ក្រសួង​ការ​បរទេស​ថា​សភា​សហភាព​អឺរ៉ុប​វាយ​តម្លៃ​ស្ថានការណ៍​កម្ពុជា​ផ្អែក​លើ​ព័ត៌មាន​មិន​ពិត

0:00 / 0:00

ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លើក​ឡើង​ថា សភា​សហភាព​អឺរ៉ុប វាយ​តម្លៃ​សភាពការណ៍​នៅ​កម្ពុជា ដោយ​ផ្អែក​លើ​ព័ត៌មាន​មិន​ពិត​ជាច្រើន។ នេះ​គឺ​ជា​ការ​ឆ្លើយ​តប​ផ្លូវ​ការ​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ទៅ​នឹង​សេចក្តី​សម្រេច​របស់​សភា​សហភាព​អឺរ៉ុប កាល​ពី​ថ្ងៃ​ទី​៩ មិថុនា ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ឈប់​ធ្វើ​ទុក្ខបុកម្នេញ​លើ​បក្ស​ប្រឆាំង និង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស។

ក្រសួង​ការ​បរទេស អះអាង​ថា រដ្ឋាភិបាល​កម្ពុជា ភ្ញាក់​ផ្អើល​ក្រោយ​ពី​បាន​អាន​ឯកសារ​របស់​សភា​សហភាព​អឺរ៉ុប ជុំវិញ​សភាពការណ៍​នៅ​កម្ពុជា។

ក្នុង​សេចក្តី​ថ្លែងការណ៍​ចំនួន ៤​ទំព័រ​ចុះ​ថ្ងៃ​ទី​១២ មិថុនា ហើយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​១៣ មិថុនា ក្រសួង​ការ​បរទេស បាន​ពន្យល់​ទៅ​កាន់​សហភាព​អឺរ៉ុប វិញ​នូវ​រឿងរ៉ាវ​ទាំងឡាយ​ពាក់ព័ន្ធ​នឹង​ផ្លូវ​តុលាការ​របស់​ប្រធាន និង​អនុប្រធាន​បក្ស​ប្រឆាំង​លោក សម រង្ស៊ី និង​លោក កឹម សុខា ព្រម​ទាំង​ដំណើរ​រឿង​ជុំវិញ​ការ​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធសភា​មក​ពី​បក្ស​ប្រឆាំង លោក ហុង សុខហួរ និង​តំណាង​រាស្ត្រ លោក អ៊ុំ សំអាន។ ក្រៅ​ពី​នោះ ក្រសួង​ការ​បរទេស ក៏​លើក​ឡើង​ពី​រឿងរ៉ាវ​របស់​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស ៤​រូប និង​មន្ត្រី គ.ជ.ប ១​រូប​ដែល​កំពុង​ជាប់​ឃុំ​ដោយសារ​ពាក់ព័ន្ធ​ក្នុង​ករណី​របស់​លោក កឹម សុខា។

ក្រសួង​ការ​បរទេស ហាក់​ឌឺដង​ទៅ​កាន់​សហភាព​អឺរ៉ុប ថា ក្នុង​នាម​ជា​បណ្ដុំ​នៃ​ប្រទេស​អភិវឌ្ឍន៍ ការ​វិនិច្ឆ័យ​ណា​មួយ​អាច​ធ្វើ​ទៅ​បាន ត្រូវ​ផ្អែក​លើ​ការ​ពិត​ជាក់ស្តែង និង​ការ​ស៊ើប​អង្កេត​យ៉ាង​ហ្មត់ចត់ មិន​មែន​សំអាង​លើ​ប្រភព​លម្អៀង ពាក្យ​ចចាមអារ៉ាម និង​ព័ត៌មាន​ដែល​មាន​លក្ខណៈ​បំភ័ន្ត​នយោបាយ​នោះ​ឡើយ។

សកម្មភាព​របស់​សមត្ថកិច្ច​ចាប់​ខ្លួន​សកម្មជន​ដីធ្លី​ឡើង​ឡាន ពេល​ពួកគេ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ចំណុច​ស្ដុប​ផ្សារ​ដើមគរ មុន​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ នៅ​ព្រឹក​ថ្ងៃ​ទី ១៦ ខែ​ឧសភា ឆ្នាំ​២០១៦។
សកម្មភាព​របស់​សមត្ថកិច្ច​ចាប់​ខ្លួន​សកម្មជន​ដីធ្លី​ឡើង​ឡាន ពេល​ពួកគេ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ចំណុច​ស្ដុប​ផ្សារ​ដើមគរ មុន​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ នៅ​ព្រឹក​ថ្ងៃ​ទី ១៦ ខែ​ឧសភា ឆ្នាំ​២០១៦។

ក្រសួង​ការ​បរទេស ក៏​មិន​ភ្លេច​វាយ​ប្រហារ​លើ​អង្គការ​ក្រៅ​រដ្ឋាភិបាល ដោយ​ចោទ​ថា អង្គការ​មួយ​ចំនួន​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​សកម្មភាព​នយោបាយ​ក្រោម​ការ​ឧបត្ថម្ភ​ពី​ស្ថាប័ន​បរទេស។ ក្រសួង​ការ​បរទេស អះអាង​ថា ដោយសារ​តែ​មាន​អង្គការ​ប្រភេទ​នេះ​ហើយ ទើប​រដ្ឋាភិបាល​កម្ពុជា បង្កើត​ឲ្យ​មាន​ច្បាប់​មួយ​ដើម្បី​គ្រប់គ្រង​អង្គការ គឺ​ច្បាប់​ស្ដីពី​អង្គការ​មិន​មែន​រដ្ឋាភិបាល។

ជា​រួម នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​រដ្ឋាភិបាល​មាន​ប្រតិកម្ម​ដូច​នេះ​ចំពោះ​សហគមន៍​អន្តរជាតិ ដែល​រិះគន់​លើ​រដ្ឋាភិបាល​កម្ពុជា។ កន្លង​មក ឲ្យ​តែ​មាន​ការ​រិះគន់​លើ​សកម្មភាព ឬ​សភាពការណ៍​នៅ​កម្ពុជា ម្តងៗ មន្ត្រី​បក្ស​កាន់​អំណាច​តែង​ឆ្លើយ​តប​ថា ជា​ការ​រិះគន់​មិន​ផ្អែក​លើ​ស្ថានភាព​ជាក់ស្តែង ឬ​ទទួល​ព័ត៌មាន​មិន​បាន​គ្រប់​ជ្រុងជ្រោយ ឬ​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត ជាដើម។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ ភាព​ជាក់ស្តែង​នៅ​ត្រង់​ថា ចំពោះ​សភាពការណ៍​នៅ​កម្ពុជា បច្ចុប្បន្ន ដែល​មេ​បក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល​កំពុង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់ និង​ការ​ចាប់​ខ្លួន មិន​ថា​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប អ្នក​ជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អន្តរជាតិ ឬ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ នោះ​ទេ គឺ​សុទ្ធតែ​កំពុង​សម្ដែង​ការ​បារម្ភ​ពី​សភាពការណ៍​ក្នុង​ពេល​បច្ចុប្បន្ន និង​ទទូច​ឲ្យ​រដ្ឋាភិបាល​ឈប់​ធ្វើ​បាប​បក្ស​ប្រឆាំង អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​ឲ្យ​រដ្ឋាភិបាល​ចាប់​ផ្ដើម​ការ​ចរចា​ជាមួយ​បក្ស​ប្រឆាំង​ដោយ​សន្តិវិធី​ឡើង​វិញ។

អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា គួរ​ពិចារណា​លើ​សំណើ​របស់​សហគមន៍​អន្តរជាតិ ព្រោះ​ថា បើ​កម្ពុជា ចេះ​តែ​ទុក​ឲ្យ​ស្ថានការណ៍​បន្ត​នៅ​ដូច​សព្វថ្ងៃ វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​មាត់​របស់​កម្ពុជា លើ​ឆាក​អន្តរជាតិ ប៉ះពាល់​ដល់​ជំនួយ​ដែល​បរទេស​ផ្តល់​ឲ្យ​សម្រាប់​អភិវឌ្ឍ​ប្រទេស​កម្ពុជា ឬ​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​របស់​កម្ពុជា ជាពិសេស​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប ដូចជា​អង្ករ និង​សម្លៀកបំពាក់ ជាដើម បើ​សហភាព​អឺរ៉ុប សម្រេច​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កម្ពុជា មែន​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។