HRW ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​លុប​ចោល​បទបញ្ជា​បិទ​បន្ទប់​ស្ថានការណ៍

ដោយ សាន សែល
2017-07-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សន្និសីទ​កាសែត​របស់​បន្ទប់​ស្ថានការណ៍ ដែល​ធ្វើ​នៅ​ការិយាល័យ​អង្គការ​ខុមហ្វ្រែល នៅ​ថ្ងៃ​ទី៥ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Van Vanndeth
សន្និសីទ​កាសែត​របស់​បន្ទប់​ស្ថានការណ៍ ដែល​ធ្វើ​នៅ​ការិយាល័យ​អង្គការ​ខុមហ្វ្រែល នៅ​ថ្ងៃ​ទី៥ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Van Vanndeth
RFA/Van Vanndeth

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវ​រដ្ឋាភិបាល​កម្ពុជា លុប​ចោល​បទបញ្ជា​ដែល​បាន​បញ្ចប់​ក្រុម​ការងារ​របស់​សង្គម​ស៊ីវិល​ឃ្លាំ​មើល​ដំណើរការ​បោះឆ្នោត ដែល​គេ​ស្គាល់​ថា​ជា «បន្ទប់​ស្ថានការណ៍» ដោយ​ហៅ​ថា​ជា​ការ​គំរាម​កំហែង​ដល់​សង្គម​ស៊ីវិល និង​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។ ក្រសួង​មហាផ្ទៃ ឆ្លើយតប​ថា ខ្លួន​នឹង​មិន​សើរើ​បទបញ្ជា​នេះ​ឡើង​វិញ​ទេ។

អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ចាត់​ទុក​បទបញ្ជា​របស់​ក្រសួង​មហាផ្ទៃ ឲ្យ​បញ្ឈប់​សកម្មភាព​របស់​បន្ទប់​ស្ថានការណ៍ ថា​ជា​ចេតនា​របស់​រដ្ឋាភិបាល​ពង្រីក​ការ​រឹតត្បិត​លើ​ការងារ​របស់​សង្គម​ស៊ីវិល ដែល​ឃ្លាំ​មើល​ដំណើរការ​បោះឆ្នោត មុន​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​២០១៨ មក​ដល់។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​៩ កក្កដា អនុប្រធាន​តំបន់​អាស៊ី​នៃ​អង្គការ​នេះ លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា ហាក់​ដូចជា​មាន​បំណង​ជម្រុះ​ឧបសគ្គ​នានា​ដើម្បី​គ្រប់គ្រង​នយោបាយ និង​ស្ដែង​ច្បាស់​ថា រដ្ឋាភិបាល​មិន​ចង់​ឲ្យ​មាន​អ្នក​ឃ្លាំ​មើល​ណា​មួយ​ទេ។ លោក​ក៏​អំពាវនាវ​ម្ចាស់​ជំនួយ​កម្ពុជា ស្នើ​រដ្ឋាភិបាល​កម្ពុជា ទម្លាក់​ចោល​បទបញ្ជា​នេះ និង​ធានា​ពី​ការ​ឃ្លាំ​មើល​ដោយ​ឯករាជ្យ​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​ក្រោយ។

អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ បញ្ជាក់​ថា ការ​ហាមឃាត់​ក្រុម​ឃ្លាំ​មើល​ការ​បោះឆ្នោត​ដែល​ជា​កិច្ចសហការ​រវាង​សង្គម​ស៊ីវិល​ចំនួន​៤០ រំលោភ​សិទ្ធិ​សេរី​បញ្ចេញ​មតិ និង​ការ​ប្រមូល​ផ្តុំ​ដែល​ការពារ​ដោយ​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ។

លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​អំឡុង​ខែ​​​មីនា ឆ្នាំ​២០១៥។
លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​អំឡុង​ខែ​​​មីនា ឆ្នាំ​២០១៥។ RFA Photo: RFA


ក្រោយ​ពី​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ បន្ទប់​ស្ថានការណ៍​ដែល​អះអាង​ថា​ជា​ក្រុម​សង្គម​ស៊ីវិល​ឃ្លាំ​មើល​ការ​បោះឆ្នោត​ឯករាជ្យ បាន​ចេញ​ផ្សាយ​ការ​វាយតម្លៃ​កាល​ពី​ថ្ងៃ​ទី​២៤ មិថុនា ហើយ​បាន​រក​ឃើញ​ថា ការ​បោះឆ្នោត​នេះ​មិន​ទាន់​អាច​ចាត់​ទុក​ថា​សេរី និង​យុត្តិធម៌​ពេញលេញ​នៅ​ឡើយ​ទេ ដូចជា​បរិយាកាស​គាប​សង្កត់​មុន​ការ​បោះឆ្នោត និង​ខ្វះ​តម្លាភាព និង​តុល្យភាព​ផ្នែក​ថវិកា​សម្រាប់​ឃោសនា បើ​ទោះ​ជា​មាន​ភាព​ប្រសើរ​ឡើង​នូវ​ការងារ​របស់ គ..ប។

បួន​ថ្ងៃ​ក្រោយ​មក លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ ស៊ើប​អង្កេត​ក្រុម​នេះ ហើយ​បាន​ជំរុញ​ឲ្យ​មើល​ពី​ភាព​ស្រប​ច្បាប់ និង​បាន​ចោទ​ក្រុម​នេះ​ថា​លម្អៀង​ទៅ​ខាង​គណបក្ស​ប្រឆាំង។

ប្រាំពីរ​ថ្ងៃ​ក្រោយ​មក ក្រសួង​មហាផ្ទៃ បាន​ចេញ​បញ្ជា​បញ្ចប់​សកម្មភាព​បន្ទប់​ស្ថានការណ៍ ពីព្រោះ​មិន​បាន​ចុះ​បញ្ជិកា​ត្រឹមត្រូវ ដែល​បាន​បំពាន​មាត្រា​២៤ នៃ​ច្បាប់​ស្ដីពី​អង្គការ​សមាគម ដែល​ត្រូវ​បាន​អនុម័ត​កាល​ពី​ឆ្នាំ​២០១៥ បើ​ទោះ​បី​ជា​មាន​ការ​រិះគន់​ពី​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ ថា​រឹតត្បិត​សេរីភាព​ការ​បញ្ចេញ​មតិ និង​ការ​ប្រមូល​ផ្តុំ។

ឆ្លើយតប​នឹង​សំណើ​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ឲ្យ​រដ្ឋាភិបាល​លុប​ចោល​បទបញ្ជា​បិទ​បន្ទប់​ស្ថានការណ៍ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា ក្រសួង​រក្សា​ជំហរ​ដដែល ហើយ​លោក​បន្ត​ថា ការ​បញ្ចេញ​មតិ​របស់​ក្រុម​ការងារ​នេះ មិន​មែន​ជា​ការ​រិះគន់​ដើម្បី​ស្ថាបនា​ទេ៖ «រៀបចំ​តាម​ផ្លូវ​ច្បាប់​ទៅ ជជែក​ដោយ​គ្នា​ដោយ​ស្មោះ​ទៅ ដាក់​ក្នុង​តុ​និយាយ​ទៅ កុំ​ទុក​កាំបិត​សៀត​នឹង​ក្រោយ​អី។ បើ​យក​កាំបិត​សៀត ហើយ​ដក​ចាក់​សម្លាប់​គេ គេ​ក៏​មិន​ខ្វះ​វិធី​ទប់ទល់​យើង​ដែរ។ និយាយ​ឲ្យ​ត្រង់​ម៉ង កុំ​លេង​កាំបិត​ស្នៀត​ចាក់​សម្លាប់​ពី​ក្រោយ​នោះបាន​តែ​មាត់ ដើម្បី​សេរីភាព តែ​តាម​ពិត​យើង​ដឹង​ហើយ»

ទាក់ទង​នឹង​រឿង​នេះ ស្ថានទូត​អូស្ត្រាលី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ កក្កដា ថា ខ្លួន​កំពុង​តាមដាន​ស្ថានភាព​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា ដោយ​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ ស្ថានទូត​បន្ត​ថា ដើម្បី​រក្សា និង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​កម្ពុជា ស្ថានទូត​តែង​ពិភាក្សា​បញ្ហា​ផ្សេងៗ រួម​ទាំង​ការ​វិវឌ្ឍន៍​នយោបាយ​ក្នុង​ស្រុក​ជាមួយ​តំណាង​រដ្ឋាភិបាល គណបក្ស​នយោបាយ និង​សង្គម​ស៊ីវិល។

ចំណែក​ស្ថានទូត​សហរដ្ឋ​អាមេរិក ឆ្លើយតប​ថា ខ្លួន​មិន​មាន​មតិ​យោបល់​ណា​មួយ​ចំពោះ​ការ​ស្នើ​ឡើង​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

The government cannot allow to open the situation room, if it is re-opened, the government can not cheat the election result.

Jul 10, 2017 09:04 PM

គេហទំព័រ​ទាំងមូល