ក្មេងស្រីខ្មែរម្នាក់ ដែលចាញ់បោកមេខ្យល់យកទៅលក់នៅប្រទេសចិន អំពាវនាវដល់អាជ្ញាធរកម្ពុជាជួយសង្គ្រោះនាងវិលត្រឡប់មកប្រទេសកំណើតវិញ។មន្ត្រីសិទ្ធិមនុស្សជំរុញអាជ្ញាធរចាត់វិធានការឱ្យទាន់ពេល ព្រមទាំងផ្សព្វផ្សាយចំណេះដឹងទាក់ទងទម្រង់បោកបញ្ឆោតទៅដល់ពលរដ្ឋឱ្យបានទូលំទូលាយថែមទៀត។
ក្មេងស្រីខ្មែរម្នាក់ ដែលចាញ់បោកមេខ្យល់ យកទៅលក់នៅប្រទេសចិន បានដាច់ចិត្តទម្លាយទុក្ខវេទនា និងកិត្តិយសរបស់នាងនៅលើបណ្ដេញសង្គម ដើម្បីស្នើសុំអាជ្ញាធរកម្ពុជាជួយសង្គ្រោះនាងឱ្យរួចផុតពីការធ្វើបាប និងវិលត្រឡប់មកជួបជុំម្ដាយឪពុកវិញ។
ក្មេងស្រីរងគ្រោះ ដែលមានស្រុកកំណើតស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ អះអាងប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១០ ខែមីនាថា គ្រួសារមានជីវភាពក្រីក្រ ភាពនៅក្មេងខ្ចី ចំណេះដឹងតិចតួច បានរុញច្រាននាង និងមិត្តភ័ក្ដិបីនាក់ទៀត ត្រូវមេខ្យល់ជនជាតិខ្មែរ និងចិនបោកបញ្ឆោតដឹកតាមឡានចេញពីភ្នំពេញ ឆ្លងកាត់វៀតណាមរហូតទៅដល់ប្រទេសចិន កាលពីខែសីហា ឆ្នាំ២០២៣ ដោយសន្យាឱ្យធ្វើការតាមហាងទទួលបានប្រាក់ឈ្មួញ ៧រយដុល្លារក្នុងមួយខែ។កញ្ញាឱ្យដឹងថា ពេលទៅដល់ប្រទេសចិនភ្លាម ក្ដីសង្ឃឹមរបស់នាងបានរលាយអស់ ដោយសារមេខ្យល់បានដាក់ពួកនាងនៅក្នុងបន្ទប់លក់ដូរដូចទំនិញនៅលើទីផ្សារ ហើយបន្ទាប់មក បុរសម្នាក់បានយករូបនាងទៅរស់នៅជាមួយសម្រាប់ពរពោះបង្កើតកូនឱ្យគេទៅវិញ។
ក្មេងស្រីរងគ្រោះមានវ័យ ១៦ឆ្នាំរូបនេះបន្តថា រយៈពេលជាង ៦ខែ ដែលនាងរស់នៅជាមួយគ្រួសារចិននោះ បានរងសម្ពាធផ្លូវកាយផ្លូវចិត្ត ដោយពួកគេចាក់សោឱ្យនាងនៅតែក្នុងបន្ទប់ វាយដំធ្វើបាប ជេរប្រមាថ និងតែងតែបង្ខំឱ្យនាងដេកជាមួយជាដើម។លើសពីនេះ គ្រួសារជនជាតិចិននោះ ក៏បានគំរាមធ្វើបាបថែមទៀត បើសិននាងរាយការណ៍ករណីនេះទៅសមត្ថកិច្ច ឬគ្រួសារនៅស្រុកខ្មែរឱ្យជួយនោះ។
ក្មេងស្រីដែលចាញ់បោកមេខ្យល់យកទៅលក់នៅចិន៖ «សូម្បីចេញដើរទៅណាក៏មិនបាន ខ្ញុំបានតែហូបបាយហើយគេដេញឱ្យខ្ញុំចូលក្នុងបន្ទប់វិញ គេលក់ខ្ញុំផង គេចាប់បង្ខំខ្ញុំផង មានពាក្យគំរាមផង ខ្ញុំគ្រាន់តែចង់ឱ្យគាត់(អាជ្ញាធរកម្ពុជា)ជួយយកខ្ញុំចេញពីកន្លែងហ្នឹង ពីព្រោះខ្ញុំនៅហ្នឹងហួសអ្នកជាប់គុកទៅទៀត ខ្ញុំគិតអ្វីអត់ចេញតែម្ដង ខ្ញុំអង្គុយយំតែឯងទៅ ខ្ញុំធ្វើអ្វីអត់កើត»។
ទាក់ទងរឿងនេះ អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី ប្រាប់វិទ្យុអាស៊ីសេរីតាមប្រព័ន្ធតេឡេក្រាមថា មកដល់ពេលនេះ ស្ថានទូតកម្ពុជាប្រចាំទីក្រុងប៉េកាំង (Beijing) បានទំនាក់ទំនងជាមួយក្មេងស្រីរងគ្រោះរស់នៅខេត្តស្យឺជាំង (Zhejiang) រួចហើយ។ លោកបន្តថា បច្ចុប្បន្ន មន្ត្រីស្ថានទូតកំពុងសហការជាមួយស្ថានអគ្គកុងស៊ុលកម្ពុជានៅទីក្រុងសៀងហៃ (Shanghai) ធ្វើការសម្របសម្រួលជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ចិន ដើម្បីដោះស្រាយ។
ចំណែកនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្ស លីកាដូ (LICADO) លោក អំ សំអាត មើលឃើញថា ចំណាត់ការរបស់អាជ្ញាធរបច្ចុប្បន្ន ហាក់មិនទាន់ឆ្លើយតបគ្រប់គ្រាន់លើបញ្ហាស្ត្រីខ្មែរចាញ់បោកមេខ្យល់ទៅធ្វើការ ឬយកប្ដីជនជាតិចិននៅឡើយ ពីព្រោះបញ្ហាទាំងនេះនៅតែកើតឡើងច្រើនគួរឱ្យព្រួយបារម្ភជាខ្លាំង។ មន្ត្រីសិទ្ធិមនុស្សរូបនេះ ជំរុញដល់អាជ្ញាធរពាក់ព័ន្ធចាត់វិធានការឱ្យទាន់ពេលវេលា ព្រមទាំងជំរុញការផ្សព្វផ្សាយអប់រំដល់ពលរដ្ឋខ្មែរឱ្យយល់ដឹងអំពីបញ្ហាធ្វើចំណាកស្រុក ជាពិសេស តាមចាប់មេខ្យល់យកមកអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការជួញដូរមនុស្សឱ្យមានប្រសិទ្ធភាព។
លោក អំ សំអាត៖ «ចំណុចនេះជាតួនាទីរបស់ស្ថានទូតគួរប្រញាប់ជួយដល់ពលរដ្ឋរបស់ខ្លួន បើសិនបានព័ត៌មាន ឬការស្នើសុំជួយអន្តរាគមន៍ដែលគាត់ជួបបញ្ហាហ្នឹង យើងមិនគួរទុកពេលយូរនោះទេ ពីព្រោះវាទុកយូរទៅអាចមានបញ្ហាអ្វីផ្សេងកើតឡើង ឬគាត់រងគ្រោះកាន់តែខ្លាំង បើសិនគាត់ត្រូវបានគេជួញដូរ ឬត្រូវរងអំពើហិង្សា ឬការធ្វើទុក្ខបុកម្នេញផ្សេងៗ»។
មន្ត្រីសង្គមស៊ីវិលមើលឃើញថា កត្តាសំខាន់ដែលនាំឲ្យស្ត្រីខ្មែរនៅតែចាញ់បោកមេខ្យល់ទៅធ្វើការឬយកប្ដីជនជាតិចិននោះ គឺផ្ដើមចេញពីភាពក្រីក្រ ខ្វះការអប់រំ ការទទួលបានព័ត៌មានមិនគ្រប់គ្រាន់ខ្វះទីផ្សារការងារក្នុងស្រុក និងការជំពាក់បំណុលធនាគារជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។