សង្គម​ស៊ីវិល​បន្ត​ដាក់​ញត្តិ​ជូន​ទូត​បរទេស​ស្នើ​អន្តរាគមន៍​ដោះ​លែង​អ្នក​ជាប់​ឃុំ​២៣​នាក់

តំណាង​ក្រុម​ការងារ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ បន្ត​ចូល​ជួប​ពិភាក្សា និង​ដាក់​ញត្តិ​ជូន​ស្ថានទូត​បរទេស​ប្រចាំ​កម្ពុជា និង​ស្ថាប័ន​អន្តរជាតិ​ពាក់ព័ន្ធ ដើម្បី​ស្នើ​ឲ្យ​មាន​អន្តរាគមន៍​ដោះ​លែង​ជន​ជាប់​ឃុំ​ទាំង ២៣​នាក់ ដែល​ត្រូវ​កង​កម្លាំង​អាជ្ញាធរ​រដ្ឋាភិបាល បង្ក្រាប និង​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​មករា។
ដោយ យាង សុជាមេត្តា
2014.01.24
សុំ​ដោះ​លែង​កម្មករ វ៉េងស្រេង ៦១០ តំណាង​ក្រុម​ការងារ​អង្គការ​សង្គម​ស៊ីវិល ចូល​ជួប​មន្ត្រី​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ដើម្បី​ពិភាក្សា និង​ដាក់​ញត្តិ​ស្នើ​ឲ្យ​មាន​វិធាន​ការ​ដោះ​លែង​មនុស្ស​ជាប់​ឃុំ​ទាំង ២៣​នាក់ នៅ​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៤។
RFA/Yeang Socheametta

ការ​ដាក់​ញត្តិ​របស់​ក្រុម​ការងារ​អង្គការ​សង្គម​ស៊ីវិល នៅ​ថ្ងៃ​ទី​២៤ មករា ធ្វើ​ឡើង​ដោយ​មិន​មាន​ការ​ដើរ​ដង្ហែ​ក្បួន​ដូច​ថ្ងៃ​ទី​២៣ មករា ឡើយ ប៉ុន្តែ​ធ្វើ​ឡើង​តាម​រយៈ​ការ​ស្នើសុំ​ជួប​ដោយ​ផ្ទាល់ ជាមួយ​មន្ត្រី​ស្ថានទូត​បរទេស និង​ស្ថាប័ន​អន្តរជាតិ ដើម្បី​ពិភាក្សា និង​ផ្លាស់​ប្ដូរ​យោបល់​គ្នា និង​ដាក់​ញត្តិ។ មន្ត្រី​មក​ពី​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៧ ដែល​តំណាង​ឲ្យ​ក្រុម​ការងារ​អង្គការ​ជាតិ និង​អន្តរជាតិ ជិត ២០០ បាន​ធ្វើ​កិច្ចការ​នេះ។

មន្ត្រី​ស្ថានទូត​បរទេស និង​ស្ថាប័ន​អន្តរជាតិ ដែល​តំណាង​ឲ្យ​ក្រុម​ការងារ​អង្គការ​សង្គម​ស៊ីវិល​ទាំង​៧ បាន​ចូល​ជួប​ពិភាក្សា និង​ដាក់​ញត្តិ​នៅ​ថ្ងៃ​ទី​២៤ មករា រួម​មាន​ស្ថានទូត​ប្រទេស​ឥណ្ឌា និង​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា។ ចំណែក​ស្ថានទូត​សហភាព​មីយ៉ាន់ម៉ា (Myanmar) មិន​បាន​ផ្តល់​ឱកាស​ឲ្យ​តំណាង​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ ចូល​ជួប​ពិភាក្សា​ឡើយ គ្រាន់​តែ​បញ្ជូន​តំណាង​ខ្មែរ​ម្នាក់​ឲ្យ​មក​ទទួល​យក​ញត្តិ​នៅ​ខាង​ក្រៅ​បរិវេណ​ស្ថានទូត ប៉ុន្តែ​តំណាង​ក្រុម​ការងារ​អង្គការ​សង្គម​ស៊ីវិល មិន​បាន​ដាក់​ញត្តិ​នៅ​ពេល​នោះ​ទេ ព្រោះ​ពួក​គេ​ចង់​ជួប​ពិភាក្សា​ជា​មុន​សិន មុន​នឹង​ដាក់​ញត្តិ។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា លោក សឿង សារឿន ដែល​ដឹក​នាំ​ការងារ​ដាក់​ញត្តិ​នេះ។ លោក​បាន​ថ្លែង​បន្ទាប់​ពី​ជំនួប​ជាមួយ​មន្ត្រី​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ថា ក្រុម​ការងារ​លោក​បាន​ស្នើ​ឲ្យ​អង្គការ​សហប្រជាជាតិ ឆ្លើយ​តប​ចំពោះ​ការ​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​ជា​បន្ទាន់ ជន​ជាប់​ឃុំ​ទាំង ២៣​នាក់ និង​ស្នើ​ឲ្យ​ស្ថាប័ន​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​នេះ បង្កើត​ឲ្យ​មាន​យន្តការ​ឆ្លើយ​តប​ឲ្យ​ទាន់​ពេល​វេលា ក្នុង​ការ​ដោះស្រាយ​តម្រូវ​ការ​របស់​កម្មករ ដែល​ទាមទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ និង​លក្ខខណ្ឌ​ការងារ​សមស្រប។ លោក​មាន​ប្រសាសន៍​ថា ការ​ពិភាក្សា​នោះ បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​មួយ​ដ៏​ល្អ។

លោក សឿង សារឿន៖ «គាត់​ឆ្លើយ​តប​បាន​ប្រសើរ ហើយ​គាត់​បន្ត​ការ​តាម​ដាន និង​អន្តរាគមន៍​តាម​សេចក្តី​ថ្លែងការណ៍​របស់ សុរិយា ស៊ូប៊ែឌី (Surya Subedi) ដែល​ជា​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ហ្នឹង ហើយ​គាត់​ប្ដេជ្ញា​ចិត្ត​ថា​នឹង​បន្ត​ការ​តាម​ដាន ដើម្បី​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​នូវ​អនុសាសន៍​របស់ សុរិយា ស៊ូប៊ែឌី ហ្នឹង​ទី​១ ហើយ​ទី​២ គាត់​នឹង​បន្ត​ឃ្លាំ​មើល ហើយ​នឹង​ធ្វើ​ការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល រដ្ឋាភិបាល ហើយ​អ្នក​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដើម្បី​ឲ្យ​ដោះ​លែង​ជន​រងគ្រោះ​របស់​យើង ២៣​នាក់​ហ្នឹង​ឲ្យ​បាន​ទាន់​ពេល​វេលា។ ហើយ​គាត់​បាន​សន្យា​ថា នឹង​ខនវេ (Convey) ម៉ែសសេជ (Message) របស់​យើង​នេះ​ទៅ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ដើម្បី​ឲ្យ​គាត់​ចូល​រួម​អន្តរាគមន៍​ពី​ខាង​ក្រៅ​ផង​ដែរ»

ចំណែក​ជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​ប្រទេស​ឥណ្ឌា វិញ លោក សឿង សារឿង បាន​ឲ្យ​ដឹង​ថា ឯកអគ្គរដ្ឋទូត​ឥណ្ឌា នឹង​បន្ត​ជជែក​ជាមួយ​រដ្ឋាភិបាល​កម្ពុជា អំពី​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង កាល​ពី​ដើម​ខែ​មករា និង​ចូល​រួម​ជួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។ លោក​ថា ឯកអគ្គរដ្ឋទូត​ឥណ្ឌា ក៏​បាន​អំពាវនាវ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល និង​រដ្ឋាភិបាល ស្វែង​រក​ឱកាស​ជួប​ជជែក​គ្នា​ផង​ដែរ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម ចុះ​ថ្ងៃ​ទី​២២ ខែ​មករា ក្រុម​ការងារ​អង្គការ​សង្គម​ស៊ីវិល បាន​ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការ​ប្រើប្រាស់​កម្លាំង​ដ៏​លើសលប់ និង​យ៉ាង​សាហាវ ការ​ចាប់​ខ្លួន​ដោយ​បំពាន ការ​សម្លាប់ និង​ការ​ប្រព្រឹត្ត​យ៉ាង​អមនុស្សធម៌​ដោយ​អាជ្ញាធរ​កម្ពុជា។ អង្គការ​សង្គម​ស៊ីវិល​ទាំងអស់​នេះ ក៏​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះ​លែង​ជា​បន្ទាន់​ជន​ជាប់​ឃុំ​ទាំង ២៣​នាក់ ត្រូវ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ ដើម្បី​វែក​មុខ​ជន​ដែល​ទទួល​ខុស​ត្រូវ​លើ​អំពើ​ហិង្សា និង​ត្រូវ​ធានា​ឲ្យ​បាន​ថា ជន​ប្រព្រឹត្តិ​នឹង​ត្រូវ​យក​មក​កាត់​ទោស​ដោយ​គ្មាន​បង្អង់ និង​ត្រូវ​ផ្តល់​សំណង​ជូន​អ្នក​រង​របួស និង​គ្រួសារ​នៃ​អ្នក​ដែល​ត្រូវ​គេ​សម្លាប់ ត្រូវ​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា និង​កម្លាំង​ហួសហេតុ និង​បញ្ឈប់​ការ​ចាប់​ខ្លួន​ជន​ស៊ីវិល​ដោយ​បំពាន​ជាដើម។

មក​ទល់​ពេល​នេះ ស្ថានទូត​បរទេស និង​ស្ថាប័ន​អន្តរជាតិ ដែល​ក្រុម​ការងារ​អង្គការ​សង្គម​ស៊ីវិល បាន​យក​ញត្តិ​ទៅ​ដាក់​រួច​ហើយ​នោះ រួម​មាន ស្ថានទូត​អាមេរិក ចក្រភព​អង់គ្លេស បារាំង ជប៉ុន អាល្លឺម៉ង់ ស៊ុយអែត កូរ៉េ​ខាង​ត្បូង កូរ៉េ​ខាង​ជើង អូស្ត្រាលី ថៃ ម៉ាឡេស៊ី ឥណ្ឌា សហគមន៍​អឺរ៉ុប អង្គការ​យូនីសេហ្វ (UNICEF) អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា និង​ធនាគារ​ពិភពលោក (World Bank)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក សម រង្ស៊ី ប្រកាស​បង្កើត​ចលនា​ជាតិ​តស៊ូ ដើម្បី​ប្រឆាំង​ការ​ដឹកនាំ​របស់​គ្រួសារ​លោក ហ៊ុន សែន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។