អង្គការ​ការពារ​​អ្នក​ការពារ​សិទ្ធិមនុស្ស​ជំរុញ​ឱ្យ​អាជ្ញាធរ​ដោះលែង​លោក រ៉ុង ឈុន

អង្គការ​មូលនិធិ​អន្តរជាតិ​ដើម្បី​ការពារ​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស ឬ​ហៅថា Front Line Defenders ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អៀរឡង់ (Ireland) ថ្កោលទោស​ទង្វើ​របស់​អាជ្ញាធរ​កម្ពុជា​ដែល​បាន​ចាប់ខ្លួន​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន។ អង្គការ​នេះ​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា ដោះលែង​លោក រ៉ុង ឈុន ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ​។ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ហៅ​ការ​អំពាវនាវ​របស់​អង្គការ​អន្តរជាតិ​នេះ​ថា ជា​ការ​ការពារ «​កូនជឹង​» របស់​ខ្លួន​ឱ្យ​រួច​ផុត​ពី​ការ​ទទួលខុសត្រូវ​តាម​ផ្លូវ​ច្បាប់​។ មន្ត្រី​សិទ្ធិមនុស្ស​ក្នុង​ស្រុក​ថា រដ្ឋាភិបាល គួរតែ​ថ្លឹងថ្លែង​ឱ្យ​បាន​ច្បាស់លាស់​ចំពោះ​ការ​អំពាវនាវ​របស់​អង្គការ​អន្តរជាតិ​ទាំងនេះ ដើម្បី​កុំ​ឱ្យ​កម្ពុជា​ទទួល​ទណ្ឌកម្ម​រឹត​តែ​ខ្លាំង​ឡើង​ថែមទៀត​ពី​សហគមន៍​អន្តរជាតិ។

ដោយ​ហៅ​ទង្វើ​ចុងក្រោយ​នៃ​ការ​ចាប់ខ្លួន​មេ​សហជីព​កម្ពុជា​ដ៏​ល្បីឈ្មោះ គឺ​លោក រ៉ុង ឈុន ពី​សំណាក់​អាជ្ញាធរ​កម្ពុជា ថា ជា​បរិយាកាស​ចាត់​​ទុក​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​ជា​សត្រូវ​នោះ ក្រៅពី​សម្ដែង​ក្តី​បារម្ភ​ខ្លាំង អង្គការ​ការពារ​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​មួយ​នេះ ថ្កោលទោស​ការ​ចាប់ខ្លួន និង​បទ​ចោទ​ប្រឆាំង​នឹង​លោក រ៉ុង ឈុន។ អង្គការ​អន្តរជាតិ​នេះ​ថា ការ​ថ្កោលទោស​ទង្វើ​របស់​អាជ្ញាធរ​កម្ពុជា​នេះ គឺ​ដោយសារតែ​ខ្លួន​យល់​ថា លោក រ៉ុង ឈុន បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​របស់​អាជ្ញាធរ​រដ្ឋាភិបាល ដោយសារតែ​សកម្មភាព​ស្របច្បាប់ និង​ដោយ​សន្តិវិធី​តែមួយគត់​របស់​លោក​ក្នុង​ការ​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

ក្នុង​សេចក្តី​ថ្លែងការណ៍​ផ្សាយ​ថ្ងៃ​ទី៧ សីហា អង្គការ​មូលនិធិ​អន្តរជាតិ​ដើម្បី​ការពារ​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស Front Line Defenders ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​លោក រ៉ុង ឈុន ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ​។ អង្គការ​នេះ ក៏​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ធានា​ថា លោក រ៉ុង ឈុន ត្រូវបាន​ផ្តល់​ឱ្យ​នូវ​សិទ្ធិ​ទទួល​បាន​មេធាវី​ការពារ​ក្តី​ដោយ​ស្របច្បាប់ និង​អាច​ជួប​សមាជិក​ក្រុម​គ្រួសារ​លោក ស្របតាម​កាតព្វកិច្ច​របស់​កម្ពុជា​ដែល​ត្រូវ​គោរព​តាមច្បាប់​ជាតិ និង​អន្តរជាតិ​នានា។

