ការ​គ្រង​រាជ្យ​របស់​ព្រះបាទ​ឥន្ទ្រវរ្ម័នទី២ និង​ព្រះបាទ​ជ័យវរ្ម័នទី៨ (ភាគ​១៧)

ដោយ ជុន ច័ន្ទបុត្រ
2014-06-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ក្រោយ​ពី​ព្រះបាទ​ជ័យវរ្ម័នទី៧ ព្រះរាជា​សម័យ​អង្គរ​ដ៏​មាន​មហិទ្ធិឫទ្ធិ និង​ជា​ព្រះរាជា​គោរព​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា ចូល​ទិវង្គត​ទៅ​នៅ​ដើម​សតវត្ស​ទី​១៣ ព្រះរាជា​ក្រោយៗ​លើក​លែង​តែ​ព្រះបាទ​ឥន្ទ្រវរ្ម័នទី២ ដែល​ជា​ព្រះរាជ​បុត្រ​ព្រះអង្គ​ចេញ បាន​ងាក​ទៅ​គោរព​បូជា​ព្រហ្មញ្ញសាសនា​វិញ ហើយ​ថែម​ទាំង​បាន​បំផ្លាញ​ពុទ្ធ​បដិមា និង​ចម្លាក់​ទាំង​ឡាយ​ទាក់ទង​នឹង​ព្រះពុទ្ធ​សាសនា​ផង។

ជា​បន្ត​ទៅ​ទៀត​នេះ លោក ជុន ច័ន្ទបុត្រ សូម​រៀបរាប់​ជូន​នូវ​ព្រះរាជា​សម័យ​អង្គរ​ពីរ​អង្គ​ទៀត គឺ​ព្រះបាទ​ឥន្ទ្រវរ្ម័នទី២ និង​ព្រះបាទ​ជ័យវរ្ម័នទី៨។

ក.២៣ ព្រះបាទ​ឥន្ទ្រវរ្ម័នទី២ (ឆ្នាំ​១២១០-ឆ្នាំ​១២៤៣ ឬ​ឆ្នាំ​១២១៨ ឆ្នាំ​១២៤៣)

ព្រះបាទ​ឥន្ទ្រវរ្ម័នទី២ បាន​ឡើង​គ្រងរាជ្យ​បន្ទាប់​ពី​ព្រះបាទ​ជ័យវរ្ម័នទី៧ ក៏ប៉ុន្តែ​គេ​មិន​បាន​ដឹង​ច្បាស់​ទេ ថា​តើ​បុត្រ​អង្គ​ណា​មួយ​បាន​ឡើង​សោយរាជ្យ​ស្នង​ពី​ព្រះអង្គ​ទេ ដោយសារ​ត្បិត​ព្រះអង្គ​មាន​ព្រះរាជ​បុត្រ​ច្រើន។ គេ​គ្រាន់​តែ​សង្ស័យ​ថា ព្រះរាជា​អង្គ​នេះ​ប្រហែល​ជា​ព្រះរាជ​បុត្រ​របស់​ព្រះនាង​ឥន្ទ្រទេវី។

