មេដឹកនាំ​សហជីព​ឯករាជ្យ​ថា សមាគម​រោង​ចក្រ​កាត់​ដេរ លើក​កង្វល់​ត្រូវ តែ​ដាក់​​ខុស​គោល​ដៅ

0:00 / 0:00

ប្រធាន​សហភាព​សហជីព​កម្ពុជាលោក រ៉ុង ឈុន គាំទ្រសមាគមរោងចក្រកាត់​ដេរ​នៅ​កម្ពុជា ឬហៅកាត់​ថា GMAC ដែលហ៊ាន​និយាយ​ការពិត​ ពី​កង្វល់​នៃ​ផលប៉ះពាល់​ដល់​កម្មករ និង​វិស័យ​រោង​ចក្រ​​កាត់ដេរ​ ប្រសិនបើសហភាព​អឺរ៉ុប​សម្រេច​ព្យួរ​ការ​អនុគ្រោះពន្ធ EBA ពីកម្ពុជាមែននោះ។ ប៉ុន្តែលោកសោកស្តាយ​ ដែលកង្វល់ធំ​បែបនេះ បែរជាតំណាង​ថៅកែរោងចក្រ មិន​ស្នើ​ទៅ​​រដ្ឋាភិបាល​​កម្ពុជា ដែលជាតួអង្គសំខាន់ ដែលនាំ​ឲ្យ​កម្ពុជាធ្លាក់ដល់​សភាពបែបនេះទៅវិញ៖ «GMAC លើ​កឡើង​ខុស​គោលដៅ។ GMAC គួរ​តែ​បង្វែរ​ក្តី​បារម្ភហ្នឹង​ មកដាក់ជូន​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ធ្វើ​ការ​ដោះស្រាយ​ចំពោះ​បញ្ហា​ទាំងអស់នេះ ពី​ព្រោះ​កូន​សោ​ គឺនៅក្នុ​ងដៃរដ្ឋាភិបាល​ ដូច្នេះ​យើង​មិន​ត្រូវ​លើក​បញ្ហា​ EBA ទៅដាក់ឲ្យ​សហភាព​អឺរ៉ុប ធ្វើការដោះស្រាយ​នោះទេ។ អ្នក​ដែល​ដោះស្រាយ គឺរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ដោះស្រាយ​បញ្ហា​អស់ទាំងហ្នឹង»។

ប្រតិកម្ម​របស់​ប្រធាន​សហភាព​សហជីព​កម្ពុជានេះ ធ្វើឡើង​ក្រោយ​ប្រធាន​សមាគមរោងចក្រកាត់​ដេរ​នៅ​កម្ពុជា GMAC គឺលោក ខេន លូ (Ken Loo) កាលពីថ្ងៃទី១៥ ខែ​សីហា បញ្ជាក់ប្រាប់​អាស៊ី​សេរី​ថា លោក​​ពិតជា​មិន​បាន​ដាក់សំណើទៅ​របបលោក ហ៊ុន សែន ឲ្យ​ស្តារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ​មែន ព្រោះ​លោកអះអាងថា នោះ​គឺរឿង​នយោបាយ ជាជាង​រឿង​បច្ចេកទេស៖ «GMAC យើង​ជា​វិស័យ​ឯកជន។ ដូច្នេះ​យើង​អត់​អាច​ទៅ​ឆ្លើយ​អ្វី ដែល​ប៉ះពាល់​ដល់​នយោបាយ។ ប៉ុន្តែ អ្វីដែលយើង​ឆ្លើយ​ យើង​ឆ្លើយ​មួយ​ចំនួន​ទាក់ទង​ទៅនឹង​សិទ្ធិការងារ​ ឬ ច្បាប់​ការងារ​ និង ច្បាប់​សហជីព។ យើង​ដាក់ឯកសារ​ទៅ​ EU ទៅលើ​ចំណុច​ដែល​យើង​ឆ្លើយបាន មិន​មែន​ចំណុច​ទាំងអស់ទេ ព្រោះ​មាន​ចំណុច​ខ្លះ ទាក់ទង​ទៅនឹង​សិទ្ធិ​នយោបាយ​ ដែលអត់​អាច​ឆ្លើយ​ទៅ EU ទេ ព្រោះ​យើង​មិន​មែន​ជាអ្នកនយោបាយ»។

ទោះបីលោក ខេន លូ ចាត់ទុកចំណាត់ការរបស់​របបលោក ហ៊ុន សែន ក្នុងការ​ធ្វើទុក្ខបុកម្នេញ​សំឡេងប្រឆាំង អង្គការ​សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ និង​សហជីពកម្មករជាដើម​ថា ជា​រឿង​​នយោបាយ​យ៉ាង​ណាក្តី ក៏សហភាពអឺរ៉ុប​​ថា ​របបលោក ហ៊ុន សែន បាន​រំលោភសិទ្ធិមនុស្ស និង​បំផ្លាញ​​ប្រជាធិបតេយ្យយ៉ាង​ធ្ងន់ធ្ងរ ដែល​តម្រូវ​ឲ្យ​ស្តារ​ឡើងវិញ​ជាដាច់ខាត ដើម្បី​ជាថ្នូរនឹង​ការ​បន្តការ​អនុគ្រោះពន្ធ EBA។

គណៈកម្មការ​អឺរ៉ុប នៅតែ​បញ្ជាក់​ជំហរ​ថា សហភាព​អឺរ៉ុប​មាន​ករណី​កិច្ច ក្នុង​ការ​ធានា​ឱ្យ​បាន​ថា ​កម្ពុជា​ពិតជា​អនុវត្ត​ត្រឹមត្រូវ​តាម​អនុសញ្ញា​អង្គការ​សហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​ខាង​ការងារ ពាក់ព័ន្ធ​នឹង​ការ​គោរព​សិទ្ធិមនុស្សផង និង សិទ្ធិ​ការងារ​ជា​ចម្បងផង ដែល​ជា​លក្ខខណ្ឌ​​តម្រូវ​​សម្រាប់​​ការ​​អនុគ្រោះ​​ពន្ធ EBA នេះ។

សមាគមថៅកែ​រោងចក្រនៅកម្ពុជា កាលពីថ្ងៃទី១៥ សីហា ចេញសេចក្តីថ្លែងការណ៍​បញ្ជាក់​អំពី​​សារៈ​សំខាន់​​ខ្លាំង នៃការអនុគ្រោះពន្ធ EBA សម្រាប់​កម្ពុជា ដែល​កម្ពុជាទទួលបាន​អត្ថប្រយោជន៍​ដ៏​សម្បើម​នេះ ជិត​ ២០ឆ្នាំ​មកហើយ (តាំងពីឆ្នាំ២០០១)។ ទំនិញ​ពី​វិស័យ​ឧស្សាហកម្ម​​រោងចក្រ​កាត់​ដេរ មាន​ទំហំធំ​រហូតដល់ ៧៥% នៃ​ទំនិញនាំចេញ​សរុបរបស់​កម្ពុជា​​ទៅ​ក្រៅ​ប្រទេស។ ក្នុង​នោះ ៩០% គឺនាំចេញទៅទីផ្សារ​អឺរ៉ុប។ កាលពីឆ្នាំ២០១៨ កម្ពុជានាំទំនិញចេញ ទៅ​ទីផ្សារ​​អឺរ៉ុប មាន​ទំហំ​ទឹក​ប្រាក់​ជិត ៥ពាន់​លានអឺរ៉ូ (៤,៧៧លានអឺរ៉ូ) ​ឬ ជាង ៥,២៩ពាន់​លាន​ដុល្លារ។ កម្ពុជា​ចំណេញពន្ធលើការនាំចេញនេះ ជិត ៧០០ លានដុល្លារ​ក្នុង​មួយឆ្នាំ។ សេចក្តីថ្លែងការណ៍ដដែល បញ្ជាក់បន្ថែមថា វិស័យ​រោងចក្រកាត់ដេរ ផ្តល់ការងារ​ដល់​កម្មករ ៧៥០,០០០​នាក់ ដែលស្មើនឹង​ជាង​​ពាក់កណ្តាល នៃកម្លាំងពលកម្ម​សរុប​​នៅកម្ពុជា។ ការអនុគ្រោះពន្ធ EBA នេះ មានផលប៉ះពាល់ដល់​ប្រជាពលរដ្ឋខ្មែរប្រមាណ ៣លាន​​នាក់។ សមាគមថៅកែ​រោងចក្រនេះ​បញ្ជាក់ថា ខ្លួន​បាន​​​ដាក់​ឯកសារ​ភ័ស្តុតាងនានា ដើម្បី​បង្ហាញ​អំពី​ភាព​ប្រសើរឡើង​ និង​ការ​គោរព​សិទ្ធិការងារ និង​សិទ្ធិសហជីពរបស់​សមគមរោងចក្រកាត់ដេរ ដែលសហភាពអឺរ៉ុប​គួរ​ពិចារណា​ មុន​នឹង​ព្យួរ​ការ​អនុគ្រោះពន្ធពីកម្ពុជា។

​ទោះជាយ៉ាងនេះក្តី តំណាង​សហជីពមួយរូបទៀត គឺលោក អាត់ ធន ដែលជា​ប្រធាន​សហភាព​ការងារ​កម្ពុជា និង ជាអនុប្រធានសម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខៅឌូ (CCAWDU) អះអាងថាសិទ្ធិសេរីភាព​ក្នុងវិស័យការងារ មិន​ប្រសើរឡើង​ ដូចការអះអាងរបស់​តំណាង​ថៅកែរោងចក្រនោះទេ។ ចំណុចនេះ លោក អាត់ ធន ក៏បារម្ភខ្លាំងណាស់ដែរ​ថា កម្ពុជាមិន​អាចបំពេញ​លក្ខខណ្ឌទៅតាមការចង់បានរបស់​សហភាពអឺរ៉ុប ជុំវិញលក្ខខណ្ឌការងារនេះនោះដែរ៖ «ច្បាប់​សហជីព​បានដកហូត​សិទ្ធិសហជីព ទៅតាមអ្វីដែលនិយោជកចង់បាន​ហ្នឹង​ច្រើន​មែនទេ។ ថ្មីៗ នេះទៀត និយោជកព្យាយាម​ស្នើ​ឲ្យ​កាត់​បន្ថយ​ថ្ងៃឈប់​បុណ្យ និង​ទាមទារ​​លក្ខខណ្ឌ​នេះ​​លក្ខខណ្ឌ​នោះ​ច្រើន​ទៀត»។

ជាង​នេះទៅទៀត លោក អាត់ ធន បន្ថែមថា គឺសមាគមរោងចក្រកាត់ដេរនេះឯង ដែលជាអ្នក​គេចវេះ​ក្នុង​ការ​​លើក​ឡើង​ពី​បញ្ហា​​រំលោភ​សិទ្ធិ​មនុស្ស ជាពិសេស​ការ​រំលោភសិទ្ធិកម្មករ និង​សហជីព​នេះ។ លោកថា សមាគមរោងចក្រ ជាអ្នករួម​ចំណែកក្នុងការ​ស្នើឲ្យ​បង្ក្រាប​​ការតវ៉ា​ ទាមទារ​​សិទ្ធិ​សេរីភាព​កម្មករ​ទៅ​វិញ៖ «ទោះបីសិទ្ធិកម្មករ ត្រូវ​បាន​គេ​កាត់​បន្ថយ​ មិន​ឲ្យ​មានការ​តវ៉ា​ជាសាធារណៈ ឬក៏កូដកម្ម​អ្វីផ្សេងៗហ្នឹង GMAC ហ្នឹង​គឺភាគច្រើន​គឺជាអ្នកស្នើ​ឲ្យ​​ទប់​​ស្កាត់​​ការ​​ធ្វើ​​កូដកម្ម និង​បាតុកម្ម​​ផ្សេងៗ តែម្តង​»។

លោក រ៉ុង ឈុន ដែលជា​ទីប្រឹក្សា​សមាគមគ្រូបង្រៀន​កម្ពុជាឯករាជ្យផង និង​ជា​អតីត​សមាជិក​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ផង​នោះ ឲ្យ​ជាយោបល់ថា ដើម្បី​បញ្ចៀសការ​ព្យួរ​​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA នេះ​បាន គឺ​គ្មាន​អ្វី​ដែលពិបាកធ្វើ​ទាល់តែសោះ។ អ្វីដែល​​រដ្ឋាភិបាល​​កម្ពុជា​​ត្រូវ​​​ធ្វើ គឺសម្រប​តាម​សំណូមពរ​របស់​សហភាព​អឺរ៉ុប និង អ្នកនិយម​ប្រជាធិតេយ្យ​ទូទៅ​នៅ​លើ​ពិភពលោក ដែលទាមទារ​ឲ្យ​ស្តារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ៖ «គឺ​ដោះលែង​លោក កឹម សុខា ផ្តល់នីតិសម្បទាដល់​មន្រ្តីឃុំប្រឹក្សាឃុំសង្កាត់ទាំងអស់វិញ ផ្តល់​សិទ្ធិដល់អ្នកជាង ១០០នាក់​ ឲ្យ​មាន​សិទ្ធិ​​ធ្វើ​នយោបាយ​ឡើងវិញ ឲ្យ​គណបក្សសង្គ្រោះជាតិ​បើ​កដំណើរការ​ឡើងវិញ ផ្តល់​សេរីភាព​​ដល់​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ហើយ​រៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ ពេលនោះ​ EBA នឹង​គង់​វង្សបន្ត​ទៅទៀតហើយ»។

សហភាព​អឺរ៉ុប​បាន​ទទួល​ឯកសារ​ផ្លូវការ​ ពី​គ្រប់​ភាគី​រួចរាល់​អស់ហើយ ដើម្បី​​វាយ​តម្លៃ មុន​នឹង​​សម្រេច​​ព្យួរ​​ការ​​អនុគ្រោះ​​ពន្ធ EBA ពី​​កម្ពុជា​។ របបលោក ហ៊ុន សែន ទើបតែ​ដាក់​ឯកសារ​ផ្លូវការ​របស់​​ខ្លួន ជូន​គណៈកម្មការ​អឺរ៉ុប​នៅ​​ពេល​​ថ្មីៗ ​នេះ។

អាស៊ីសេរី នៅតែ​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​នាំ​ពាក្យ​របប​លោក ហ៊ុន សែន អំពី​​ឯកសារ​​ផ្លូវការ ដែល​​ខ្លួន​​បាន​​ដាក់​​ជូន​​ទៅ​​គណៈកម្មការ​​អឺរ៉ុប​​នោះ​​ទេ​។ លោក ផៃ ស៊ីផាន ប្រាប់អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី១៥ ខែសីហា​ថា លោកមិនបានដឹងរឿងនេះនៅឡើយទេ និង​ឲ្យសួរ​ទៅ​ខាង​ក្រសួង​ការបរទេស។ អាស៊ី​សេរី​ មិន​អាច​សុំ​ការ​បំភ្លឺ​ពី​មន្រ្តីនាំពាក្យ​ក្រសួង​ការបរទេស​លោក កេត សោផាន់ បាន​នៅ​ឡើយ​ដែរ ដោយសារ​ទូរស័ព្ទ​ចូល​​គ្មានអ្នកទទួល។

ទោះជា​យ៉ាង​នេះ​ក្ដី កន្លង​មក របប​នេះ​ប្រកាន់​ជំហរ​ជា​លក្ខណៈ​ប្រព័ន្ធ និង​ស៊ី​សង្វាក់​គ្នា​ថា ​របប​​នេះ​មិន​​បាន​​រំលោភ​​សិទ្ធិ​មនុស្ស និង​​បំផ្លាញ​​ប្រជាធិបតេយ្យ ដូច​ការ​​រក​​ឃើញ​​របស់​​សហភាព​​អឺរ៉ុប​នោះ​​ទេ។ របប​នេះ​អះអាង​ថា ការ​ចាប់​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដាក់​ពន្ធនាគារ រម្លាយ​​គណបក្ស​​សង្គ្រោះ​ជាតិ បណ្ដេញ​​អង្គការ​​សង្គម​ស៊ីវិល បិទ​​ប្រព័ន្ធ​​ផ្សព្វផ្សាយ​​ឯករាជ្យ បន្ត​​ធ្វើ​ទុក្ខ​បុក​ម្នេញ​មន្ត្រី​​បក្ស​​ប្រឆាំង អ្នក​ហ៊ាន​បញ្ចេញមតិ​រិះគន់​របប​នេះ និង​មន្ត្រី​សហជីព​កម្មករ​ជាដើម​ថា ជា​​​ការ​​អនុវត្ត​​ត្រឹម​ត្រូវ​​តាម​ច្បាប់ និង​​រដ្ឋធម្មនុញ្ញ​​កម្ពុជា។

លោក ហ៊ុន សែន អះអាងថា ទោះអត់​ EBA ក៏កម្ពុជាមិនស្លាប់ដែរ ព្រោះ​​របប​លោក​បាន​​​កែ​ទម្រង់​​សេដ្ឋកិច្ច តាំងពីចុងខែ​មីនា ឆ្នាំ២០១៩ កន្លង​ទៅ​នេះ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ និងបង្កើន​ប្រាក់​ចំណេញ​​របស់​អ្នកវិនិយោគនៅកម្ពុជា។ លោកអះអាងទៀតថា កម្ពុជាមិនដោះដូរ​ជំនួយ ឬ​ការ​អនុគ្រោះ​ពន្ធ​ជាមួយ​នឹង​​អធិបតេយ្យ​ជាតិ​នោះ​ឡើយ។

ទោះជាយ៉ាងណា ក្រៅតែពីសមាគមថៅកែរោងចក្រកាត់ដេរ ដែលបានសម្តែងការព្រួយ​បារម្ភ​ពី​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA នេះ ក៏​មាន​អ្នក​វិភាគ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ យល់ឃើញថា កម្ពុជានឹងមានផលវិបាកខាងសេដ្ឋកិច្ច និងសង្គម ប្រសិនបើការព្យួរការអនុគ្រោះពន្ធ EBA ពីសហភាពអឺរុបពិតជាកើតមានមែននោះ។ នេះ​នៅ​មិន​ទាន់​គិត​ដល់​ការ​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ពី​សហរដ្ឋ​អាមេរិក​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។