ព្រឹត្តិការណ៍​ដណ្ដើម​រាជ្យ​ពី​សំណាក់​កូន​ប្រសា​របស់​ព្រះបាទ​ជ័យវរ្ម័នទី៨ (ភាគ​១៨)

ដោយ ជុន ច័ន្ទបុត្រ
2014-06-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ព្រឹត្តិការណ៍​ឃោរឃៅ​ដណ្ដើម​រាជ​ពី​សំណាក់​កូន​ប្រសា ត្រូវ​បាន​កត់ត្រា​ទុក​ដោយ​សមាជិក​អ្នក​ការទូត​ចិន ម្នាក់ ដែល​បាន​មក​ប្រទេស​កម្ពុជា នៅ​ចុង​សតវត្ស​ទី​១៣។

ជា​បន្ត​ទៅ​ទៀត​នេះ លោក ជុន ច័ន្ទបុត្រ សូម​រៀបរាប់​ជូន​នូវ​ព្រឹត្តិការណ៍​នេះ​ដូច​ត​ទៅ៖

ក​២៥. ព្រះបាទ​ស្រី​ន្ទ្រ​វរ្ម័ន រឺ​ឥន្ទ្រ​វរ្ម័នទី​៣ (​ឆ្នាំ​១២៩៥-​ឆ្នាំ​១៣០៧)

ព្រឹត្តិការណ៍​មួយ​ដែល​កើត​ឡើង​នៅ​ឆ្នាំ​១២៩៥ ក៏​ដោយសារ​ព្រះរាជ​បុត្រី​ព្រះអង្គ​ព្រះនាម ស្រិន្ទ្រភូបេ សូរចូឌា បាន​លួច​ព្រះ​ខ័ន​មាស​ដែល​ជា​តំណាង​អំណាច​ព្រះរាជា យក​ទៅ​អោយ​ស្វាមី​នាង បាន​បង្ខំ​អោយ​ព្រះបាទ​ជ័យវរ្ម័នទី៨ ជា​ព្រះ​បិតា​ចុះ​ចេញ​ពី​រាជបល្ល័ង្គ ហើយ​ប្រគល់​រាជ្យ​នេះ​ទៅ​អោយ​ព្រះបាទ​ស្រិន្ទ្រវរ្ម័ន ឬ​ឥន្ទ្រវរ្ម័នទី៣ ជា​កូន​ប្រសា​សោយរាជ្យ​ស្នង​ព្រះអង្គ​ក្នុង​ឆ្នាំ​នោះ។

សមាជិក​អ្នក​ការទូត​ចិន ម្នាក់ ​របស់​ព្រះ​ចៅ​អធិរាជ​តេមូ ដែល​បាន​មក​ដល់​កម្ពុជា ក្នុង​ឆ្នាំ​១២៩៦ ឈ្មោះ ជូតាក្វាន់ ក៏​បាន​ផ្តល់​សក្ខីកម្ម​ចំពោះ​ព្រឹត្តិការណ៍​នេះ​ដែរ។ លោក​បាន​សរសេរ​បញ្ជាក់​ថា ការ​ផ្លាស់​ប្ដូរ​រជ្ជកាល​នេះ​មាន​ភាព​ឃោរឃៅ គឺ​ស្ដេច​ដែល​ឡើង​សោយរាជ្យ​ថ្មី​ជា​កូន​ប្រសា​របស់​ស្ដេច​មុន។ លោក​បន្ត​ថា កូនស្រី​របស់​ស្ដេច​អង្គ​នេះ បាន​លួច​យក​ព្រះ​ខ័ន​មាស​របស់​ព្រះ​បិតា ទៅ​អោយ​ស្វាមី​នាង។

លោក ជូតាក្វាន់ បាន​អះអាង​ថា កូន​ប្រុស​របស់​ព្រះបាទ​ជ័យវរ្ម័នទី៨ ដែល​ត្រូវ​ទទួល​រាជ្យ​បន្ត​ពី​ព្រះ​បិតា ទ្រង់​មិន​ទទួល​យក​ស្ដេច​ថ្មី​ដណ្ដើម​រាជ្យ​នេះ​ទេ ហើយ​បាន​ចេញ​ពី​ព្រះបរមរាជវាំង ដើម្បី​ទៅ​កេណ្ឌ​ទ័ព។ ស្ដេច​ថ្មី​ចាប់​បាន ក៏​យក​ទៅ​កាត់​ម្រាម​ជើង​ចោល និង​យក​ទៅ​ឃុំ​ទុក​ក្នុង​បន្ទប់​ងងឹត។

ព្រះបាទ​ស្រិន្ទ្រវរ្ម័ន ឬ​ឥន្ទ្រវរ្ម័នទី៣ ជា​ព្រះមហាក្សត្រ​ដែល​ជឿ និង​គោរព​ព្រះពុទ្ធ​សាសនា​ហីនយាន ហើយ​គឺ​ជា​ព្រះមហាក្សត្រ​ខ្មែរ​ដំបូង ដែល​បាន​កសាង​សិលា​ចារឹក​ជា​ភាសា​បាលី (ភាសា​សក្ការៈ​ខាង​ព្រះពុទ្ធ​សាសនា) ជំនួស​ភាសា​សំស្ក្រឹត ភាសា​នៃ​សាសនា​ព្រាហ្មណ៍​នៅ​ប្រទេស​កម្ពុជា នេះ។

នៅ​ក្នុង​រាជ្យ​ព្រះអង្គ ប្រទេស​ខ្មែរ​ទទួល​បាន​សុខ​សន្តិភាព​ណាស់។ ថ្វី​ត្បិត​តែ​ព្រះអង្គ​ទ្រង់​គោរព​ព្រះពុទ្ធ​សាសនា ប៉ុន្តែ​ព្រហ្មញ្ញ​សាសនា​ក៏​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​ព្រះអង្គ ហើយ​មាន​ភាព​រុងរឿង​ផង​ដែរ។ នៅ​ឆ្នាំ​១៣០៧ ព្រះបាទ​ស្រិន្ទ្រវរ្ម័ន ឬ​ឥន្ទ្រវរ្ម័នទី៣ បាន​ដាក់​រាជ្យ ហើយ​ផ្ទេរ​រាជ្យ​សម្បត្តិ​ថ្វាយ​ទៅ​រជ្ជទាយាទ​យុវរាជ ក្នុង​ឆ្នាំ​នោះ។ រួច​ព្រះអង្គ​ទ្រង់​យាង​ទៅ​គង់​នៅ​ក្នុង​អាស្រម​ព្រះពុទ្ធ​សាសនា​មួយ​យ៉ាង​ស្ងាត់ស្ងៀម​នៅ​ក្នុង​ព្រៃ។

ក.២៦ ព្រះបាទ​ស្រិន្ទ្រជ័យវរ្ម័ន ឬ​ឥន្ទ្រជ័យវរ្ម័ន (ឆ្នាំ​១៣០៨-ឆ្នាំ​១៣២៧)

ក្រោយ​ពី​ព្រះបាទ​ឥន្ទ្រវរ្ម័នទី៣ ដាក់​រាជ្យ ហើយ​យាង​ទៅ​គង់​យ៉ាង​ស្ងាត់ស្ងៀម​ក្នុង​ព្រៃ ព្រះបាទ​ស្រិន្ទ្រជ័យវរ្ម័ន ឬ​ឥន្ទ្រជ័យវរ្ម័ន ដែល​ជា​ព្រះ​ញាតិ ទ្រង់​ឡើង​សោយរាជ្យ​ស្នង​ព្រះអង្គ។ ដោយ​ព្រះអង្គ​មាន​ជំនឿ​លើ​សាសនា​ព្រះ​ឥសូរ​យ៉ាង​មោះមុត ផ្ទុយ​ពី​រាជ្យ​មុន​ព្រះអង្គ​នោះ ព្រះបាទ​ឥន្ទ្រជ័យវរ្ម័ន បាន​ខំ​ស្ដារ​ចាត់​ចែង​តុបតែង​បន្ថែម​នូវ​ប្រាសាទ​ខាង​ព្រហ្មញ្ញ​សាសនា ដែល​បាន​កសាង​ឡើង​ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ជ័យវរ្ម័នទី៨ ឧទ្ទិស​ចំពោះ​ព្រាហ្មណ៍​ជ័យ​មង្គលាថ ហើយ​ព្រះអង្គ​ដែល​មាន​គំនិត​ប្រឆាំង​នឹង​ព្រះពុទ្ធ​សាសនា បាន​ជួយ​គាំទ្រ​ប្រតិកម្ម​របស់​អ្នក​កាន់​ព្រហ្មញ្ញ​សាសនា អោយ​វាយ​បំផ្លាញ​បដិមា​ផ្សេងៗ​ខាង​ព្រះពុទ្ធ​សាសនា ដែល​ជា​ហេតុ​បណ្ដាល​អោយ​មាន​ការ​បះបោរ កើត​ជម្លោះ​ទាស់​តែង​ផ្ទៃ​ក្នុង​រវាង​ខ្មែរ និង​ខ្មែរ ពី​រឿង​សាសនា​នេះ​ថែម​ទៀត​ផង។ ឆ្លៀត​ឱកាស​ដ៏​ល្អ​នេះ ជនជាតិ​ថៃ ដោយ​យក​លេស​ថា​ការពារ​ជំនឿ​ព្រះពុទ្ធ​សាសនា បាន​ឆ្លៀត​ឱកាស​លុកលុយ​ប្រទេស​កម្ពុជា រហូត​ដល់​ប្រទេស​ចំប៉ា ថែម​ទៀត​ផង។

