ភរិយា​របស់​លោក ណៃ វ៉ង់ដា ថា​ស្វាមី​កំពុង​ជួប​ការ​លំបាក​នៅ​មន្ទីរ​ឃុំឃាំង

ដោយ ប្រាជ្ញ ចេវ
2016.06.10
Share on WhatsApp
Share on WhatsApp
ណៃ វ៉ង់ដា ២០១៦ ៨៥៥ អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) លោក ណៃ វ៉ង់ដា ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៦។
Photo: RFA

ភរិយា​របស់​មន្ត្រី​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) លោក ណៃ វ៉ង់ដា គឺ​លោកស្រី ភាវ ម៉ី ប្រាប់​ថា ស្វាមី​របស់​លោកស្រី​កំពុង​ជួប​ការ​លំបាក ព្រោះ​ក្នុង​បន្ទប់​ឃុំ​មាន​បណ្ដោយ ៥​ម៉ែត្រ និង​ទទឹង ៤​ម៉ែត្រ មាន​អ្នក​ជាប់​ឃុំ ៣០​នាក់​ក្នុង​នោះ ដែល​ស្ទើរ​តែ​រក​កន្លែង​គេង​មិន​បាន។

ជាង​នេះ​ទៅ​ទៀត អ្នក​ទាំង​នោះ​ភាគ​ច្រើន​ជា​អ្នក​ជក់​បារី ដែល​ធ្វើ​ឲ្យ​លោក ណៃ វ៉ង់ដា មាន​ជំងឺ​ក្អក​ជា​ប្រចាំ ព្រោះ​ផ្សែង​បារី​របស់​អ្នក​ជាប់ឃុំ​នៅ​ក្នុង​បន្ទប់​ឃុំ​នោះ។

តើ​លោក ណៃ វ៉ង់ដា ជួប​បញ្ហា​អ្វី​ខ្លះ​នៅ​ក្នុង​ពន្ធនាគារ?

ផ្ទុយ​ពី​ការ​ចោទ​ប្រកាន់​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​តុលាការ​ក្រុង​ភ្នំពេញ មន្ត្រី​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក លោក ណៃ វ៉ង់ដា បាន​ផ្ញើ​ចម្លើយ​របស់​លោក​ពី​ពន្ធនាគារ​តាម​រយៈ​ភរិយា​របស់​លោក​ថា លោក​មិន​បាន​សូក​ប៉ាន់​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ ឲ្យ​និយាយ​ខុស​ពី​ការ​ពិត​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

មាន​ទឹក​មុខ​ក្រៀមក្រំ ដៃ​អោប​កូនស្រី​នៅ​នឹង​ដើមទ្រូង លោកស្រី ភាវ ម៉ី ជា​ភរិយា​របស់​លោក ណៃ វ៉ង់ដា។ ស្ត្រី​មាន​វ័យ ៤២​ឆ្នាំ​ថ្លែង​ដោយ​សំឡេង​មួយៗ និង​ដោយ​ការ​ប្រុង​ប្រយ័ត្ន​ថា ចាប់​តាំង​ពី​ស្វាមី​របស់​លោកស្រី​ជាប់​ឃុំ​តែង​តែ​មាន​មនុស្ស​តាម​ឃ្លាំមើល​លោកស្រី។ លោកស្រី​បន្ត​ថា ពេល​ស្វាមី​លោកស្រី​ជួប​បញ្ហា​ដូច​នេះ អ្នក​ជិត​ខាង​របស់​លោកស្រី​ខ្លះ​លើក​ទឹក​ចិត្ត​លោកស្រី ប៉ុន្តែ​ក៏​មាន​អ្នក​ខ្លះ​ទៀត​មក​និយាយ​ឌឺដង​ពេប​ជ្រាយ​ដាក់​លោកស្រី​ដែរ៖ «មាន​ការ​លំបាក​ច្រើន​ណាស់​អូន​អើយ ទាំង​ផ្លូវ​កាយ! ការ​លំបាក​ផ្លូវ​ចិត្ត​ហ្នឹង គឺ​កូនៗ​ចេះ​តែ​សួរ​រក​ប៉ាៗ ហើយ​ពេល​ខ្លះ​យើង​អាណោចអាធ័ម​កូន ពេល​ខ្លះ​ចាំ​ប៉ាៗ អ៊ីចឹង ឃើញ​បង​វា​ចេញ​មក​ពី​រៀន អា​កូន​តូច​ហ្នឹង​ចុះ​មក​រត់​ទៅ​បើក​ទ្វារ​អោយ​ហើយ​ស្រែក​ថា​ប៉ាៗ»

​ចាប់​តែ​ពី​សមត្ថកិច្ច​បញ្ជូន លោក ណៃ វ៉ង់ដា និង​មន្ត្រី​អាដហុក ផ្សេង​ទៀត​ទៅ​ឃុំ​ខ្លួន លោកស្រី ភាវ ម៉ី តែង​ឆ្លៀត​ទៅ​សួរ​សុខ​ទុក្ខ​មួយ​សប្ដាហ៍​បី​ដង ដោយ​ឆ្មាំ​យាម​គុក​ផ្ដល់​រយៈពេល ១០​នាទី។

កូន​សួរ​ឪពុក​ជា​ហេតុ​ធ្វើ​ស្ត្រី​ជា​ម្ដាយ ស្រក់​ទឹកភ្នែក​ទាំង​មិន​ដឹង​ខ្លួន។ លោកស្រី ភាវ ម៉ី ដែល​សព្វថ្ងៃ​កំពុង​ថែរក្សា​កូន​ទាំង​ពីរ​នាក់​នៅ​ក្នុង​បន្ទុក រៀបរាប់​ថា ស្វាមី​លោកស្រី​ប្រាប់​លោកស្រី​កុំ​ឲ្យ​ព្រួយ​បារម្ភ​ចំពោះ​ការ​ចោទ​នៅ​ពេល​នេះ ព្រោះ​លោក​មិន​បាន​ធ្វើ​អ្វី​ខុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ៖ «គាត់​ថា​រឿង​គេ​ចោទ​អ៊ីចឹង​គេ​មាន​សិទ្ធិ​ចោទ ​ប៉ុន្តែ​ការពិត​វា​យ៉ាង​ម៉េចៗ​ វា​អត់​មាន​ដូច​គេ​ចោទ។ គាត់​រាល់​ថ្ងៃ​គាត់​ធ្វើ​តែ​ការងារ​គាត់​គោរព​តាម​​គោលការណ៍​អង្គការ​ តាម​ច្បាប់​ធម្មនុញ្ញ តាម​ច្បាប់​ប្រទេស និយាយ​ទៅ​គាត់​ជួយ​ជន​រងគ្រោះ​ ជួយ​តែ​អ្នក​ដែល​ត្រូវ​គេ​រំលោភ​បំពាន»

មន្ត្រី​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) លោក ណៃ វ៉ង់ដា (រូប​ពាក់​វែនតា) ពេល​ចូល​ទៅ​បំភ្លឺ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៦។
មន្ត្រី​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) លោក ណៃ វ៉ង់ដា (រូប​ពាក់​វែនតា) ពេល​ចូល​ទៅ​បំភ្លឺ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៦។
Photo provided

គេ​នៅ​ចាំ​បាន​ថា កាល​ពី​លោក ណៃ វ៉ង់ដា នៅ​មាន​សេរីភាព ពេល​មាន​បាតុកម្ម​ទាមទារ​របស់​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី ការ​ទាមទារ​របស់​កម្មករ កម្មការិនី និង​ការ​ទាមទារ​ផ្សេងៗ គេ​នឹង​ឃើញ​បុរស​មាន​មាឌ​ធំ​ខ្ពស់ សម្បុរ​ស្រអែម មាន​ពាក់អាវ​កាក់​លើ​អាវ​របស់​ខ្លួន រូប​ដៃ​មនុស្ស​លើក​ទ្រ​ព្រះ​កេស​ព្រះព្រហ្ម ជា​សញ្ញា​សម្គាល់​របស់​សមាគម​អាដហុក។ នោះ​ហើយ​គឺ​លោក ណៃ វ៉ង់ដា ដែល​តែងតែ​តាម​ឃ្លាំមើល​ការ​ទាមទារ​នោះ។

ករណី​ជាក់ស្ដែង​នៅ​ពេល​អ្នកនាង ខុម ចាន់តារាទី ទៅ​សុំ​ជំនួយ​ពី​សមាគម​អាដហុក  លោក ណៃ វ៉ង់ដា តែងតែ​នៅ​តាម​ឃ្លាំមើល​ដំណើរការ​រឿង​នេះ រួម​ទាំង​ការ​ធ្វើ​ដំណើរ​របស់​អ្នកនាង ខុម ចាន់តារាទី ទាំង​នៅ​ពេល​ទៅ​បំភ្លឺ​នៅ​ក្រសួង​មហាផ្ទៃ និង​ពេល​ចូល​កម្មវិធី​វិទ្យុ។

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា បន្ទាប់ពី​មាន​ការ​ចោទ​របស់​អ្នកនាង ស្រីមុំ ថា មន្ត្រី​សមាគម​អាដហុក ឲ្យ​នាង​និយាយ​កុហក លោក ណៃ វ៉ង់ដា ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា អ្វី​ដែល​ធ្វើ​ត្រឹមត្រូវ​គោលការណ៍​របស់​សមាគម​អាដហុក និង​ច្បាប់​របស់​ប្រទេស។ ដូច្នេះ​លោក​មិន​ព្រួយបារម្ភ​ពី​ការ​ចោទ​ប្រកាន់​របស់​អ្នកនាង ខុម ចាន់តារាទី ទេ៖ «ខ្ញុំ​ក៏​គ្មាន​អ្វី​ព្រួយ​ បារម្ភ​ដែរ ព្រោះ​កិច្ចការ​​ដែល​ខ្ញុំ​ធ្វើ​គឺ​ជា​អ្វី​ដែល​ត្រូវ​តាម​គោលការណ៍​របស់​ សមាគម​អាដហុក​ ហើយ​ត្រឹម​ត្រូវ​តាម​​គោលការណ៍​ច្បាប់​ទាំង​អស់»

សំណុំរឿង​នេះ​ដែរ តុលាការ​សម្រេច​បញ្ជូន​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក ៣​រូប ព្រមទាំង​លោក ណៃ វ៉ង់ដា ផង ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស ខណៈ​មន្ត្រី គ.ជ.ប ១​រូប ទៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ ហៅ​កាត់ ប៉េហ្ស៊ី (PJ)។

លោក ណៃ វ៉ង់ដា អាយុ ៤២​ឆ្នាំ បម្រើ​ការងារ​នៅ​សមាគម​អាដហុក ប្រមាណ ៩​ឆ្នាំ ប្រឈមមុខ​នឹង​ជាប់​ពន្ធនាគារ​ពី ៥ ទៅ ១០​ឆ្នាំ  ព្រោះ​អនុ​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​អាដហុក រូប​នេះ ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​សូក​ប៉ាន់​សាក្សី។

គិត​ចាប់​ពី​ពេល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ឃាត់​ខ្លួន​លោក ណៃ វ៉ង់ដា កាល​ពី​ចុង​ខែ​មេសា នោះ លោក ណៃ វ៉ង់ដា បាត់បង់​សេរីភាព​ជាង ៤០​ថ្ងៃ​ហើយ។

មេធាវី​ការពារ​ក្ដី​របស់​មន្ត្រី​អាដហុក​ម្នាក់ អ្នកស្រី គា សុផល ឲ្យ​ដឹង​ថា នៅ​ម៉ោង ៨​ព្រឹក ថ្ងៃ​ទី​១៣ ខែ​មិថុនា ខាង​មុខ សភា​ស៊ើបសួរ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ នឹង​សាកសួរ​លើ​មន្ត្រី​អាដហុក ទាំង​បួន​នាក់ ទាក់ទង​សំណើ​សុំ​នៅ​ក្រៅ​ឃុំ។

កូន និង​ភរិយា​​របស់​លោក ណៃ វ៉ង់ដា មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) លោកស្រី ភាវ ម៉ី ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៦។
កូន និង​ភរិយា​​របស់​លោក ណៃ វ៉ង់ដា មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) លោកស្រី ភាវ ម៉ី ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៦។
RFA/Brach Chev

លោកស្រី ភាវ ម៉ី ភរិយា​របស់​លោក ណៃ វ៉ង់ដា ឲ្យ​ដឹង​ថា នៅ​បន្ទប់​ឃុំ​ដែល​មាន​ទំហំ ៤​គុណ ៥​ម៉ែត្រ ដែល​អ្នក​ជាប់​ឃុំ​ផ្សេង​ទៀត​ទាំង ៣០​នាក់ សុទ្ធសឹងតែ​ជា​អ្នក​ជក់បារី។ ពេល​នេះ​ស្វាមី​លោកស្រី​តែង​ក្អក​ជា​ប្រចាំ។ លោកស្រី ភាវ ម៉ី ឲ្យ​ដឹង​ថា ដោយសារ​បន្ទប់​តូច​ចង្អៀត ឆ្មាំ​គុក​មិន​អនុញ្ញាត​ឲ្យ​យក​ភួយ​ចូល​ទេ ដោយ​គេ​អនុញ្ញាត​ឲ្យ​មាន​តែ​ខ្នើយ​មួយ​និង​កន្ទេល​មួយ​ប៉ុណ្ណោះ៖ «និយាយ​ ទៅ​គឺ​មាន​ការ​លំបាក​នៅ​ក្នុង​ហ្នឹង​ គឺ​សុខភាព​គាត់​អត់​ល្អ​ទេ មាន​បញ្ហា​គាត់​ក្អក ដោយសារ​ផ្សែង​បារី គេ​ជក់​នៅ​ក្នុង​ហ្នុង ហី​មុខ​ហ្នឹង​ក៏​រាង​ខ្មៅ​ដោយសារ​រោល​ផ្សែង​បារី​ហ្នឹង។ ពេល​ទៅ​ជួប​សួរសុខទុក្ខ​ម្តងៗ​​ក៏​ធំ​ក្លិន​ផ្សែង​បារី​ដែរ»

​មេធាវី​ការពារ​ក្ដី​ឲ្យ​មន្ត្រី​សមាគម​អាដហុក ម្នាក់​ទៀត គឺ​លោក ឡោ ជុនធី មិន​ទាន់​ឲ្យ​ដឹង​ថា តុលាការ​ចោទ​ប្រកាន់​កូន​ក្ដី​របស់​លោក​ដោយ​សំអាង​លើ​ភស្តុតាង​អ្វីខ្លះ​នោះ​ទេ។ លោក​មេធាវី​ដដែល​បន្ត​ថា ពេល​នេះ​ក្រុម​មេធាវី​កំពុង​ប្រមូល​ភស្តុតាង និង​ឯកសារ​ផ្លូវ​ច្បាប់​មួយ​ចំនួន​ដើម្បី​តតាំង​ការ​ចោទ​ប្រកាន់​នេះ៖ «អ្វី​ដែល​ជា​ផ្លូវ​ច្បាប់​ខ្ញុំ​នៅ​សង្ឃឹម​ថា នឹង​អាច​ទទួល​បាន (យុត្តិធម៌) បើ​លើក​តែ​ពី​រឿង​ផ្លូវ​ច្បាប់»

​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង បាន​ផ្ដល់​បទសម្ភាសន៍​ដល់​ទូរទស្សន៍​ក្នុង​ស្រុក​មួយ កាល​ពី​ថ្ងៃ​៤ ខែ​ឧសភា លោក ឧម យ៉ិនទៀង មិន​បាន​បញ្ជាក់​លំអិត​ថា មន្ត្រី​សមាគម​អាដហុក ទាំង ៤​រូប សូកប៉ាន់​អ្វី​ខ្លះ​ទៅ​អ្នកនាង​ស្រីមុំ ទេ។ ប៉ុន្តែ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ  លោក ឧម យ៉ិនទៀង បង្ហាញ​ឈ្មោះ​លោក នី សុខា ថា បាន​ប្រាប់​ទៅ​ស្រីមុំ ឲ្យ​ប្រាប់​ទៅ​តុលាការ​ថា លុយ​ទិញ​សំបុត្រ​យន្តហោះ​ទៅ​ប្រទេស​ថៃ មិន​ជាប់​ពាក់ព័ន្ធ​នឹង​លុយ​កាក់​របស់​លោក កឹម សុខា ទេ។

មេធាវី​ការពារ​ក្ដី​របស់​មន្ត្រី​អាដហុក​ម្នាក់ អ្នកស្រី គា សុផល មិន​ហ៊ាន​រំពឹង​ទុក​ថា កូន​ក្តី​របស់​អ្នកស្រី​បាន​នៅ​ក្រៅ​ឃុំ​ទេ។ ប៉ុន្តែ​អ្នកស្រី​មេធាវី​យល់​ថា ប្រសិន​តុលាការ​យល់​ពី​តម្លៃ​ការងារ​របស់​កូន​ក្តី​អ្នកស្រី តុលាការ​នឹង​អនុញ្ញាត​ឲ្យ​ពួកគេ​នៅ​ក្រៅ៖ «ខ្ញុំ ​សង្ឃឹម​ថា សាលាឧទ្ធរណ៍​គាត់​ហ្នឹង​ពិចារណា​ទៅ​លើ​ការ​សុំ​នៅ​ក្រៅ​ឃុំ ព្រោះ​សកម្មភាព​កូន​ក្ដី​ខ្ញុំ​គាត់​ជា​អ្នក​ដែល​ទទួល​​ខុស​ត្រូវ​ខាង​ផ្លូវ ​ច្បាប់ បើ​សិន​ជា​ទុក​គាត់​នៅ​ក្នុង​ហ្នឹង​ក៏​ដំណើរ​ការ​ស៊ើបអង្កេត​ វា​នៅ​តែ​ដំណើរ​ការ​បាន បើ​ទុក​គាត់​នៅ​ក្រៅ​ឃុំ​វា​អត់​មាន​ប៉ះពាល់​ដល់​ដំណើរការ​របស់​តុលាការ​ ដែរ»

​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ មិត្ត​សង្គម​ស៊ីវិល​របស់​លោក ណៃ វ៉ង់ដា សង្កេត​ឃើញ​ថា លោក ណៃ វ៉ង់ដា ជា​មនុស្ស​សកម្ម​នឹង​ការងារ​ឃ្លាំមើល​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស និង​កិច្ចការ​នយោបាយ។ សកម្មភាព​ទាំង​នេះ​ហើយ​ដែល​លោក សន ជ័យ យល់​ថា ធ្វើ​ឲ្យ​ក្រុម​មនុស្ស​មួយ​ចំនួន​ដែល​ជា​ក្រុម​អាជ្ញាធរ​មិន​ពេញ​ចិត្ត ព្រោះ​សកម្មភាព​លោក ណៃ វ៉ង់ដា ធ្វើ​ឲ្យ​ប៉ះពាល់​ប្រយោជន៍​របស់​ពួកគេ៖ «យើង​សង្កេត​ឃើញ​ថា លោក ណៃ វ៉ង់ដា តែងតែ​លេច​មុខ​នៅ​ពេល​ដែល​មាន​ប្រជាពលរដ្ឋ​​ត្រូវ​បាន​អាជ្ញាធរ ឬ​ឃាត់​ខ្លួន នៅ​ស្ទើរ​តែ​គ្រប់​ទី​កន្លែង​ ជាពិសេស​នៅ​ទីក្រុង​ភ្នំពេញ​នេះ ហើយ​មួយ​ទៀត​ក៏​ឃើញ​គាត់​បាន​ចូល​រួម​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​ឃ្លាំ​មើល​ ដំណើរ​ការ​នៃ​ការ​តវ៉ា​ផ្សេងៗ​របស់​សហគមន៍​ដែល​ងាយ​រងគ្រោះ ជាពិសេស​គឺ​សហគមន៍​ដែល​មាន​បញ្ហា​ជម្លោះ​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ»

ក្រុម​មេធាវី​ការពារ​ក្ដី​មន្ត្រី​សិទ្ធិ​អាដហុក ថា ពួកគេ​នៅ​តែ​តតាំង​ផ្លូវ​ដើម្បី​ការពារ​កូន​ក្ដី ប៉ុន្តែ​ពួកគេ​យល់​ថា បញ្ហា​នយោបាយ​ក៏​ជះឥទ្ធិពល​ដល់​ដំណើរការ​ក្ដី​នេះ​ដែរ​ដោយ​យល់​ថា ប្រសិន​គណបក្ស​មាន​សំឡេង​ឆ្នោត​ទាំង​ពីរ​ងាយ​មក​ចូល​តុ​ចរចា​ឡើង​វិញ នឹង​រុញ​ស្ថានការណ៍​នេះ​វិល​ទៅ​ភាព​ល្អ​ប្រសើរ​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល