ពលរដ្ឋ​និង​សង្គម​ស៊ីវិល​មួយ​ចំនួន​ចាប់​ផ្ដើម​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ

ដោយ ខែ សុណង
2016.05.08
យុវជន អ៊ីនធឺណិត ៨៥៥ ២០១៦ អ្នក​ចូល​រួម​កំពុង​សាកល្បង​​ប្រើ​ប្រព័ន្ធ​វេទិកា​សម្ព័ន្ធ​យុវជន នៅ​លើ​ទូរស័ព្ទ​ដៃ ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​ប្រព័ន្ធ​វេទិកា​សម្ព័ន្ធ​យុវជន កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ។
RFA/Yang Chandara

ប្រជាពលរដ្ឋ​សាមញ្ញ អ្នក​ជំនួញ សង្គម​ស៊ីវិល និង​សហគមន៍​តវ៉ា​បញ្ហា​ដីធ្លី បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន តាម​រយៈ​ការ​ឆ្លើយ​ឆ្លង​គ្នា​តាម​ប្រព័ន្ធ​ទូរស័ព្ទ។ ក្ដី​បារម្ភ​នេះ បាន​កើត​មាន​ឡើង​នៅ​គ្រា​មាន​ខ្សែ​អាត់​សំឡេង​សន្ទនា​តាម​ប្រព័ន្ធ​ទូរស័ព្ទ ត្រូវ​បាន​គេ​បង្ហោះ​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់។ ករណី​ថ្មីៗ​នេះ​ទៀត​សោត តុលាការ​រាជធានី​ភ្នំពេញ ក៏​បាន​យក​សំឡេង​លោក នី ចរិយា អគ្គលេខាធិការ​រង គ..ប ធ្វើ​ជា​សំអាង​ក្នុង​ការ​ចោទ​ប្រកាន់​ពី​បទ​សម​គំនិត​សូកប៉ាន់​សាក្សី ទាក់ទង​រឿង​អាស្រូវ​ស្នេហា​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ។

សាធារណជន​បាន​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ក្នុង​ការ​សន្ទនា​តាម​ប្រព័ន្ធ​ទូរស័ព្ទ ហើយ​ងាក​ទៅ​ប្រើប្រាស់​ប្រព័ន្ធ​នានា​ដែល​គេ​យល់​ថា​មាន​សុវត្ថិភាព​ជាង។

ស្ត្រី​សហគមន៍​បឹងកក់ រាជធានី​ភ្នំពេញ​មួយ​រូប ដែល​តែង​តែ​ចូលរួម​តវ៉ា​ពី​បញ្ហា​ដីធ្លី​ឥត​ឈប់​ឈរ និង​ធ្លាប់​ជាប់​គុក​ម្ដង​រួច​មក​ហើយ​ដោយសារ​វិវាទ​ផ្ទះ​សម្បែង គឺ​លោកស្រី បូវ សោភា។ លោកស្រី​ថ្លែង​ថា ពួក​គាត់ និង​សហគមន៍ បាន​ងាក​ទៅ​ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​មួយ​ចំនួន ដែល​យល់​ថា​អាច​មាន​សុវត្ថិភាព​ជាង​ការ​និយាយ​ស្ដី​តាម​ទូរស័ព្ទ។ លោកស្រី​បញ្ជាក់​ថា មូលហេតុ​ធ្វើ​ដូច្នេះ ដោយសារ​ពួក​គាត់​មិន​ទុក​ចិត្ត នឹង​អាច​មាន​ការ​លួច​ថត​សំឡេង​ទៅ​ផ្សព្វផ្សាយ​បង្កាច់​បង្ខូច ព្រោះ​ពួក​គាត់​ជា​ក្រុម​មួយ​ដែល​រដ្ឋាភិបាល​យល់​ថា ជា​មុខ​សញ្ញា​តវ៉ា​ប្រឆាំង​ជំទាស់​នឹង​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​កន្លង​មក​នោះ។

លោកស្រី បូវ សោភា ថ្លែង​ថា «ឥឡូវ​ដល់​ថ្នាក់​ពួក​ខ្ញុំ​អាច​ចង់​និយាយ​លេង​ថា ឥឡូវ​គួរ​តែ​ប្រើ​ព្រាប​នាំ​សារ​ដូច​កាល​ពី​សម័យ​បុរាណ​វិញ ដើម្បី​កុំ​ឲ្យ​មាន​ការ​លួច​ថត​សំឡេង។ សហគមន៍​ខ្ញុំ​ចាប់​ផ្ដើម​បង្រៀន​តំណាងៗ​ឲ្យ​ចេះ​ប្រើ​តេឡេក្រាម (Telegram) ផ្ញើ​សារ​មាន​សុវត្ថិភាព​ជាង។ សូម្បី​តែ​មន្ត្រី​ដែល​គាត់​ធ្វើ​ការ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​នោះ សុទ្ធតែ​យក​ខ្សែ​អាត់​សំឡេង​របស់​គាត់​មក​ដាក់​ទៅ​តុលាការ ទៅ​ប្ដឹង​ទៅ​អី​ឯណា។ យើង​មើល​ឃើញ​ហើយ​ថា សំឡេង​អ្នក​ខ្លះ​មើល​ឃើញ​ដូច​គ្នា​មួយ​គគោក​ហ្នឹង សូម្បី​តែ​អ្នក​បកប្រែ គាត់​អាច​ធ្វើ​សំឡេង​ដូច​អ្នក​នេះ​ដូច​អ្នក​នោះ​គ្រប់​គ្នា​បាន​ទាំងអស់ មាន​ការ​ពិបាក ហើយ​ការ​យក​សំឡេង​មក​ដាក់​បន្ទុក​ទៅ​លើ​នរណា​ម្នាក់ គួរ​គិត​ថា​ជា​រឿង​ខុស​ច្បាប់ ហើយ​វា​ជា​រឿង​មួយ​អត់​ល្អ​មើល​ទេ បើ​ឆាក​ល្ខោន​ហ្នឹង​នៅ​តែ​សម្ដែង កាន់​តែ​ធ្លាក់​ដុនដាប​ទៅៗ មិន​មែន​ប្រជាពលរដ្ឋ​ទេ»

ថ្វី​បើ​មិន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​មិន​ខ្វល់​ចំពោះ​ការ​លួច​ថត​សំឡេង​តាម​ទូរស័ព្ទ​ក្ដី ក៏ប៉ុន្តែ​បុរស​អ្នក​លក់​ទូរស័ព្ទ​មួយ​រូប​នៅ​ហាង​យីហោ អប្សរា ម្ដុំ​ផ្សារ​អូរឫស្សី លោក លី រតនៈ ថា​លោក​មិន​ចាប់​អារម្មណ៍​នឹង​រឿង​នេះ​ទេ។ ប៉ុន្តែ​តាំង​ពី​ដើម លោក​ជា​អ្នក​យល់​ដឹង​ពី​ប្រព័ន្ធ​បច្ចេកវិទ្យា។ លោក​បាន​ជ្រើសរើស​ប្រើ​ប្រព័ន្ធ​ទំនាក់ទំនង​តាម​អ៊ីនធឺណិត​មាន​សុវត្ថិភាព​ជាង«ខ្ញុំ​ដូច​អត់​ចាប់​អារម្មណ៍​រឿង​ហ្នឹង​ផង! ពេល​ខ្លះ​នៅ​ពេល​យើង​ចង់​និយាយ​អី​សំខាន់ៗ យើង​និយាយ​លើ​អ៊ីនធឺណិត គេ​អត់​តេ​ទូរស័ព្ទ​ធម្មតា​ទេ។ ខ្ញុំ​ដូច​អត់​ចាប់​អារម្មណ៍​រឿង​ហ្នឹង​ផង ខ្ញុំ​អត់​ដែល​ធ្វើ​អី​ខុស។ បើ​តាម​ខ្ញុំ​ដឹង បើ​យើង​និយាយ​តាម​អ៊ីនធឺណិត (Internet) តាម​ស្កាយ (Skype) អី​ថត​អត់​បាន​ទេ»

កាល​ពី​ពេល​ថ្មីៗ​នេះ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​យក​ខ្សែ​អាត់​សំឡេង​របស់​លោក នី ចរិយា អគ្គលេខាធិការ​រង គ..ប និង​ជា​អតីត​ប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ធ្វើ​ជា​សំអាង​ក្នុង​ការ​ចោទ​ប្រកាន់​លោក ពី​បទ​សម​គំនិត​សូកប៉ាន់​សាក្សី ទាក់ទង​បណ្ដឹង​របស់​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ ដែល​បាន​ប្ដឹង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន ពី​បទ​បង្គាប់​ឲ្យ​នាង​ផ្ដល់​ចម្លើយ​មិន​ពិត​ប្រាប់​សមត្ថកិច្ច។

នាយក​ប្រតិបត្តិ​សមាគម​ធាងត្នោត លោក អ៊ី សារ៉ុម ក្នុង​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។
នាយក​ប្រតិបត្តិ​សមាគម​ធាងត្នោត លោក អ៊ី សារ៉ុម ក្នុង​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។

បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា គឺ​ជា​រំលោភ​សិទ្ធិ​ឯកជន និង​រំលោភ​ច្បាប់​ដែល​មាន​ចែង។

នាយក​ប្រតិបត្តិ​សមាគម​ធាង​ត្នោត លោក អ៊ី សារ៉ុម មាន​ប្រសាសន៍​ថា លោក​ចាប់​ផ្ដើម​ប្រុង​ប្រយ័ត្ន​ខ្ពស់​លើ​ការ​ប្រើប្រាស់​ទូរស័ព្ទ បន្ទាប់​ពី​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន ត្រូវ​បាន​គេ​ប្រើប្រាស់​មធ្យោបាយ​នេះ​យក​មក​ចោទ​ប្រកាន់។ លោក​ថា មាន​ការ​តាម​ដាន​ទៅ​លើ​សកម្មជន​ដែល​ធ្វើ​សកម្មភាព​តវ៉ា ហ៊ាន​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល​នា​ពេល​កន្លង​មក​តាម​ប្រព័ន្ធ​ទូរស័ព្ទ «ខ្ញុំ​ចាប់​ផ្ដើម​មាន​ការ​រឹតត្បិត​ក៏ដូចជា​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​ឆ្លើយ​ឆ្លង​ទូរស័ព្ទ​ជាមួយ​នឹង​អ្នក​ផ្សេង ជាពិសេស​សូម្បី​តែ​និយាយ​ជាមួយ​ប្រពន្ធ​ខ្លួន​ឯង​ហ្នឹង ក៏​មាន​ការ​ប្រយ័ត្ន​ប្រយែង។ ឧទាហរណ៍​ថា ល្ងាច​មុន​ពេល​មក​វិទ្យុ​អាស៊ីសេរី នេះ ប្រពន្ធ​ខ្ញុំ​ថា ឲ្យ​បង​មក​ឲ្យ ខ្ញុំ​ព្រួយ​បារម្ភ​ខ្លាច​គេ​កាត់​សំឡេង​នេះ​ទៅ​ជា​អូន​ណា​មួយ​ផ្សេង​អ៊ីចឹង​ងាប់​ខ្ញុំ​ម៉ង។ ឥឡូវ​នេះ សូម្បី​តែ​និយាយ​ជាមួយ​កូន និយាយ​ជាមួយ​ប្រពន្ធ និយាយ​ជាមួយ​មិត្តភ័ក្ដិ និយាយ​ជាមួយ​សហគមន៍ ពេល​ខ្លះ​យើង​អត់​ចង់​និយាយ​លេង​ទេ។ ខ្ញុំ​ព្យាយាម​ដោយ​ប្រយ័ត្ន​ប្រយែង​មែន​ទែន ខ្លាច​គេ​យក​ទៅ​បំប្លែង​នេះ​បំប្លែង​នោះ បូក​ជាមួយ​ស្រី​ណា​ម្នាក់ ហើយ​ចោទ​មក​វា​ខូច​កិត្តិយស​យើង»

មិន​ថា​តែ​លោក អ៊ី សារ៉ុម នោះ​ទេ​ដែល​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​សុវត្ថិភាព​នៃ​ការ​និយាយ​តាម​ទូរស័ព្ទ សូម្បី​តែ​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​សារព័ត៌មាន​វិញ ក៏​មាន​ការ​ប្រយ័ត្នប្រយែង​ដែរ។

នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ប៉ា ងួនទៀង ដែល​ជា​អ្នក​គ្រប់គ្រង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វី.អូ.ឌី (VOD) មាន​ទស្សនៈ​ថា ការ​អនុវត្ត​របស់​រដ្ឋាភិបាល​ផ្ទុយ​ពី​ច្បាប់​ដូច​ពេល​បច្ចុប្បន្ន​នេះ គឺ​នាំ​ឲ្យ​ពួក​គាត់​ធ្វើ​ការ​ក្នុង​វិស័យ​នេះ​ជួប​បញ្ហា​ប្រឈម​ខ្លាំង «ធម្មតា​អ្នក​ព័ត៌មាន​យើង​តែង​ទំនាក់ទំនង​គ្រប់​ភាគី និន្នាការ​នយោបាយ អ្នក​ធ្វើ​ការ​សង្គម​ស៊ីវិល ឬ​អ្នក​ធ្វើ​អាជីវកម្ម​អី​ផ្សេងៗ មុន​សម្ភាស យើង​តែង​តែ​សួរ​គាត់​ពី​បញ្ហា​ផ្សេងៗ ព្រោះ​ក្រម​សីលធម៌​អ្នក​សារព័ត៌មាន​នៅ​ពេល​យើង​រៀប​ថត យើង​ប្រាប់​គេ​មុន ប៉ុន្តែ​មុន​ថត យើង​សួរ​គេ​ពី​នេះ​ពី​នោះ គេ​ហៅ​ថា (Off record) យើង​គ្រាន់​តែ​ចង់​ដឹង​រឿង​ហ្នឹង​ម៉េចៗ​បាន​យើង​ចាប់​ផ្ដើម​ដាក់​ជា​សំណួរ​ឲ្យ​ចំៗ​សាច់​រឿង ហើយ​អា​ហ្នឹង​ដែល​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា ព្រោះ​យើង​ដឹង​ច្បាស់​ណាស់​ថា រដ្ឋាភិបាល​ថត​គ្រប់​ពេលវេលា ជាពិសេស​ជាមួយ​អ្នក​ធ្វើ​ការ​រឿង​ក្ដៅៗ រឿង​សិទ្ធិ​មនុស្ស យើង​ដឹង​ថា​រដ្ឋាភិបាល​ច្បាស់​ជា​ថត​ហើយ»

ចំណែក​យុវជន​មួយ​រូប​ឈ្មោះ ដាវីដ រស់នៅ​ទីក្រុង​ភ្នំពេញ មាន​ទស្សនៈ​ថា លោក​មិន​ពេញ​ចិត្ត​ចំពោះ​ការ​លួច​ថត​សំឡេង​ដែល​ជា​ការ​ទំនាក់ទំនង​ផ្ទាល់​ខ្លួន​របស់​ឯកជន យក​មក​បង្ហោះ​ចែក​ចាយ​ដូច​អ្វី​ដែល​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា បច្ចុប្បន្ន​នោះ​ទេ។ យុវជន​ដដែល​យល់​ថា មនុស្ស​សាមញ្ញ​ដូចជា​លោក ប្រហែល​ជា​គ្មាន​ការ​ចាប់​អារម្មណ៍ និង​ឲ្យ​គេ​លួច​ថត​បង្ហោះ​សំឡេង​នោះ​ដែរ ហើយ​លោក​គិត​ថា អ្វី​ដែល​កើត​មាន​ឡើង​កន្លង​មក គឺ​វា​ទាក់ទង​នឹង​រឿង​នយោបាយ​ច្រើន​ជាង «អត់​ចង់​ឲ្យ​មាន អា​ហ្នឹង​វា​អត់​ល្អ​ទេ អា​ហ្នឹង​ដូច​យើង​បរិហារ​កេរ្តិ៍​គេ គេ​និយាយ​ជាមួយ​អ្នក​ផ្សេង​មួយ​ទល់​នឹង​មួយ យើង​យក​ទៅ​បរិហារ​កេរ្តិ៍។ ខ្ញុំ​អត់​ចូល​ចិត្ត។ ហ្វេសប៊ុក បើ​ឃើញ​ចឹង​ខ្ញុំ​មិន​ដែល​មើល​ទេ រឿង​អត់​ប្រយោជន៍»

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​មួយ​រូប គឺ​លោកស្រី សុង ស្រីលាភ។ លោកស្រី​មាន​មតិ​ថា លោកស្រី​ព្យាយាម​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន «មួយ​រយៈ​ក្រោយ​ដែល​ខ្ញុំ​បាន​ឃើញ​លោក ឈាង វុន គាត់​និយាយ​ការ​ថត​សំឡេង​នេះ ដើម្បី​ការពារ​ស្ថិរភាព​សង្គម គេ​ត្រូវ​តែ​ធ្វើ​មិន​ខុស​ច្បាប់​អ៊ីចឹង​ណា។ ខ្ញុំ​គិត​ថា សម្រាប់​ប្រជាពលរដ្ឋ​មិន​បាន​ជ្រួតជ្រាប​រឿង​ហ្នឹង​ទេ។ ខ្ញុំ​ព្យាយាម​បន្ថយ​និយាយ​ទូរស័ព្ទ បង្វិល​មក​ធ្វើ​ការ​ផ្ញើ​សារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​វិញ ឬ​ជួប​គ្នា​ផ្ទាល់​វិញ។ យើង​ក៏​មាន​អាថ៌កំបាំង​ផ្ទាល់​ខ្លួន ប៉ុន្តែ​រដ្ឋាភិបាល​គាត់​ធ្វើ​អ៊ីចឹង​ជា​រឿង​មួយ​រំលោភ​សិទ្ធិ​ឯកជន​ខ្លាំង​មែន​ទែន ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គាត់​ចាប់​អារម្មណ៍​ខ្លាំង​ពី​ការ​អាត់​សំឡេង​ហ្នឹង»

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី បុរស​វ័យ​កណ្ដាល​មួយ​រូប​ដែល​កំពុង​ទិញ​ទូរស័ព្ទ​ដៃ​ទំនើប​មួយ​គ្រឿង​នៅ​ក្នុង​ហាង​មួយ​លើ​ផ្លូវ​៣១០ ក្នុង​សង្កាត់​បឹងកេងកង៣ ខណ្ឌ​ចំការមន មាន​ប្រសាសន៍​ថា គាត់​មិន​គិត​អ្វី​ទាំងអស់ ព្រោះ​គាត់​មិន​ដែល​ធ្វើ​អ្វី​ខុស«ទម្លាប់​ខ្ញុំ​អត់​និយាយ​ច្រើន​ផង និយាយ​យ៉ាង​ច្រើន​មួយ​នាទី​ពីរ​នាទី​អស់​បាត់»

កាល​ពី​ថ្ងៃ​ទី​២ ខែ​ឧសភា តុលាការ​បាន​ចោទ​ប្រកាន់​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ចំនួន ៤​រូប ពី​បទ​សូកប៉ាន់​សាក្សី និង​ចោទ​ប្រកាន់​កំបាំង​មុខ​មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​មួយ​រូប​ទៀត គឺ​លោក សឺន សាលី ពី​បទ​សម​គំនិត​សូកប៉ាន់​សាក្សី បន្ទាប់​ពី​ចោទ​ប្រកាន់​លោក នី ចរិយា អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (..) ដោយ​ផ្អែក​លើ​ខ្សែ​អាត់​សំឡេង​ដែល​គេ​លួច​ថត​លោក​សន្ទនា​ជាមួយ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ក្នុង​ពេល​សមាគម​នេះ​កាន់​សំណុំ​រឿង​ការពារ​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ។ បញ្ហា​នេះ លោក​មេធាវី សំ សុគង់ ការពារ​ក្ដី​ឲ្យ​លោក នី ចរិយា ចាត់​ទុក​ថា ការ​ចោទ​ប្រកាន់​របស់​តុលាការ គឺ​មិន​ត្រឹមត្រូវ​តាម​ច្បាប់។

មាត្រា​៣០១ នៃ​ក្រម​ព្រហ្មទណ្ឌ បាន​ចែង​ថា បទ​ស្ដាប់ ឬ​ថត​ពាក្យ​សម្ដី​ឯកជន អំពើ​ស្ដាប់ ឬ​ថត​សម្ដី​ដែល​និយាយ​ជា​ឯកជន ជា​ការ​សម្ងាត់​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​បុគ្គល​ដែល​មាន​ការ​ពាក់ព័ន្ធ​នោះ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ​ទៅ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​ម៉ឺន ទៅ ២​លាន​រៀល លើក​លែង​តែ​ករណី​ដែល​ច្បាប់​អនុញ្ញាត។ ត្រូវ​បាន​សន្មត​ជា​ការ​ព្រមព្រៀង ប្រសិន​បើ​បុគ្គល​ដែល​ពាក់ព័ន្ធ​នេះ បាន​ទទួល​ដំណឹង​អំពី​ការ​ស្ដាប់ ឬ​ថត ហើយ​បុគ្គល​នោះ​មិន​បាន​ជំទាស់​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។