សង្គមស៊ីវិលចំនួន៦នឹងទទួលបានវិញ្ញាបនបត្រខាងអនុវត្តល្អប្រចាំឆ្នាំ២០១៥
2015.09.11

កម្មវិធីអភិបាលកិច្ច និងការប្រតិបត្តិប្រកបដោយវិជ្ជាជីវៈ ជី.ភី.ភី (GPP) នឹងផ្តល់វិញ្ញាបនបត្រខាងអនុវត្តល្អប្រចាំឆ្នាំ២០១៥ ជូនសង្គមស៊ីវិលចំនួន៦ ក្នុងចំណោមអង្គការប្រមាណជាង ៤០ មកពីវិស័យផ្សេងៗគ្នានៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះ សង្គមស៊ីវិលទាំង៦ រំពឹងថា វិញ្ញាបនបត្រនេះនឹងដើរតួនាទីជាគំរូយ៉ាងសំខាន់ ក្នុងការចូលរួមលើកកម្ពស់អភិបាលកិច្ចល្អ គណនេយ្យភាព តម្លាភាព និងការប្រតិបត្តិប្រកបដោយវិជ្ជាជីវៈ។
គណៈកម្មាធិការកម្មវិធីអភិបាលកិច្ច និងការប្រតិបត្តិប្រកបដោយវិជ្ជាជីវៈ អះអាងថា វិញ្ញាបនបត្រខាងអនុវត្តល្អប្រចាំឆ្នាំ ដែលនឹងត្រូវផ្តល់ជូនសង្គមស៊ីវិលចំនួន៦ នៅចុងឆ្នាំ២០១៥ ខាងមុខនេះ គឺផ្អែកលើការវាយតម្លៃត្រឹមត្រូវ ឯករាជ្យ យុត្តិធម៌ និងប្រកបដោយវិជ្ជាជីវៈ។
ការលើកឡើងនេះ ត្រូវបានលើកឡើងនៅក្នុងវេទិការបស់អង្គការមិនមែនរដ្ឋាភិបាល ដែលបានទទួលវិញ្ញាបនបត្រលើកទី៩ ស្តីអំពីអភិបាលកិច្ច និងការផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍរបស់អង្គការសង្គមស៊ីវិលកាលពីថ្ងៃទី១០ ខែកញ្ញា។
ប្រធានកម្មវិធីអភិបាលកិច្ច និងការប្រតិបត្តិប្រកបដោយវិជ្ជាជីវៈ លោក ឈន វឌ្ឍនៈ មានប្រសាសន៍ថា ជី.ភី.ភី គឺជាផ្នែកមួយរបស់គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) ហើយវាជាប្រព័ន្ធវិញ្ញាបនបត្រស្ម័គ្រចិត្តមួយ តាមរយៈការដាក់ពាក្យស្នើសុំដើម្បីធ្វើការវាស់ស្ទង់កម្រិតការអនុវត្តរបស់សង្គមស៊ីវិល ថាបានអនុវត្តប្រកបដោយវិជ្ជាជីវៈហើយឬនៅ? លើសពីនេះ លោកថា វិញ្ញាបនបត្រនេះមានសុពលភាព ៣ឆ្នាំ និងឆ្លងកាត់ការវាយតម្លៃដោយផ្អែកលើលក្ខខណ្ឌចំនួន៦ សំខាន់ៗ៖ «ទីមួយយើងមើលលើប្រព័ន្ធអភិបាលកិច្ចល្អ តើគាត់បានប្រតិបត្តិបានត្រឹមត្រូវហើយឬនៅ? ទី២ យើងមើលលើសម្ព័ន្ធភាព និងការទំនាក់ទំនងទាំងថ្នាក់ដឹកនាំ ហើយការឲ្យតម្លៃបុគ្គលិកយ៉ាងម៉េច? ទី៣ យើងមើលប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ តើគាត់មានប្រព័ន្ធត្រឹមត្រូវ ថាតើគោលនយោបាយគាត់ត្រឹមត្រូវនៅ? ទី៤ យើងមើលគណនេយ្យភាព និងតម្លាភាព និងទី៥ យើងមើលទៅលើតើគាត់មានប្រព័ន្ធគ្រប់គ្រងគុណភាពរបស់អង្គការគាត់មានប្រសិទ្ធភាពឬអត់?»។
ជាងនេះទៀត លោក ឈន វឌ្ឍនៈ បានឲ្យដឹងទៀតថា វិញ្ញាបនបត្រនេះនឹងផ្តល់អត្ថប្រយោជន៍ដល់សង្គមស៊ីវិលទាំងនោះ ទាំងទំនុកចិត្តម្ចាស់ជំនួយ និងនិរន្តរភាពរបស់សង្គមស៊ីវិល៖ «ដើម្បីគ្រប់គ្រងល្អ ទាល់តែប្រព័ន្ធអនុវត្តរបស់យើងល្អ គ្មានអំពើពុករលួយ មានតម្លាភាព ចឹងអង្គការគាត់ល្អចឹងដែរ»។
សង្គមស៊ីវិលចំនួន៦ មកពីវិស័យផ្សេងៗគ្នាដែលនឹងទទួលបានវិញ្ញាបនបត្រនៅចុងឆ្នាំ២០១៥ ខាងមុខនេះ ក្នុងនោះមាន អង្គការកម្ពុជាប្រឆាំងទុរភិក្ស និងហិង្សា គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា អង្គការយុវតារា អង្គការក្រុមទ្រទ្រង់ភូមិ អង្គការអភិវឌ្ឍន៍ស្ត្រីក្រីក្រក្នុងទីក្រុង និងអង្គការអ្នកក្សេត្រសាស្ត្រ និងសត្វគ្មានព្រំដែន។
តំណាងសង្គមស៊ីវិលម្នាក់ក្នុងចំណោមសង្គមស៊ីវិលទាំង៦ ដែលទទួលបានវិញ្ញាបនបត្រ នាយិកាប្រតិបត្តិនៃអង្គការអភិវឌ្ឍន៍ស្ត្រីក្រីក្រក្នុងទីក្រុង (UPWD) អ្នកស្រី ស៊ុំ សាម៉ុន និយាយថា អង្គការអ្នកស្រីបានធ្វើសកម្មភាពជួយដល់ស្ត្រី និងពង្រឹងអភិបាលកិច្ចល្អតាមសហគមន៍ជិត ២០ឆ្នាំមកហើយ។ អ្នកស្រីថា វិញ្ញាបនបត្រនេះនឹងមានសារសំខាន់ដល់ការអនុវត្តការងារជួយដល់សង្គមកាន់តែប្រសើរ៖ «រដ្ឋាភិបាលគួរតែយកចិត្តទុកដាក់ គិតគូរចំពោះសង្គមស៊ីវិលដែលទទួលបានប្រព័ន្ធ ជី.ភី.ភី ដើម្បីឲ្យសង្គមស៊ីវិលមានកម្លាំងអភិវឌ្ឍសង្គមឲ្យមានប្រសិទ្ធភាពជាងនេះ»។
ចាប់ពីឆ្នាំ២០០៧ កម្មវិធីអភិបាលកិច្ច និងការប្រតិបត្តិប្រកបដោយវិជ្ជាជីវៈ ជី.ភី.ភី បានផ្តល់វិញ្ញាបនបត្រចំនួន៦៩ ជូនដល់អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ ដែលមានលក្ខខណ្ឌគ្រប់គ្រាន់ស្របតាមបទដ្ឋានអភិបាលកិច្ចល្អ វិជ្ជាជីវៈ ហើយឆ្លើយតបនឹងគោលការណ៍ទី៥ ទី៦ និងទី៧ នៃគោលការណ៍អ៊ីស្តាន់ប៊ុល (Istanbul Principles) ស្ដីពីប្រសិទ្ធភាពនៃការអភិវឌ្ឍរបស់អង្គការសង្គមស៊ីវិលដែលបានព្រមព្រៀងជាសកលពីឆ្នាំ២០១០៕