ព្រះបាទ​ឥន្ទ្រវរ្ម័នទី២ ទ្រង់​បាន​ខិតខំ​គ្រប់គ្រង​ថែ​រក្សា​ព្រះរាជាណាចក្រ​ដ៏​ធំ ដែល​រួម​គ្នា​ដោយ​ទឹក​ដី និង​ជាតិ​សាសន៍​ផ្សេងៗ ដែល​ជា​មរតក​បន្ត​ពី​ព្រះបិតា​ព្រះអង្គ​មក។ ឆ្នាំ​១២១៦ និង​ឆ្នាំ​១២១៨ ទ័ព​ចម្រុះ​ខ្មែរ​ចាម បាន​លើក​ទៅ​វាយ​យួន​ដៃ​វៀត​ម្តង​ទៀត​នៅ​ងេអាន ប៉ុន្តែ​ត្រូវ​ដក​ថយ​មក​វិញ​ទៀត។ ដល់​ឆ្នាំ​១២២០ គឺ​ប្រហែល​ជា​មក​ពី​ព្រះអង្គ​ជា​ពុទ្ធសាសនិក​ដ៏​ជ្រះថ្លា ស្រឡាញ់​សុខ​សន្តិភាព មិន​ចង់​ធ្វើ​អោយ​ខូច​ប្រយោជន៍​អ្នក​ដទៃ ឬ​មិន​ចង់​អោយ​អ្នក​ដទៃ​មាន​វិប្ប​រិត​ដោយសារ​ព្រះអង្គ ព្រះអង្គ​ក៏​ទ្រង់​ដោះ​លែង​ដោយ​ចេតនា ជំរុញ​អោយ​ប្រទេស​ចំប៉ា អោយ​មាន​សេរីភាព និង​ឯករាជ្យ​ភាព​ឡើង​វិញ ហើយ​បាន​ទ្រង់​លើក​ព្រះអង្គ​ម្ចាស់​អង្សរាជ ស្ដេច​ចាម អោយ​ឡើង​សោយរាជ្យ​នៅ​រាជធានី​វិជ័យ នៃ​ប្រទេស​ចំប៉ា។ ប៉ុន្តែ​មាន​មតិ​ខ្លះ​ពោល​ថា ការ​ដែល​ខ្មែរ​ដក​ថយ​ពី​ចំប៉ា នេះ គឺ​បុព្វហេតុ​មក​ពី​ពេល​នោះ​មាន​ការ​បះបោរ​រើ​បម្រាស់​របស់​ជនជាតិ​ថៃ នៅ​ត្រង់​វាល​ទំនាប​ទន្លេ​មេណាម។ វិវាទ​បាន​កើត​ឡើង​រវាង​ចៅហ្វាយ​ខេត្ត​ខ្មែរ និង​មេទ័ព​ដឹក​នាំ​ថៃ ពីរ​នាក់​នៅ​សុខោទ័យ ដែល​ជា​ទីបំផុត ចៅហ្វាយ​ខេត្ត​ខ្មែរ​ត្រូវ​ភៀស​ខ្លួន​ចេញ​ពី​សុខោទ័យ​នោះ។

គេ​មិន​ដឹង​ពិត​ប្រាកដ​ថា តើ​ព្រះបាទ​ឥន្ទ្រវរ្ម័នទី២ ទ្រង់​ឡើង​សោយរាជ្យ​នៅ​ឆ្នាំ​ណា​ទេ។ ឯកសារ​ខ្លះ​ថា​ឆ្នាំ​១២១០ ឯកសារ​ខ្លះ​ទៀត​ថា​ប្រហែល​ឆ្នាំ​១២១៨ តែ​គេ​ដឹង​ច្បាស់​ថា ព្រះអង្គ​ទ្រង់​គង់​ក្នុង​រាជ្យ​សម្បត្តិ​រហូត​ដល់​ឆ្នាំ​១២៤៣ នៃ​គ្រិស្ដសករាជ។

ក. ២៤ ព្រះបាទ​ជ័យវរ្ម័នទី៨ (ឆ្នាំ​១២៤៣-ឆ្នាំ​១២៩៥) និង​ប្រតិកម្ម​សិវ​និយម​ប្រឆាំង​នឹង​ពុទ្ធសាសនា

ព្រះរាជា​ដែល​សោយរាជ្យ​បន្ត​ពី​ព្រះបាទ​ឥន្ទ្រវរ្ម័នទី២ គឺ​ព្រះបាទ​ជ័យវរ្ម័នទី៨ ដែល​គេ​មិន​បាន​ដឹង​ពី​ចំណង​ទាក់ទង​ជា​ញាតិសាលោហិត​នឹង​ព្រះរាជា​មុនៗ​ឡើយ។ ព្រះបាទ​ជ័យវរ្ម័នទី៨ ជា​ព្រះរាជា​ដែល​មាន​ជំនឿ​យ៉ាង​មុតមាំ​លើ​សាសនា​ព្រះ​ឥសូរ។ ចាប់​តាំង​ពី​ដើម​រាជ្យ​របស់​ព្រះអង្គ ព្រះអង្គ​បាន​ចាប់​ផ្តើម​រៀបចំ​ឡើង​វិញ​នូវ​ច្បាប់​ទម្លាប់​ខាង​ព្រហ្មញ្ញសាសនា គណៈ​ព្រះ​ឥសូរ​នេះ។

ក្នុង​រាជ្យ​ព្រះអង្គ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំងក្លា​របស់​អ្នក​កាន់​ព្រហ្មញ្ញសាសនា ទៅ​លើ​ព្រះពុទ្ធ​សាសនា ដោយ​ពេល​នោះ​មាន​ការ​វាយ ឬ​កោស​លុប​បំផ្លាញ​ព្រះពុទ្ធ​បដិមា ដែល​គេ​បាន​សាង​យ៉ាង​ច្រើន​នៅ​ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័នទី៧ និង​ព្រះរាជ​បុត្រ​របស់​ព្រះអង្គ គឺ​ព្រះបាទ​ឥន្ទ្រវរ្ម័នទី២ ដែល​សោយរាជ្យ​មុន​ព្រះអង្គ​នោះ។

ព្រះ​អគ្គមហេសី​របស់​ជ័យវរ្ម័នទី៨ មាន​ព្រះនាម​ថា ព្រះនាង​ចក្រវាទីរាជាទេវី ជា​កូន​ស្រី​របស់​អតីត​រាជបុរោហិត ឬ​សីកេសា ហើយ​ព្រះនាង​មាន​បង​ប្អូន​ជីដូន​មួយ​ម្នាក់​ទៀត ដែល​ជា​អ្នក​ប្រាជ្ញ​ខាង​ព្រហ្មញ្ញសាសនា ឈ្មោះ ជ័យមង្គលាថ ដែល​ស្វាមី​ព្រះនាង​ទ្រង់​គោរព​កោតក្រែង​រហូត​ដល់​បាន​សាង​ប្រាសាទ​មួយ​ក្នុង​រាជ្យ​ព្រះអង្គ ដើម្បី​តម្កល់​បដិមា​តំណាង​របស់​ព្រាហ្មណ៍​រូប​នេះ​ទៀត​ផង។

នៅ​ក្នុង​ប្រទេស ប្រជារាស្ត្រ​ជាទូទៅ និង​មន្ត្រី​ធំៗ​នៃ​ព្រះបរមរាជវាំង​មួយ​ចំនួន ដែល​នៅ​គោរព​ព្រះពុទ្ធ​សាសនិក​ដែល​នាំ​ចូល​មក​ពី​កោះ​សិរីលង្កា ដោយ​ព្រះអង្គ​ម្ចាស់​តាមលិន ដែល​ជា​ព្រះរាជ​បុត្រ​មួយ​អង្គ​របស់​ព្រះបាទ​ជ័យវរ្ម័នទី៧ ក្នុង​ឆ្នាំ​១១៩០ នៃ​គ្រិស្ដសករាជ មាន​ការ​មិន​សប្បាយ​ចិត្ត និង​ប្រតិកម្ម​អ្នក​កាន់​ព្រហ្មញ្ញសាសនា ដែល​បាន​វាយ​បំផ្លាញ ឬ​កោស​លុប​ធ្វើ​អោយ​ខូចខាត​បដិមា និង​សមិទ្ធិ​ផ្សេងៗ​ខាង​ព្រះពុទ្ធ​សាសនា​នេះ បាន​បង្ក​ជា​ភាព​វឹកវរ​ចលាចល​ប្រឆាំង​នឹង​ការ​ប្រមូល​ពន្ធដារ ឬ​កំណែន ដើម្បី​បំពេញ​ការ​កសាង​បូជនីយដ្ឋាន​ផ្សេងៗ សម្រាប់​សាសនា​ព្រាហ្មណ៍​នោះ​ផង។

ចំណែក​នយោបាយ​ក្រៅ​ប្រទេស​វិញ ព្រះបាទ​ជ័យវរ្ម័នទី៨ ត្រូវ​ប្រឈម​មុខ​នឹង​ការ​បះបោរ​របស់​ជនជាតិ​ថៃ ដែល​ហូរ​មក​ពី​យូណាន់ ខេត្ត​ភាគ​ខាង​ត្បូង​ប្រទេស​ចិន កាន់​តែ​ច្រើន​ឡើងៗ ក្នុង​ពេល​ដែល​ពួក​ម៉ុងហ្គោល លុក​លុយ​ប្រទេស​ចិន។ ពួក​ថៃ ដែល​បាន​ចម្លង​យក​របៀប​ចាត់​ចែង​ទ័ព​តាម​ពួក​ម៉ុងហ្គោល និង​បាន​ចម្លង ឬ​ត្រាប់​យក​អក្សរ​របស់​ខ្មែរ​ទៅ​ប្រើប្រាស់ បាន​បះបោរ​វាយ​រឹប​យក​តំបន់​វាល​ទំនាប​ទន្លេ​មេណាម​របស់​ខ្មែរ។ ទីបំផុត ពួក​ថៃ ក្រោម​ការ​ដឹក​នាំ​របស់​រាមាកំហែង ក៏​បាន​ប្រកាស​ឯករាជ្យ ហើយ​រឹប​យក​ទីក្រុង​ចាស់​របស់​ខ្មែរ គឺ​សុខោទ័យ ធ្វើ​ជា​រាជធានី​របស់​ខ្លួន។

ម្យ៉ាង​ទៀត ព្រះបាទ​ជ័យវរ្ម័នទី៨ ត្រូវ​ប្រឈម​មុខ​ត​ទល់​នឹង​ពួក​ម៉ុងហ្គោល ដែល​បាន​វាយ​លុក​ឈ្លាន​ពាន​លើ​អាស៊ី​អាគ្នេយ៍​ទាំង​មូល ក្រោយ​ពី​បាន​វាយ​យក​ប្រទេស​ចិន បាន ហើយ​បង្កើត​រាជវង្ស​ឡើង​សោយរាជ្យ​លើ​ប្រទេស​នេះ ពី​ឆ្នាំ​១២៧៩ ដល់​ឆ្នាំ​១៣៦៨។ ដល់​ឆ្នាំ​១២៨៣ ក្រោយ​ពី​វាយ​យក​បាន​ភាគ​ខាង​ជើង និង​ភាគ​កណ្ដាល​នៃ​ប្រទេស​ចំប៉ា ហើយ​ឧត្តមសេនីយ៍​សូហ្គាទូ មេបញ្ជាការ​នៃ​កងទ័ព​ម៉ុងហ្គោល បាន​បញ្ជូន​មេ​ទ័ព​ពីរ​នាក់ អោយ​ចូល​មក​ប្រទេស​កម្ពុជា តែ​ត្រូវ​បាន​ខ្មែរ​ចាប់​បាន​ជា​ឈ្លើយ​ទាំង​ពីរ​នាក់។

ទោះ​បី​ទ័ព​ខ្មែរ​ចាប់​បាន​មេ​ទ័ព​ទាំង​ពីរ​នាក់​របស់​ម៉ុងហ្គោល ក៏ដោយ ក៏​ព្រះបាទ​ជ័យវរ្ម័នទី៨ ទ្រង់​ឈ្វេង​យល់​ថា គួរ​តែ​លើក​សួយសារអាករ​ទៅ​ថ្វាយ​ព្រះចៅ​គូប៉ីឡៃខាន់ នៅ​ឆ្នាំ​១២៨៥ នៃ​គ្រិស្ដសករាជ​នោះ។

នៅ​ចុង​រាជ្យ​របស់​ព្រះអង្គ​ឆ្នាំ​១២៩៥ វិបត្តិ​ក្នុង​រាជវង្ស​មួយ​បាន​កើត​ឡើង ហើយ​វិបត្តិ​នេះ​បាន​ជំរុញ​អោយ​ព្រះបាទ​ជ័យវរ្ម័នទី៨ ទ្រង់​ដាក់​រាជ្យ ហើយ​ប្រគល់​រាជ​សម្បត្តិ​អោយ​ទៅ​បុត្រ​សុណិសា គឺ​កូន​ប្រសា​របស់​ព្រះអង្គ ព្រះនាម ស្រិន្ទ្រវរ្ម័ន សោយរាជ្យ​ជំនួស​វិញ។ ដល់​ពេល​សោយ​ទិវង្គត​ទៅ ព្រះបាទ​ជ័វរ្ម័នទី៨ ទ្រង់​បាន​ទទួល​ព្រះមរណនាម​ថា បរមេស្វរបទ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល