សហគមន៍ដីធ្លីនៅតំបន់បឹងកក់ និងអ្នកបុរីកីឡា ប្រកាសជំហរថា ពួកគេនឹងផ្អាកធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ (Black Monday) ចាប់ពីថ្ងៃច័ន្ទ ទី១៩ រហូតដល់ដំណាច់ខែធ្នូ។ ការប្រកាសជំហរនេះ ធ្វើឡើងបន្ទាប់ពីក្រុមស្ត្រីបឹងកក់ និងអ្នកបុរីកីឡា នាំគ្នាដោះអាវខ្មៅទុកមួយរយៈពេលសិន ដោយរង់ចាំមើលថា តើមន្ត្រីសិទ្ធិមនុស្សអាដហុក (ADHOC) ៤រូប មន្ត្រី គ.ជ.ប ១រូប និងអ្នកស្រី ទេព វន្នី ត្រូវបានគេដោះលែងឲ្យមានសេរីភាពវិញក្នុងកំឡុងខែធ្នូ នេះឬទេ?
តំណាងអ្នកបឹងកក់ អ្នកស្រី បូវ សោភា សង្ឃឹមថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នឹងគោរពនូវពាក្យសម្ដីរបស់ខ្លួន ដែលនិយាយជាមួយអ្នកសារព័ត៌មាននៅរដ្ឋសភាកន្លងទៅ ថាមន្ត្រីសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប និងតំណាងអ្នកបឹងកក់ នឹងត្រូវបានដោះលែង៖ «ខ្ញុំមានការជឿជាក់ពីលោកឧបនាយករដ្ឋមន្ត្រី ស ខេង ដែលគាត់សន្យាថា គាត់នឹងដោះលែងសង្គមស៊ីវិលចុងខែនេះ អ៊ីចឹងខ្ញុំជឿជាក់ថា គាត់និយាយហើយនឹងធ្វើ អ៊ីចឹងសម្ដីរបស់គាត់និយាយហើយអត់លេបវិញទេ។ នេះជាក្ដីសង្ឃឹមមុតមាំចេញពីបេះដូងយើងទាំងអស់គ្នា»។
សហគមន៍បឹងកក់បញ្ជាក់ថា ប្រសិនបើអ្នកទាំង ៦រូបដែលកំពុងជាប់ឃុំមិនត្រូវបានគេដោះលែងក្នុងអំឡុងខែធ្នូ នេះទេ នោះពួកគេនឹងធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅឡើងវិញ នៅដើមខែមករា ឆ្នាំ២០១៧ និងដើរដាក់ញត្តិតាមស្ថានទូតមហាអំណាច និងស្ថាប័នរដ្ឋសំខាន់ៗមួយចំនួន។
គិតមកត្រឹមថ្ងៃទី១៩ ធ្នូ នេះ អគ្គលេខាធិការរង គ.ជ.ប លោក នី ចិរយា មន្ត្រីអាដហុក ៤រូប មានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងអ្នកស្រី លឹម មុន្នី ត្រូវបានតុលាការក្រុងភ្នំពេញដាក់ពន្ធនាគារជិត ៨ខែហើយពីបទផ្សំគំនិត និងសូកប៉ាន់សាក្សីក្នុងរឿងអាស្រូវស្នេហារវាងលោក កឹម សុខា និងនាង ខុម ចាន់តារាទី ហៅស្រីមុំ។
ចំណែកអ្នកស្រី ទេព វន្នី ត្រូវបានតុលាការឃុំខ្លួនជាង ៤ខែហើយ ដោយសារអ្នកស្រីដឹកនាំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ និងរឿងរ៉ាវពីរករណីទៀតកើតឡើងកាលពីជាង ៤ឆ្នាំមុន ដែលតុលាការក្រុងភ្នំពេញសើរើឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។