តំណាងជាន់ខ្ពស់​សហភាពអឺរ៉ុប​ រម្លឹក​លោក ហ៊ុន សែន ឲ្យ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ

ដោយ មួង ណារ៉េត
2018-10-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និង គោលនយោបាយសន្តិសុខ និង ជាអនុប្រធានស្នងការអឺរ៉ុប អ្នកស្រី ហ្វេដេរីកា ម៉ូហ្គែរីនី (Federica Mogherini) ក្នុងជំនួបដាច់ដោយឡែកជាមួយលោក ហ៊ុន សែន កាលពីថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៨ នាឱកាសជំនួបកំពូលអាស៊ី-អឺរ៉ុប (ASEM)។
តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និង គោលនយោបាយសន្តិសុខ និង ជាអនុប្រធានស្នងការអឺរ៉ុប អ្នកស្រី ហ្វេដេរីកា ម៉ូហ្គែរីនី (Federica Mogherini) ក្នុងជំនួបដាច់ដោយឡែកជាមួយលោក ហ៊ុន សែន កាលពីថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៨ នាឱកាសជំនួបកំពូលអាស៊ី-អឺរ៉ុប (ASEM)។
រូបភាពពីគេហទំព័រស្នងការអឺរ៉ុប

តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​បរទេស និង​គោល​នយោបាយ​សន្តិសុខ និង​ជា​អនុប្រធាន​ស្នងការ​អឺរ៉ុប អ្នកស្រី ហ្វេដេរីកា ម៉ូហ្គែរីនី (Federica Mogherini) រម្លឹក​លោក ហ៊ុន សែន ឲ្យ​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ។

នៅ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន របស់​សហភាព​អឺរ៉ុប កាលពី​ថ្ងៃ​ទី១៩ ខែ​តុលា នេះ បញ្ជាក់​ថា នៅ​ក្នុង​ជំនួប​រវាង​អ្នកស្រី ហ្វេដេរីកា ម៉ូហ្គែរីនី ជាមួយ​លោក ហ៊ុន សែន ក្នុង​ឱកាស​នៃ​ជំនួប​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM) នៅ​ទីក្រុង​ប្រ៊ុចសែល (Brussels) ប្រទេស​ប៊ែលហ្ស៊ិក អ្នកស្រី​សង្កត់ធ្ងន់ លើ​បញ្ហា​ធ្លាក់​ចុះ​ដុនដាប នៃ​លទ្ធិប្រជាធិបតេយ្យ ការរំលោភ​សិទ្ធិមនុស្ស និង​បញ្ហា​នីតិរដ្ឋ​នៅ​កម្ពុជា។

អ្នកស្រី ហ្វេដេរីកា ម៉ូហ្គេរីនី គូស​បញ្ជាក់​ប្រាប់​លោក ហ៊ុន សែន ថា សហភាព​អឺរ៉ុប​ពិតជា​ប្ដេជ្ញា និង មាន​ឆន្ទៈ ជួយ​គាំទ្រ​ឲ្យ​មាន​ប្រជាធិបតេយ្យ និង​ស្ថិរភាព​សង្គម​កម្ពុជា ដើម្បី​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ​នយោបាយ។ ក្នុង​ន័យ​នេះ អ្នកស្រី​ដាស់តឿន​លោក ហ៊ុន សែន អំពី​ភាព​ចាំបាច់ ដែល​របប​នេះ ត្រូវតែ​ស្ដារ​ស្ថាន​ការ​នយោបាយ​អាក្រក់​បច្ចុប្បន្ន​នេះ​ឡើងវិញ បើ​មិន​ចង់​បាត់​ការ​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ ពី​សហភាព​អឺរ៉ុប ក្រោម​កិច្ចព្រមព្រៀង “​អ្វីៗ​ទាំងអស់ លើកលែងតែ​អាវុធ (EBA)

សហភាព​អឺរ៉ុប កាលពីដើម​ខែ​តុលា​នេះ ជូនដំណឹង​រួច​ទៅ​ហើយ ទៅ​របប​លោក ហ៊ុន សែន អំពី​ចំណាត់ការ​ឈាន​ទៅ​រក​ការលុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ដោយសារតែ ពុំ​មាន​ការ​កែប្រែ​ស្ថានភាព​វិបត្តិ​ប្រជាធិបតេយ្យ និង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ក្នុង​រយៈកាល​កន្លងមក​នេះ។

សហភាព​អឺរ៉ុប​ទុក​រយៈពេល​ឲ្យ​របប​លោក ហ៊ុន សែន ពី៦ ខែ ទៅ ១ ឆ្នាំ​គឺ​ចាប់ពី​តុលា​នេះ​តទៅ មុននឹង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ជា​ផ្លូវការ​ពី​កម្ពុជា។ ក្នុង​រយៈពេល​៦​ខែ​ដំបូង​នេះ សហភាព​អឺរ៉ុប​នឹង​ទុក​ពេល​ឲ្យ​របប​លោក ហ៊ុន សែន គោរព​កិច្ចសន្យា និង​កែប្រែ​ឥរិយាបថ​របស់​ខ្លួន​ឡើងវិញ លើ​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។ ប្រសិនបើ​លក្ខខណ្ឌ​ទាំងនេះ មិន​ត្រូវ​បាន​អនុវត្ត​នោះ​ទេ ក្នុង​រយៈពេល​៦​ខែ​បន្ទាប់​ទៀត សហភាព​អឺរ៉ុប នឹង​សម្រេច​ឈប់​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល