ប្រទេសសៀម បានប្រើល្បិចបាចប្រាក់ដួងចូលក្នុងព្រៃឫស្សីនៃបន្ទាយលង្វែក ដើម្បីខ្ចីដៃខ្មែរអោយកាប់បំផ្លាញព្រៃឫស្សី ដើម្បីរើសយកប្រាក់ដួងនោះ។ គឺដោយសារមូលហេតុនេះ សៀម អាចវាយលុកចូលបន្ទាយលង្វែកបាននៅគ្រិស្ដសករាជ១៥៩៣។ ក៏ប៉ុន្តែ សៀម កាន់កាប់បន្ទាយនេះបានប្រហែលមួយឆ្នាំប៉ុណ្ណោះ។ ក្រោមការដឹកនាំរបស់ព្រះបាទរាមាជើងព្រៃ ខ្មែរក៏វាយដណ្ដើមបន្ទាយលង្វែកមកវិញបាននៅឆ្នាំ១៥៩៤។
ជាបន្តទៅទៀតនេះ លោក ជុន ច័ន្ទបុត្រ សូមរៀបរាប់នូវព្រឹត្តិការណ៍នេះជូនលោកអ្នកនាងដូចតទៅ៖
គ.១១ ព្រះបាទរាមាជើងព្រៃ (ឆ្នាំ១៥៩៤-ឆ្នាំ១៥៩៦)
ព្រះចៅនរេនសូរស្ដេចសៀម ក្រោយពីបានជ័យជម្នះលើខ្មែរហើយ ក៏ទ្រង់តែងតាំងមហាមន្ត្រីសៀម និងពលទាហាន ២ពាន់នាក់ អោយនៅក្នុងស្រុកឧដុង្គ ដើម្បីត្រួតត្រាកិច្ចការប្រទេសខ្មែរ។ ឯព្រះអង្គទ្រង់នាំរេហ៍ពលយាងត្រឡប់ទៅក្រុងឰយុធ្យា វិញ។ ពេលនោះ សម្ដេចព្រះរាមាធិបតីអុង នៅខេត្តជើងព្រៃ ដែលអ្នកផងនិយមហៅថា ព្រះបាទរាមាជើងព្រៃ ដែលជាព្រះញាតិរបស់ព្រះមហិន្ទរាជាព្រះសត្ថា ទ្រង់បានកេណ្ឌទ័ពទៅវាយកម្ចាត់ពួកសៀម នៅឧដុង្គនោះអោយបរាជ័យ ហើយដកទ័ពរត់ត្រឡប់ទៅស្រុកវិញអស់ក្នុងឆ្នាំ១៥៩៤ នៃគ្រិស្ដសករាជ។ បន្ទាប់មក ព្រះអង្គក៏ទ្រង់ឡើងគ្រងរាជ្យនៅរាជធានីស្រីសន្ធរ ដោយមានព្រះនាមក្នុងរាជ្យថា ព្រះរាមាធិបតីបរមរាជាធិរាជ។
ព្រះរាមាធិបតីព្រះរាមជើងព្រៃ ទ្រង់គ្រងរាជ្យបានតែបីឆ្នាំប៉ុណ្ណោះ ក្នុងខែមករា ឆ្នាំ១៥៩៦ លោក វេឡូសូ ជាប្អូនថ្លៃព្រះសត្ថា និងស្ម័គ្របក្ខពួក ដែលឯកសារខ្លះថាបានទៅស្រុកកំណើត តែឯកសារខ្លះថា ត្រូវបានព្រះមហិន្ទរាជាព្រះសត្ថា បញ្ជាអោយទៅសុំជំនួយពីលោកទេសាភិបាលអេស្ប៉ាញ៉ុល នៅហ្វីលីពីន បានត្រឡប់មកដល់ប្រទេសកម្ពុជា វិញ ដោយនាំទាំងកម្លាំងទ័ពជំនួយមួយចំនួនមកផង។ ពេលមកដល់ វេឡូសូ ដឹងថា ក្រុងលង្វែក បានត្រូវវាយបែកដោយទ័ពសៀម រួចទៅហើយ ហើយព្រះមហិន្ទរាជាព្រះសត្ថា និងព្រះញាតិវង្សមួយចំនួន ទ្រង់បានភៀសខ្លួនទៅប្រទេសលាវ ហើយមានព្រះរាជាថ្មី គឺព្រះរាមាជើងព្រៃ បានឡើងសោយរាជ្យនៅប្រទេសខ្មែរដូច្នោះ ក៏មានការអាក់អន់ស្រពន់ចិត្តជាខ្លាំង។ គាប់ជួនជាខែមេសា