សមាជិក​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ធានា​សន្តិសុខ​ជូន​ពលរដ្ឋ

សមាជិក​អង្គការ​សង្គម​ស៊ីវិល​នៃ​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត ហៅ​កាត់​ថា អឺរ៉ា (ERA) អំពាវនាវ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) និង​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការពារ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ឲ្យ​ជួយ​ការពារ​សន្តិសុខ និង​ភាព​សុខដុមនីយកម្ម​ដល់​ពលរដ្ឋ​ទាំងអស់​ធ្វើ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ដោយ​មិន​មាន​ការ​រំខាន និង​ភិតភ័យ។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​តាម​រយៈ​សេចក្តី​ថ្លែងការណ៍​រួម​ស្ដីពី​សន្តិសុខ​សម្រាប់​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៦ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៦ កញ្ញា។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ការ​ចល័ត​កង​កម្លាំង​តាម​រថយន្ត និង​ទូក ព្រម​ទាំង​ឧទ្ធម្ភាគចក្រ​ជាច្រើន​គ្រឿង​នៅ​រាជធានី​ភ្នំពេញ មុន​ថ្ងៃ​ចុះ​ឈ្មោះ​បោះឆ្នោត​មួយ​ថ្ងៃ ដោយ​មិន​មាន​ការ​ជូន​ដំណឹង​ជា​មុន គឺ​ជា​រូបភាព​មួយ​ដែល​អាច​ប៉ះពាល់​អារម្មណ៍ និង​សេរីភាព​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ក្នុង​ការ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ហើយ​ការ​បិទ​កំណាត់​ផ្លូវ​ជាតិ​លេខ​២ នៅ​សង្កាត់​ចាក់អង្រែ កាល​ពី​ថ្ងៃ​ទី​៥ កញ្ញា កន្លង​ទៅ មិន​ត្រឹម​តែ​រំខាន​ដល់​អ្នក​ធ្វើ​ដំណើរ​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​ការ​រារាំង​អ្នក​ដែល​មាន​បំណង​ទៅ​ធ្វើ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ទៀត​ផង។

អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​រួម​មាន សមាគម​អាដហុក (ADHOC) អង្គការ​លីកាដូ (LICADHO) អង្គការ​និកហ្វិច (NICFEC) អង្គការ​ខុមហ្វ្រែល (COMFREL) មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព (PDP) ក្រុម​ការងារ​សិទ្ធិ​លំនៅឋាន សម្ព័ន្ធ​ដើម្បី​សុចរិត​ភាព និង​គណនេយ្យ​ភាព​សង្គម (CISA) និង​មជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ និង​សិទ្ធិ​មនុស្ស (CENTRAL)។

សមាជិក​អង្គការ​សង្គម​ស៊ីវិល​នៃ​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត ក៏​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់​ត្រូវ​មាន​ទំនុក​ចិត្ត​ចូលរួម និង​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។