ឧត្ដមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) កំពុងរៀបចំឯកសារតាមផ្លូវច្បាប់ដើម្បីបញ្ជូនខ្លួនជនភៀសខ្លួនម៉ុងតាញ៉ា ៤នាក់ ទៅឲ្យក្រសួងមហាផ្ទៃ បន្ទាប់ពីពួកគេបានភៀសខ្លួនពីវៀតណាម មកដល់រាជធានីភ្នំពេញ។ ទន្ទឹមគ្នានេះ មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា នឹងពិនិត្យអត្តសញ្ញាណលើជនភៀសខ្លួនម៉ុងតាញ៉ា ទាំងនោះ នឹងត្រូវអនុវត្តទៅតាមច្បាប់ក្រោយកំណត់អត្តសញ្ញាណរួច។
ជនភៀសខ្លួនម៉ុងតាញ៉ា ៤នាក់ ដែលភៀសខ្លួនមកដល់កម្ពុជា រយៈពេលជិតមួយខែមកហើយនោះ នៅមិនទាន់ដឹងថា នឹងមានវាសនាយ៉ាងណានោះទេ។
ទាក់ទងបញ្ហានេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង មានប្រសាសន៍ប្រាប់អ្នកកាសែតនៅថ្ងៃទី១០ កុម្ភៈ នារាជធានីភ្នំពេញ ថា ក្នុងពេលតែមួយ កម្ពុជាត្រូវអនុវត្តច្បាប់ពីរ គឺទីមួយ អនុសញ្ញាឆ្នាំ១៩៥១ ស្ដីពីសិទ្ធិជនភៀសខ្លួនដែលកម្ពុជា ជាម្ចាស់ហត្ថលេខី និងទី២ គឺច្បាប់អន្តោប្រវេសន៍របស់កម្ពុជា កាលណាជនទាំងនោះអត់មានឯកសារអ្វីមួយដែលបញ្ជាក់ថា ជាជនភៀសខ្លួន។ លោកបន្តថា នេះជាដំណោះស្រាយមួយដែលឈលើច្បាប់ និងឈលើទិដ្ឋភាពជាក់ស្ដែង៖ «ដូច្នេះយើងធ្វើបទសម្ភាសន៍បញ្ជាក់រកឯកសារភស្តុតាងឲ្យបានគ្រប់គ្រាន់ បើសិនជារកឃើញថា ពួកគាត់ជាជនភៀសខ្លួនមែនយើងត្រូវតែបញ្ជូនទៅប្រទេសទី៣ ដើម្បីឲ្យគេទទួលយក ហើយបើគេមិនទទួលយកទេ អាហ្នឹងចង់ ឬមិនចង់ យើងមិនអាចបង្កើតជំរំនៅក្នុងប្រទេសកម្ពុជា បានទេ ករណីនេះយើងត្រូវតែសហការជាមួយអង្គការពាក់ព័ន្ធដទៃទៀតឲ្យជួយដោះស្រាយ ប៉ុន្តែបើយើងសម្ភាសទៅវាមិនជាប់ពាក់ព័ន្ធនឹងជនភៀសខ្លួននោះនឹងបញ្ជូនទៅស្រុកដើមវិញហើយ»។
ប្រភពពីមន្ត្រីសិទ្ធិមនុស្សបានឲ្យដឹងថា បច្ចុប្បន្នជនភៀសខ្លួនម៉ុងតាញ៉ា ទាំង ៤នាក់ កំពុងស្ថិតនៅកន្លែងមួយសុវត្ថិភាពក្នុងរាជធានីភ្នំពេញ ដោយមានការឃ្លាំមើលពីអង្គការសហប្រជាជាតិ (UN)។
មន្ត្រីជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានក្តីបារម្ភចំពោះការអនុវត្តតាមច្បាប់អន្តោប្រវេសន៍ ពីព្រោះកន្លងមកការអនុវត្តមិនទាន់មានភាពច្បាស់លាស់នៅឡើយ ហើយប្រការនេះនឹងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិជនភៀសខ្លួន៖ «បើសិនជាមិនពិនិត្យឲ្យបានដិតដល់ ហើយត្រូវអនុវត្តច្បាប់អន្តោប្រវេសន៍ ដោយបញ្ជូនជនភៀសខ្លួនដែលពួកគាត់កំពុងស្វែងរកសិទ្ធិជ្រកកោនទៅប្រទេសដើមវិញ ដែលគេធ្វើទុក្ខបុកម្នេញគាត់ នោះច្បាស់ជាប្រឈមនឹងបញ្ហាគ្រោះថ្នាក់ហើយ ត្រង់នេះដែលគេត្រូវពិចារណា»។
លោកបានឲ្យដឹងទៀតថា មន្ត្រីឧត្ដមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន កំពុងរៀបចំឯកសារតាមផ្លូវច្បាប់ដើម្បីបញ្ជូនខ្លួនជនភៀសខ្លួនម៉ុងតាញ៉ា ៤នាក់នោះទៅអគ្គនាយកដ្ឋានជនអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ នៅពេលឆាប់ៗនេះហើយ។
ការរៀបចំឯកសារនេះ បន្ទាប់ពីមន្ត្រីអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៩ កុម្ភៈ បានបញ្ជូនអ្នកទាំង ៤នាក់នោះទៅអគ្គនាយកដ្ឋានជនអន្តោប្រវេសន៍ តែមន្ត្រីនៅទីនោះមិនទទួលដោយបង្គាប់ឲ្យរៀបចំឯកសារជាផ្លូវការដើម្បីពិនិត្យជាមុនសិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
