ព្រះរាជា​សម័យ​អង្គរ (ភាគ​១០)

ដោយ ជុន ច័ន្ទបុត្រ
2014-04-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ព្រះរាជា​ទាំង​ឡាយ​នៃ​សម័យ​អង្គរ មិន​ត្រឹម​តែ​ជា​មេ​ដឹក​នាំ​ប្រកប​ដោយ​ទេពកោសល្យ​ក្នុង​ការ​សាង​សមិទ្ធផល​សំណង់​ដ៏​អស្ចារ្យ​នៅ​លើ​ពិភពលោក​នេះ​ទេ តែ​ជា​ក្សត្រ​ដ៏​អង់អាច​ក្លាហាន​ក្នុង​កិច្ច​ការពារ និង​ពង្រីក​ទឹក​ដី​ថែម​ទៀត​ផង។

ជា​បន្ត​ទៅ​ទៀត​នេះ លោក ជុន ច័ន្ទបុត្រ សូម​រៀប​រាប់​ជូន​នូវ​ព្រះរាជា​សម័យ​អង្គរ បី​ព្រះអង្គ គឺ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៣ ព្រះបាទ​ឥន្ទ្រវរ្ម័ន​ទី​១ និង​ព្រះបាទ​យសោវរ្ម័ន​ទី​១។

ក២. ព្រះបាទ​ជ័យវរ្ម័ន​ទី​៣ (៨៥៤-៨៧៧)

ក្រោយ​ពី​ព្រះបាទ​ជ័យវរ្ម័ន​ទី​២ ព្រះរាជា​ដំបូង​នៃ​សម័យ​មហា​នគរ ទ្រង់​សោយ​ទិវង្គត​ទៅ​នៅ​ឆ្នាំ​៨៥០ ឬ​ឆ្នាំ​៨៥៤ នោះ ព្រះរាជបុត្រ​របស់​ព្រះអង្គ​ព្រះនាម​ជយវ៌ធន ឬ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៣ បាន​ទ្រង់​ឡើង​គ្រងរាជ្យ​ស្នង​ពី​ព្រះ​បិតា។ ព្រះបាទ​ជ័យវរ្ម័ន​ទី​៣ ដែល​ទ្រង់​មាន​និស្ស័យ​ពី​កំណើត​សព្វ​ព្រះទ័យ​តែ​នឹង​សាង​អំពើ​ល្អ ទ្រង់​សោយរាជ្យ​ដោយ​សុខ​សន្តិភាព​ក្នុង​រយៈពេល​យ៉ាង​យូរ ខំ​ថែ​រក្សា និង​ធ្វើ​អោយ​កាន់​តែ​ប្រសើរ​ឡើង​នូវ​ភាព​ថ្កុំថ្កើង​រុងរឿង ដែល​ជា​មរតក​ដែល​បិតា​ព្រះអង្គ​បាន​បន្សល់​ទុក​អោយ​មក។ ព្រះអង្គ​ទ្រង់​មាន​ចំណង់ និង​ចំណូល​ព្រះទ័យ​ខាង​ការ​ប្រមាញ់​ដំរី​ណាស់។ ព្រះអង្គ​ទ្រង់​បាន​សាង​ប្រាសាទ​ខ្លះ​នៅ​តំបន់​អង្គរ។

ព្រះបាទ​ជ័យវរ្ម័ន​ទី​៣ ទ្រង់​គង់​នៅ​រាជធានី​ហរិហរាល័យ (រលួស) រហូត​ដល់ គ្រិស្ដសករាជ​៨៧៧ ហើយ​ទ្រង់​ចូល​ទិវង្គត​ទៅ​ដោយ​គ្មាន​បន្សល់​បុត្រ ដើម្បី​ស្នងរាជ្យ​បន្ត​ឡើយ។ ក្នុង​ពេល​ដែល​ព្រះអង្គ​សោយ​ទិវង្គត​ទៅ ព្រះអង្គ​ទ្រង់​បាន​ទទួល​ព្រះមរណនាម​ថា វិស្ណុ​លោក។

