ដើមឈើទាលវីរបុរសឧកញ៉ា សឺង គុយ ឬចៅហ្វាយគុយ មានអាយុកាលជិត ២០០ឆ្នាំមកហើយ។ ដើមឈើទាលនេះ ជានិមិត្តរូបនៃការលះបង់ជីវិត ដើម្បីបុព្វហេតុការពារជាតិមាតុភូមិកម្ពុជាក្រោមរបស់ ចៅហ្វាយ គុយ។ បច្ចុប្បន្ន ដើមឈើទាលនេះ កំពុងរងការគំរាមកំហែងបំផ្លាញចោលពីសំណាក់អាជ្ញាធរវៀតណាម គ្មានពេលស្រាកស្រាន្តឡើយ។ ពលរដ្ឋខ្មែរក្រោមក្នុងប្រទេស និងក្រៅប្រទេស បានអំពាវនាវដល់ខ្មែរទាំងអស់ ឱ្យហ៊ានក្រោកឈរតស៊ូមតិ ដើម្បីការពារដើមឈើទាលនេះ ឲ្យបានគង់វង្សយូរអង្វែងសម្រាប់ទុកឲ្យពលរដ្ឋជំនាន់ក្រោយ។
ដើមឈើទាលឧកញ៉ា សឺង គុយ បច្ចុប្បន្នមានកម្ពស់ប្រមាណ ២៥ម៉ែត្រ និងទំហំប្រមាណ ៧ឱប មានឫសស្រាក់គ្នា និងមានមែករមួលចាក់ស្រែស ហើយចោលម្លប់យ៉ាងត្រឈឹងត្រឈៃ។ ដើមឈើទាលនេះ ស្ថិតនៅទិសខាងត្បូង នៃទីរួមខេត្តព្រះត្រពាំង ដែលវៀតណាមប្ដូរឈ្មោះថាខេត្ត ត្រា វិញ (Tra Vinh) ។ លោកឧកញ៉ា សឺង គុយ បានដាំដើមឈើទាលនេះបញ្ច្រាសចុង កាលពីឆ្នាំ១៨៤១ មុនពេលដែលលោកឧកញ៉ាលះបង់ជីវិតឲ្យវៀតណាមកាត់កប្ដូរយកនូវទំនៀមទម្លាប់ប្រពៃណី សាសនា សម្រាប់ជាតិមាតុភូមិខ្មែរកម្ពុជាក្រោម។ ក្នុងពេលដាំមេឈើទាលបញ្ច្រាសនេះ វីរបុរសឧកញ៉ា សឺង គុយ បានផ្សងថា បើជាតិសាសនាខ្មែរនៅគង់វង្ស សូមឱ្យមែកឈើទាលនេះដុះលូតលាស់ឡើង។
ទីឋានប្រវត្តិសាស្ត្រទាក់ទងនឹងពលិកម្មរបស់លោកវីរបុរសឧកញ៉ា សឺង គុយ ដែលកុលបុត្រខ្មែរគួរចងចាំ គោរពបូជា រួមមាន ៣ កន្លែងផ្សេងទៀត ទីមួយគឺចេតិយដីកប់យុទ្ធភណ្ឌ នៅវត្តចេតិយ ទីលានប្រយុទ្ធទទួលជ័យជម្នះលើសត្រូវ នៅវត្តផ្នោរដូង និងខឿនចេតិយ ជាទីបញ្ចុះសពរបស់លោកឧកញ៉ា នៅវត្តពោធិសាលរាជកំពង់ ទីរួមខេត្តព្រះត្រពាំង។
ព្រះភិក្ខុ ថាច់ រាជគង់ មានថេរដីកាថា សព្វថ្ងៃនេះ មានភ្ញៀវទេសចរ មកអុជធូបបន់ស្រន់នៅដើមឈើទាលនេះជាហូរហែ ទាំងខ្មែរ និងទាំងជនជាតិវៀតណាម ប៉ុន្តែពួកមគ្គុទ្ទេសក៍ទេសចរណ៍ជនជាតិវៀតណាម តែងបរិយាយបំផ្លើសការពិតនៃប្រវត្តិដើមឈើទាល និងពលិកម្មរបស់ឧកញ៉ា សឺង គុយ។
ព្រះភិក្ខុ ថាច់ រាជគង់ បញ្ជាក់ថា ប្រជាពលរដ្ឋ និងព្រះសង្ឃខ្មែរក្រោមចង់កសាងទីសក្ការនៅកន្លែងដើមឈើទាលនេះឲ្យសមនឹងគុណតម្លៃកេរដំណែលវីរបុរសខ្មែរណាស់ តែមិនហ៊ានសុំច្បាប់អាជ្ញាធរទេ៖ «ព្រោះខ្មែរក្រោមបច្ចុប្បន្នហ្នឹង ព្រះតេជគុណ ព្រះតេជគុណ លោកមិនហ៊ានទេ លោកមិនហ៊ានអះអាងថា ដើមឈើទាលហ្នឹង ជាដើមឈើទាលរបស់ខ្មែរទេ។ ក្បួនដុតចោលអស់ហើយ សព្វថ្ងៃគ្រាន់តែសម្លឹងសៀវភៅប្រវត្តិសាស្ត្រមិនហ៊ានសម្លឹងផង។ បើលោកអះអាងលោកត្រូវមានអ្វីយកមកអះអាងជាមួយគេ តែបើកាលណាយកមកអះអាងជាមួយគេ គឺប្រវត្តិសាស្ត្របង្ហាញច្បាស់ ទីមួយយួនខាត បើកាលព្រះតេជព្រះគុណខាត ជួនកាលអាចខាតដល់អាយុជីវិតទៀតផង » ។
ទាក់ទិននឹងវិធានការ ថែរក្សាដើមឈើទាលប្រវត្តិសាស្ត្រឲ្យបានគង់វង្សយូរអង្វែងនេះ លោក ថាច់ វាសនា ជំរុញឲ្យព្រះសង្ឃនិងប្រជាពលរដ្ឋខ្មែរ នៅខេត្តព្រះត្រពាំង សុំអាជ្ញាធរកសាងបូជនីយដ្ឋានមួយ នៅកន្លែងដើមឈើទាលនេះ។ លោកបន្តទៀតថា បើអាជ្ញាធរវៀតណាមមិនជួយកសាងទេ ប្រជាពលរដ្ឋខ្មែរគួររួមគ្នាទិញដីកន្លែងដើមឈើទាលហ្នឹង កសាងបូជនីយដ្ឋានមួយឲ្យសមនឹងកិត្តិយសវីរបុរសជាតិខ្មែរ៖ «យើងអាចប្រមូលគ្នាទាំងនៅក្នុងស្រុក ទាំងនៅក្រៅស្រុក យើងអាចរាយអង្គាសគ្នាម្នាក់តិចតួចអី អីចឹងទៅ ដើម្បីជាវដី ក្នុងបរិវេណ ដើមឈើទាលហ្នឹង ដើម្បីទុកជាសម្បត្តិរបស់ខ្មែរ ឧទាហរណ៍ដូចជាយើងជាវយកទៅប្រគេនវត្ត ដូចជា វត្តចំបក់ខឿន ឬ វត្តចម្ការ អីអីចឹងទៅ។ បើកម្មសិទ្ធិហ្នឹងយើងជាវមកទុកជាលក្ខណៈបុគ្គល អនាគតថ្ងៃក្រោយគង់តែមានការបំផ្លិចបំផ្លាញអីចឹងទៀតដដែល មានគ្រប់មធ្យោបាយកល់ល្បិចបំផ្លាញរបស់រដ្ឋាភិបាលយួន»។
ស្រដៀងគ្នានេះដែរ ប្រជាពលរដ្ឋខ្មែរក្រោមម្នាក់ទៀត លោក គឹម ស៊ី សំណា នៅទីក្រុងភ្នំពេញមានប្រសាសន៍ថា ដើម្បីរក្សាដើមឈើទាលនេះ ឲ្យបានគង់វង្សទៅថ្ងៃអនាគត លោកស្នើដល់សហព័ន្ធខ្មែរកម្ពុជាក្រោមថា គួររាយការណ៍ ឬស្នើសុំទៅអង្គការ យូណេស្កូ (UNESCO) ដើម្បីជួយអភិរក្សទើបដើមឈើទាលទាំងអស់ ទើបមានប្រសិទ្ធិភាពជាង៖ «សហព័ន្ធខ្មែរកម្ពុជាក្រោមយើងគួររៀបចំឯកសារជាផ្លូវការមួយដាក់ទៅអង្កការបេតិកភណ្ឌពិភពលោក (UNESCO) ដើម្បីស្នើសុំឲ្យអង្គការមានយុទ្ធនាការចុះត្រួតពនិត្យវាយតម្លៃមើល ដើមឈើទាល ដែលជាកេរដំណែលប្រវត្តិសាស្ត្ររបស់ខ្មែរក្រោមហ្នឹង»។
ទាក់ទងនឹងសំណូមពរឲ្យសហព័ន្ធខ្មែរក្រោម ឲ្យជួយរកវិធីការពារដើមឈើទាលនេះ អគ្គនាយក នៃនាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ សឺង យ៉ឹងរតនា មានថេរដីកាថា សហព័ន្ធខ្មែរកម្ពុជាក្រោម កំពុងរៀបចំប្រមូលនូវទិន្នន័យវត្ថុបុរាណខ្មែរក្រោម រួមទាំងដើមឈើទាលផង ដើម្បីឲ្យអង្គការ (UNESCO) ជួយអភិរក្សជាសម្បត្តិជាតិខ្មែរ និងដាក់ជាបេតិកភណ្ឌអន្តរជាតិ។
មន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោមបានឲ្យដឹងថា វត្ថុបុរាណ និងទីកន្លែងបុរាណប្រវត្តិសាស្ត្រខ្មែរកម្ពុជាក្រោមជាច្រើនបានបាត់បង់ ក្រោយការឡើងកាន់អំណាចរបស់របបកុម្មុយនិស្តវៀតណាម។ វត្ថុបុរាណទាំងនោះ រួមមាន រូបសំណាកថ្មនាងខ្មៅ បានបាត់បង់ក្នុងឆ្នាំ១៩៧៨។ គូស្រះប្រុស និងស្រះស្រី ត្រូវអាជ្ញាធរវៀតណាមយកធ្វើជាមន្ទីរឃុំឃាំង និងលក់ឲ្យឈ្មួញធ្វើជាមណ្ឌលកម្សាន្ត កាលពីឆ្នាំ២០០៥ ក្លោងទ្វារចូលទីរួមខេត្តព្រះត្រពាំងដែលមានអាយុកាលជាង ៦០០ឆ្នាំ ត្រូវអាជ្ញាធរវាយកម្ទេចចោល កាលពីឆ្នាំ២០១៤។
ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា ជាព្រះចៅអធិការវត្តខេមរង្សីផងនោះ ឲ្យដឹងទៀតថា វៀតណាមធ្លាប់ចង់បំផ្លាញ ដើមឈើទាលចៅហ្វាយ គុយ ច្រើនលើកហើយ ពីព្រោះវៀតណាម ចង់បំផ្លាញប្រវត្តិសាស្ត្រនៃការតស៊ូរបស់ពលរដ្ឋខ្មែរក្រោម ប៉ុន្តែវៀតណាមមិនទាន់បានសម្រេច៖ «ជាការពិតដោយសារតែរដ្ឋាភិបាលវៀតណាមហ្នឹង គេមានមហិច្ឆតា ដើម្បីលុបបំបាត់នឹងតាងប្រវត្តិសាស្ត្រ ពលរដ្ឋខ្មែរក្រោម មានដើមឈើទាល ឬក៏មានវត្ថុផ្សេងទៀត។ នេះជាការរំលោភទៅលើបេតិកភណ្ឌខ្មែរក្រោម»។
ព្រះភិក្ខុ សឺង យ៉ឹងរតនា បន្តទៀតថា ដើមឈើទាល ចៅហ្វាយ គុយ ជាតំណាងឲ្យព្រលឹងខ្មែរក្រោម។ ដូច្នោះពលរដ្ឋខ្មែរក្រោមត្រូវតែការពារកុំឲ្យបាត់បង់ បើមិនដូច្នោះ ព្រលឹងខ្មែរក្រោមនឹងត្រូវបាត់បង់ទៅថ្ងៃអនាគតជាមិនខាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។