ជនជាតិម៉ុងតាញ៉ា១៣នាក់ត្រូវបានដឹកទៅដល់ស្រុកកំណើតនៅវៀតណាមវិញ

ជនជាតិដើមភាគតិចម៉ុងតាញ៉ា-វៀតណាម ចំនួន ១៣នាក់ ត្រូវបានកម្ពុជា បញ្ជូនទៅដល់ស្រុកកំណើតនៅវៀតណាម វិញហើយ ក្រោមការសម្របសម្រួលរបស់អង្គការសហប្រជាជាតិ។ ការបញ្ជូននេះ ក្រោយពីពួកគេមិនទទួលបានឋានៈជាជនភៀសខ្លួននៅកម្ពុជា។
នៅទីបំផុត ជនជាតិដើមភាគតិចម៉ុងតាញ៉ា-វៀតណាម ១៣នាក់ក្នុងចំណោម ៤៩នាក់ដែលប្ដឹងឧទ្ធរណ៍ជំទាស់ទៅនឹងការសម្រេចរបស់អាជ្ញាធរខ្មែរ ដែលឲ្យពួកគេធ្លាក់នៅក្នុងជុំទី១ ពេលនេះត្រូវបានបញ្ជូនទៅវៀតណាម ហើយ។
មន្ត្រីផ្នែកព័ត៌មានសាធារណៈប្រចាំតំបន់របស់ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន អ្នកស្រី វីវៀន តាន់ (Vivian Tan) ឲ្យអាស៊ីសេរីដឹងតាមសារអេឡិចត្រូនិក (Email) ថា ជនជាតិម៉ុងតាញ៉ា ទាំង ១៣នាក់នេះ បានឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម រួចហើយនៅព្រឹកថ្ងៃទី១០ សីហា។ ពួកគេត្រូវបានដឹកចេញពីព្រំដែនដោយមន្ត្រីអន្តោប្រវេសន៍ និងអាជ្ញាធរវៀតណាម មកពីខេត្តដែលពួកគេរស់នៅ។
អ្នកស្រី វីវៀន តាន់ បញ្ជាក់ថា ពួកគេ ១៣នាក់នេះបានធ្លាក់មិនទទួលបានឋានៈជាជនភៀសខ្លួនឡើយ ហើយពួកគេយល់ព្រមត្រឡប់ទៅកាន់ប្រទេសវៀតណាម វិញដោយស្ម័គ្រចិត្ត ក្រោមការសម្របសម្រួល និងគាំទ្ររបស់ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន។
យ៉ាងណាក៏ដោយចុះ មានសេចក្តីរាយការណ៍ថា ក្នុងចំណោមជនជាតិម៉ុងតាញ៉ា ១៣នាក់ ក៏មានអ្នកខ្លះមិនចង់វិលត្រឡប់ទៅកាន់ប្រទេសវៀតណាម វិញឡើយ ព្រោះតែខ្លាចការធ្វើបាបពីអាជ្ញាធរវៀតណាម នៅពេលទៅដល់វៀតណាម វិញ។ ប៉ុន្តែពួកគេថាដោយសារតែគ្មានជម្រើស ទើបសម្រេចចិត្តត្រឡប់ទៅស្រុកកំណើតវិញ។
ចំពោះបញ្ហានេះ អ្នកស្រី វីវៀន តាន់ ឆ្លើយតបថា អង្គការសហប្រជាជាតិសម្រួលការត្រឡប់ទៅវិញចំពោះតែជនជាតិម៉ុងតាញ៉ាដែលស្ម័គ្រចិត្តត្រឡប់ទៅវិញប៉ុណ្ណោះ។ អ្នកស្រីបន្តថា មុនពេលសម្រេចចិត្តទៅវិញ មន្ត្រីអង្គការសហប្រជាជាតិ បានពន្យល់នូវជម្រើសដែលពួកគេចង់បាន មានន័យថា ពួកគេអាចជ្រើសការត្រឡប់ទៅវិញក្រោមការជួយជ្រោមជ្រែងរបស់អង្គការសហប្រជាជាតិ រួមមានការដឹកបញ្ជូនទៅព្រំដែន និងការផ្តល់នូវចំណីអាហារ ជាដើម។
លើសពីនេះ អ្នកស្រីថាខាងភាគីវៀតណាម ក៏បានធានាជាមួយអង្គការសហប្រជាជាតិ ដែរថា ជនជាតិម៉ុងតាញ៉ា ដែលត្រឡប់ទៅវិញនេះ នឹងមិនទទួលរងនូវការផ្ដន្ទាទោសដោយសារតែបានរត់ចេញពីប្រទេសដោយខុសច្បាប់នោះទេ។ ក្នុងពេលជាមួយគ្នា វៀតណាម បានធានាថា មន្ត្រីអង្គការសហប្រជាជាតិ នឹងត្រូវបានអនុញ្ញាតឲ្យទៅសួរសុខទុក្ខអ្នកដែលបានត្រឡប់ទៅវិញទាំងអស់នេះ ដោយគ្មានការរារាំងឡើយ។
មន្ត្រីអង្គការសហប្រជាជាតិ រូបនេះអះអាងថា ចំពោះជនជាតិម៉ុងតាញ៉ា មិនទទួលបានឋានៈជាជនភៀសខ្លួន ហើយមិនព្រមត្រឡប់ទៅវិញតាមការសម្របសម្រួលរបស់អង្គការសហប្រជាជាតិ នោះ ពួកគេអាចប្រឈមនឹងការអនុវត្តច្បាប់ដោយអាជ្ញាធរកម្ពុជា។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់ព័ត៌មានបន្ថែមបញ្ហានេះពីប្រធាននាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ លោក តាន់ សុវិជ្ជា បានទេនៅថ្ងៃទី១០ សីហា ដោយលោកបញ្ជាក់ថាកំពុងជាប់រវល់។ ទោះជាយ៉ាងណា លោកធ្លាប់បញ្ជាក់ថា ជាគោលការណ៍ ជនជាតិម៉ុងតាញ៉ា ដែលមិនទទួលបានឋានៈជាជនភៀសខ្លួនក្រោយការប្រកាសរបស់អាជ្ញាធរ ពួកគេត្រូវចាកចេញពីកម្ពុជា ក្នុងរយៈពេល ១៥ថ្ងៃ។
ក្រោយការចាកចេញរបស់ជនជាតិម៉ុងតាញ៉ា ១៣នាក់នៅពេលនេះទៀត បច្ចុប្បន្នគឺមានជនជាតិម៉ុងតាញ៉ា ចំនួន ៣៩នាក់កំពុងឋិតនៅក្នុងប្រទេសកម្ពុជា ក្រោមការគ្រប់គ្រងរបស់អង្គការសហប្រជាជាតិ ក្នុងនោះ ៣នាក់ត្រូវបានឋានៈជាជនភៀសខ្លួនរួចហើយ ចំណែក ៣៦នាក់ផ្សេងទៀតកំពុងឋិតក្រោមការពិនិត្យបណ្ដឹងឧទ្ធរណ៍។
នៅក្នុងដំណាក់កាលនៃបណ្ដឹងឧទ្ធរណ៍ដែលជាការសម្រេចបិទផ្លូវតវ៉ានេះ អាជ្ញាធរខ្មែរធ្លាប់បញ្ជាក់ថា ប្រសិនបើជនជាតិម៉ុងតាញ៉ាទាំងអស់នេះមិនមានឯកសារ ឬភស្តុតាងដាក់បន្ថែមនោះទេ ពួកគេនឹងមិនទទួលបានឋានៈជាជនភៀសខ្លួនឡើយ៕