ក៣. ព្រះបាទ​ឥន្ទ្រវរ្ម័ន​ទី១ (៨៧៧-៨៨៩)

ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៣ ទ្រង់​សោយ​ទិវង្គត ហើយ​គ្មាន​បុត្រ​នឹង​ស្នងរាជ្យ​ផង​នោះ ប្អូន​ជីដូន​មួយ​របស់​ព្រះអង្គ ព្រះនាម​ឥន្ទ្រវរ្ម័ន​ទី​១ ក៏​បាន​ទទួល​រាជ្យ​សម្បត្តិ​បន្ត​ពី​ព្រះអង្គ នៅ​ឆ្នាំ​៨៧៧ នៃ​គ្រិស្ដសករាជ។ ព្រះបាទ​ឥន្ទ្រវរ្ម័ន​ទី​១ ជា​ព្រះមហាក្សត្រ​អង់អាច​ក្លៀវក្លា មាន​ស្នាព្រះហស្ត​យ៉ាង​ច្រើន​ក្នុង​កិច្ចការ​ការពារ និង​កសាង​ប្រទេស​ជាតិ។ ក្រោយ​ពី​ពេល​ដែល​ព្រះអង្គ​ទ្រង់​បាន​ឡើង​គ្រងរាជ្យ​ក្នុង​ឆ្នាំ​៨៧៧ ព្រះអង្គ​ទ្រង់​បាន​ចាត់​ចែង​អោយ​ជីក​បារាយណ៍ គឺ​អាង​ទឹក​មួយ​យ៉ាង​ធំ​ស្ថិត​នៅ​ខាង​ជើង​រាជធានី មាន​បណ្តោយ​ប្រវែង ៣​គីឡូម៉ែត្រ និង​ទទឹង ៨០០​ម៉ែត្រ មាន​ឈ្មោះ​ថា ឥន្ទ្រតដាក ដែល​បាន​ផ្តល់​ផល​ប្រយោជន៍​យ៉ាង​ធំ​ចំពោះ​វិស័យ​កសិកម្ម។ នៅ​ឆ្នាំ​៨៧៩ ព្រះអង្គ​ទ្រង់​បាន​កសាង​ប្រាសាទ​ព្រះគោ ជា​ប្រាសាទ​ដែល​មាន​ប្រាង្គ​ឥដ្ឋ​ចំនួន​ប្រាំមួយ តម្រៀប​គ្នា​ជា​ពីរ​ជួរ​មុខ​ក្រោយ ស្ថិត​នៅ​លើ​ខឿន​តែ​មួយ ដើម្បី​ឧទ្ទិស​ចំពោះ​បុព្វការី​ជន​របស់​ព្រះអង្គ គឺ​មាតា​បិតា ជីដូន​ជីតា​ខាង​ព្រះមាតា និង​ព្រះបាទ​ជ័យវរ្ម័ន​ទី​២ ព្រម​ទាំង​ព្រះអគ្គមហេសី​របស់​ព្រះអង្គ​ផង។

នៅ​ឆ្នាំ​៨៨១ ព្រះបាទ​ឥន្ទ្រវរ្ម័ន​ទី​១ ទ្រង់​បាន​កសាង​ប្រាសាទ​បាគង នៅ​ចំ​កណ្ដាល​រាជធានី​ហរិហរាល័យ ដែល​ជា​ប្រាសាទ​ភ្នំ​សាង​អំពី​ថ្ម​ភក់​ដំបូង មាន​ខឿន​បី​ជាន់​សម្រាប់​តម្កល់​លិង្គ​ទេវរាជ​ដែល​មាន​ឈ្មោះ​ថា ឥន្ទ្រេស្វរៈ ហើយ​ទ្រង់​បាន​កសាង​ប្រាសាទ​មួយ​នៅ​លើ​ភ្នំ​បាយ៉ង់ ដើម្បី​ឧទ្ទិស​ចំពោះ​ព្រះសិវៈ។ ក្រៅ​ពី​សំណង់​ទាំង​ឡាយ​នេះ ព្រះបាទ​ឥន្ទ្រវរ្ម័ន​ទី​១ ទ្រង់​មាន​ស្នាព្រះហស្ត​សំខាន់​ទៀត គឺ​ការ​រៀប​ចំ​លំដាប់​ថ្នាក់​ក្នុង​ព្រះ​រាជវង្ស និង​ព្រះរាជ​បរិពារ​ជាន់​ខ្ពស់ ដែល​ស្ថិត​ក្នុង​ប្រព័ន្ធ​អ្នក​ដឹក​នាំ​ជាតិ ដែល​គេ​ឃើញ​ព្រះរាជា​ខាង​ក្រោយៗ ព្រះអង្គ​ទ្រង់​បាន​អនុវត្ត​បន្ត​គ្នា​អស់​ពេល​ច្រើន​សតវត្សរ៍។

ក្នុង​រជ្ជកាល​របស់​ព្រះអង្គ ទឹក​ដី​ប្រទេស​ខ្មែរ​មាន​វិសាលភាព​ធំ​ទូលាយ ហើយ​ទំនង​ជា​មាន​សុខ​សន្តិភាព​បរិបូណ៌​ណាស់។ ចំពោះ​នយោបាយ​ក្រៅ​ប្រទេស​វិញ ព្រះអង្គ​បាន​រឹត​ចំណង​ការទូត​ជាមួយ​ប្រទេស​ចិន ប្រទេស​ចំប៉ា និង​កោះ​ជ្វា។

ព្រះបាទ​ឥន្ទ្រវរ្ម័ន​ទី​១ ទ្រង់​សោយ​ទិវង្គត​នៅ​ឆ្នាំ​៨៨៩ នៃ​គ្រិស្ដសករាជ ដោយ​បាន​ទទួល​ព្រះមរណនាម​ថា ព្រះ​ឥស្វរៈ​លោក។

ក៤. ព្រះបាទ​យសោវរ្ម័ន​ទី​១ (៨៨៩-៩០០) និង​ការ​កសាង​ក្រុង​អង្គរ​លើក​ទី​១

ក្រោយ​ពី​ព្រះបាទ​ឥន្ទ្រវរ្ម័ន​ទី​១​ចូល​ទិវង្គត​ទៅ​នៅ​ឆ្នាំ​៨៨៩ ព្រះរាជបុត្រ​របស់​ព្រះអង្គ​ទ្រង់​ឡើង​គ្រងរាជ្យ​ស្នង ដោយ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះបាទ​យសោវរ្ម័ន​ទី​១។ ព្រះបាទ​យសោវរ្ម័ន​ទី​១ ជា​ព្រះមហាក្សត្រ​ដែល​ទ្រង់​ជាប់​ខ្សែលោហិត​នឹង​ព្រះរាជា​មុនៗ​ទាំងអស់ ដែល​បាន​សោយរាជ្យ​បន្ត​គ្នា​ជាច្រើន​សតវត្សរ៍​នៅ​ប្រទេស​កម្ពុជា នេះ។ ព្រះអង្គ​ទ្រង់​ជា​ព្រះរាជា​មួយ​ព្រះអង្គ​ដែល​បាន​ទទួល​ការ​សិក្សា​ជ្រៅជ្រះ​បំផុត​ពី​គ្រូបាធ្យាយ​របស់​ព្រះអង្គ គឺ​ព្រះ​គ្រូ​ព្រាហ្មណ៍​វមៈសិវៈ ដែល​ជា​សាវៈ​របស់​គ្រូសិវៈសោម ហើយ​ព្រះអង្គ​ក៏​ជា​ព្រះមហាក្សត្រ​មាន​មហិទ្ធិឫទ្ធិ​ខ្លាំង​ពូកែ មាន​ស្នាព្រះហស្ត​អស្ចារ្យ​ក្នុង​កិច្ច​ការពារ និង​កសាង​ប្រទេស​ជាតិ។

ក្រោយ​ពី​ទ្រង់​បាន​ឡើង​គ្រង​រាជ្យ​សម្បត្តិ​ភ្លាម ព្រះបាទ​យសោវរ្ម័ន​ទី​១ ទ្រង់​បាន​កសាង​អាស្រម​ដែល​មាន​ឈ្មោះ​ថា យសោធរាស្រម​ចំនួន​១០០ និង​សិលាចារឹក​ជាច្រើន​នៅ​ក្នុង​ផ្ទៃ​ប្រទេស ហើយ​ទ្រង់​បាន​កសាង​ប្រាសាទ​លលៃ នៅ​កណ្ដាល​បារាយណ៍​ឥន្ទ្រតដាក ដែល​ជា​ស្នាព្រះហស្ត​របស់​ព្រះបិតា​ព្រះអង្គ​ផង។ ប្រាសាទ​លលៃ នេះ ជា​ប្រាសាទ​សាង​អំពី​ឥដ្ឋ មាន​ប្រាង្គ​៤​តម្រៀប​ជា​ពីរ​ជួរ​មុខ​ក្រោយ សម្រាប់​ឧទ្ទិស​ចំពោះ​ព្រះមាតា​ព្រះបិតា និង​ជីដូន​ជីតា​ខាង​ព្រះមាតា​ព្រះអង្គ។

ប្រហែល​ជា​មក​ពី​រាជធានី​ហរិហរាល័យ មាន​សំណង់​ផ្សេងៗ និង​ប្រាសាទ​ច្រើន​ណាស់​ទៅ​ហើយ ហើយ​ដែល​ស្ថិត​នៅ​ក្បែរ​មាត់​បឹង​ទន្លេសាប​ពេក​ផង ដែល​នាំ​អោយ​មាន​ការ​ពិបាក​ក្នុង​ការ​កសាង​សំណង់​ផ្សេងៗ​ទៀត ទើប​ព្រះបាទ​យសោវរ្ម័ន​ទី​២ សម្រេច​ប្ដូរ​រាជធានី​ពី​ហរិហរាល័យ រលួស មក​សាង​រាជធានី​ថ្មី​នៅ​ភាគ​ខាង​លិច។

គឺ​ព្រះបាទ​យសោវរ្ម័ន​ទី​១​នេះ​ហើយ ដែល​បាន​ទ្រង់​សាង​ទីក្រុង​អង្គរ​ទី​១ មាន​ឈ្មោះ​ថា “យសោធបុរៈ” ដែល​មាន​ភ្នំ​បាខែង នៅ​ចំ​កណ្ដាល ហើយ​សាង​ប្រាសាទ​បាខែង​នៅ​លើ​ភ្នំ​នេះ​សម្រាប់​តម្កល់​ទេវ​លិង្គ​ស្រីយសោធរេស្វរៈ នៅ​ឆ្នាំ​៨៩៣។

ចំណែក​នៅ​លើ​ភ្នំ​ក្រោម និង​ភ្នំ​បូក ដែល​ស្ថិត​អម​សង​ខាង​ភ្នំ​កណ្ដាល​នេះ ព្រះអង្គ​ទ្រង់​បាន​សាង​ប្រាសាទ​មាន​ប្រាង្គ​បីៗ​សម្រាប់​ឧទ្ទិស​ចំពោះ​ត្រីមូរតិ គឺ​ព្រះព្រហ្ម ព្រះវិស្ណុ និង​ព្រះ​ឥសូរ ផង។ ដើម្បី​ធានា​ទឹក​ប្រើប្រាស់ និង​មុខ​របរ​កសិកម្ម​ជា​ចម្បង ព្រះអង្គ​ទ្រង់​បាន​ជីក​បារាយណ៍​ខាង​កើត ទៅ​ខាង​ទិស​ឦសាន​នៃ​រាជធានី​ថ្មី​នេះ ដែល​មាន​បណ្តោយ​ប្រវែង ៧​គីឡូម៉ែត្រ និង​ទទឹង ១.៨០០​ម៉ែត្រ ហៅ​ថា យសោធរៈតដាក។

ក្នុង​រាជ្យ​ព្រះអង្គ សាសនា​ទាំងអស់​មាន​ការ​រីក​ចម្រើន និង​សុខសាន្ត​នឹង​គ្នា​ណាស់។ នៅ​លើ​ច្រាំង​ខាង​ត្បូង​នៃ​បារាយណ៍​នេះ ព្រះអង្គ​ទ្រង់​អោយ​កសាង​អាស្រម​ជាច្រើន​សម្រាប់​គណៈ​សាសនា​ផ្សេងៗ មាន​ព្រាហ្មណាស្រម សម្រាប់​អ្នក​កាន់​សាសនា​គណៈ​ព្រះឥសូរ វៃស្នវាស្រម ជាច្រើន សម្រាប់​អ្នក​កាន់​សាសនា​ព្រះវិស្ណុ និង​សៅគតាស្រម សម្រាប់​អ្នក​កាន់​សាសនា​ព្រះពុទ្ធ។

ព្រះបាទ​យសោវរ្ម័ន​ទី​១ ទ្រង់​ជា​ស្ដេច​សឹក​ដ៏​អង់អាច​ក្លាហាន ដែល​សិលាចារឹក​បាន​និយាយ​បញ្ជាក់​អំពី​ការ​លើក​ទ័ព​ទៅ​ច្បាំង​ជាមួយ​នគរ​ចំប៉ា និង​ជោគជ័យ​ចំបាំង​ជើង​ទឹក​មួយ ទៅ​លើ​ពួក​ចោរ​សមុទ្រ​ដែល​ប្រើ​សំពៅ​មាន​ក្តោង​ពណ៌​ស ដែល​អាច​ជា​សំពៅ​របស់​ពួក​ចាម ឬ​ជា​សំពៅ​របស់​ពួក​ឥណ្ឌូនេស៊ី ថែម​ទៀត​ផង។

ក្នុង​រជ្ជកាល​របស់​ព្រះអង្គ ព្រះរាជាណាចក្រ​កម្ពុជា មាន​ទំហំ​ធំ​ទូលាយ​ណាស់ គឺ​ខាង​ជើង​ទល់​នឹង​ខេត្ត​យូណាន់ ប្រទេស​ចិន ខាង​លិច​ទល់​នឹង​ប្រទេស​ភូមា ខាង​កើត​ទល់​នឹង​ប្រទេស​ចំប៉ា ខាង​ត្បូង​ទល់​នឹង​សមុទ្រ។

ព្រះបាទ​យសោវរ្ម័ន​ទី​១ ទ្រង់​គ្រង​រាជ្យ​ពី​ឆ្នាំ​៨៨៩ ហើយ​ទ្រង់​សោយ​ទិវង្គត​ក្នុង​ឆ្នាំ​៩០០ នៃ​គ្រិស្ដសករាជ ដោយ​មាន​ព្រះមរណនាម​ថា បរមសិវលោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

Sam

ពី Siem Reap

កាលបរិច្ឆេទសង់ប្រាសាទបាខែងគួរតែពីចន្លោះឆ្នាំ៩០០ទៅ៩១០ ព្រោះឆ្នាំ៨៩៣ជាឆ្នាំសាងសង់ប្រាសាទលលៃ៕

May 13, 2014 11:02 PM

Sam

ពី Siem Reap

ប្រាសាទបាគងជាប្រាសាទភ្នំសង់លើខឿន៥ថ្នាក់ មិនមែន៣ទេ។

Apr 23, 2014 08:38 AM

គេហទំព័រ​ទាំងមូល