲ្យ​អង្គការ​អន្តរជាតិ ជន​ជាតិ​ថៃ និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ផង។ ក្នុង​សៀវភៅ​កត់ត្រា​ផ្ញៀវ យើង​ឃើញ​មាន​ឈ្មោះ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ពីរ​រូប គឺ​លោក គង់ វិបុល និង​លោក អៀង សុផល្លែត បាន​ទៅ​លេង​អតីត​ជំរំខៅអ៊ីដាង​នេះ នៅ​ខែ​មករា ឆ្នាំ ២០១៧។

អតីត​ជន​ភៀស​ខ្លួន​ម្នាក់ ក្នុង​ចំណោម​ជនភៀសខ្លួន​ជាច្រើន​នាក់ ដែល​ធ្លាប់​បាន​ត្រឡប់​មក​ទស្សនា​អតីត​ជំរំខៅអ៊ីដាង​នេះ​ម្ដង​ទៀត គឺ​លោក សុខ សារ៉ែន ថ្លែង​ថា លោក​នៅ​តែ​នឹក​ឃើញ​ជីវិត​អតីតកាល ព្រោះ​ទី​នេះ​ធ្លាប់​ផ្ដល់​ជា​ទី​ជម្រក​សុខសាន្ត​ដល់​រូប​លោក និង​ពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់​ផ្សេង​ទៀត ដែល​ភៀស​ខ្លួន​ពី​សង្គ្រាម​នៅ​ក្នុង​ប្រទេស​កម្ពុជា៖ «ទៅ​ដល់​គ្រាន់​តែ​ឃើញ​ភ្នំ​ខៅអ៊ីដាង​ហ្នឹង យើង​ស្លុត​ចិត្ត។ ម្នាក់ៗ គ្រាន់​តែ​ឃើញ​អ៊ីចឹង ចង់​តែ​ទៅ​ដល់​កន្លែង​ដែល​ខ្លួន​នៅ ដូច​ជា វត្ត សំខាន់​រក​វត្ត​ឲ្យ​ឃើញ។ ដំបូង​យើង​វង្វេង​ពេញ​តែ​ព្រៃ ទៅ​រក​ជើង​ភ្នំ​ឃើញ​ហើយ រក​វត្ត​មិន​ឃើញ។ ប៉ុន្តែ​គេ​រក្សា​ទុក​ខ្ទម​អ្នកតា​នោះ។ វត្ត​ហ្នឹង​នៅ​មាន​សល់​ដូច​ជា​កន្លែង​ព្រះ​ដែល​យើង​ដុត​ធូប​ដុត​អី​ហ្នឹង ឃើញ​នៅ​ជា​ស៊ីម៉ង់។ ព្រៃ​វា​ដុះ​លើ​កន្លែង​ណា​ដែល​អត់​ស៊ីម៉ង់​អ៊ីចឹង​ទៅ គ្រប​លើ​ស៊ីម៉ង់»

មុន​នឹង​ទៅ​ដល់​ជំរំខៅអ៊ីដាង ប្រទេស​ថៃ លោក សុខ សារ៉ែន បាន​ភៀសខ្លួន​ពី​ស្រុក​ថ្មពួក ក្នុង​ពេល​ដែល​កងទ័ព​វៀតណាម​សម្រុក​វាយ​ចូល​លុកលុយ​ប្រទេស​កម្ពុជា ផ្ដួល​រំលំ​របប​ខ្មែរក្រហម នៅ​ដើម​​ខែ​មករា ឆ្នាំ ១៩៧៩។ គឺ​ពេល​នោះ​ហើយ ​ដែល​មាន​​​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​សែន​នាក់ រត់​ភៀស​ខ្លួន​ដូច​ទឹក​បាក់​ទំនប់​ពី​ក្នុង​ប្រទេស​ឆ្ពោះ​មក​ព្រំ​ដែន​កម្ពុជា-ថៃ។ ពលរដ្ឋ​ខ្មែរ​ទាំង​នេះ នាំ​គ្នា​រែក​កូន​ជញ្ជូន​ចៅ​រត់​ទៅ​ជាមួយ​យោធា​ខ្មែរក្រហម ដែល​បាក់​ទ័ព មក​នៅ​ផ្ដុំ​គ្នា​តាម​ព្រំដែន។ ការ​មក​ដល់​ព្រំដែន ពួក​គេ​​បង្កើត​បាន​ជា​ជំរំ​​ច្រើន​កន្លែង​នៅ​តាម​បន្ទាត់​ព្រំដែន​ខ្មែរ​ថៃ ដើម្បី​គេច​ចេញ​ពី​ការ​វាយប្រហារ​របស់​កងទ័ព​វៀតណាម។ ជន​ភៀស​ខ្លួន​ទាំង​នេះ រស់​នៅ​ក្នុង​ជំរំ​ក្រោម​ដើម​ឈើ​ជាង ២០​ជំរំ ឋិត​ក្នុង​ទឹក​ដី​ខ្មែរ ចាប់​ពី​ខេត្ត​កោះកុង​រហូត​ដល់​ខេត្ត​ព្រះ​វិហារ ហើយ​ជំរំ​ទាំង​នោះ​មាន​ឈ្មោះ​ផ្សេងៗ គ្នា។ ជា​ពិសេស មាន​ជំរំ​ច្រើន នៅ​តំបន់​ព្រំដែន​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ ដែល​ជាប់​ព្រំប្រទល់​នឹង​ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ​មាន​ជំរំ​ច្រើន។

លោក សុខ សារ៉ែន រំឭក​ឡើង​វិញ​ថា ពេល​ដែល​លោក​រត់​ភៀសខ្លួន​ពី​ស្រុក​ថ្ម​ពួក​ទៅ​ព្រំដែន​នៅ​គ្រា​នោះ គឺ​ជា​ពេលវេលា​ដែល​លំបាក​វេទនា​បំផុត៖ «បញ្ហា​ប្រឈម​ទី​មួយ គឺ​យើង​អត់​មាន​អី​ហូប ហើយ​ប្រជាជន​កើត​ជំងឺ​ខ្វះ​អាហារូបត្ថម្ភ ហើម ខ្លះ​ស្លាប់។ ស្លាប់​ច្រើន​ណាស់ ហើយ​ពេល​ដែល​យើង​ឈឺ​ថ្កាត់ យើង​អត់​មាន​ថ្នាំ​ព្យាបាល»

ស្រដៀង​គ្នា​នេះ​ដែរ អតីត​ជន​ភៀសខ្លួន​ម្នាក់​ទៀត គឺ​លោកស្រី ស្ងួន គីម បញ្ជាក់​បន្ថែម​ថា ក្នុង​ពេល​ភៀស​ខ្លួន​នោះ ជនភៀសខ្លួន​ខ្មែរ​រស់​នៅ​ក្រោម​ការ​ភ័យ​ខ្លាច​គ្រប់​យ៉ាង និង​គ្មាន​សុវត្ថិភាព​ឡើយ។ អ្នក​ខ្លះ​ស្លាប់​ដោយ​សារ​ដាច់​ស្បៀង ជំងឺ​គ្រុន​ចាញ់ និង​ជំងឺ​ដង្កាត់​ផ្សេងៗ ទៀត ដោយ​គ្មាន​ថ្នាំ​ព្យាបាល នៅ​ក្នុង​តំបន់​ព្រៃ​ស្រោង​តាម​ព្រំដែន៖ «ដោយសារ​អត់​បាយ ខ្លះ​ឃ្លាន​ពេក អោប​ឆ្នាំង​ងាប់​ក៏​មាន​ដែរ។ អង្គុយ​ផ្អែក​ដើម​ឈើ​ក៏​ងាប់​ដែរ។ នៅ​កំរៀង នៅ​អូរ​ត្រាង សឹង​តែ​ថា កន្លែង​កប់​ខ្មោច​មិន​ចេះ​តិច​ហិកតារ​ទេ​ដី ធំ​ណាស់។ ងាប់​មួយ​សហករណ៍ៗ ចង់​រលីង។ ដល់​ថ្នាក់​មែនទែន​ទៅ ទាហាន​ថៃ​យក​ម៉ៃខូ (Excavator) កាយ​ដាក់​កប់»

ដោយសារ​តែ​មាន​ការ​​ប្រយុទ្ធ​គ្នា និង​ក្រុម​ចោរ​ឆក់​ចោរ​ប្លន់​ជា​ដើម អ្នក​ខ្លះ​ស្លាប់​ អ្នក​ខ្លះ​ពិការ ព្រោះ​ត្រូវ​គ្រាប់​កាំភ្លើង និង​គ្រាប់​មីន។

ទាំង​លោក សុខ សារ៉ែន និង​លោកស្រី ស្ងួន គីម ដែល​ជា​សាក្សី​រស់​បាន​ឲ្យ​ដឹង​ដូច​គ្នា​ថា ដោយសារ​តែ​ឃើញ​ទុក្ខ​វេទនា​របស់​ជន​ភៀស​ខ្លួន​ខ្មែរ​ទាំង​នេះ​ហើយ ទើប​អង្គការ​សហប្រជាជាតិ​ សហការ​ជាមួយ​យោធា​ថៃ បាន​ប្រមូល​ជន​ភៀស​ខ្លួន​ទាំង​នេះ យក​ទៅ​ដាក់​នៅ​ជំរំ​ស្រះ​កែវ ឋិត​ក្នុង​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ៖ «មាន​ឡាន​ក្រុង​មក​តម្រៀប​ចាំ​នៅ​របង​ជាប់​ព្រំប្រទល់​ខេត្ត​បន្ទាយមានជ័យ ម្ដុំ​ព្រំប្រទល់​គោករមៀត​យើង​សព្វថ្ងៃ​នេះ ខេត្ត​បន្ទាយមានជ័យ​ដែរ។ ម្ដុំ​តាផៈយ៉ា​អី​ហ្នឹង។ គេ​ឲ្យ​យើង​ឡើង​ឡាន​ទៅ ប៉ុន្តែ​របស់របរ​ដូច​ជា​ការ៉ុង​អី យើង​មិន​អាច​យក​បាន​ទេ ទៅ​តែ​ខ្លួន។ មាន​ប្រាក់​អី​យក​បាន ជាប់​ខ្លួន។ ប៉ុន្តែ​អ្វី​ផ្សេង​ដូច​ជា​អង្ករ ខោអាវ​សំពីងសំពោង​អី​យក​អត់​បាន​ទេ គឺ​បោះ​ចោល​ត្រឹម​ហ្នឹង​អស់​ហើយ តាំង​ពី​គោ ក្របី លែង​ចោល​អស់​ហើយ។ អត់​មាន​នរណា​អាច​យក​អី​បាន​ទេ ក្រៅ​ពី​ខោអាវ​មួយ​ចង្កេះ​ហ្នឹង។ ដល់​ពេល​យើង​ឡើង​ឡាន​ទៅ ឡាន​ក្រុង​គេ​បើក​ជូន​យើង​ទៅ ប៉ុន្តែ​ដល់​កន្លែង​មួយ ឡាន​ហ្នឹង​ឈប់​ទាំង​អស់ ហើយ​មាន​ក្រុម​បិទ​មុខ​ឡើង​មក​ប្លន់​យើង។ នរណា​មាន​មាស គឺ​ដោះ​យក​អស់ នាឡិកា​ក៏​ដោះ​យក​អស់ ហើយ​បាន​គេ​ដឹក​យក​ទៅ​ស្រះ​កែវ​ទី​១»

លោកស្រី ស្ងួន គីម បញ្ជាក់​អំពី​រឿង​នេះ៖ «ពួក​ទាហាន​ថៃ បារាំង​ទៅ​ប្រមូល ម៉ែ​ឪ​ខ្លះ​ស្លាប់​សល់​តែ​កូន​កុមារ​កំព្រា​អី​ហ្នឹង​ប្រមូល​យក​មក​ចូល​ជំរំ​ស្រះ​កែវ​ទី ១​ហ្នឹង។អ្នក​ខ្លះ​ចាញ់​នយោបាយ​គេ ក៏​ត្រឡប់​ទៅ​វិញ កាល​នៅ​ស្រះ​កែវ​ទី​១​នោះ។ ភាគ​ច្រើន​ទៅ​យប់ ព្រោះ​អី​មាន​មេ​ខ្មែរក្រហម​មក​បញ្ចុះបញ្ចូល ខ្លះ​ភ្លេច​ខ្លួន ក៏​ទៅ​តាម​គេ​វិញ​ទៅ»

នៅ​ទន្ទឹម​គ្នា​នឹង​ការ​ប្រមូល​ជន​ភៀសខ្លួន​ទៅ​ដាក់​នៅ​ជំរំ​ស្រះ​កែវ​នោះ​ដែរ គឺ​នៅ​ចុង​ខែ​វិច្ឆិកា ឆ្នាំ ១៩៧៩ ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន ហៅ​កាត់​ថា យូ.អិន.អេច្ឆ.ស៊ី.អារ៍ (UNHCR) ដែល​សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ​ថៃ បាន​បង្កើត​ជំរំ​សុវត្ថិភាព​ក្នុង​ទឹក​ដី​ថៃ​មួយ​ទៀត ដើម្បី​ទទួល​ជន​ភៀស​ខ្លួន​ខ្មែរ​ទាំង​នោះ។ គេ​ដាក់​ឈ្មោះ​ជំរំ​នេះ​ថា ជំរំខៅអ៊ីដាង ព្រោះ​តែ​ជំរំ​នេះ​ឋិត​នៅ​នឹង​ជើង​ភ្នំ​ខៅអ៊ីដាង​នេះ​តែ​ម្ដង។

ជើង​ភ្នំ​ខៅអ៊ីដាង ដែល​ធ្លាប់​ជា​ព្រៃ​ស្ងាត់ ពេល​នោះ​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​ឈូស​ឆាយ​ឲ្យ​ក្លាយ​ទៅ​ជា​ប្រជុំ​ជន​នៃ​ជន​ភៀសខ្លួន​ខ្មែរ​រាប់​ពាន់​នាក់ ជ្រក​នៅ​ដោយ​សុវត្ថិភាព ដែល​មិន​ខុស​ពី​ចម្រៀង​របស់​លោក កែវ សារ៉ាត់ ឡើយ។

លោក សុខ សារ៉ែន ដែល​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​ដឹក​ពី​ជំរំ​ស្រះ​កែវ​​ចូល​ជំរំខៅអ៊ីដាង​នៅ​ដើម​ឆ្នាំ​១៩៨០ ក្នុង​វ័យ ៨​ឆ្នាំ នៅ​ចាំ​បាន​ថា អ្វី​ដែល​គេ​យក​ចិត្ត​ទុកដាក់​ដំបូង​នោះ គឺ​បញ្ហា​សុខភាព៖ «គឺ​យើង​ចុះ​ពី​ឡាន​ដែល​គេ​ដឹក​ពី​ស្រះ​កែវ​មក គេ​ឲ្យ​យើង​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ ហើយ​បាន​គេ​ឲ្យ​យើង​នៅ​ជា​របៀប​តង់ ហើយ​ចែក​ឲ្យ​របប​ហូប។ មិន​ទាន់​មាន​ប្រធាន​ក្រុម​អី​ទេ កាល​នោះ។ នៅ​បាន​មួយ​រយៈ បាន​គេ​ចែក​ស្លឹក ឫស្សី និង​គ្រឿង​ប្រដាប់ប្រដា​ធ្វើ​ផ្ទះ​ស្លឹក បាន​ម្នាក់ៗ ចាប់​ផ្ដើម​ធ្វើ​ផ្ទះ​ប្រក់​ស្លឹក​ធ្វើ​ពី​ឫស្សី​ជា​ជួរៗ ហើយ​មាន​ធ្វើ​ជា​សង្កាត់ ជា​កន្លែង​បើក​អាហារ កន្លែង​មណ្ឌល​ផ្សេងៗ»

កាល​ពី​ពេល​បើក​ដំបូងៗ ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ (UNHCR) បាន​បញ្ជូន​រថយន្ត​ក្រុង និង​រថយន្ត​ដឹក​ឥវ៉ាន់​ជា​ច្រើន​គ្រឿង ទៅ​ទទួល​យក​ជន​ភៀសខ្លួន​ខ្មែរ ពី​ជំរំ​ចលនា​តស៊ូ​នានា នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ យក​មក​ដាក់​នៅ​ជំរំ​ខៅអ៊ីដាង​នេះ។ ជន​ភៀសខ្លួន​ខ្មែរ ដែល​ស្ម័គ្រ​ចិត្ត​ចាកចេញ​ពី​ជំរំ​នៅ​ជាយដែន ទៅ​រស់​នៅ​ក្នុង​ជំរំ​ក្នុង​ទឹកដី​ថៃ​នេះ ក៏​ព្រោះ​តែ​គេ​ចង់​រួច​ផុត​ពី​ភាព​អត់​ឃ្លាន និង​គេច​ផុត​ពី​ការ​ច្បាំង​គ្នា ដែល​កើត​មាន​ជា​ញឹកញាប់ រវាង​កងទ័ព​អ្នក​តស៊ូ​នៅ​តាម​ព្រំ​ដែន និង​កងទ័ព​វៀតណាម​រួម​ជា​មួយ​កងទ័ព​រដ្ឋាភិបាល​ខ្មែរ​ពេល​នោះ ដែល​គេ​ហៅ​ថា កងទ័ព ហេង សំរិន។

ជំរំខៅអ៊ីដាង ដែល​មាន​ទំហំ​ជាង ២​គីឡូម៉ែត្រ​ក្រឡា (.៣​គីឡូម៉ែត្រ) បាន​ទទួល​ក្រុម​ជន​ភៀស​ខ្លួន​ដំបូង​គេ​ជិត ៥​ពាន់​នាក់។ នៅ​ពាក់​កណ្ដាល​ឆ្នាំ ១៩៨០ តួលេខ​ជន​ភៀសខ្លួន​ខ្មែរ​ក្នុង​ជំរំខៅអ៊ីដាង បាន​កើន​ឡើង​ដល់​ចំនួន ១៦​ម៉ឺន (១៦០,០០០) នាក់។ តួលេខ​នេះ ធ្វើ​ឲ្យ​អង្គការ UNHCR បិទ​លែង​ទៅ​ទទួល​យក​ជន​ភៀសខ្លួន​ពី​ព្រំដែន​មក​ទៀត។ ហេតុ​នេះ​ហើយ បាន​ជា​មាន​ជន​ភៀសខ្លួន​ខ្លះ​ធ្វើ​ដំណើរ​កាត់​ព្រៃ​ដោយ​ខ្លួន​ឯង លួច​ចូល​ទៅ​រស់នៅ​ក្នុង​ជំរំខៅអ៊ីដាង​នេះ។

លោក ខូយ កុសល ជា​អតីត​អ្នក​ខៅអ៊ីដាង​ម្នាក់ ដែល​បាន​លប​ចូល​ទៅ​រស់​នៅ​ក្នុង​ជំរំខៅអ៊ីដាង​នៅ​ឆ្នាំ​១៩៨៤ ក្នុង​គ្រា​ដែល​ជំរំ​នៅ​តាម​ព្រំ​ដែន​ត្រូវ​រង​ការ​វាយប្រហារ​ពី​កងទ័ព​វៀតណាម៖ «យើង​គេច​ពី​យួន​មក​ទេ។ ដល់​ពេល​ចូល​ខៅអ៊ីដាង​ហ្នឹង​ទៅ ក៏​មាន​គេ​ថា យក​ខ្មែរ​ទៅ​ស្រុក​បរទេស​អី ប្រទេស​ទី​៣ យើង​ក៏​ប្រាថ្នា​រស់​នៅ​ទី​នោះ​បន្ត​ទៀត​ទៅ​កុំ​ឲ្យ​ពិបាក​ត្រឡប់​ទៅ​វិញ ព្រោះ​ជំនាន់​ឆ្នាំ ១៩៨៤ ហ្នឹង​រត់​គេច​គ្រាប់​ផ្លោង​យួន​បាញ់​គ្នា​ជាមួយ​ប៉ារ៉ា​សេរីកា និង​ជា​មួយ​ខ្មែរ​ក្រហម​ហ្នឹង គឺ​ត្រូវ​តែ​គេច​មុខ​គ្រាប់​ហើយ។ ទៅ​វិញ​ម្ដេច​កើត បើ​យួន​នៅ​អស់​ហើយ​កាល​នោះ មាន​តែ​ចូល​ខៅអ៊ីដាង​ហ្នឹង»

លោក ខូយ កុសល មាន​ប្រសាសន៍​ថា ការ​រស់​នៅ​ក្នុង​ជំរំ​ខៅអ៊ីដាង​មាន​សុវត្ថិភាព​ជាង​ជំរំ​តាម​ជាយ​ដែន៖ «វា​អត់​មាន​នរណា​ការពារ​សន្តិសុខ​ឲ្យ​យើង​ទេ គឺ​ខ្លួន​ទីពឹង​ខ្លួន នៅ​តាម​ជាយដែន។ ប៉ុន្តែ​យើង​មក​នៅ​ខៅអ៊ីដាង មាន​ទាហាន​ថៃ​ការពារ។ អ្នក​មាន​សិទ្ធិ​នៅ​ក្នុង​ខៅអ៊ីដាង យូ.អិន.អេច្ឆ.ស៊ី.អរ ការពារ។ ម្ល៉ោះ​ហើយ​វា​ល្អ​ជាង​នៅ​ជាយដែន។ យូ.អិន.អេច្ឆ.ស៊ី.អរ គេ​បើក​បន្លែ​បើក​សាច់ អង្ករ​គ្រប់សព្វ​ឲ្យ​យើង​មិន​ខ្វះ​អី​ស៊ី។ នរណា​ចង់​ធ្វើ​អី ធ្វើ​ហ្នឹង​ទៅ។ នរណា​ចង់​រៀន​អី​ក៏​រៀន​ទៅ»

នៅ​ក្នុង​ជំរំខៅអ៊ីដាង អ្នក​ដែល​រស់​នៅ​ស្រប​ច្បាប់ គឺ​អ្នក​ដែល​អង្គការ យូ.អិន.អេច្ឆ.ស៊ី.អរ ចុះបញ្ជី​ទទួល​ស្គាល់ និង​ចេញ​ប័ណ្ណ​សម្គាល់​ខ្លួន​ឲ្យ​មាន​សិទ្ធិ​រស់​នៅ ក្នុង​ជំរំ​នេះ​បាន«ពេល​យើង​នៅ​ខៅអ៊ីដាង យើង​ទទួល​ការ​ឧបត្ថម្ភ​ពី​អង្គការ​សហប្រជាជាតិ​ទាំង​ការ​អប់រំ ទាំង​សុខាភិបាល ចំណី​អាហារ គឺ​យើង​ហូប​មួយ​គ្រប់​គ្រាន់។ មិន​សល់ ហើយ​ក៏​មិន​ខ្វះ។ ទាំង​ស្បៀង​អាហារ​ទាំង​ទឹក​ទាំង​អី គឺ​មួយ​គ្រប់ ហើយ​ការ​អប់រំ គឺ​មិន​មាន​បង់​ប្រាក់​ទេ ទៅ​កន្លែង​ណា ក៏​យើង​អាច​រៀន​បាន ពី​មត្តេយ្យ​ក៏​បាន បឋម​ក៏​មាន ហើយ​ទៅ​វិទ្យាល័យ»

ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​ដែល យូ.អិន.អេច្ឆ.ស៊ី.អរ និង​កង​ការពារ​ថៃ ​មិន​ទាន់​បាន​ទទួល​ស្គាល់ គឺ​ជា​អ្នក​ខុស​ច្បាប់ មិន​មាន​ប័ណ្ណ​សម្គាល់​ខ្លួន និង​មិន​មាន​សិទ្ធិ​ទទួល​បាន​របប​អាហារ​ឡើយ។ អ្នក​ដែល​លប​ចូល​មក​រស់​នៅ​ដោយ​ខុស​ច្បាប់​ទាំង​នោះ ត្រូវ​រស់​នៅ​ដោយ​​ក្ដី​ព្រួយ​បារម្ភ​ជានិច្ច ព្រោះ​ខ្លាច​គេ​ចាប់​បញ្ជូន​ចេញ​ទៅ​ជំរំ​នានា វិញ។ ដូច្នេះ​ហើយ​ទើប​អ្នក​ទាំង​នោះ រួម​ទាំង​រូប​លោក ខូយ កុសល ផង ត្រូវ​រត់​ពួន​ក្នុង​ជញ្ជាំង​ភ្លោះ ឬ​ក្នុង​រូង​ក្រោម​ដី ពេល​ដែល​ទាហាន​ថៃ​ចុះ​ឆែក​ម្ដងៗ។ អ្នក​ខ្លះ​ស្លាប់​ពេល​រត់​ពួន​នោះ៖ «យើង​អត់​ច្បាប់​ពួន ជីក​ត្រង់សេ (រូង​ដី) នៅ​ក្នុង​ដី​ធ្វើ​បំពង់​ដក​ដង្ហើម​តាម​សសរ​ឫស្សី​ផ្ទះ​ហ្នឹង ចោះ​ឲ្យ​ប្រហោង​ទាំង​អស់ ដក​ដង្ហើម​តាម​ហ្នឹង ហើយ​ត្រង់សេ​បិទ​ដី​ឲ្យ​ជិត ហើយ​នៅ​ក្នុង​ហ្នឹង​ទៅ។ អ្នក​ដែល​មាន​របប គេ​មាន​សិទ្ធិ​រស់​នៅ​ស្រួល​របស់​គេ។ ប៉ុន្តែ​យើង​ដែល​ទើប​នឹង​មក មិន​អាច​រស់នៅ​បាន​ទេ។ រត់​ពួន​ទាហាន​ថៃ ព្រោះ​យើង​អត់​ច្បាប់ យើង​អត់​សិទ្ធិ​រស់នៅ។ រស់​នៅ​ផ្លាស់​យប់​ឡើង។ ថ្ងៃ​ក៏​មិន​ហ៊ាន​ដើរ នៅ​តែ​ក្នុង​ផ្ទះ​ក្នុង​ត្រង់សេ ទម្រាំ​តែ​គេ​បើក​របប​ឲ្យ ទើប​បាន​សិទ្ធិ​រស់នៅ។ នៅ​សម័យ​ឆ្នាំ ១៩៨៤​ហ្នឹង អ្នក​ខ្លះ​ងាប់​ក្នុង​ស៊ីទែន​ទឹក»

នៅ​គ្រា​ដំបូងៗ ជំរំខៅអ៊ីដាង ក្រៅ​ពី​ជម្រក​ស្នាក់នៅ​របស់​ជន​ភៀស​ខ្លួន អង្គការ​អន្តរជាតិ​សម្រាប់​សង្គ្រោះ​បន្ទាន់ ដូច​ជា​គណៈកម្មការ​កាកបាទ​ក្រហម​អន្តរជាតិ (ICRC) ក៏​បាន​បោះតង់​បង្កើត​មន្ទីរ​ពេទ្យ ដើម្បី​ជួយ​វះកាត់​អ្នក​ជំងឺ រង​របួស និង​សង្គ្រោះ​ជា​បន្ទាន់​ដែរ។ មិន​យូរ​ប៉ុន្មាន ជម្រក​សំពត់​កៅស៊ូ ក៏​ក្លាយ​ទៅ​ជា​ផ្ទះ​ធ្វើ​ពី​ដើម​ឫស្សី និង​ស្លឹក​ចាក​រាប់​ម៉ឺន​ខ្នង។ រី​ឯ​មន្ទីរពេទ្យ​នៅ​ក្រោម​សំពត់​តង់ ក៏​ក្លាយ​ទៅ​ជា​អាគារ​ឈើ​ប្រក់​ស័ង្កសី​ចាក់​បេតុង ក្លាយ​ជា​​មន្ទីរពេទ្យ​បង្អែក​រឹងមាំ​សម្រាប់​ទទួល​អ្នក​ជំងឺ​របួស​ដែល​គេ​បាន​បញ្ជូន​មក​ពី​ជំរំ​នានា នៅ​តាម​ព្រំដែន។ មន្ទីរពេទ្យ​នេះ​មាន​គ្រូពេទ្យ​​មក​ពី​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប ជប៉ុន ថៃ និង​បុគ្គលិក​ខ្មែរ​ជាង ១០០​នាក់។

ការ​រស់​នៅ​ក្នុង​ជំរំ​នេះ ជន​ភៀស​ខ្លួន​ខ្មែរ​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ យូ.អិន.អេច្ឆ.ស៊ី.អារ៍ (UNHCR) និង​ក្រសួង​មហាផ្ទៃ​ថៃ ទទួល​បន្ទុក​ការពារ​យ៉ាង​តឹងរ៉ឹង ដោយ​មាន​របង​លួស​បន្លា​ព័ទ្ធ​ហ៊ុំ​ជុំវិញ​ពីរ​ជាន់ និង​ដាក់​ទាហាន​ថៃ​ការពារ ដែល​ខុស​ពី​ជំរំ​ផ្សេង​ទៀត​នៅ​តាម​បន្ទាត់​ព្រំដែន​ក្នុង​ទឹក​ដី​ខ្មែរ។

លោក សុខ សារ៉ែន នៅ​ជំរំខៅអ៊ីដាង អង្គការ​សហប្រជាជាតិ​​បាន​រៀបចំ​ឲ្យ​មាន​ទឹក​សម្រាប់​ប្រើប្រាស់ និង​មាន​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ ភ្លើង​បំភ្លឺ និង​ប្រឡាយ​ទឹក​ខ្វាត់ខ្វែង មាន​មន្ទីរពេទ្យ សាលារៀន ​វត្តអារាម និង​ស្ថាប័ន​ការងារ​រដ្ឋបាល​ជា​ដើម៖ «សេវា​សាធារណៈ ភ្លើង​នៅ​ក្នុង​ជំរំ​ក៏​មាន គ្រាន់​តែ​មិន​បាន​តាម​ផ្ទះ។ ប៉ុន្តែ​បើ​យើង​ដើរ​តាម​ផ្លូវ មាន​ភ្លើង​ភ្លឺ​ចិញ្ចាច​ដើរ​លេង​មួយ​សប្បាយ ហើយ​ផ្លូវ​ថ្នល់ យើង​ជិះ​កង់​មួយ​ស្រួល។ បើ​និយាយ​ទៅ យើង​រស់​នៅ​ទី​នោះ​មាន​សុវត្ថិភាព​ខ្ពស់ ទទួល​ការ​អប់រំ​បាន​ល្អ។ ការ​អប់រំ ក្រៅ​ពី​រៀន​ចំណេះដឹង​ទូទៅ យើង​មាន​សាលា​វិជ្ជាជីវៈ»

ក្រៅ​ពី​មន្ទីរពេទ្យ​កាកបាទ​ក្រហម​អន្តរជាតិ អង្គការ​មនុស្សធម៌​មិនមែន​រដ្ឋាភិបាល​ជា​ដៃ​គូ​ជា​ច្រើន​ទៀត ក៏​ចូល​មក​ផ្ដល់​សេវា​ជួយ​ជនភៀសខ្លួន​ដែរ។

ចំណែក​លោកស្រី ស្ងួន គីម ថ្លែង​ថា ជីវិត​រស់​នៅ​ជា​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ជំរំខៅអ៊ីដាង មិន​ត្រឹម​តែ​មាន​ជម្រក​សមរម្យ​ទេ គឺ​ថែម​ទាំង​បាន​ទទួល​របប​អាហារ​ហូបចុក​គ្រប់គ្រាន់ ដែល​អង្គការ​សហប្រជាជាតិ​ចែក​ឲ្យ​ជា​រៀងរាល់​សប្ដាហ៍៖ «ពួក​ខ្ញុំ​លែង​កម្សត់​ទៀត​ហើយ ព្រោះ​អី​គេ​ជួយ​ឧបត្ថម្ភ​ជីវភាព​រស់​នៅ តាំង​ពី​ថ្នាំ​លេប តាំង​ពី​ស្អី​សព្វ​គ្រប់​បែប​យ៉ាង យើង​រស់​បាន​ស្រួល។ គេ​រក​ការងារ​ឲ្យ យើង​ចង់​ធ្វើ​ការ​ងារ​អី​គេ​រក​ការងារ​ឲ្យ​យើង​ធ្វើ​ទៀត»

ជំរំ​ខៅអ៊ីដាង ជា​កន្លែង​សម្រាប់​ជន​ភៀសខ្លួន​ខ្មែរ​រត់​គេច​ពី​ទុក្ខ​ភ័យ ហើយ​ក៏​ទី​សំចត​ក្នុង​ពេល​រង់ចាំ​ទៅ​តាំង​លំនៅ​ថ្មី​នៅ​ប្រទេស​ទី​បី ឬ​ត្រូវ​បញ្ជូន​ទៅ​ជំរំ​ផ្សេងៗ ទៀត ដែល​សម្របសម្រួល​ដោយ UNHCR។ ប្រសិនបើ​គេ​គិត​ចាប់​ឆ្នាំ ១៩៧៥ ដល់​ឆ្នាំ ១៩៩២ មាន​ជន​ភៀសខ្លួន​ខ្មែរ​ប្រមាណ ២៣​ម៉ឺន ៥​ពាន់​នាក់ (២៣៥.០០០​នាក់) បាន​ទៅ​តាំង​ទី​លំនៅ​ថ្មី​ក្នុង​ប្រទេស​ទី​៣ ដូច​ជា ​សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា និង​បារាំង ជាដើម។ ភាគ​ច្រើន​បំផុត​នៃ​អ្នក​ទៅ​តាំង​ទី​លំនៅ​ថ្មី​ក្នុង​ប្រទេស​ទី​៣ ទាំង​នេះ គឺ​សុទ្ធ​តែ​បាន​ឆ្លងកាត់​តាម​ជំរំ​ខៅអ៊ីដាង​នេះ។

លោកស្រី ស្ងួន គីម នៅ​តែ​នឹក​ឃើញ​គុណ​អង្គការ​សហប្រជាជាតិ ដែល​បង្កើត​ជំរំ​សម្រាប់​ជនភៀសខ្លួន។

លោក សុខ សារ៉ែន ថ្លែង​ថា លោក​បាន​មក​លេង​កន្លែង​ដើម​នេះ ពីរ​លើក​​ហើយ គឺ​នៅ​ឆ្នាំ​២០១៥ និង​២០១៦ ព្រោះ​លោក​នៅ​តែ​នឹក​ឃើញ​ថា ជំរំខៅអ៊ីដាង គឺ​ជា​កន្លែង​ដែល​ផ្ដល់​ម្ហូប​អាហារ និង​ការ​គាំពារ​សុវត្ថិភាព​ដល់​ជន​ភៀស​ខ្លួន​ខ្មែរ៖ «អ្វី​ដែល​ខ្ញុំ​ចងចាំ​មក​ដល់​សព្វថ្ងៃ គឺ​ការងារ​យើង​មើល បើ​និយាយ​ពី​ស្បៀង យើង​ហូប​មួយ​គ្រប់ ហើយ​បើ​និយាយ​ពី​ការ​អប់រំ​វិញ គឺ​ការ​អប់រំ​នោះ​មិន​ជា​ល្អ​ណាស់​ណា​ទេ ប៉ុន្តែ​សិស្ស​ចេះ។ បើ​ចង់​រៀង​អង់គ្លេស មាន​អង់គ្លេស បើ​បង់​រៀន​ផ្នែក ជេវីស៊ី (JVC) មាន​គ្រប់ តាំង​ពី​ស្អី​ក៏​មានហើយ​នៅ​ក្នុង​ការ​អប់រំ​ចំណេះ​ទូទៅ​វិញ អ្វី​ដែល​ខ្ញុំ​ចាប់​អារម្មណ៍ គឺ​ក្រៅ​ពី​ការ​រៀន​គណិតវិទ្យា​អី​ហ្នឹង មាន​សេវា​សុខាភិបាល គេ​ពិនិត្យ​យើង។ និយាយ​ទៅ​ជំរំ​ផ្ដល់​ក្ដី​សុខសាន្ត​ដល់​យើង​មែន។ អ្នក​ទៅ​នៅ​អាមេរិក​អី គឺ​បាន​ដោយសារ​ជំរំ​ទេ បាន​មាន​ថ្ងៃ​ឥឡូវ​នេះ។ គិត​ទៅ​អង្គការ​សហប្រជាជាតិ គាត់​មាន​គុណ​បំណាច់​ខ្ពស់​បំផុត។ អស្ចារ្យ​មែន

លោក និង​មិត្តភ័ក្ដិ​អតីត​ជន​ភៀសខ្លួន​ផ្សេង​ទៀត ពេញ​ចិត្ត​ចំពោះ​រដ្ឋាភិបាល​ថៃ ដែល​រក្សា​ទី​នេះ​ជា​កន្លែង​សិក្សា​អំពី​ប្រវត្តិ​ជនភៀសខ្លួន​ខ្មែរ។ លោក​មិន​ចង់​ឲ្យ​ទីតាំង​នេះ​រលប់​បាត់​ទៅ​តាម​ព្រៃ​ដុះ​នោះ​ទេ៖ «អ៊ីចឹង​ជំរំ​ហ្នឹង​វា​យ៉ាង​ម៉េច យើង​ចង់​ឲ្យ​មាន​ការ​ថែទាំ​ដូច​ជា​ស្ថានីយ​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ជនភៀសខ្លួន។ មាន​អ្នក​ខ្លះ​គេ​មក​ពី​ប្រទេស​ក្រៅ គេ​ចំណាយ​លុយ គេ​មក​មើល​កន្លែង​ដែល​គេ​ធ្លាប់​រស់​នៅ។ ថៃ​ក៏​បាន​ចំណេញ​ដែរ ពេល​ដែល​ប្រជាពលរដ្ឋ​យើង​ទៅ​លេង យើង​ត្រូវ​បង់​សេវា យើង​ត្រូវ​ជួល​ឡាន យើង​ត្រូវ​ទិញ​ម្ហូបអាហារ ហើយ​អនាគត​ទៅ មិន​មែន​ត្រឹម​តែ​មនុស្ស​មួយ​ក្រុម​ទេ គឺ​មនុស្ស​ចង់​ចូល​ម៉ឺន​នាក់​នៅ​ជំរំ ត្រូវ​មាន​កូន​គាត់ គាត់​ទៅ​នៅ​ប្រទេស​ក្រៅ មាន​ចៅ ពេល​និយាយ​ត​គ្នា​ទៅ អ៊ីចឹង​ពួក​ទាំង​អស់​នោះ​មក​លេង​កន្លែង​ហ្នឹង ព្រោះ​គេ​ចង់​ឃើញ​ណាស់»

ជំរំខៅអ៊ីដាង ត្រូវ​បាន​បិទ​ទាំង​ស្រុង​នៅ​ឆ្នាំ ១៩៩៣ គឺ​បន្ទាប់​ពី​ក្រុម​ជន​ភៀសខ្លួន​ខ្មែរ ១៩៩​នាក់​ចុង​ក្រោយ ចាកចេញ​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ។

ចំណែក​លោកស្រី ស្ងួន គីម គឺ​ថិត​នៅ​ក្នុង​ចំណោម​អ្នក​ដែល​ចាកចេញ​ក្រោយ​គេ​នោះ។ លោកស្រី​មាន​ប្រសាសន៍​ថា ហេតុផល​ដែល​លោកស្រី​ចាកចេញ​ទៅ​ក្រោយ​គេ​ពេល​នោះ គឺ​ព្រោះ​មិន​ចង់​វិល​ទៅ​ស្រុក​ខ្មែរ​វិញ៖ «ខ្ញុំ​ក្រាញ​ថា អត់​ទៅ​ស្រុក​ខ្មែរ​ដាច់ខាត។ ថា​បើ​គេ​ដឹក​មក​ប្រទេស​ទី​៣ អាមេរិក​អី​ហ្នឹង គឺ​មក​ហើយ ឬ​ប្រទេស​ណា​ក៏​បាន​ដែរ ឲ្យ​តែ​បាន​ចេញ។ ប៉ុន្តែ​ពេល​ហ្នឹង គេ​សរសេរ​ប៉ាយ​ធំៗ ដាក់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​នៅ​ទី​នោះ គេ​ស្ម័គ្រ​ចិត្ត​នឹង​ធ្វើ​មាតុភូមិ​និវត្តន៍​ទៅ​នៅ​ប្រទេស​ខ្លួន​វិញ។ បើ​គេ​ដាក់​អ៊ីចឹង​ហើយ យើង​មិន​ទៅ? ពួក​កាសែត​ចូល​អត់​បាន​ទេ កាល​នោះ»

ចាប់​តាំង​ពី​ក្រុម​ជន​ភៀសខ្លួន​ចុង​ក្រោយ ១៩៩​នាក់ ចាកចេញ​មក អតីត​ជំរំ​ជនភៀសខ្លួន​ខៅអ៊ីដាង​នេះ ក៏​ក្លាយ​ទៅ​ជា​ព្រៃ​ភ្នំ​ស្ងាត់​ជ្រងំ​ដូច​ដើម​វិញ។ បន្ទាប់​ពី​បាន​បិទ​ទាំង​ស្រុង​អស់​រយៈ​ពេល ១៣​ឆ្នាំ អតីត​ជំរំខៅអ៊ីដាង ត្រូវ​បាន​រដ្ឋាភិបាល​ថៃ​ប្រែ​ក្លាយ​ទៅ​ជា​កន្លែង​បណ្ដុះ​កូន​ឈើ និង​ជា​មជ្ឈមណ្ឌល​សិក្សា​អំពី​ប្រវត្តិ​ជន​ភៀសខ្លួន​ខ្មែរ ក្នុង​អំឡុង​ទសវត្ស ៧០ និង ៨០។

បច្ចុប្បន្ន មជ្ឈមណ្ឌល​សិក្សា​អំពី​ប្រវត្តិ​ជន​ភៀសខ្លួន​ខ្មែរ ខៅអ៊ីដាង​មាន​តម្កល់​រូបថត​ និង​ឯកសារ​ពាក់ព័ន្ធ​នានា សម្រាប់​អ្នក​ទៅ​ស្វែង​យល់​អំពី​ជនភៀសខ្លួន​ខ្មែរ និង​អតីត​ជំរំ​នេះ។ ទីតាំង​ខ្លះ ត្រូវ​បាន​គេ​ដាក់​ស្លាក​សញ្ញា​សម្គាល់។ នៅ​ក្នុង​ព្រៃ ក៏​មាន​បន្សល់​ទុក​ស្លាកស្នាម​ទីតាំង និង​បំណែក​របស់របរ ដែល​ជនភៀសខ្លួន​ខ្មែរ​ធ្លាប់​ប្រើប្រាស់ ដូច​ជា​អាង​ទឹក បំណែក​ពាង​ទឹក គ្រឿង​ចាន​ឆ្នាំង និង​គុម្ព​ផ្កា​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

The Life in Kao I Dang Camp Thai Land
The camp is about two mile square with Hundreds of Thousands of Cambodian civilian refugees, every day we only see people walk back and forth and full of red dry dust in the air, sound of the crowed and children cried with a lot of distress. I am a young man active person, understood situation that Khmer people needs help in this camp .I decided to volunteer worked without pay as money but they provide me more food supplies, I was serving as an Artist group of Journalism News Call SOKSABUY (in English mean Hello How are You), also make the Children book for the temporary schools in the camp. I worked for the Kao I Dang Khmer community writing E.D.C (Education Development center), it was sponsored by the Christian organization name the world Concern and Save the children under umbrella of UNHCR in this camp.
Because Kao I Dang camp in Thailand is too crowed (2 Km Squared) water supplies are not enough (2 buckets per family in summer weather of 90 degree) it is not enough for my family of six people, Normal bath is not allowed, in one person only use 2Lites of water to cold off per day, Lucky I worked in the E.D.C (Education Development center), so I can used water supply from my work place.
Temporary hospital (supply by UNHCH) all kind of diseases appears on many people. Patients was die, but a lot patients was care and save. The big Christian organization like world concern, save the children, and the world Red Cross enters into camp to help. Unfortunate the helping was limited by Thai government .Thai soldiers patrol the outside camp fens, if they see refugee try to open the fen to get out searching for more food, they shot them to kill. Food supply is very poor condition just to survive. I had seen The UNHCR bring the food and supplies into the camp, but they have to stop and pay the Thai soldier to get the food and supplies inside the camp as well. Whatever happens, these organizations teams did their best of duty to save many Cambodian life.
Because The Kao I Dang camp is too crowed the UNHCR and Red Cross had decided to slit people to another camp. My family was transit to the new camp call Kabchhoeung camp in Sorin Thailand. In that camp is better than Kao I Dang camp .The house is made from cements sheet rocks and in good quality condition, most of the Thai people in Sorin speak Cambodia very well, Cambodian calls Khmer Sorin. The Thai solder in Sorin allowed people to go out the camp one a week to the river nearby for swimming. At that time I wrote a lot of letters to a lot of countries ambassador around the world requested the permission to live in their country. I had decided to attend the Christian Sunday Bible study in that camp, because I love to read the book, I had read the bible book of John again and again and I prayed God Jesus to help me understand the meaning in bible verse. Yes God had answered my pray, also I got a job as an Artist and writer in the new camp. I had attended the Christian church over there every Sunday. In 1983 my family was accepted by Unite State of America to settle a new life .
Kao I Dang is the Refugee Camp in Thai Land that I will never forget it.

Apr 10, 2018 01:52 PM

គេហទំព័រ​ទាំងមូល