គ្រួសារ​លោក រ៉ាត់ រត្នមុនី គ្រោង​តវ៉ា​រៀងរាល់​ថ្ងៃ​នៅ​មុខ​ទូត​បើ​គ្មាន​ការ​អន្តរាគមន៍​ពី​រុស្ស៊ី

0:00 / 0:00

ក្រុម​គ្រួសារ និង​អ្នក​គាំទ្រ​​លោក រ៉ាត់ រត្នមុនី មួយចំនួន​ បាន​នាំគ្នា​ទៅ​តវ៉ា​នៅមុខ​ស្ថានទូតរុស្ស៊ី​ជាលើកទី១១ នៅថ្ងៃទី២៧ មីនានេះ ដើម្បី​សុំអន្តាគមន៍​ឱ្យមាន​ការ​ដោះលែង​រូប​លោក។

ភរិយា​លោក រ៉ាត់ រត្នមុនី អ្នកស្រី ឡុង គីមហ៊ាង ថ្លែង​ថា អ្នក​ស្រី​ និង​អ្នក​តវ៉ា​ផ្សេង​ទៀត មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឈរ​លើក​បដា​នៅ​មុខ​ស្ថានទូត​រុស្ស៊ី​ឡើយ ដោយ​អាជ្ញាធរ​​តម្រូវ​ឱ្យ​ទៅ​ឈរ​នៅ​ម្ខាង​ផ្លូវ​វិញ ហើយ​​ការ​ស្រែក​ទាម​ទារ​ដោយ​ប្រើ​មេក្រូ ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ផង​ដែរ។ អ្នក​ស្រី​បន្ត​ថា ដូច​លើក​មុនៗ​ដែរ មន្ត្រី​ស្ថានទូត​រុស្ស៊ី​មិន​បាន​ចេញ​មក​ជួប​ក្រុម​អ្នក​តវ៉ា​នោះ​ឡើយ។

ទោះជា​យ៉ាងណា អ្នក​ស្រី​អះអាង​ថា​ ប្រសិន​បើ​​ការ​តវ៉ា​នៅ​សប្ដាហ៍​ក្រោយ​នៅ​តែ​គ្មាន​លទ្ធផល​បែបនេះ​ទៀត អ្នក​ស្រី​គ្រោង​នឹង​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​មុខ​ស្ថានទូត​រុស្ស៊ី​ជា​រៀង​រាល់​ថ្ងៃធ្វើការ​តែម្ដង ពោល​គឺ​រយៈពេល៥ ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ ចាប់​ពី​ថ្ងៃច័ន្ទ ដល់​ថ្ងៃសុក្រ៖ «ក្រោយ​ពី​ជជែក​គ្នា​ទៅ​ យើង​សម្រេច​ ​ទាម​ទារ​តែ​រុស្ស៊ី​មួយ​ទេ ព្រោះ​ដើម្បី​ឱ្យ​រុស្ស៊ី​ទទួល​ខុស​ត្រូវ​ការ​ងារ​របស់​ពួក​គេ រឿង​របស់​ពួក​គេ។ ហើយ​យើង​នៅ​តែ​ជំរុញ​ឱ្យ​តុលាការ​ស៊ើបអង្កេត​ដោយ​មាន​ការ​កោះហៅ Russia Today ឬក៏​រុស្ស៊ីហ្នឹង មក​ឆ្លើយ​បំភ្លឺ ហើយ​ដោះលែង​ប្តី ​ខ្ញុំ »

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា លោក រ៉ាត់ រត្នមុនី ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ ​"ញុះញង់​ឱ្យ​មាន​ការ​រើសអើង" ដែល​​​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ៣ ឆ្នាំ ប្រសិន​បើ​តុលាការ​​សម្រេច​ឱ្យ​លោក​មាន​ទោស​មែន​នោះ។

សកម្មភាព​តវ៉ា​របស់​ភរិយា​លោក រ៉ា​ត់ រត្នមុនី អ្នកស្រី ឡុង គីមហ៊ាង ​នៅ​មុខ​ស្ថាន​ទូត​រុស្ស៊ី​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី២៧ ខែ​មីនា ឆ្នាំ​២០១៩។
សកម្មភាព​តវ៉ា​របស់​ភរិយា​លោក រ៉ា​ត់ រត្នមុនី អ្នកស្រី ឡុង គីមហ៊ាង ​នៅ​មុខ​ស្ថាន​ទូត​រុស្ស៊ី​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី២៧ ខែ​មីនា ឆ្នាំ​២០១៩។ (Photo provided)

អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​ចោទ​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ​ថា បាន​ឱ្យ​លុយ​ប្រភព​ ដើម្បី​និយាយ​ប្រឌិត​សាច់រឿង​ក្នុង​ភាព​យន្ត​ឯកសារ​ជួញ​ដូរ​ផ្លូវ​ភេទ ដែល​មាន​ចំណងជើង​ថា "ម្តាយ​ខ្ញុំ លក់​ខ្ញុំ" ដែល​លោក​បាន​ជួយ​ផលិត​ឱ្យ​សារព័ត៌មាន​ RT (Russia Today) របស់​រុស្ស៊ី។