ក្នុង​រាជ្យ​របស់​ព្រះអង្គ គឺ​នៅ​ឆ្នាំ​១៣២០ គណៈ​បេសកកម្ម​ចិន មួយ​ត្រូវ​បាន​បញ្ជូន​មក ដើម្បី​ទិញ​ដំរី​ផ្សាំង​ពី​ប្រទេស​ខ្មែរ។ ព្រះបាទ​ឥន្ទ្រជ័យវរ្ម័ន ទ្រង់​ឡើង​សោយរាជ្យ​ពី​ឆ្នាំ​១៣០៧ ឬ​ឆ្នាំ​១៣០៨ ហើយ​គង់​ក្នុង​រាជ្យ​រហូត​ដល់​ឆ្នាំ​១៣២៧ នៃ​គ្រិស្ដសករាជ។

ក.២៧ ព្រះបាទ​ជ័យវរ្ម័នទី៩ (ឆ្នាំ​១៣២៧-ឆ្នាំ​១៣៣៦)

បន្ទាប់​ពី​រាជ្យ​របស់​ព្រះបាទ​ឥន្ទ្រជ័យវរ្ម័ន ព្រះរាជ​បុត្រ​របស់​ព្រះអង្គ​ព្រះនាម សីហនុ បាន​ឡើង​គ្រងរាជ្យ​ស្នង ដោយ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះបាទ​ជ័យវរ្ម័នទី៩ នៅ​ក្នុង​ឆ្នាំ​១៣២៧ នៃ​គ្រិស្ដសករាជ។ គេ​មិន​បាន​ដឹង​ច្បាស់​ពី​រយៈ​កាល​គ្រងរាជ្យ​របស់​ព្រះបាទ​ជ័យវរ្ម័នទី៩ នៅ​អង្គរ​ពិត​ប្រាកដ​ទេ តែ​គេ​អាច​ដឹង​បាន​ថា គឺ​ព្រះបាទ​ជ័យវរ្ម័នទី៩ នេះ​ហើយ ដែល​បញ្ជូន​ទូត​ទៅ​ប្រទេស​ចិន នៅ​ឆ្នាំ​១៣៣០ និង​បាន​ចាត់​គណៈប្រតិភូ​មួយ អោយ​ទៅ​ធ្វើ​វន្ទនកិច្ច​ចំពោះ​ប្រទេស​ដៃវៀត នៅ​ច្រក​ភ្នំ​កឿវ៉ៅ នៅ​ឆ្នាំ​១៣៣៥ នៃ​គ្រិស្ដសករាជ។

ព្រះបាទ​ជ័យវរ្ម័នទី៩ ជា​ព្រះមហាក្សត្រ​ចុង​ក្រោយ​បង្អស់​ដែល​គេ​ស្គាល់​តាម​សិលា​ចារឹក ហើយ​គឺ​ប្រហែល​ជា​ព្រះរាជា​ខ្មែរ​សម័យ​អង្គរ​ចុង​ក្រោយ​បង្អស់ ដែល​ទ្រង់​យក​ព្រះនាម​វរ្ម័ន មក​ប្រើ​នេះ​ផង​ដែរ។ ព្រះមហាក្សត្រ​អង្គ​នេះ ក៏​ទ្រង់​ជា​ព្រះរាជា​មាន​ជំនឿ​មុតមាំ​បំផុត​លើ​សាសនា​ព្រះ​ឥសូរ។ ក្នុង​បំណង​បង្ហាញ​អោយ​ឃើញ​ជា​សាធារណៈ​នូវ​ជំនឿ​នេះ ព្រះអង្គ​បាន​ទ្រង់​ចាត់​ចែង​អោយ​សាង​សិលា​ចារឹក​មួយ ដាក់​តម្កល់​ក្នុង​បូជនីយដ្ឋាន​ព្រះពុទ្ធ​សាសនា​ដ៏​សម្បើម​អស្ចារ្យ​មួយ គឺ​ប្រាសាទ​បាយ័ន ដែល​បាន​កសាង​ឡើង​ដោយ​ព្រះបាទ​ជ័យវរ្ម័នទី៧ ថែម​ទៀត​ផង។ ទង្វើ​ទាំង​នេះ បាន​ធ្វើ​អោយ​មាន​ប្រតិកម្ម​របស់​មហាជន​កាន់​តែ​ច្រើន និង​កាន់​តែ​កំរោល​ឡើង​នៅ​ទូទាំង​ផ្ទៃ​ប្រទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល