ក្រុមសមាជិកសភាអាស៊ាន ស្នើឲ្យមេដឹកនាំប្រទេសអាស៊ានទាំងអស់ ធ្វើយ៉ាងណាដាក់សម្ពាធរបបលោក ហ៊ុន សែន ឲ្យរៀបចំការបោះឆ្នោតថ្មីមួយឡើងវិញ ប្រកបដោយភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស (APHR) ដែលដឹកនាំដោយតំណាងរាស្ត្រម៉ាឡេស៊ីលោក ឆាល សាន់ទីយ៉ាហ្គោ (Charles Santiago) ស្នើឲ្យមេដឹកនាំប្រទេសអាស៊ានទាំងអស់ កុំបណ្ដោយឲ្យរបបលោក ហ៊ុន សែន រួចខ្លួនពីការបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា ដោយស្រួលៗយ៉ាងដូច្នេះឲ្យសោះ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃទី៩ ខែវិច្ឆិកានេះ លោក ឆាល សាន់ទីយ៉ាហ្គោ បានអំពាវនាវឲ្យមេដឹកនាំអាស៊ាន ធ្វើយ៉ាងណា ឲ្យលោក ហ៊ុន សែន បញ្ឈប់ការបង្ក្រាបលើសំឡេងប្រឆាំង និងជំរុញឲ្យមានការរៀបចំការបោះឆ្នោតថ្មីមួយឡើងវិញ ដែលមានភាពសេរី ត្រឹមត្រូវ និង យុត្តិធម៌ពិតប្រាកដ។
ប៉ុន្តែ ការទាមទារបែបនេះ រងការរិះគន់ពីមន្ត្រីរបបលោក ហ៊ុន សែន។ មន្ត្រីនាំពាក្យរបបនេះ គឺលោក ផៃ ស៊ីផាន ខឹងសំបារយ៉ាងខ្លាំង ទៅនឹងក្រុមសមាជិកសភាអាស៊ាន ដែលទាមទារឲ្យអន្តរជាតិ ដាក់សម្ពាធរបបលោក ហ៊ុន សែន ឲ្យស្ដារប្រជាធិបតេយ្យឡើងវិញ។ មន្ត្រីដដែលបានហៅក្រុមសមាជិកសភាអាស៊ានទាំងនេះ ថា ជាឧទ្ទាមបិសាច។ ប៉ុន្តែ លោក ផៃ ស៊ីផាន អះអាងថា គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង នៃប្រទេសសមាជិកអាស៊ាន ជាខែលការពារកម្ពុជា មិនឲ្យប្រទេសណាមួយក្នុងតំបន់អាស៊ាន មានសិទ្ធិដាក់សម្ពាធលើកម្ពុជា ក្នុងការដោះស្រាយបញ្ហានយោបាយផ្ទៃក្នុងរបស់កម្ពុជា នោះបានឡើយ។
ទោះជាយ៉ាងនេះក្តី លោក ឆាល សាន់ទីយ៉ាហ្គោ លើកឡើងថា គោលការណ៍មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង នៃប្រទេសសមាជិកដទៃបែបនេះ គឺជាគោលការណ៍ ដែលនាំឲ្យមានភាពមហន្តរាយមួយ ព្រោះបញ្ហាសិទ្ធិមនុស្ស កំពុងរងការគំរាមកំហែង នៅទូទាំងប្រទេសអាស៊ាន។ ដូច្នេះ ប្រទេសអាស៊ានទាំងអស់ ត្រូវបញ្ឈប់វប្បធម៌មិនចាត់ការចំពោះបញ្ហារំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ ដែលកំពុងកើតមានយ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រទេសណាមួយ ដែលជារដ្ឋសមាជិកបែបនេះ។ មេដឹកនាំប្រទេសអាស៊ានទាំងអស់ នឹងទៅចូលរួមជំនួបកំពូលអាស៊ាន នៅប្រទេសសិង្ហបុរី នៅសប្ដាហ៍ក្រោយនេះ ចាប់ពីថ្ងៃទី១៣-១៥ ខែ វិច្ឆិកា។ លោក ហ៊ុន សែន ក៏នឹងទៅចូលរួមក្នុងកិច្ចប្រជុំនោះដែរ។
ប្រទេសសមាជិកអាស៊ានចំនួនពីរ ដែលកំពុងមានវិបត្តិនយោបាយ និងសិទ្ធិមនុស្សធ្ងន់ធ្ងរ គឺប្រទេសកម្ពុជា និងប្រទេសភូមា (មីយ៉ាន់ម៉ា) ដោយកម្ពុជារងការរិះគន់ និងដាក់ទណ្ឌកម្មជុំទិសជុំវិញបញ្ហារំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ ដោយសារតែការចាប់ប្រធានគណៈសង្គ្រោះជាតិដាក់ឃុំ រម្លាយគណបក្សសង្គ្រោះជាតិ ហាមឃាត់សិទ្ធិនយោបាយថ្នាក់ដឹកនាំបក្សប្រឆាំង បណ្ដេញអង្គការសង្គមស៊ីវិល បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងរៀបចំការបោះឆ្នោតក្លែងក្លាយជាដើម ស្របពេលដែលប្រទេសភូមា កំពុងមានបញ្ហារំលោភសិទ្ធិជនភៀសខ្លួនរ៉ូហ៊ីងយ៉ាយ៉ាងដំណំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។