ទោះជា​យ៉ាងណា ក្រៅ​ពី​ការ​ចោទប្រកាន់​នេះ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​​មិន​បាន​បង្ហាញ​ភស្តុតាង​ដែល​បង្ហាញ​​ពី​ពិរុទ្ធភាព​របស់​លោក​នោះ​ទេ ខណៈ​តួអង្គ​ម្នាក់​ក្នុង​ភាព​យន្ត​ឯកសារ​ធ្លាប់​បាន​អះអាង​ថា នាង​មិន​ដែល​បាន​ទទួល​លុយ​កាក់​ពី​លោក រ៉ាត់ រត្នមុនី ដើម្បី​និយាយ​កុហក​នោះ​ឡើយ។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ជឿជាក់​ថា លោក រ៉ាត់ រត្នមុនី មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​នោះ​ឡើយ ព្រោះ​លោក​ត្រឹម​​តែ​ជា​អ្នក​បកប្រែ​ឱ្យ​សារព័ត៌មាន​រុស្ស៊ី​ប៉ុណ្ណោះ។ លោក​ស្នើ​ដល់​តុលាការ​ឱ្យ​ពិនិត្យ​មើល​ករណី​នេះ​ឱ្យ​បាន​ច្បាស់លាស់ និង​ស្នើ​ឱ្យ​មាន​ការ​កោះហៅ​ភាគី​ពាក់ព័ន្ធ​មក​បំភ្លឺ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​លោក រ៉ាត់ រត្នមុនី វិញ៖ «យើង​នឹង​បន្ត​ស្វះស្វែង​រក​អន្តរាគមន៍​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​គាត់​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ មាន​សេរីភាព​ឡើងវិញ ព្រោះ​យើង​មើល​ឃើញ​មិន​ខុស​ការ​អះអាង​របស់​គ្រួសារ​គាត់​ទេ។ គាត់​គ្រាន់​តែ​ជា​អ្នក​បកប្រែ​ឱ្យ​កាសែត​រុស្ស៊ី​ ហើយ​ត្រូវ​បាន​​អាជ្ញាធរ​ចោទ​ប្រកាន់ ចាប់​គាត់​ដាក់​ពន្ធនាគារ វា​ជា​រឿង​មួយ​អយុត្តិធម៌​សម្រាប់​លោក រ៉ាត់ រត្នមុនី»

អ្នក​​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​ថ្លែង​ថា សំណុំ​រឿង​នេះ​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ ដូច្នេះ​គ្មាន​ភាគី​ណាមួយ​អាច​ដាច់​សម្ពាធ ឬ​​អន្តរាគមន៍​ឱ្យ​មាន​ការ​ដោះលែង​លោក រ៉ាត់ រត្នមុនី ឡើយ​។ លោក​អះអាង​​ថា ប្រសិន​បើ​តុលាការ​រក​មិន​ឃើញ​ពី​ពិរុទ្ធភាព​អ្វី​ទេ​នោះ តុលាការ​​នឹង​​​​ដោះលែង​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ​​​វិញ​ជាក់​ជា​មិន​ខាន។

ទោះ​ជា​យ៉ាងណា អ្នកស្រី ឡុង គីមហ៊ាង ស្នើ​យ៉ាង​ទទូច​ដល់​តុលាការ អនុញ្ញាត​ឱ្យ​ស្វាមី​របស់​អ្នក​ស្រី​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ មុន​នឹង​បន្ត​នីតិវិធី​ផ្សេង​ទៀត។ មូលហេតុ​គឺ​ដោយ​សារ​លោក​ រ៉ាត់ រត្នមុនី ជា​អ្នក​រក​ចំណូល​សំខាន់​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ហើយ​ម្យ៉ាង​កូន​ប្រុស​តូច​របស់​អ្នក​ស្រី​ត្រូវ​ការ​ឪពុក​មើល​ថែទាំ។

គិត​ត្រឹម​ចុង​ខែ​មីនា​នេះ សកម្មជន​សិទ្ធិ​ការងារ​លោក រ៉ាត់ រត្នមុនី បាន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ អស់​រយៈពេល​ជាង ៣​ខែ​មក​ហើយ ខណៈ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​បាន​ទៅ​ដល់​ដៃ​តុលាការ​កំពូល​រួច​ហើយ កាល​ពី​២ សប្ដាហ៍​មុន។ ទាំង​ក្រុម​គ្រួសារ និង​មេធាវី សុទ្ធតែ​សង្ឃឹម​ថា តុលាការ​កំពូល​នឹង​អនុញ្ញាត​ឱ្យ​លោក រ៉ាត់ រត្នមុនី បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ ដើម្បី​ឱ្យ​លោក​អាច​វិល​ទៅ​ជួប​ជុំ​ក្រុម​គ្រួសារ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។