នៃឆ្នាំនោះមានជម្លោះរវាងពួកឈ្មួញចិន និងពួកទាហានជើងទឹកអេស្ប៉ាញ៉ុល បានកើតឡើង ហើយដែលបានធ្វើអោយឈ្មួញចិន ប្រមាណ ១០០នាក់ស្លាប់ រួចទំនិញទាំងអស់របស់ចិន ត្រូវរឹបអូសនោះ លោក វេឡូសូ បានសុំអនុញ្ញាតពីព្រះរាមាជើងព្រៃ ដើម្បីចូលគាល់ ហើយស្រាយបំភ្លឺព្រះអង្គអំពីបុព្វហេតុដែលកើតមាននោះ។ ប៉ុន្តែព្រះរាមាជើងព្រៃ ទ្រង់បានដាក់លក្ខខណ្ឌថា ទាល់តែពួកអេស្ប៉ាញ៉ុល សងទំនិញទាំងអស់ទៅពួកចិន សិន ទើបព្រះអង្គអនុញ្ញាតអោយចូលជួបបាន។ ដោយហេតុនោះ លោក វេឡូសូ និងលោក រ្វីស បានសម្រេចចិត្តប្រើកម្លាំងទ័ព ដើម្បីវាយលុកព្រះរាជវាំងស្រីសន្ធរ ហើយធ្វើគត់ព្រះរាមាជើងព្រៃ ក្នុងឆ្នាំនោះទៅ។
ឯកសារខ្លះទៀតដូចព្រះរាជពង្សាវតារមហាបុរសខ្មែរ បានអធិប្បាយថា កាលបើត្រឡប់មកដល់ប្រទេសខ្មែរវិញហើយដឹងថា ព្រះមហិន្ទរាជាព្រះសត្ថា និងព្រះញាតិវង្សទ្រង់ភៀសព្រះអង្គទៅខេត្តស្ទឹងត្រែង ហើយមានស្ដេចថ្មី គឺព្រះរាមាជើងព្រៃ ទ្រង់ឡើងសោយរាជ្យនៅរាជធានីស្រីសន្ធរ ដូច្នោះ លោក វេឡូសូ និងស្ម័គ្របក្ខពួក បានធ្វើឧបាយកលជាសុំចូលគាល់ព្រះរាមាជើងព្រៃ ដោយនាំយកកាំភ្លើងវែងមួយចំនួន និងកាំភ្លើងខ្លីក្រំមាសយ៉ាងល្អ ដែលខ្លួនទើបនឹងបានមក យកទៅថ្វាយព្រះអង្គ ដើម្បីសុំជ្រកក្រោមបុណ្យបារមី។ ព្រះរាមាធិបតីព្រះរាមាជើងព្រៃ មិនបានជ្រាបពីឧបាយកលនេះ ក៏ទ្រង់អនុញ្ញាតអោយចូលគាល់តាមសំណើ។ លោក វេឡូសូ យកកាំភ្លើងវែងរបស់ខ្លួន ២៤ដើមដាក់ក្នុងហិប អោយទាហានអេស្ប៉ាញ៉ុល សែងជា ១២ស្នែងចូលទៅ ហើយកាំភ្លើងខ្លីក្រំមាសនោះ លោក វេឡូសូ កាន់ចូលទៅដោយខ្លួនឯង។ ដល់មុខព្រះភ័ក្ត្រព្រះរាជាហើយ ក៏លុតជង្គង់ថ្វាយកាំភ្លើងក្រំមាសនោះ ដោយហុចខាងស្វៃកាំភ្លើងទៅមុន។ លុះព្រះរាជាលូកព្រះហស្ដមកទទួលយកកាំភ្លើងនោះ វេឡូសូ ក៏ក្រឡាស់ថ្វាយខាងត្រែកាំភ្លើងរួចគាស់កៃ គ្រាប់កាំភ្លើងផ្ទុះឡើងត្រូវព្រះរាមាជើងព្រៃ សុគតទៅ។
ព្រះរាមាជើងព្រៃ ទ្រង់ឡើងគ្រងរាជ្យនៅឆ្នាំ១៥៩៤ ហើយទ្រង់សុគតដោយគ្រាប់កាំភ្លើងរបស់អេស្ប៉ាញ៉ុល នៅឆ្នាំ១៥៩៦ នៃគ្រិស្ដសករាជ នៅរាជធានីស្រីសន្ធរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។