សង្គម​ស៊ីវិល​ស្នើ​រដ្ឋមន្ត្រី​​អាមេរិក​សម្របសម្រួល​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

ដោយ សាន សែល
2016.01.24
ហុង សុខហួរ ៦២០ បដា​សរសេរ​អក្សរ​ទាមទារ​ឲ្យ​ដោះលែង​លោក ហុង សុខហួរ ដែល​អ្នក​គាំទ្រ​លោក​លើក​តវ៉ា​នៅ​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ តុលា ឆ្នាំ​២០១៥។
RFA/Rann Samnang

អង្គការ​សង្គម​ស៊ីវិល​កម្ពុជា ចំនួន ៥ នៅ​ថ្ងៃ​ទី​២៤ ខែ​មករា នេះ ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក លោក ចន ឃែរី (John Kerry) ដែល​នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ចន្លោះ​ពី​ថ្ងៃ​ទី​២៥ និង​ទី​២៦ ខែ​មករា។ លិខិត​នេះ ស្នើ​សុំ​បទ​អន្តរាគមន៍​របស់​សហរដ្ឋអាមេរិក តាមរយៈ​លោក ចន ឃែរី ឲ្យ​ជួយ​សម្របសម្រួល​ភាព​តានតឹង​នៃ​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

​អង្គការ​សង្គម​ស៊ីវិល​ទាំង​៥ នោះ​រួម​មាន សហព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ (International Federation for Human Rights) អង្គការ​អាដហុក (ADHOC) អង្គការ​លីកាដូ (LICADHO) វេទិកា​សិទ្ធិមនុស្ស និង​ការ​អភិវឌ្ឍ​អាស៊ី (Asian Forum for Human Rights and Development) និង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (Cambodian Center for Human Rights)។

ខ្លឹមសារ​ក្នុង​លិខិត​នេះ បាន​រៀបរាប់​ពី​ការ​ធ្លាក់​ចុះ​នៃ​ការ​ប្រតិបត្តិ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក្នុង​រយៈពេល​ចុង​ក្រោយ ដូចជា​ការ​ឃុំ​ខ្លួន ការ​វាយ​ធ្វើ​បាប ការ​ដក​អភ័យឯកសិទ្ធិ និង​ការ​តាម​ចាប់​សកម្មជន និង​មេដឹកនាំ​គណបក្ស​ប្រឆាំង។

លិខិត​ដដែល​នេះ សង្គម​ស៊ីវិល​ស្នើ​លោក ចន ឃែរី លើក​យក​បញ្ហា​នេះ​ទៅ​ជជែក​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ឲ្យ​លោក ហ៊ុន សែន ជ្រាប​ពី​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា កាន់​តែ​ច្បាស់។

សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​លោក ចន ឃែរី ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បញ្ចប់​ការ​គំរាម ការ​រំលោភ​លើ​ប្រព័ន្ធ​តុលាការ ការ​ប្រើ​អំពើ​ហិង្សា​លើ​សកម្មជន​បក្ស​ប្រឆាំង និង​ដោះលែង​អ្នក​គាំទ្រ និង​សមាជិក​បក្ស​ប្រឆាំង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។