យុវជនម្នាក់ដែលច្រៀងរ៉ែបរិះគន់សង្គមនិងកំពុងល្បីក្នុងបណ្ដាញសង្គមត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញ តាមរករឿងដល់ផ្ទះ និងកន្លែងការងាររបស់លោកដើម្បីបង្ខំឱ្យលុបបទចម្រៀងចេញពីបណ្តាញហ្វេសប៊ុក (Facebook) និងយូធូប (Youtube)។ សង្គមស៊ីវិលចាត់ទុកថា ចំណាត់ការរបស់អាជ្ញាធរ គឺជាការរឹតត្បិតគាបសង្កត់សិទ្ធិសេរីភាពរបស់ពលរដ្ឋដែលធានាដោយច្បាប់។
តារាចម្រៀងរ៉ែបគឺយុវជន ឈុន ឌីម៉ី ឬហៅថា ឌីម៉ី ខេមបូ (Dymey-Cambo) ប្រាប់អាស៊ីសេរីថា ប៉ូលិសជាច្រើននាក់នៅខេត្តសៀមរាបបានចុះទៅតាមរកលោកដល់កន្លែងការងារ និងផ្ទះរបស់លោក ដែលស្ថិតនៅភូមិត្រពាំងសេះសង្កាត់គោកចក ក្រុងសៀមរាប បន្ទាប់ពីលោកបានផលិតបទចម្រៀងពីរបទមានចំណងជើងថា ''សង្គមនេះ'' ដែលមានខ្លឹមសាររិះគន់បញ្ហាពិតនៅក្នុងសង្គមខ្មែរ។
លោក ឈុន ឌីម៉ី បន្តថា ដំបូងឡើយមេភូមិបានហៅឪពុករបស់លោកទៅព្រមានឱ្យណែនាំលោកឈប់ច្រៀងរិះគន់សង្គម និងត្រូវតែលុបបទចម្រៀងទាំងនោះចេញពីហ្វេសប៊ុក និងយូធូប ប៉ុន្តែលោកមិនយល់ព្រម។ បន្ទាប់មកទៀត មានប៉ូលិស ៥នាក់ បានទៅដល់ផ្ទះសួរនាំលោក និងម្ដាយលោកថា លោកពិតជាច្រៀងបទសង្គមនេះមែនទេហើយច្រៀងនៅទីណា? ធ្វើការអ្វី? និងសុំលេខទូរស័ព្ទ ព្រមទាំងថតរូប និងសៀវភៅគ្រួសារជាច្រើនប៉ុស្តិ៍ផងដែរ។ ក្រោយមកទៀត នៅថ្ងៃទី១៣ ខែឧសភា ក៏មានប៉ូលិសជាច្រើននាក់ បានទៅតាមរកលោកដល់កន្លែងការងារនៅមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ប៉ុន្តែមិនជួបលោកនោះទេ ហើយប៉ូលិសបានស្នើឱ្យកន្លែងការងាររបស់លោកជួយសហការនៅពេលប៉ូលិសចុះប្រតិបត្តិការ។ លោកកំពុងព្រួយបារម្ភពីសុវត្ថិភាព និងខ្លាចគេបញ្ឈប់ពីការងារជាអនុប្រធានផ្នែកអនាម័យនៅមន្ទីរពេទ្យកុមារដែរ ព្រោះកន្លែងការងារហៅលោកទៅប្រជុំរាល់ថ្ងៃ៖ «មួយរយៈកាលនេះប៉ូលិសចុះមករហូតធ្វើឱ្យខ្ញុំស្មុគស្មាញ ហើយខ្ញុំត្រូវទៅដោះស្រាយកន្លែងការងារផង ហើយខ្ញុំត្រូវរក្សាសុវត្ថិភាពខ្លួនឯងផង។ អ៊ីចឹងខ្ញុំសម្រេចថា លុបបទចម្រៀងនោះចេញ កាលពីល្ងាចម្សិលមិញហើយ ខ្ញុំនឹងផ្អាកពីសិល្បៈមួយរយៈ ហើយខ្ញុំនឹងបន្តវិញនៅពេលខ្ញុំមានឱកាស»។
ម្ចាស់បទសង្គមនេះអះអាងថា ចំណាត់ការរបស់អាជ្ញាធរនេះគឺជាការរឹតត្បិតសិទ្ធិសេរីភាពរបស់លោកដោយសារលោកមិនបានធ្វើអ្វីខុសច្បាប់ឡើយដោយសំអាងថា បទចម្រៀងដែលលោកបានតាក់តែង និងច្រៀងនោះគឺជាឆ្លុះបញ្ចាំងរឿងពិតនៅក្នុងសង្គមកម្ពុជា ហើយលោកគ្មានចេតនាញុះញង់ឱ្យមានចលាចលសង្គមឡើយ៖ «ខ្ញុំគិតថាវាគឺជាការបំពានមួយធ្ងន់ណាស់សម្រាប់ខ្ញុំជាប្រជា ពលរដ្ឋដែលមានសិទ្ធិបញ្ចេញមតិប៉ុន្តែគេបែរជាមិនឱ្យយើងបញ្ចេញមតិ»។
អាស៊ីសេរីបានព្យាយាមទាក់ទងស្នងការនគរបាលខេត្តសៀមរាបលោក ទិត្យ ណារ៉ុង ជាច្រើនលើកប៉ុន្តែពុំមានអ្នកទទួលទូរស័ព្ទ។
រីឯអភិបាលខេត្តសៀមរាបលោក ទៀ សីហា ថ្លែងថា លោកបានដឹងករណីនេះតាមហ្វេសប៊ុក និងតាមគ្រុបក្រុមការងារដែរ ប៉ុន្តែមិនទាន់ច្បាស់នៅឡើយព្រោះលោកទើបត្រឡប់ពីប្រទេសចិន។ ទោះយ៉ាងណាក្តី លោកបន្ថែមថា ករណីនេះប្រសិនបើអាជ្ញាធររកឃើញថា បទចម្រៀងនេះមានខ្លឹមសារញុះញង់ ឬធ្វើឱ្យប៉ះពាល់ដល់សង្គមជាតិ គឺត្រូវតែចាត់វិធានការតាមផ្លូវច្បាប់៖ «ត្រឹមតែរិះគន់សង្គមខ្ញុំគិតថា មិនជាបញ្ហាចោទទេ ប៉ុន្តែអ្វីដែលឃើញនៅក្នុងបណ្ដាញសង្គមនេះតែងតែបង្កប់នូវកម្មវិធីនយោបាយមួយចំនួន»។
បទចម្រៀងដែលមានចំណងជើងថា ''សង្គមនេះ'' គឺមានពីរវគ្គដែលរៀបរាប់អំពីរឿងរ៉ាវស្មោកគ្រោកជាច្រើននៅក្នុងសង្គម ដូចជា ការប្រព្រឹត្តអំពើពុករលួយទុក្ខលំបាករបស់ពលរដ្ឋក្រីក្រ ហើយត្រូវអ្នកមានលុយមានអំណាចជិះជាន់រំលោភយកដីធ្លីស្រស់ៗ ការបាញ់កាប់សម្លាប់អ្នកចេះដឹង និងអ្នកស្នេហាជាតិជាហូរហែ និងរៀបរាប់អំពីបញ្ហាជនអន្តោប្រវេសន៍រស់នៅយ៉ាងអនាធិបតេយ្យផងដែរ៖ «ក្រោកឡើងជូតទឹកភ្នែកឱ្យជ្រះ រួចបន្តដំណើរទៅទៀត។ រឿងអវិជ្ជមានកើតឡើងគ្រប់ទិសទីឃើញទិដ្ឋភាពនូវរឿងជម្លោះដីធ្លីរាស្ត្រស្រែកទ្រហោយំទឹកភ្នែកស្រក់នៅលើធរណី លើកដៃលើកសំពះអង្វរគេគ្រប់នាទីឃើញទិដ្ឋភាពនោះធ្វើឱ្យខ្ញុំនេះស្រម៉ៃ គេធ្វើអំពើអាក្រក់ដូចនៅក្នុងរបបប្រល័យគេចាប់រាស្ត្រមកចង ហើយយកកាំភ្លើងមកវៃ។ គេដាក់ទារុណកម្មលើរាស្ត្រយ៉ាងព្រៃផ្សៃគេវៃដោយទាត់ធាក់ ដោយគ្មានចិត្តមេត្តាដេកដួលមកលើដី ហើយឈាមស្រក់ជោគកាយា ឈឺចាប់ទាំងកាយចិត្តស្ទើរតែក្ស័យសង្ខាររង់ចាំពេលមួយ គឺជាពេលត្រូវមរណា។ ម្ចាស់ដីត្រូវជាប់ខ្នោះឯចោរប្លន់រស់យ៉ាងស្រួលភាពយុត្តិធម៌កើតឡើងរអាក់រអួល។ គេមានលុយ មានអំណាចគេអាចទិញ ឬក៏ជួលឧត្ដមគតិអ្នកទាំងនោះឱ្យប្រែទៅជាគ្មានទំនួល»។
មានវ័យ ២៤ឆ្នាំ ជានិស្សិតឆ្នាំទី១ ផ្នែកព័ត៌មានវិទ្យានៃសាកលវិទ្យាល័យ South-East Asia លោក ឈុន ឌីម៉ី រៀបរាប់ថា បទចម្រៀងនេះលោកតាក់តែងម្នាក់ឯង និងមានឆន្ទៈផ្ទាល់ខ្លួនដោយគ្មាន ការជំរុញពីក្រុមណា ឬអ្នកនយោបាយណាមួយនោះទេ៖ «សម្រាប់មូលហេតុដែលខ្ញុំធ្វើបទចម្រៀងពាក់ព័ន្ធនឹងសង្គមព្រោះខ្ញុំឃើញទិដ្ឋភាពទាំងអស់នេះជាក់ស្ដែងនឹងភ្នែក និងឃើញតាមប្រព័ន្ធព័ត៌មានផ្សេងៗ ហើយឃើញ ទិដ្ឋភាពប្រជាជនខ្មែរពិតជា ខ្លោចផ្សាអាណោចអាធ័មអ៊ីចឹងទៅ ខ្ញុំតាំងចិត្តថា គួរតែធ្វើចម្រៀងមួយដើម្បីដាស់ស្មារតីប្រជាជនយើង ឬក៏ក្រើនរំលឹកក្មេងៗ ឱ្យបានស្ដាប់ពីភាពឈឺចាប់ក្នុងសង្គមនេះ ហើយឱ្យយកមកគិតថា ត្រូវធ្វើម៉េចដើម្បីឱ្យភាពឈឺចាប់ដែលយើងឃើញនឹងភ្នែកនោះ វាទៅជាមានភាពប្រសើរឡើង»។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា អង្គការលីកាដូកំពុងតាមស៊ើបអង្កេតករណីនេះ។ លោកបន្តថា ប្រសិនបើអាជ្ញាធរចាត់វិធានការច្បាប់ ដែលអាចឈានដល់ការឃាត់ខ្លួនអីនោះគឺនឹងធ្វើឱ្យប៉ះពាល់កាន់តែធ្ងន់ធ្ងរបន្ថែមទៀត ដល់សិទ្ធិសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។ លោកបន្តថា ពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពបញ្ចេញមតិតាមគ្រប់មធ្យោបាយដូចជាការបោះពុម្ព ការច្រៀង ឬតាមសិល្បៈផ្សេងៗ៖ «ខ្ញុំគិតថា អានេះវាគឺជាសេរីភាពរបស់គាត់មួយ។ អ៊ីចឹងបានថា អ្វីជាដែលជាសេរីភាពបញ្ចេញមតិនិងអ្វីដែលជាបទល្មើស។ យើងមិនអាចឱ្យតែមានការរិះគន់ហើយធ្វើការចោទប្រកាន់ទាក់ទងជាមួយនឹងបទល្មើសញុះញង់ ឬក៏ជាការធ្វើឱ្យប៉ះពាល់សន្តិសុខ ឬក៏វ័ណ្ឌកង់ស្នាប់អីទេ ពីព្រោះត្រូវពិចារណាឱ្យបានច្បាស់លាស់មុននឹងចាត់វិធានការ។ បើមិនអ៊ីចឹងទេនាំឱ្យមានការរិះគន់បន្ថែមទៀតអំពីការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋកាន់តែខ្លាំង។
ចំណាត់ការរបស់អាជ្ញាធរនេះបណ្ដាលឱ្យមានការិះគន់ខ្លាំងៗ នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា គ្រាន់តែនិយាយអ្វីដែលពិតក៏ខុសដែរ ហើយអ្នកខ្លះទៀតសរសេរថា សង្គមតិរច្ឆានច្រានចោលការពិត បើច្រៀងរ៉ែបការពាររបបសព្វថ្ងៃនេះបានបុណ្យស័ក្ដិ បានការងារហៀរតាមកែងជើង តែរ៉ែបការពិតមានតែគុក និងគ្រាប់កាំភ្លើង ដូច្នេះសង្គមនេះគ្មានយុត្តិធម៌ និងគ្មានភាពស្អាតស្អំទេ។
ម្ចាស់បទសង្គមនេះអះអាងថា លោកនឹងផ្អាកច្រៀងបទរិះគន់ពីបញ្ហាសង្គមមួយរយៈ ព្រោះលោកបារម្ភខ្លាចមានបញ្ហាកាន់តែធ្ងន់ធ្ងរដល់គ្រួសារ និងជីវិតខ្លួនឯង។ ប៉ុន្តែលោកនៅតែធ្វើបទចម្រៀងបែបមនោសញ្ចេតនាដែលមានខ្លឹមសារអប់រំឱ្យពលរដ្ឋចេះស្រឡាញ់គ្នា និងចេះរួមសាមគ្គីគ្នាក្នុងនាមជាខ្មែរវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។