អ្នកស្រី រ៉ូណា ស្មីត ចង់​ឃើញ​ពលរដ្ឋ​កម្ពុជា​អនុវត្ត​សិទ្ធិ​ទៅ ឬ​មិន​បោះ​ឆ្នោត ដោយ​គ្មាន​ការ​គំរាមកំហែង

អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ជាថ្មី​ម្ដងទៀត គូស​បញ្ជាក់​អំពី​សារៈសំខាន់ និង​ភាព​ស្របច្បាប់ នៃ​ការអនុវត្ត​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​ការ​សម្រេចចិត្ត​ទៅ​បោះឆ្នោត ឬ​មិន​ទៅ​បោះឆ្នោត នៅ​ថ្ងៃ​បោះឆ្នោត​ជាតិ ថ្ងៃទី​២៩ កក្កដា ខាងមុខនេះ។

ការ​គូស​បញ្ជាក់​សាថ្មី​ម្ដងទៀត​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​រូប​នេះ ធ្វើឡើង​ឆ្លើយតប​ទៅ​នឹង​សេចក្ដីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស កាលពី​ថ្ងៃ​ទី​២៣ កក្កដា ដែល​បាន​សម្ដែង​ក្តី​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បារម្ភ​របស់​អ្នកស្រី​ជុំវិញ​ការបោះឆ្នោត​ដ៏​ចម្រូងចម្រាស​នេះ។

ថ្លែងប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៤ កក្កដា​នេះ តាមរយៈ​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា តាម​សារ​អេឡិចត្រូនិច អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត បញ្ជាក់​ថា ច្បាប់​របស់​កម្ពុជា អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា មាន​សិទ្ធិ​សម្រេច ឬ​ជ្រើសរើស ថា​តើ​គួរ​ទៅ​បោះឆ្នោត ឬ​មិន​ទៅ​បោះឆ្នោត។ អ្នកស្រី​ថា អ្នក​បោះឆ្នោត​ទាំងអស់ គួរតែ​អាច​អនុវត្ត​សិទ្ធិ​ទាំងនេះ​បាន​ដោយ​សេរី​នៅ​ថ្ងៃ​បោះឆ្នោត ថ្ងៃអាទិត្យ​នេះ​។ អ្នកស្រី​សង្កត់ធ្ងន់ៗ​ថា បើទោះបីជា​ច្បាប់​របស់​កម្ពុជា ហាមប្រាម និង​ដាក់​ពិន័យ​ចំពោះ​អ្នក​ទាំងឡាយ​ណា ដែល​រារាំង​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត មិន​ឲ្យ​ទៅ​បោះឆ្នោត​ក៏​ពិតមែន ក៏ប៉ុន្តែ​​បទបញ្ញត្តិ​នេះ មិន​ត្រូវ​ចាត់ទុកថា មានន័យ​ស្មើនឹង​ការ​រឹតត្បិត​ទៅលើ​សិទ្ធិ​សេរីភាព​នៃ​ការ​អំពាវនាវ​ឲ្យ​ធ្វើ​ពហិការ​នោះ​ឡើយ ដែល​នេះ​គឺជា​សិទ្ធិ​អនុញ្ញាត​ដោយ​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ។ អ្នកស្រី រ៉ូណា ស្មីត ក៏បាន​រំឭក​ឡើងវិញ ដូច​អ្វី​ដែល​គណៈកម្មាធិការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ធ្លាប់​បាន​លើកឡើង ដែល​ថា ការ​រឹតត្បិត​ណាមួយ​ទៅលើ​ការ​អំពាវនាវ​ឲ្យ​ធ្វើ​ពហិការ​ការបោះឆ្នោត​ដែល​មិនមែន​ជា​ការ​តម្រូវ​ដោយ​ច្បាប់​នោះ នឹង​ក្លាយ​ជា​ឧបសគ្គ​មិន​ឲ្យ​មាន​ការ​ជជែក​ដេញដោល​ផ្នែក​នយោបាយ ហើយ​ថា ការ​រឹតត្បិត​នេះ ធ្វើឡើង​ផ្ទុយ​ពី​សិទ្ធិ​នៃ​ការ​បញ្ចេញមតិ​ដោយ​សេរី។

អង្គការ​សហប្រជាជាតិ ចង់​ឃើញ​មានការ​បោះឆ្នោត​ដែល​គួរ​ឲ្យ​ជឿ​ទុកចិត្ត​បាន មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ និង​ប្រព្រឹត្តិ​ទៅ​ប្រកបដោយ​សន្តិវិធី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។