ឆ្លើយតប​នឹង​ការ​អំពាវនាវ​នេះ មន្ត្រី​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ា​លីន ហៅ​ការ​ជំរុញ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន នេះ ថា​ធ្វើឡើង​ដើម្បី​ការពារ «​កូនជឹង​» របស់​អង្គការ​អន្តរជាតិ​ទាំងនោះ​ឱ្យ​រួច​ផុត​ពី​ការទទួលខុសត្រូវ​តាម​ផ្លូវ​ច្បាប់។ ដូច​សព​មួយដង លោក​ថា មានតែ​ការ​ការពារ​ខ្លួន​តាម​ផ្លូវ​ច្បាប់​ទេ ទើប​អាច​ដោះ​បន្ទុក​លោក រ៉ុង ឈុន បាន៖ «សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​ទាំងអស់​នេះ វា​ជា​រឿង​ធម្មតា​ទេ ដែល​គេ​តែងតែ​ធ្វើ​ដើម្បី​ការពារ​កូនជឹង និង​ដៃជើង​របស់​គេ​ឱ្យ​រួច​ផុត​ពី​ការទទួលខុសត្រូវ​តាម​ផ្លូវ​ច្បាប់​។ ក៏ប៉ុន្តែ ជា​គោលការណ៍​ច្បាប់ ការ​តវ៉ា ការ​ថ្លែងការណ៍ ការរិះគន់ មិនមែន​ជា​មធ្យោបាយ​តាម​ផ្លូវ​ច្បាប់ ដែល​អាច​ការពារ​លោក រ៉ុង ឈុន បានទេ។ មធ្យោបាយ​តាម​ផ្លូវ​ច្បាប់​ក្នុង​សង្គម​ប្រជាធិបតេយ្យ​មានតែ​មួយ​គេ គឺ​ការចូលរួម​ក្នុង​ដំណើរការ​នីតិវិធី​តុលាការ​ធ្វើការ​ការពារ​ខ្លួន​តាម​​ផ្លូវ​ច្បាប់​ ... បង្ហាញ​មូលដ្ឋាន​សក្ខីកម្ម​ឱ្យ​បាន​រឹងមាំ​មក ដើម្បី​ដោះ​បន្ទុក​បង្ហាញ​ថា ខ្លួន​មិន​មាន​ពិរុទ្ធ​ដូច​ការ​ចោទ»

នីតិវិធី​ច្បាប់ និង​សង្គម​ប្រជាធិបតេយ្យ​ដែល​មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​តែង​លើក​យក​មក​សម្អាង​កប់ៗ​មាត់​ជារឿយៗ​នេះ មិន​ត្រូវ​បាន​សហគមន៍​ជាតិ និង​អន្តរជាតិ​ជឿជាក់ និង​ទុកចិត្ត​ម្តង​ណា​នោះ​ឡើយ ដោយសារតែ​ឥទ្ធិពល​នយោបាយ​ដ៏​លើសលប់​របស់​គណបក្ស​កាន់អំណាច និង​អំពើពុករលួយ​របស់​ស្ថាប័នរដ្ឋ​។ ជាក់ស្ដែង កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​រំលោភច្បាប់​ជាងគេ​បំផុត ឈរ​នៅ​លេខ​១២៧ ជាប់​បាត​តារាង ក្នុងចំណោម​១២៨​ប្រទេស​នៅ​លើ​ពិភពលោក ក្នុង​សន្ទស្សន៍​នៃ​ការ​គោរព​ច្បាប់​ឆ្នាំ​២០២០ របស់​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project)។

យ៉ាងណាក៏ដោយ ជុំវិញ​ករណី​ចាប់ខ្លួន និង​ការ​អំពាវនាវ​ជា​បន្ត​បន្ទាប់ពី​សំណាក់​អង្គការ​សិទ្ធិមនុស្ស និង​សហជីព​ជាតិ និង​អន្តរជាតិ ឱ្យ​ដោះលែង​លោក រ៉ុង ឈុន ជា​បន្ទាន់​នេះ នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ លោក អំ សំអាត ថា រដ្ឋាភិបាល​គួរតែ​ថ្លឹងថ្លែង​ឱ្យ​បាន​ហ្មត់ចត់​ចំពោះ​បញ្ហា​នេះ ស្រប​ពេល​ដែល​កម្ពុជា​កំពុង​រង​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប ក្នុង​រឿង​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ អ៊ី.ប៊ី.អេ (EBA) ២០% ស្រាប់​។ លោក​បារម្ភ​ថា ស្ថានភាព​នៃ​ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន នេះ នឹង​រឹតតែ​ដាក់​បន្ទុក​បន្ថែម​ទៅលើ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​សហភាព​អឺរ៉ុប​អនុវត្ត​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​ខ្លួន៖ «សហគមន៍​អឺរ៉ុប ក៏​គេ​បាន​ដាក់​លក្ខខណ្ឌ​ទាក់ទង​នឹង​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នេះ​ដែរ​។ ថ្មីៗ​នេះ សហគមន៍​អឺរ៉ុប ក៏​រំឮក​ម្ដង​ទៀត ប៉ុន្តែ​ផ្ទុយទៅវិញ យើង​ឃើញ​ថា សកម្មភាព​នៃ​ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន នេះ យើង​បារម្ភ​ថា​ជា​បន្ទុក​មួយ​បន្ថែម​ទៀត»។

លោក អំ សំអាត ថា ការ​អនុញ្ញាត​ឱ្យ​លោក រ៉ុង ឈុន បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន បើសិនជា​មិន​មាន​ការ​ដោះលែង ឬ​លើកលែង​បទ​ចោទ​ប្រឆាំង​នឹង​លោក ក៏​អាច​ជា​ការណ៍​មួយ​ជួយ​សម្រួល​ស្ថានភាព​អាក្រក់​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នេះ​បាន​ដែរ​។ ផ្ទុយទៅវិញ លោក​ថា បើ​អាជ្ញាធរ​រដ្ឋាភិបាល​នៅតែ​បន្ត​យាយី និង​ចាប់ខ្លួន​សកម្មជន​សិទ្ធិមនុស្ស និង​មន្ត្រី​សហជីព​បែបនេះ នោះ​នឹង​រឹតតែ​ធ្វើ​ឱ្យ​ចំណាត់ថ្នាក់​នៃ​បញ្ហា​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កាន់តែ​ធ្លាក់​ចុះ​ដុនដាប​ថែមទៀត។

ភ្លាមៗ​ក្រោយពី​អាជ្ញាធរ​កម្ពុជា បាន​ចាប់ខ្លួន​លោក រ៉ុង ឈុន កាលពី​យប់​អធ្រាត្រ​ថ្ងៃ​ទី៣១ កក្កដា ពោល​គឺ​នៅ​មិន​ដល់​មួយ​ម៉ោង​ក្រោយ​លោក​ផ្ដល់​បទសម្ភាសន៍​ជាមួយ​អាស៊ីសេរី​ពាក់ព័ន្ធ​នឹង​ការរំលោភ​យក​ដី​ពលរដ្ឋ​ខ្មែរ​នៅ​ខេត្ត​ត្បូងឃ្មុំ ដោយ​អាជ្ញាធរ​វៀតណាម​មក អង្គការ​អន្តរជាតិ ជាពិសេស​សហជីព​អន្តរជាតិ​ធំៗ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​បន្តបន្ទាប់ អំពាវនាវ​ឱ្យ​ដោះលែង និង​ទម្លាក់​បទ​ចោទ​ប្រឆាំង​លោក រ៉ុង ឈុន ជាបន្ទាន់​។ អង្គការ​ទាំងនោះ មាន​ដូចជា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch អង្គការ​ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស APHR សហព័ន្ធ​សហជីព​សាកល (Global Union Federations) សហព័ន្ធ​សហជីព​អន្តរជាតិ ITUC ដែល​តំណាង​ឱ្យ​កម្មករ​និយោជិត​ក្នុង​វិស័យ​ការងារ​ជាង ២០០​លាន​នាក់ មកពី​១៦៣ ប្រទេស ហើយ​ចុង​ក្រោយនេះ គឺ​អង្គការ Front Line Defenders តែម្តង​។ ទន្ទឹម​នឹង​នេះ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ក្រុងភ្នំពេញ ថា ខ្លួន​ក៏​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ជុំវិញ​បញ្ហា​ចាប់ខ្លួន​លោក រ៉ុង ឈុន នេះ​ដែរ​។ ក្រៅពី​ករណី​លោក រ៉ុង ឈុន អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ និង​សហជីព​អន្តរជាតិ​ទាំងនេះ ក៏​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ធានា​ថា រាល់​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ទាំងអស់ អាច​បំពេញ​សកម្មភាព​សិទ្ធិមនុស្ស​របស់​ពួកគេ​បាន​ដោយ​ស្របច្បាប់ ដោយ​គ្មាន​ការភ័យខ្លាច ចំពោះ​ការ​សង​សឹក និង​ការ​យាយី​ពី​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។